Monday, March 25, 2013

បទ​សម្ភាសន៍ លោក​​បណ្ឌិត ឈឹម ផលវរុណ ស្តីពី​​​បច្ចុប្បន្ន​ភាព​ នៅ​កម្ពុជា

ថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៣
លោក សត្យា រក្ស​
សំណួរ​៖ វិទ្យាស្ថានពលរដ្ឋវិទ្យា បានទៅកាន់គ្រប់ខេត្ត ខណ្ឌ ទូទាំង ២៤ ខេត្ត​ រាជ​ធានី ដើ​ម្បី​ធ្វើ​ការ​ស្ទង់​មតិប្រជា​ពលរដ្ឋ ដែលទាក់ទងនឹងការអភិវឌ្ឍនៃគោលការណ៍​ប្រជាធិប​តេយ្យ បញ្ហា​សិទ្ធិមនុស្ស​ រួមជា​មួយ​នឹង​ប្រជាប្រិយភាព​អ្នកនយោបាយ -ល-។

អញ្ចឹងសូម​​លោកបណ្ឌិត​ជួយ​​ជម្រាប​ជូន​មើល ថាតើនីតិវិធី​នៃការ​ចុះស្ទង់​មតិ​ប្រជា​ពលរដ្ឋ​​​​របស់​​វិទ្យាស្ថាន​ពលរដ្ឋ​វិទ្យា​​ប្រើរូបមន្ដអ្វី​?  ហើយគោលការណ៍ និងនីតិវិធីធ្វើ​នោះ​បែប​ណា​ដែរ​?

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ​ជាការពិតណាស់ ពាក្យស្ទង់មតិនេះ ជាធម្មតាវាជាមធ្យោបាយ​មួយ សម្រាប់​​ឲ្យ​អ្នក​​នយោបាយ និង​ប្រជាពលរដ្ឋអាចឆ្លុះបញ្ចាំង​ ក្នុងការវាយតម្លៃកុំឲ្យមាន​គម្លាត​គ្នា​រវាង​​អ្នក​​​នយោបាយ​​ដែល​គ្រាន់​ចេះ​តែ​ថា ​និងអំពី​​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែលយល់​ច្បាស់​ពិត​ប្រាកដ​​វា​​ផ្សេង​​​។ អញ្ចឹង​​ហើយ​​បាន​ជា​នៅបណ្ដាប្រទេសប្រជាធិបតេយ្យ ដែលគេមានលទ្ធភាព ដែល​ប្រជា​​ពលរដ្ឋ​​គេ​យល់​ ហើយ​ចូលរួមក្នុងការបញ្ចេញឆន្ទៈ ចំពោះការងារស្ទង់មតិហ្នឹង គឺគេ​ច្រើន​ធ្វើ​​ ២ ដងក្នុង​មួយឆ្នាំ ។ ត្រង់ហ្នឹងគេស្ទង់មតិទូលំទូលាយ ហើយរហូត​ដល់ស្ទង់​មតិ​បញ្ជាក់​​អំពី​​ប្រជា​ប្រិយភាព​មេដឹក​នាំ​នយោបាយ​នីមួយៗ ជួនកាល​​គេធ្វើជា​រៀងរាល់​ចុង​អាទិត្យ​ផង​។​ ប៉ុន្ដែ​​នៅ​​កម្ពុជា​​យើង​នេះ​ ពាក្យ​ស្ទង់​​មតិ​ហ្នឹង​ គឺ​បាន​ចាប់ផ្ដើម​ធ្វើ​នៅឯអង្គការ IRI ដែលធ្វើ​នៅ​​កម្ពុជា​ ២-៣ លើក​ហើយ​។​ ឯវិទ្យាស្ថាន​ពលរដ្ឋវិទ្យា ទើបតែចាប់ធ្វើ ១ លើកនេះទេ ប៉ុន្ដែ​ការ​​ធ្វើ​​របស់​​យើង​ហ្នឹង គឺមាន​ទ្រង់ទ្រាយ​ធំជាង​​ IRI ដោយសារយើងទៅជួប ចុះជាមួយ​នឹង​ប្រជា​​ពលរដ្ឋ​ចំនួន ២ ពាន់នាក់ ហើយ​​មន្ដ្រី​ចុះ​​ប្រមូល​​ទិន្នន័យ ឬក៏មន្ដ្រីចុះស្ទង់មតិរបស់យើង គឺមាន ៨៦ នាក់។ ហើយ​នីតិវិធី​ដែល​យើង​រៀបចំ​ហ្នឹង គឺ​ទីមួយ សប្ដាហ៍ដំបូង គឺយើង​បណ្ដុះ​បណ្ដាល​​បន្ថែម​ និងបង្វឹកបន្ថែមដល់​មន្ដ្រី​ចុះស្ទង់​មតិរបស់​យើង។ ហើយការ​បណ្ដុះ​បណ្ដាល​បន្ថែម​នេះ​ គឺយើង​ឈរទៅ​លើ​គោលការណ៍​តែ​មួយ​គត់ គឺ​​គោលការណ៍​សុក្រឹត្យ​ភាព។​

លោក​ សត្យា រក្ស
សំណួរ​៖ អំប្បាញ់​មិញលោកបណ្ឌិតថា ការស្ទង់មតិនេះ គឺ​លោកបណ្ឌិត​បានចុះ​ជួប​ប្រជា​​ពលរដ្ឋ​ជាង ២ ពាន់​នាក់។ ២ ពាន់នាក់នោះ​ គឺគេគិតមកពីគ្រប់និន្នាការនយោបាយ ឬក៏​យ៉ាង​ម៉េច​?​

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖  ២ ពាន់នាក់​នេះ គឺយើងជ្រើសរើសយកខេត្តក្រុងធំៗ ចំនួន ១៥ យើង​អត់​យក​ ៥ ខេត្ត ក្រុង​តូច​ៗ ដូចជា ព្រះវិហារ ឧត្តមានជ័យ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី កោះកុង គឺ​យើង​អត់​យក​​ទេ​ យើងយកតែ ១៥ ខេត្ត​ ក្រុង។​ យើងរាប់ពីកំពង់ចាម ភ្នំពេញ កណ្ដាល ព្រៃវែង តាកែវ ស្វាយរៀង​ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ ។​ចំនួន ១៥ ខេត្តក្រុងនេះ គឺយើង​បែងចែក​ទៅ​តាម​សមាមាត្រ​នៃចំនួន​ប្រជាពលរដ្ឋ ដែល​​មាន​​​សិទ្ធិ​​បោះឆ្នោតផង ហើយ​យើងគិតទៅ​លើ​ក្រុម​មនុស្ស ពេញ​វ័យ​ ហើយនិងមាន​វិជ្ជាជីវៈ ហើយ​​​​ចម្រុះនិន្នាការ។
ការដែលយើងចុះនេះ ដូចខ្ញុំបានបញ្ជាក់អញ្ចឹង យើងឈរលើគោលការណ៍​សុក្រឹត្យភាព​ ហើយ​សុក្រឹត្យភាព​នេះ គឺផ្ដើមចេញពីខ្លួនឯង។ សូម្បីតែយើងអ្នកចុះទៅស្ទង់មតិ​យើងចង់​​បាន​លទ្ធផល​សុក្រឹត្យ​ គឺទាល់តែយើងហ្នឹង អ្នកចុះទៅស្ទង់គេហ្នឹង ក៏ផ្ដើមចេញពីខ្លួន​យើង​ហ្នឹងឲ្យ​​​សុក្រឹត្យដែរ។ ​កាលណា​យើងផ្ដើមចេញពីខ្លួន​យើងឲ្យ​សុក្រឹត្យហើយ​ គឺ​យើង​អត់រើស​​មុខ​ទេ​ក្នុង​ការ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​។ អញ្ចឹងយើងទៅជួប​ប្រជាពលរដ្ឋ ដូចយើង​បិទភ្នែក​រាវ​សន្លឹក​​ឆ្នោត​អញ្ចឹង​ រាវចាប់ឆ្នោតអញ្ចឹង។ អញ្ចឹងគោលដៅរបស់យើង ឧទាហរណ៍ ចង់​ជួបអាជីវករ យើង​ទៅទី​ប្រជុំ​ជន​ ផ្សារ គោលដៅ​យើងចង់​ជួបអ្នក​ចំការ​យើងទៅ​កន្លែង​ចំការ​ គោល​ដៅយើងចង់​ជួប​អ្នក​នេសាទ​ យើងទៅកន្លែងទន្លេបឹងបួ គោលដៅ​យើងចង់ទៅ​រក​កសិករ​ យើងទៅជនបទ ស្រែ​ចំការ ហើយ​ចង់​ជួប​គ្រូបង្រៀន យើងទៅសាលារៀន មន្ដ្រី​រាជការ​ -ល- ។ ហើយយើងបែងចែក​យ៉ាង​មុតមាំ​របស់​យើង។​ បានន័យថា ក្នុងរយៈពេល​សប្ដាហ៍​ទីមួយ​ ៧ ថ្ងៃ គឺមន្ដ្រីយើងទទួល​ការ​ហ្វឹកហាត់ ថាតើស្អីគេទៅសុក្រឹត្យភាព ដែល​ត្រូវ​ផ្ដើម​ចេញ​ពីខ្លួនឯង។ អញ្ចឹងយើងហ្វឹកហាត់​អំពី​របៀប​​នៃ​ការ​ប្រាស្រ័យទាក់ទង​ជាមួយ​ប្រជា​ពលរដ្ឋ​ ពីព្រោះយើងត្រូវគិតថា ​ទីមួយ តើប្រជាពល​រដ្ឋ​ខ្មែរ គាត់ស្ម័គ្រចិត្ត​នឹងចូលរួម​ឆ្លើយនឹង​សំណួរ​ ដែលយើងបានរៀបចំបែបលក្ខណៈ គូស​គ្រីស​នោះ​ទេ​?​​ គឺយើង​អត់មាន​ទៅសួរ​ជា​ផ្ទាល់មាត់​ទេ យើងបង្ហាញក្រដាស់គាត់ គាត់​ចូលរួម​ជា​មួយ​យើង​។​ ហើយទីពីរ យើង​បង្វឹក​ហាត់​ហើយ បានចូលសប្ដាហ៍ទីពីរ គឺយើងចំណាយពេល ៣ ថ្ងៃ សម្រាប់​ឲ្យមន្ដ្រីរបស់យើង ដែល​យើងបែងចែកជាក្រុមទៅតាម ១៥ ខេត្ត ហ្នឹង គឺ​គាត់ទៅ​សិក្សា​ភូមិ​សាស្ដ្រ​​។ យើងអត់​ប្រមូល​ផ្ដុំ​នៅក្នុងកន្លែងណាមួយទេ យើងធ្វើសឹងតែគ្រប់ស្រុក បើខេត្ត​មាន​ស្រុកតិច យើង​ធ្វើ​គ្រប់​ស្រុក​តែម្ដង បើខេត្តដូចកំពង់ចាម ស្រុកច្រើនយើងធ្វើជិតគ្រប់ស្រុក ខ្ទង់ ៨០-៩០ ភាគរយ​។​ ក្នុងស្រុកយើងជ្រើសរើសឃុំ ហើយឃុំ ពីឃុំមួយទៅឃុំមួយយើងអត់​យក​ឃុំ​ជាប់គ្នាទេ វា​អាច​ទស្សនៈមិនឃ្លាតគ្នា យើងរើសឃុំ​មួយទៅឃុំមួយ មានគំលាតគ្នា។ ហើយក្នុង​ឃុំ​​យើង​រើស​​ភូមិ​ ហើយ​ពីភូមិ​មួយ​ទៅភូមិ​មួយ គំលាតគ្នា​ទៀត​។​

លោក​ សត្យា រក្ស​
សំណួរ​៖ តើ​លោកបណ្ឌិតអាចជម្រាបជូនបានទេ ទាក់ទង​ទៅនឹង​សំណួរ​បែប​ពហុ​ជ្រើស​រើស​ ឬសំណួរ​បែបគូសគ្រីសហ្នឹង? លោកបណ្ឌិតបានផ្ដោត និងចោទសួរ​ទៅលើ​បញ្ហា​អី​ខ្លះ​?​ ហើយអត្ថន័យ​​នៅ​ក្នុងសំណួរហ្នឹង យ៉ាងម៉េចខ្លះដែរលោកបណ្ឌិត?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ យើងអាចលើកជាបឋមពាក់ព័ន្ធនឹងនយោបាយជាតិ យើងមាន​នយោបាយ​មូលដ្ឋាន​​ដែរ​។​ ក្រោយ​ការប្រមូលទិន្នន័យរបស់យើង ដែលយើង​​ធើ្វ​ការ​រួច​អស់​ហើយ​ ​​យើង​ត្រូវ​យក​ទិន្នន័យ​ដាក់​ចូល​កុំព្យូទ័រ។ អញ្ចឹងថ្ងៃនេះ ខ្ញុំអាចលើកជាលទ្ធផលគោលត្រួសៗទេ គេ​ហៅ​ថា​លទ្ធផល​គោល​ ឬ​បឋម ដែលជាលទ្ធផលយើងអត់ទាន់ធ្វើសម្រេចនៅឡើយទេ ប៉ុន្ដែ​យើង​​បាន​​រាប់​បាន​ប៉ុន្មាន​ភាគរយ​ហើយ​។​ យើងចេញជាលទ្ធផលគោល ហើយ​សំណួរ​ដែល​យើង​ផ្ដោត​​សំខាន់​​អាច​បងប្អូន​ប្រជាពលរដ្ឋអាចពិចារណា ស្រដៀងនឹងអង្គការ IRI ប៉ុន្ដែ​យើង​ថែម​​សំណួរ​​មួយ​ទៀត​ ដើម្បីឲ្យកាន់តែសុក្រឹត្យ។ ឧទាហរណ៍ សំណួរមួយសួរថា តើអ្នកយល់​យ៉ាងណាថា កម្ពុជា​ដើរ​លើផ្លូវ​ត្រូវ​?​ ឬក៏លើផ្លូវមិនត្រឹមត្រូវ? សំណួរនេះ គឺស្រដៀងនឹងសំណួរ IRI ប៉ុន្ដែថែម​សំណួរ​មួយ​ទៀត​ ដែលយកធ្វើជាសំណួរទីមួយបំផុត តើអ្នកយល់​យ៉ាងណា​ក្នុង​រយៈពេល​ ៥ ឆ្នាំ ចុង​ក្រោយ បានន័យថា ២០០៨ ដល់ ២០១៣ កម្ពុជា មានការរីកចម្រើនល្អ ឬ​រីក​ចម្រើន​មិនល្អ?

លោក​ សត្យា រក្ស​
សំណួរ ​៖ ​អញ្ចឹងគឺផ្ដោតទៅលើអាណត្តិ ៥ ឆ្នាំ នៃអាណត្តិទី ៤ នេះតែម្ដង តើមែនទេ​?​

លោក​បណ្ឌិត​ ឈឹម ផលវរុណ
ចម្លើយ​៖ ក្នុងចម្លើយទីមួយ គឺ​ចម្លើយ​ពាក់ព័ន្ធ​ទៅនឹងសំ​ណួរ​ថា​ តើ ៥ ឆ្នាំ ចុងក្រោយ​ហ្នឹង អ្នក​យល់ថា កម្ពុជាមានការរីកចម្រើនល្អ ឬរីកចម្រើមិនល្អ? ចម្លើយគិតជាភាគរយ គឺយើង​ប្រមូល​​ទិន្នន័យ​ឃើញថា ប្រជាពលរដ្ឋដែលយើងបានសួរជាង ៨៤ ទៅ ៨៥ វានៅ​ក្នុង​ចន្លោះ​ហ្នឹង ព្រោះ​យើងមិនទាន់រាប់អស់ វានៅរាយបន្ដិចបន្ដួចជាង ៨៤ ទៅ ៨៥ ភាគរយ ឆ្លើយ​ថា កម្ពុជាមាន​ការ​រីកចម្រើនល្អក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ​។

បន្ទាប់មក​ សំណួរទីពីរ យើងសួរថា តើអ្នកយល់ឃើញថា កម្ពុជាដើរលើផ្លូវត្រូវ ឬក៏​ដើរ​លើ​​​ផ្លូវ​​ខុស​?​ ចម្លើយ គឺចន្លោះពី​ ៧៤ ទៅ ៧៦ ភាគរយ ឆ្លើយថា កម្ពុជាដើរលើផ្លូវត្រូវ។ ដូច្នេះ​​យើង​ផ្ទៀង​ផ្ទាត់​ទៅលើ​ទស្សនៈ​ប្រជាពលរដ្ឋ គឺគាត់ទទួលស្គាល់ការពិតច្រើន គឺផ្លូវត្រូវ​របស់​កម្ពុជា​ ៧៤ ទៅ ៧៥ ភាគរយ ខ្លាំងណាស់ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ ហើយជាង ៨០ ភាគរយ ៨៤ ទៅ ៨៥ ទទួលស្គាល់ថា កម្ពុជាមានការអភិវឌ្ឍល្អ។ ដល់ចម្លើយពាក់​ព័ន្ធថា អត់ល្អ​នោះ រីក​ចម្រើន​អត់​ល្អ​​ដែលគេ​បដិសេធថា កម្ពុជា ៥ ឆ្នាំ ចុងក្រោយ​រីក​ចម្រើន​មិនល្អ​ហ្នឹង​ មានក្រោម​ ១០ ភាគរយទេ តិចមែនទែន។ ហើយបើនៅក្នុងចម្លើយ សួរថា កម្ពុជា​ដើរ​លើផ្លូវ​ត្រូវ ក៏អ្នក​ដែលឆ្លើយ​បដិសេធ​​ថា កម្ពុជា​ដើរលើផ្លូវមិន​ត្រូវហ្នឹង ក៏មាន​ខ្ទង់តែ ១០ ភាគរយ​ដែរ​។​

លោក សត្យា រក្ស
សំណួរ​៖ ​ដូច្នេះ គេហៅថា ជាលទ្ធផលបណ្តោះ​អាសន្ន​ ក៏ដូចជាលទ្ធផលបឋមរបស់​វិទ្យាស្ថានពលរដ្ឋ​វិទ្យា ដែលក្នុងនាមលោកបណ្ឌិតជាប្រធានវិទ្យាស្ថានពលរដ្ឋវិទ្យា ហើយ​បាន​បង្ហាញ​ជូន​ និង​បង្ហើបជូនទៅដល់ទូរទស្សនិកជន ដែលទាក់ទង​ទៅនឹង​លទ្ធផល​ជាបណ្តោះ​អាសន្ន​នេះ​ គឺ​យើង​ឃើញថា ជាការមួយដែលគណបក្សប្រឆាំង គួរតែប្រឹងប្រែងបន្ដិច តើ​មែនទេ​?​

លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ មួយទៀត​ខ្ញុំចង់បញ្ជាក់បន្ថែមថា​ ដូចជាយើងមានសំណួរពីរ យើង​សួរថា ជា​វិធីសាស្ដ្រ​របស់​យើង​ ដែលយើងបង្កើតទៅជាសំណួរពីរ។ សំណួរយើងសួរថា តើ​អ្នកយល់​ឃើញ​​យ៉ាង​​ណា​ដែរ​ចំពោះ​ ​ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រុករបស់អ្នក តើ​ពួកគេ​មានសេរីភាព​បញ្ចេញ​​មតិ​​ដែរ​​ឬ​ទេ​?​ ចមើ្លយចន្លោះពី​ ៨៣ ទៅ ៨៥ ភាគរយ ឆ្លើយថា មានសេរីភាព​បញ្ចេញ​មតិ​។ ក្រោម ១០ ភាគរយ ថាអត់ ហើយសល់ប៉ុន្មានអត់ឆ្លើយ ឬក៏អត់ដឹង។ ​យើងក៏បាន​បង្កើត​សំណួរ​មួយ​ទៀត សួរថា តើអ្នកយល់យ៉ាងណាដែរចំពោះ​ ប្រជាពលរដ្ឋរស់​​នៅក្នុងភូមិ​ឃុំស្រុក​របស់​អ្នក តើ​ពួក​គាត់​មានសេរីភាព​ក្នុងគណបក្សនយោបាយដែរឬទេ? ចម្លើយ​ខ្ពស់ជាង​សេរីភាព​​បញ្ចេញ​​មតិ​ទៅ​ទៀត​ គឺ​ចូលដល់​៨៦ ទៅ ៨៧ ភាគរយ ដែលទទួលស្គាល់ថា ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ក្នុង​ភូមិ​ ស្រុករបស់គេ​ហ្នឹង គឺមានសេរីភាព​ខាងគណបក្ស​នយោបាយ​។​ អញ្ចឹងយើងគិតទៅគឺមាន​ ចំណុច​វិជ្ជមាន​ច្រើន​ណាស់ ដែលប្រជាពលរដ្ឋ​បាន​សម្ដែង​ឆន្ទៈ​​នៅក្នុង​នោះមិនមែន​តែ​អ្នក​គាំទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា​ទេ​ ដែលយើងមើលទៅ​លើ​ចម្លើយ​របស់ពួកគាត់ យើងអាចដឹងថា គាត់​មាន​​និន្នាការ​ប្រឆាំង តែយើងអត់មាន​ឲ្យគេ​ស្គាល់​​អត្ត​​សញ្ញាណទេ​ យើងអត់មានឲ្យដាក់ឈ្មោះទេ គឺ​​អ្នក​ដែល​មាន​និន្នាការប្រឆាំង ក៏គាត់ឆ្លើយ​ទទួលស្គាល់​សេរីភាព​បញ្ចេញមតិ និង​ឆ្លើយទទួល​ស្គាល់​សេរីភាព​គណបក្ស​នយោបាយ​ដែរ។ ហើយអ្នកដែលមាននិន្នាការប្រឆាំងគាត់ទទួល​ស្គាល់​កម្ពុជារីកចម្រើនល្អ និង​ទទួល​ស្គាល់កម្ពុជាដើរលើផ្លូវត្រូវដែរ។ បានន័យថា នេះ​​​ជា​ការ​​បញ្ជាក់ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ស្គាល់​ច្បាស់​​អំពី​​ភាព​​ជាក់ស្ដែង​របស់​ខ្លួន​ ខុសពីអ្នក​នយោបាយ​។​

-មតិ​លោក សត្យា រក្ស​
​នេះគឺជាសារមួយ ហើយក៏ជារបកគំហើញថ្មីមួយទៀត សម្រាប់ជូនទៅដល់​អស់​លោក​ដែល​ជា​មេបក្ស​ប្រឆាំង​ទុក​ជាការ​ពិចារណា។ យើងឃើញថា ព្រឹត្តិការណ៍នៃ​ការ​ប្រែប្រួល​​ថ្មី​ៗនេះ ថា​​មាន​ការ​ប្រែប្រួល​មួយចំនួន​ផងដែរ ពីក្រុមគណបក្សប្រឆាំង ជា​ពិសេស​អង្គការ​​សង្គម​​ស៊ីវិល​​ប្រឆាំង ដែលគេតែងតែការពារបក្សប្រឆាំង​ទាំងងងឹតងងុល។

ឥឡូវនេះ គឺគេ​បាន​ផ្ដល់​អានុសាសន៍​​ជូន​បក្ស​​ប្រឆាំង​​ហ្នឹង ថា​គណបក្សប្រឆាំង​ប្រសិន​បើ​នៅ​តែ​ប្រើ​យុទ្ធសាស្ដ្រ​ដដែល គោលនយោបាយ​ដដែល លទ្ធផល​នៃការបោះឆ្នោ​ត​អាណត្តិ​ទី ៥ ខាង​មុខ​នេះ ​​នឹង​ទទួល​លទ្ធផលចាញ់​ដដែលដែរ។ ហើយដូចដែលលោកបណ្ឌិត​ធា្ល​ប់​បាន​ជម្រាប​ជូន​​ទៅ​ដល់​​អស់​​លោក​​បក្សប្រឆាំងហើយ ថាលះបង់​ឲ្យអស់​ទៅ​ នូវគំនិត​ដើរ​ភូត​ភរ​ ញុះញង់​អុចអាល​​ប្រជាពលរដ្ឋ វាមិនមែនជាសេចក្ដីត្រូវការ​ពិត​របស់ប្រជាពលរដ្ឋ​នោះ​ទេ។ សេចក្ដីត្រូវ​ការ​ពិត​របស់​ប្រជា​ពលរដ្ឋ គឺសេចក្ដីស្មោះត្រង់ ទ្រឹស្ដីផ្សាភ្ជាប់ជាមួយនឹង​ការអនុវត្ត​ រួម​ជាមួយ​នឹង​ធ្វើ​កិច្ចការ​ដើម្បី​ជាប្រយោជន៍​ជាតិ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា អ្នក​នយោបាយ​រូបនេះ គាត់​ធ្វើ​កិច្ចការ​វាបានប្រយោជន៍​ បាន​ផលមក​ប្រទេសជាតិ បានផល​មក​ប្រជាពលរដ្ឋ នេះ​ហើយ​ជា​បណ្ដូល​​ចិត្ត​​ និង​សេចក្ដី​ប៉ងប្រាថ្នាខ្មែរទូទៅ។

សំណួរ​៖ ​ឥឡូវនេះ យើងងាកមកមើល​ចរឹត​​ នយោបាយបែបក្មេងបៀមដៃរបស់​លោក សម រង្ស៊ី វិញម្ដង។ ព្រឹត្តិការណ៍​ដែលគួរឲ្យ​ផ្ទុះ​សំណើច​ចុងក្រោយនេះ គឺការដែលលោក សម រង្ស៊ី លើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំសាក ឃាត់​ឃាំង​មិន​ឲ្យ​ សម រង្ស៊ី ចូលប្រកួតប្រជែងក្នុងការបោះឆ្នោត​អាណត្តិ​ទី ៥ ខាងមុខនេះ។ ​

បើតាមយោបល់​របស់ខ្ញុំ ខ្ញុំគិតថា សម្ដីរបស់លោក សម រង្ស៊ី មិនត្រឹមតែភូតកុហក់​​សមាជិក​សមាជិកា​គណបក្សប្រជាជននោះទេ សូម្បីតែសមាជិកសមាជិកា​គណបក្ស​​សម ​រង្ស៊ី​ដែលគាំទ្រ សម រង្ស៊ី ហ្នឹង ក៏ សម រង្ស៊ី កុហក់ដែរ។ កុហក់យ៉ាងម៉េច ពីព្រោះអ្នកណា​ក៏ដឹងដែរ​ថា សម រង្ស៊ី ជាមនុស្សចាញ់ឆ្នោត សម រង្ស៊ី ជាមនុស្សអសមត្ថភាព កុំថាឡើយដល់​ទៅដឹកនាំ​ប្រទេស សូម្បីតែដឹកនាំបក្ស ប្រកាប់ប្រចាក់គ្នាពេញផ្ទៃបក្សទៅហើយ​។ អញ្ចឹងទាក់ទងទៅនឹង​ការ​​​លើក​​​ឡើង​​អំពី​បញ្ហាកំសាក​នេះ សម្រាប់លោកបណ្ឌិតមានអ្វី​ ដើម្បីជាការពន្យល់​ជូន​ជន​រួម​ជាតិ​?​

លោក​បណ្ឌិត​ ឈឹម ផលវរុណ
ចម្លើយ​៖ ចំណុចហ្នឹងហើយ ដែលខ្ញុំឆ្លៀតឱកាសបញ្ជាក់ពីលទ្ធផល​ស្ទង់​មតិរ​បស់​យើង​ ដែល​បាន​សួរ​​ទៅ​​ប្រជាពលរដ្ឋ​​អំពី​​ឥរិយាបថ​របស់​មេដឹក​នាំគណបក្ស​ប្រឆាំង​។ យើង​សួរថា តើអ្នកពេញចិត្ត និង​ឥរិយាបថរបស់​មេដឹកនាំគណបក្សប្រឆាំងដែរឬអត់​? ចម្លើយមាន ពេញចិត្ត​​ណាស់​ ពេញ​​ចិត្ត ​ពេញចិត្តតិចតួច មិនពេញចិត្តសោះ។ ហើយលទ្ធផល​មិនពេញចិត្ត​សោះ​ គឺ ៥៨ ទៅ ៦០ ភាគរយ​ ។​ បានន័យថា ពេញចិត្តខ្ទង់​តែ ២០ ទៅ ៣០ ភាគរយទេ ដែល​ពេញចិត្ត​​ឥរិយាបថ​ហ្នឹង​។​ ប៉ុន្ដែ​ពេញចិត្តហ្នឹង វាមានចម្រុះរវាងពេញចិត្តណាស់​ ពេញចិត្ត ហើយ​​និង​ពេញចិត្ត​តិចតួច​។ ​​អ្នក​ដែលគេអត់ឆ្លើយនោះ មាន​ជាង ២០ ភាគរយ។​ អញ្ចឹង​បានន័យថា ឥរិយាបថ​របស់​លោក សម រង្ស៊ី គឺនៅក្នុងការវាយ​តម្លៃរបស់​ប្រជាពលរដ្ឋ​ហ្នឹងឯង​។​ ហើយ​ចំណុច​ហ្នឹង​ហើយ​ ដែលជា​មូលដ្ឋាន ហេតុអីបានយើងទៅស្ទង់មតិ ដើម្បី​យើង​ចង់​ដឹង​​ថា តើលោក សម រង្ស៊ី ហ្នឹង គាត់​វាយ​ប្រហារកម្ពុជា​ វាយប្រហាររាជរដ្ឋាភិបាលកម្ពុជាហ្នឹង ឆ្លុះ​បញ្ចាំង​​ឆន្ទៈរាស្ដ្រ​ឬ​អត់​? អញ្ចឹង​យើង​សុខ​ចិត្តចំណាយពេលវេលាធ្វើកិច្ចការហ្នឹង ហើយ​យើង​ចង់​ដឹង​ថា តើ​អង្គការ NGO មួយចំនួនហ្នឹង តើ​ធ្វើកិច្ចការរឿងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែល​គេ​ចោទ​ថា ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ តើ​វា​ដូចគេថាឬ​អត់?​ យើងទៅស្ទង់មើលទៅ គឺអ្វី​​ដែល​មេដឹកនាំ​ប្រឆាំង​ និងមេដឹកនាំ ​NGO ប្រឆាំង​ គឺ​និយាយផ្ទុយពីឆន្ទៈរាស្ដ្រ​។ គ្រាន់តែខ្ញុំ​ចង់​បញ្ជាក់​ថា ដោយសារ​ពេលវេលារបស់យើង​ត្រូវការ​ពេលវេលាក្នុងការរៀបចំស្ថិតិ ស្រង់​ស្ថិតិ​ហើយ​ យើង​នឹង​ធ្វើ​ការ​វាយតម្លៃ​។ អំម្បាញ់​មិញ​​នេះ​ គ្រាន់​តែជាត្រួសៗ ជាបឋមទេ នៅ​ចុងខែ​​មេសា​ពេល​ចូល​ឆ្នាំ​ខ្មែរ​ហើយ​ យើង​នឹង​ផ្សព្វផ្សាយឲ្យ​ធ្វើ​សន្និសីទកាសែត អញ្ជើញ​គ្រប់​និន្នាការ​គណបក្ស អញ្ជើញ​ទាំង​ថ្នាក់​​ដឹកនាំ​គណបក្សនានា​ កុំ​ថា​យើងលំអៀង ហើយ​អញ្ជើញ​ទាំង​អ្នក​កាសែត និង​អ្នក​ដែល​ចង់​ចូលរួ​ម​ យើង​​នឹង​​ប្រកាស​​​ទី​កន្លែង និងពេលវេលា​ច្បាស់លាស់​​។​ ហើយពេលហ្នឹង យើងមាន​ទិន្នន័យច្បាស់​លាស់​​ផ្លូវការ ហើយ​អាច​ធ្វើការ​ សិក្សា​បាន​។​​បើគណបក្ស​មេដឹកនាំ​គណបក្ស​នីមួយៗ​ឈ្លាសវៃ​អាច​សិក្សា​ទៅ​។

ទាក់ទង​នឹង​​សំណួរលោក សត្យា រក្ស វិញ​គឺ​ លោក សម រង្ស៊ី គាត់​ធ្វើ​នយោបាយ​ក្នុង​មហិច្ឆតា​បុគ្គល​​របស់​គាត់ហើយក្នុងកំហឹង​នៃ​មហិច្ឆតា គឺ​គាត់​​ទៅចោទ​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​​​ថា​ជាមនុស្ស​កំសាក។ តែឥឡូវយើងនាំគ្នា​សិក្សាទាំងអស់គ្នា ក្រែងលោក សម រង្ស៊ី ប្រកួត​​រាល់​​តែលើក​ទេ​តើ ហើយប្រកួតហ្នឹង លោក សម រង្ស៊ី ប្រកួតក្រៅ​ក្របខណ្ឌ​នៃ​វប្បធម៌​​នយោបាយ​​​ប្រជាធិបតេយ្យ​។ កុំនិយាយថាក្រៅក្របខណ្ឌច្បាប់ពួកគាត់ហ្នឹងអ្នកអួតថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​​​ តែ​របៀប​ប្រកួត​របស់គាត់ គឺក្រៅក្របខណ្ឌវប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​ហើយ ដូចទៅ​ជេរ​ចង្អុលគេ សុទ្ធតែអញ្ចេះអញ្ចុះអីហ្នឹង​។ ឥឡូវយើងមើល បើសិនជា​​ប្រមុខ​រាជរដ្ឋាភិបាល​​កំសាក យើងពិចារណាមើល តើទៅរួចឬ​អត់?  រឿងអី​អ្នកឈ្នះ​ទៅខ្លាច​អ្នក​ចាញ់​មក​ប្រកួត​ទៀត​នោះ​? ធម្មតាយើងនិយាយថា កីឡាបាល់ទាត់ក្ដី​ កីឡា​ប្រដាល់​ក្ដី អ្នក​ចាញ់​ដែល​អ្នក​ឈ្នះ​ធ្លាប់​វ៉ៃដួល​ ៣-៤​ដង នៅពេលដែលអ្នកចាញ់​ហ្នឹងមកទៀត អ្នកឈ្នះ​សប្បាយ​ចិត្តមែនទែន ថា​ឈ្នះ​ទៀត​ហើយ អញស្រួលស៊ីទៀតហើយ។ បើសិនជា​មាន​បេក្ខជន​គូប្រកួត​ថ្មី នោះ បាន​អ្នកឯង​អាច​លេង​​ពាក្យ​ថា គេ​កំសាក​ ប៉ុន្ដែនេះមកសុទ្ធតែអ្នកចាញ់ មក​ប្រកួត ហើ​យ​ទៅថា​គេ​នេះ​ទៅ​វិញ​ វាគួរតែបញ្ច្រាស​មកវិញថា អ្នកហ្នឹង​សម្លឹងឃើញតែ​អ្នក​ចាញ់​ថា ខ្សោយ ហើយវា​ទៅជា​អ្នកឈ្នះ​សម្លឹង​ទៅអ្នក​​ចាញ់​​ថា​ខាំ្ល​ង​ វាអត់​ដែល​មាន​។

លោក​ សត្យា រក្ស​
សំណួរ​៖ ​សម្រាប់គំនិតរបស់បក្សប្រឆាំង​ គឺគេកំពុងតែចាត់ទុក​ថា គេ​ហ្នឹង​ គឺជា​មនុស្ស​ថ្មី គឺ​ជា​របស់​ថ្មី​ ដូចជាបង្កើតនូវសំបកនៃបក្សសង្រ្គោះជាតិហ្នឹង គឺគេកំពុងតែលាបពណ៌ ហើយ​គេ​ថា នេះ​គឺជា​របស់ថ្មីមួយដែលត្រូវយកមកប្រកួតជាមួយគណបក្សប្រជាជន។ លោក​បណ្ឌិត​យល់​ឃើញ​ថា​យ៉ាងម៉េច ថ្មីរបស់គេនេះ?

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ យើងនិយាយគេហៅថា​ស្បោងថ្មី ឬក៏វាំងននថ្មី ប៉ុន្ដែដល់ទាញ​វាំងនន​ចេញ​មក មនុស្ស​​កំពុក​​កំបាក់​​ដដែល​តែម្ដង​។ ឥឡូវយើងមើល​ លោក សម រង្ស៊ី កំពុកកំបាក់ ប៉ុន្ដែ​នៅ​សល់​ជើង​នៅ​សល់​ដៃ​អី​រៀងរឹងមាំ​បន្ដិច​ដែរ ព្រោះ ២៦ គីឡូក្រាមដែរ។ ដល់​ កឹម សុខា កំពុកកំបាក់នៅសល់​កម្ទេច​កម្ទីហ្នឹង គឺខ្ទង់ ៣ គីឡូក្រាមហ្នឹងឯង ហើយ​ផ្គុំ​គ្នាហ្នឹង ហើយ​បើ​យើង​​យក​​គីឡូក្រាម​បូកគីឡូក្រាម​បាន ២៩ ប៉ុន្ដែដល់​នយោបាយមិនមែនបូកគ្នាស្មើនឹង ២៩ ទេ។ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ចំណុចហ្នឹង បានន័យថាគាត់ជា​មនុស្សដដែលទេ ប៉ុន្ដែប្រើស្រោមថ្មី ហើយ​ស្រោម​ថ្មី​ហ្នឹង​ និយាយឲ្យខ្លីគុណភាព​ផ្លាស្ទីកស្រោមហ្នឹង គឺ​អន់​ដដែលទេ គ្រាន់តែ​ឆ្លាក់រូប​ ប្តូរ​រូបលោកខែ មក​ដាក់​ព្រះអាទិត្យ​ហ្នឹង។ ដល់ឆ្លាក់រូបហ្នឹង ឆ្លាក់ក៏មិនត្រូវផង តែហ្នឹង​យើង​ចាត់​ទុក​ថា​ជា​ជោគ​វាសនា​របស់​គាត់​ទៅ​ចុះ​ ប៉ុន្ដែយើង​មើល​មនុស្សដដែល ឯគោល​នយោបាយ​របស់​គាត់ក៏​ដដែល។ ​គោលនយោបាយដដែល​ហើយ ចរឹត​នយោបាយ​ដដែល​ទៀត​។​ ដល់ចរឹត​នយោបាយ​ដដែល​ដូច​ខ្ញុំ​បាន​លើក​ហ្នឹង​ អ្នកឯង​មានចរឹត​នយោបាយ​អញ្ចឹង​ ប្រជា​ពលរដ្ឋ​បដិសេធ​បាត់ហើយ នៅសល់​តែ​ជាង​ ១០ ភាគរយ ក្រោម​ ២០ ភាគរយ ដែលគាំទ្រ​ឥរិយាបថ​របស់គាត់ តែមនុស្សសរុបទាំងអស់ ៨០ ភាគរយ អត់​ទទួលយក។ ហើយបើមើលអំពី ដែល​គាត់​ចាត់ទុកកម្ពុជា អត់រីកចម្រើន តែ​ប្រជា​ពលរដ្ឋ​ជាង​ ៨០ ភាគរយ ទទួល​ស្គាល់​ថា​រីកចម្រើន​បូក​នឹងអ្នកអត់ឆ្លើយផង ហ្នឹងចូលដល់ ៩០ ហើយ។ អ្នក​ដែល​ឆ្លើយថា រីកចម្រើន​អត់ត្រូ​វ​ហ្នឹង អត់រីកចម្រើនហ្នឹង គឺនៅក្រោម ១០ ភាគរយ​ផង​។​ អញ្ចឹង​បានន័យ​ថា លោក សម រង្ស៊ី លោក កឹម សុខា ធ្វើនយោបាយខុសស្ដង់ដារ។ ពាក្យ​ថា​ខុស​ស្ដង់ដារ​ហ្នឹង មានន័យថា ធម្មតា​បើ​យើងសរសេរនិក្ខេបបទមួយ គឺគេត្រូវ​ទៅរកឲ្យ​ឃើញ​ស្ថានភាព​ពិត​​ជាក់​ស្ដែង​។​ បើអ្នកអត់​ទៅរកឲ្យ​ឃើញស្ថានភាពជាក់ស្ដែងទេ អ្នកនឹងសរសេរ​និក្ខេបបទ​មួយ ដូច​កន្សែង​បក់កន្សែងបោយហើយ វាអត់ពិត។ ដល់វាអត់ពិតទៅ វាឃ្លាត​ឆ្ងាយ​ពី​ដួង​ចិត្ត​ និងឆន្ទៈពិត​នៃ​ជីវភាពរស់នៅជាក់ស្ដែងរបស់​ប្រជាពលរដ្ឋ។ ​ត្រង់ហ្នឹងហើយ គឺជា​បរាជ័យ​របស់​គណប​ក្ស​​ប្រឆាំង​។​

ខ្ញុំគ្រាន់តែ​លើក ឧទាហរណ៍មួយ ដូចរឿងព្រំដែន ដែលយើងមើលឆន្ទៈ​ប្រជាពលរដ្ឋ​ ដែល​យើងស្ទង់មើល​ ប្រជាពលរដ្ឋ​គាំទ្រនយោបាយកំណត់​គូសវាសខ្សែ បន្ទាត់ និង​បង្គោល​ព្រំដែន​​ គឺ​គាំទ្ររហូតដល់ជាង ៨០ ភាគរយ។ ឯគណបក្សប្រឆាំង មានតែ​គណបក្ស​ប្រឆាំង​បន្ដិច​បន្ដួច​ទេ​ ដែលបដិសេធ សូម្បីតែរឿងនយោបាយយុវជនស្ម័គ្រចិត្ត ប្រជាពលរដ្ឋគាំទ្រជាង ៨០ ភាគរយ ហើយ​សំណួរមួយទៀតគាត់ឆ្លើយថា បន្ដគាំទ្រឲ្យមានតទៅទៀតនោះ។ អញ្ចឹង​បានន័យថា​ កឹម សុខា ក្ដី សម រង្ស៊ី ក្ដី វាយ​ប្រហារនយោបាយ​យុវជនស្ម័គ្រចិត្តរបស់​សម្ដេច​ប្រមុខ​រដ្ឋាភិបាល​ គឺ​ប្រឆាំងនឹងឆន្ទៈរាស្ដ្របាត់​ហើយ តាមរយៈយើងស្ទង់ហ្នុង។

អញ្ចឹងបាន​ទាញមកវិញ ដែលគាត់​ថា កំសាកហ្នឹង ឥឡូវយើងមើល ដល់​ប្រជា​ពលរដ្ឋ​ទទួល​ស្គាល់​នូវ​ឧត្តមភាពជាតិ និង​ឥស្សរភាព​របស់គណបក្សប្រជាជន និង​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​ រហូតដល់យើងពិចារណា​មើល សម្ដេចប្រមុខរាជ​រដ្ឋាភិបាល​នៅ​ទស្សវត្ស​​ទី ៨០ ដែលធ្វើការចរចាសន្ដិភាព​ជាមួយភាគីខ្មែរ​ ត្រីភាគីនិរទេសនោះ យើង​មើល​ព្រះករុណា​​សម្ដេចឪ​ ព្រះអង្គជាអ្នកនយោបាយជើងចាស់ ហើយ​ជាអ្នកដឹកនាំ​ប្រទេស​ពី​ដើម​មក​ទៀត​ ប្រៀបធៀប​នឹង​អាយុសម្ដេច​នាយករដ្ឋមន្ដ្រី​គាត់​ក្មេងជាង​ ហើយ​បទពិសោធន៍​នៅ​ក្មេង​ជាង​ទៀត​។ ប្រៀ​បធៀបជាមួយ​លោកតា សឺន សាន​ ក៏​ជាជើងចាស់​ដែរ ប៉ុន្ដែ​សម្ដេច​នាយករដ្ឋមន្ដ្រី​​ក៏​ជជែក​ចរចា​តទល់​។ ​ងាកមកប្រៀបធៀបនឹង​ខ្មែរក្រហម លោក ខៀវ សំផន ចំណេះ​វិជ្ជា​សេដ្ឋកិច្ច​ខ្ពស់​ទៀត​ ហើយជាប្រជាធានរដ្ឋនៅក្នុងរបប ប៉ុល ពត ទៀត សុទ្ធតែអ្នក​ជើង​ចាស់ ​មុនទាំងអស់​។ មាន​ពេល​ខ្លះ​សម្ដេច​ប្រមុខ​រដ្ឋាភិបាលជជែកតទល់​ផ្ទាល់​ជាមួយនឹង​ព្រះករុណា​អង្គសម្ដេចឪ គឺយ៉ាង​ស្វិត​ស្វាញ​ ហើយ​យើងគិតទៅពេលដែលជជែក​ជាមួយត្រី​ភាគី​និរទេស​ហ្នឹង ជជែក​នៅ​លើ​តារាង​គេ​ទេ​ មិនមែនជជែកនៅលើតារាងរបស់​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ឬអតីតរដ្ឋកម្ពុជាទេ។ ដូចយើង​លេង​បាល់ទាត់​អញ្ចឹង ទៅ​តារាង​គេ​ វាត្រូវ​មាន​ចំណុចបាក់តូចមួយដែរ ប៉ុន្ដែ​ហេតុ​ទៅ​តារាង​គេ​ហើយ​ តារាងគេហ្នឹង បានន័យថា ទៅ​និយាយ​ក្រៅប្រទេស ដែល​ប្រទេស​ហ្នឹង​អត់គាំទ្រ​សាធារណៈរដ្ឋ​ប្រជា​មានិត​កម្ពុជា​ទេ។ ទៅ​តារាងគេ​ហើយ ជួបសុទ្ធតែអ្នកជើងចាស់ ម៉េចក៏​ធ្វើ​បាន​។​ និយាយឲ្យអស់ទៅ សម្ដេចក្រុមព្រះ​កាលហ្នឹងមិនមែន​ជាគូចរចា​ជាមួយ​សម្ដេច​នាយករដ្ឋមន្ដ្រី​ទេ​​ បើមិនជឿទៅសួរសម្ដេចក្រុមព្រះ​ទៅ​គ្រាន់តែអ្នកចូលរួមជាមួយអង្គសម្ដេចឪ គ្រាន់តែជា​អ្នក​ស្ដាប់​ទេ​ សូម្បីមតិអត់មានចេញមួយ​ម៉ាត់​ផង។ អញ្ចឹង​បានន័យថា យើងមើលទៅ​មើល តើ​កំសាក​នៅ​ឯណា​?  ទៅចរចា​ជាមួយ​ជើង​ចាស់​ ហើយ​៣ ទល់នឹង ១ ទៀត មានពេលខ្លះ ៣ ទល់នឹង ១ ។ រហូតដល់មានពេលខ្លះ នៅក្នុង​វេទិការ​​អន្ដរជាតិ ៣ ទល់នឹង ១ ហើយមាន​អន្ដរជាតិ​ដែល​មាន​និន្នាការ​ខាងលិច​ក៏​តតាំង​ទៀត​។ តើកំសាក​​ត្រង់​ណា? រហូតដល់បានជោគជ័យនាំសមិទ្ធផល កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​មក​​កាន់​កម្ពុជា រហូតដល់​យាង និងដង្ហែរ​ព្រះករុណា​អង្គ​សម្ដេចឪ​​​ពី​ក្រៅប្រទេស​មក​កម្ពុជា​ទៀត​ផង​នោះ។​

លោក​ សត្យា រក្ស​
សំណួរ​៖ ទាក់​ទង​នឹង​រឿង​លោក សម រង្ស៊ី ដែលគាត់​បានបោះសម្តី​ថា​ សម្តេច​អគ្គ​មហា​សេនា​បតី​ កំសាក រារាំង​គាត់មិនឲ្យ​ចូលប្រកួត​ ព្រោះ​ខ្លាច​ប្រជាប្រិយ​ភាព​គាត់​​។​ តើ​ការ​ដែលគាត់និយាយនេះ​ បើតាម​ការ​វិភាគរបស់លោកបណ្ឌិត​ តើគាត់មានចេតនា​យ៉ាង​ម៉េច​ដែរ​?

លោក​បណ្ឌិតឈឹម ផលវរុណ​
ចម្លើយ៖ ​នេះជាទស្សនៈ​បំភ្លៃ​នូវភាពអស់សង្ឃឹម​ របស់លោក សម រង្ស៊ី​ ។ ក្រោយ​ពេលដែល លោក សម រង្ស៊ី បានទៅដក​បង្គោល​តម្រុយ​ព្រំដែន​ហើយ​ ក៏បានគេចទៅ​ក្រៅ​ប្រទេស​ ។ ពេលនោះ​ក៏​មាន​បណ្តឹង ហើយតុលាការ​សាលាដំបូងខេត្ត​ស្វាយរៀង​បានកាត់​ទោស​គាត់​​ឲ្យ​​មានទោស​។ លោក សម រង្ស៊ី បានស្រែកក្តែងៗពីក្រៅមក​ថា​បរទេស​នឹងនាំ​គាត់​មក​​ស្រុក​ខ្មែរ​។ ចំណែកឯប្រធានទីង​មោង​បច្ចុប្បន្ន​នេះ​ ក៏ខំស្រែក​ថា​នឹងមក​ឆាប់ៗ​ដែរ​ តែ​ការពិត​មិនឃើញ​មក​ទេ​ ចំណែកការបោះឆ្នោត​វិញ​កាន់តែខិត​ជិតមក​ដល់​ទៅហើយ​។​ ក្រោយ​ពីបានសន្យា​ថា​នឹងមក​ឆាប់​ៗ គាត់​ក៏បានប្រកាស​វាយ​ប្រហារ​​មក​លើ​សម្តេច​ថែមទៀត​ថា​ វត្ត​មានរបស់ សម រង្ស៊ី ដែលនឹងត្រូវ​ត្រឡប់​មក​ស្រុកវិញនេះ គឺមិនចាំបាច់​ពឹង​លោក ហ៊ុន សែន ទេ​ គាត់នឹងទៅពឹងប្រធានអាយ៉ង​វិញ​។ ប៉ុន្តែ​ បន្តិចក្រោយ​មក​ក៏មាន​សរសេរ​សំបុត្រ​មួយ​សុំ​ សម្តេច ជា ស៊ីម ឲ្យជួយ​សម្រួល។ ដូច្នេះ​នេះ​ជាគំនិត​​ បាតដៃជាខ្នងដៃ​ របស់​​មេបក្ស​​អសមត្ថភាព​​​មួយនេះ​​​។ ការ​លើក​របស់​ សម រង្ស៊ី ​អំពី​ការ​ដែលគាត់​មិនបានមក​នេះ​ គឺ​ដោយ​សារ​​បរទេស​មិនអាច​ជូន​គាត់មក​បានទេ​ ពីព្រោះ​​គាត់​​កំពុង​ជាប់​ទោស​ ដូច្នេះ​ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជា​ពលរដ្ឋ​​​អំពី​ភាពអស់សង្ឃឹម​​របស់​គាត់​ អញ្ចឹង​គឺ​ត្រូវ​និយាយថា​ អ្នកកាន់អំណាចនៅកម្ពុជា​ កំសាក​ទៅ​វិញ​​ទៅ​​​។

សរុបមក​ បើសិនជា លោក សម រង្ស៊ី ពិតជាមានឥទ្ធិ​ពលនយោបាយ​មក​លើ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ភាគ​ច្រើន​​មែន​ ឬក៏ប្រជាពលរដ្ឋ​ខ្មែរ​ពិតជាស្រឡាញ់លោក​ សម រង្ស៊ី​ មែន​ គឺ​វា​ដូច​ឧទាហរណ៍​​ទៅនឹង​លោក ថាក់ស៊ីន ហើយ​ ដែល​គេបានធ្វើរដ្ឋប្រហារ​យោធា​រំលំ​ និង​បាន​រំលាយ​​គណបក្ស​​គាត់​​ក៏ដោយ​​​ ក៏ក្រុម​របស់​លោក​ ថាក់ ស៊ីន​ អាចបង្កើត​គណបក្ស​ថ្មីមួយ​ ទៅ​ប្រកួត​បោះឆ្នោត​គឺនៅតែឈ្នះដដែល​។ បានន័យថា​ ប្រជាពលរដ្ឋ​នៅតែគាំទ្រ​លោក ថាក់ ស៊ីន​ អញ្ចឹង​មិនចាំបាច់មានវត្តមានរបស់លោក ថាក់ ស៊ីន ទេ​។ ដូច្នេះ​ទោះបី​ជាដូរ​ឈ្មោះ​គណបក្ស​​មួយ​ទៅ​ជាឈ្មោះ​គណបក្ស​ថ្មីមួយក៏នៅតែ​ឈ្នះ​ នៅតែ​ប្រជា​ពលរដ្ឋ​គាំទ្រ​ដដែល​។​ ឧទាហរណ៍​​នេះបញ្ជាក់ថា​ ទោះបីជាលោក ថាក់ ស៊ីន អវត្តមាន​ក្នុងស្រុក​ក៏​នៅ​តែ​​មាន​ការ​ស្រឡាញ់​​​គាំទ្រ​​​យ៉ាង​គគ្រឹគ គគ្រេង​​ពីប្រជាពល​រដ្ឋ​​ថៃ​​ដដែល​។

ចំណែក​លោក សម រង្ស៊ី បើគាត់មានប្រជាប្រិយភាព​ ដូចលោក ថាក់ ស៊ីន​ គឺមិន​ចាំបាច់​​មក​​ស្រុក​​ខ្មែរទេ​ ពីព្រោះ​ឈ្មោះគណបក្ស​ក៏មាន​ដាក់ឈ្មោះលោក សម រង្ស៊ី ដែរ​។

ចំណុច​មួយទៀត​គឺ ការបោះឆ្នោត​នៅប្រទេស​ថៃ​ក៏ដូចការបោះឆ្នោត​នៅ​កម្ពុជា​ដែរ​ គឺ​បោះឆ្នោត​រដ្ឋ​សភា​ ទោះបី​ជាស​មមាត្រ​​ក្តី​​​ ឬឯកត្តនាមក្តី​ តែ​ជាការបោះឆ្នោត​រដ្ឋ​សភា​ គឺ​នៅ​តាម​មណ្ឌល​នីមួយៗ​ជ្រើសរើស​បេក្ខជន​តំណាង​រាស្ត្រ​ មិនមែនរើស​ប្រធានាធិបតីទេ​។ នៅ​កម្ពុជា​​ លោក​ សម រង្ស៊ី​ ដែលពី​មុន​​​មិន​​ទាន់​​ជាប់​ទោស​​​គឺអាច​​ឈរ​ឈ្មោះ​​បាននៅ​ក្នុង​​មណ្ឌល​តែ​មួយ​​ទេ​​។​ សម្តេច ហ៊ុន សែន សម្តេច ជា ស៊ីម​ សម្តេច ហេង សំរិន ក៏​អាច​ឈរឈ្មោះ​បាន​តែ​​មួយ​មណ្ឌល​ដែរ​។ កឹម សុខា ក៏អញ្ចឹងដែរ​។​ អញ្ចឹង​​តាម​មណ្ឌល​នីមួយៗ​គឺមានការបែង​ចែក​ចំនួន​អសនៈ​រួចទៅហើយ​។​

អញ្ចឹង​​ការ​​ដែល សម រង្ស៊ី​ លើក​ឡើង​​ពីបញ្ហា​​ដែល​ថា​​សម្តេច​​កំសាក​អី​ជាដើម​នេះ​ គឺ​ក្នុងចេតនា​បន្លប់​​​​ចិត្ត​​​ខ្លួន​ឯង​ លួងលោមអារម្មណ៍ខ្លួនឯង​ ដើម្បី​ឲ្យ​មានទឹក​ចិត្ត​បន្ត​នូវជីវិត​នយោបាយ​ដែលកំពុង​តែ​ធ្លាក់​​​ក្នុងភាព​ដុនដាប​​តែប៉ុណ្ណោះ​។​​

លោក​ សត្យា រក្ស
សំណួរ​៖ ខ្ញុំ​បាន​ឃើញ​មានការ​តែង​តាំង​ជារដ្ឋាភិបាល​ស្រមោល​របស់​ សម រង្ស៊ី​ អី​គេ​នោះ​ ជារៀងរាល់អាណត្តិ​ តាំងពីអាណត្តិ​ដំបូង​រហូត​មក​ដល់​អាណត្តិ​ទី៤​នេះ​ ប៉ុន្តែ​មិន​ដែល​ឃើញ​រដ្ឋ​មន្ត្រី​​ណា​មួយបានធ្វើការ​នោះទេ​ គឺឃើញ​តែ​អស់សង្ឃឹម​រហូត​។ ការ​តែងតាំង​ឥឡូវ​នេះ​​គេតែងតាំង​ទៅដល់​ចៅហ្វាយ​ខេត្ត​ រដ្ឋ​មន្ត្រីនេះ ឬរដ្ឋ​មន្ត្រី​នោះ​។ ចំពោះល្បិច​កល​នេះ​ សូម​លោក​បណ្ឌិត​​ជួយ​​ពន្យល់​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ ដើម្បី​កុំឲ្យ​ខាត​បង់​អស់​លុយ អស់​កាក់​ឲ្យ​ទៅ​ សម រង្ស៊ី និង​ កឹម សុខា​ ដើម្បី​តំណែង​ខ្យល់​នេះ​ឲ្យ​សោះ​ ដើម្បី​កុំឲ្យ​ដូច​សុភាសិត​ខ្មែរ​បានពោលថា «ប្រាក់ក៏បង់ ថង់ក៏ដាច​ »​​​ ?​

លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ នេះគឺជានយោបាយ​លក់​ទំនិញ​ជាតំណែង ជាទំនិញខ្យល់​ ជាពិសេស​ប្រជា​ពលរដ្ឋ​​នៅក្រៅ​​ប្រទេស​​ដែលខំសន្សំលុយ​ជាយូរ​មកហើយ​នោះ  នៅពេល​ឮ​ថា​បាន​ធ្វើ​ជា​ប្រធាន​ខេត្ត​ តំណាង​រាស្រ្ត ឬរដ្ឋ​មន្ត្រី​ ទើប​ប្រថុយ​ដាក់​លុយ​៦ម៉ឺន​ ឬ៧ម៉ឺន​សាក​ទៅ​។​ ពីមុន​ពួក​គណបក្ស​​ប្រឆាំង​លក់តែ​តំណែង​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​លេខរៀង​ល្អ​ទេ។ ​ប៉ុន្តែ​ឥឡូវនេះ​ ពួក​គាត់​​ប្រមូលលុយ​អត់បាន​គ្រប់​ អញ្ចឹង​គាត់ត្រូវបង្កើត​តំណែងខ្យល់​ផ្សេងទៀត​ក្នុងអំណាច​នីតិ​ប្រតិបត្តិ​ គឺ​តំណែង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ រដ្ឋ​លេខា​ធិការ​ ឬតំណែង​ចៅហ្វាយខេត្ត​ ជាដើម​ទៅ​។ ដូច្នេះ​ចំពោះ​បងប្អូនប្រជាពលរដ្ឋ​ដែល​ច្រឡំគាំទ្រ​ ច្រឡំជឿ​ កុំយក​លុយពីផ្ទះ​ទៅ​ទិញ​ទំនិញ​ខ្យល់​ពីពួកគាត់​ ហើយ​ត្រូវ​ចេះ​ពិចារណា​ គឺទី១ បើសិនជា​លោក សម រង្ស៊ី ឬលោក កឹម សុខា មានសក្តានុពលនយោបាយ​ខ្លាំង​​ចំពោះ​ប្រជាពលរដ្ឋ​មែន​ មិនមែន​នៅពេលដែល កឹម សុខា ឬ​ខាង​លោក សម រង្ស៊ី ទៅធ្វើវេទិកា​ម្តង​ៗ​គឺមានប្រជាពលរដ្ឋ​ទៅចូល​រួមតែ​បន្តិច​បន្តួច​​​ទេ​​។​ ទី២ សូមមើល​ទៅលើលទ្ធផល​នៃ​ការ​ស្ទង់មតិ​ពី​ប្រជា​ពលរដ្ឋ ​ក៏​បងប្អូន​​ឃើញដែរ​ ថា​​សម រង្ស៊ី និង កឹម សុខា ថិត​នៅក្នុងកម្រិតណា​? បងប្អូន​ក៏​អាច​ដឹង​អំពី​កម្លាំង​ប្រកួតប្រជែង​របស់គណបក្ស​ប្រឆាំង​ សូម្បី​តែ​នៅ​តៀមកាហ្វេ​ក៏​គេដឹងដែរ​។ របៀប​បោក​របស់ លោក សម​រង្ស៊ី និងលោក កឹម សុខា​ គឺដដែលៗ។​​ អ្នក​ដែលធ្លាប់ចាញ់បោក​ហើយ​​បានអស់លុយ​ទៅ​ហើយ​​ គេមិនចាញ់បោកទៀតទេ​គឺមានតែអ្នកថ្មីទេ​។ បងប្អូន​អាចស្ទង់មើល​ទៅ​ថា​តើ​ចំណុច​ណា​​ដែល​​​ជា​​​ចំណុច​​ខ្លាំង​​​របស់​លោក សម រង្ស៊ី និងលោក កឹម សុខា អាចឈ្នះឆ្នោត​ទៅ​កើត​? បើ​​មាយាទ​នយោបាយ​គាត់នៅដដែល សមត្ថភាពធ្វើនយោបាយ​គាត់នៅតែទាប​ដដែល​ ហើយ​​ការរួមគ្នា​រវាង សម រង្ស៊ី​ និង កឹម សុខា នៅតែ​ភាព​ជាស្រមោល​ដដែល​ទេ​។​

វិធីសម្លាប់​ជីវិត​នយោបាយ​លោក សម រង្ស៊ី ក្តី ឬជីវិត​នយោបាយ​របស់ កឹម សុខា ក្តីគឺ​រាជរដ្ឋាភិបាល​គ្រាន់តែខិតខំប្រឹងប្រែង​អភិវឌ្ឍជាតិ​ កសាង​សមិទ្ធផលជាតិ​ឲ្យកាន់តែរីកចម្រើន​ពីមួយ​អាណត្តិ​ ទៅមួយ​អាណត្តិ​ពេលនោះ​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រឆាំង​​នឹងស្លាប់​ដោយ​ខ្លួនឯង​ ដោយ​សារ​​ប្រជាពលរដ្ឋ​អស់ជំនឿ​។ ម្យ៉ាងទៀត​ បក្ស​ប្រឆាំង​តែងតែ​ប្រឆាំង​ជាមួយនឹងការអភិវឌ្ឍ​ ដូចជា​​លើកថា​រាជរដ្ឋាភិបាលអត់ធ្វើផ្លូវ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ផ្លូវ​ស្អាត​។ គាត់លើក​ថា​រាជរដ្ឋាភិបាល​​អត់បានកសាងសមិទ្ធផលអ្វីទេ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ឃើញ​​និងធ្វើដំណើរ​ឆ្លង​កាត់​ស្ពាន​លំដាប់​​ធំៗ​ កាត់​ទន្លេ​ ដៃសមុទ្រ​ ខ្វាត់​ខ្វែង​ទូទាំងប្រទេស​ ដែល​​បងប្អូន​បានទទួល​ប្រយោជន៍​ពី​សមិទ្ធផល​​ទាំង​អស់​នោះ​។ អញ្ចឹង​វិធីសម្លាប់​ជីវិត​នយោបាយ​​​បក្ស​ប្រឆាំង​គឺការកសាង​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​​នេះ​ហើយ​៕​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី