Monday, March 25, 2013

សុន្ទរកថា ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន ក្នុង​ពិធី​​ចែក​​​ប័ណ្ណ​​កម្ម​​សិទ្ធិ​​ដី​ធ្លីជូន​​ប្រជាពល​រដ្ឋ នៅ​ឃុំ​​សោម ស្រុក​​គីរីវង់ ខេត្ត​​តាកែវ

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី​​ 
រដ្ឋមន្ត្រី​ទទួល​បន្ទុក​​ទីស្តីការ​​គណៈ​រដ្ឋមន្រ្តី ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​​​អគ្គ​មហា​​សេនា​បតី​​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​​​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ​ក្នុងពិធី​ចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីជូន​​ប្រជាពលរដ្ឋ នៅឃុំ​សោម ស្រុក​គីរីវង់ ខេត្ត​តាកែវ
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣

- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ​និង​ក្មួយៗ​វីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោ ជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមា​នសេចក្តី​សោម​នស្ស​រីករាយ ​ចូលរួម​ជាមួយ ឯកឧត្តម លោក​ជំទាវ អស់​​លោក លោកស្រី​ បងប្អូន​ប្រជា​ពលរដ្ឋ និងក្មួយៗ​វីរៈ​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោទាំង​អស់ក្នុង «ពិធីចែកប័ណ្ណកម្មសិទ្ធិ​ដីធ្លីជូន​​ប្រជាពល​រដ្ឋនៅ​ឃុំ​សោម ស្រុកគីរីវង់ ខេត្តតាកែវ» នា​ពេល​នេះ។ នេះជា​លើក​ទីបួន​ហើយ ដែល​ខ្ញុំបាន​ចូលរួមជាតំ​ណាង​ដ៏​ខ្ពង់​ខ្ពស់សម្តេច​​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន ក្នុងពិធីចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​​ប្រជាពលរដ្ឋនៅ​ខេត្តតាកែវ​យើង​នេះ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​​ពាំ​នាំ​នូវ​ការ​​សួរ​សុខ​ទុក្ខ​និង​សេចក្តី​នឹករលឹក​របស់​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​​រដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ជូន​​ចំ​ពោះ​បង​ប្អូន​ប្រ​ជា​ពលរដ្ឋនៅ​​ខេត្ត​តា​កែវ​ ជា​ពិ​សេស​បងប្អូននៅក្នុង​ស្រុកគីរីវង់​យើង​នេះ​ ព្រម​​​​​ទាំង​មន្រ្តី​បច្ចេកទេស ​និង​ក្មួយៗ​វីរៈយុវជន​ស្ម័គ្រចិត្ត​ទាំងអស់។​​  ​​

​តាងនាម​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ខ្ញុំសូម​កោត​សរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ថ្នាក់​ដឹកនាំ​គ្រប់លំ​ដាប់​ថ្នាក់ ក៏ដូច​ជាមន្រ្តី​ជំនាញ នៃក្រសួង​រៀបចំ​ដែនដី នគរូប​នី​យ​កម្ម និង​​សំណង់ អាជ្ញាធរ​ខេត្ត-ស្រុក មូលដ្ឋាន​ភូមិ-ឃុំ និងស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំងក​ងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ដែលបាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​​​របស់ខ្លួន​ ក្នុងដំណើរ​ការ​វាស់វែង​និង​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លីជូន​ប្រជាពល​រដ្ឋ ប្រកប​ដោយ​ជោគ​ជ័យនិ​ងមានការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ខ្ញុំ​ក៏​សូម​កោត​សរសើរ ​និងថ្លែង​អំណរ​គុណផងដែរ ចំពោះកិច្ច​ខិតខំ​ប្រឹងប្រែង និង​ឆន្ទៈដ៏មោះ​​មុត​របស់​​ក្មួយៗ​​​វីរៈយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ ដែលបាន​លះបង់​កម្លាំង​កាយ កម្លាំង​​ចិត្ត និង​ពេលវេលា​ដ៏មានតម្លៃ​ ក្នុងការ​​​ចុះវាស់វែង​ដីធ្លី​​ជូន​​​បងប្អូនប្រ​ជា​ពល​រដ្ឋ។​​​​ បេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្តមរបស់ក្មួយៗ ពិតជាបាន​រួមចំណែក​ដល់​ការអនុវត្ត «គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី» របស់​​រាជ​រដ្ឋាភិបា​ល​យ៉ាង​ពិត​ប្រាកដ។

ជាមួយ​គ្នានេះ​ដែរ​ ខ្ញុំសូមថែ្លង​អំណរ​គុណ​ចំពោះ​សប្បុរ​សជន​នានា​ដែល​បាន​ចុះសួរ​សុខ​ទុក្ខ ក្មួយៗ​​វីរៈយុវជន​ដល់​មូល​ដ្ឋាន ព្រម​ទាំង​សូម​កោត​សរ​សើរនិង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ មាតាបិតា​និ​ងអាណា​ព្យាបាល​ក្មួយៗ​វីរៈយុវជន​ទាំងអស់ ដែលបា​ន​អនុញ្ញាត និងផ្តល់​លទ្ធភាពឱ្យ កូន​ចៅជាទីស្រ​ឡាញ់រ​បស់ខ្លួន បាន​បំពេញ​បេសកកម្ម​ជាប្រវត្តិសាស្រ្ត​ជូន​ប្រជាពល​រដ្ឋ​របស់​យើង។ ខ្ញុំក៏សូមយក​ឱកាស​នេះ ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូពេទ្យដែល​បានយក​ចិត្តទុក​ដាក់​ថែទាំ​សុខភាព​​របស់​ក្រុម​ការងារ ដើម្បីឱ្យ​ដំណើរ​ការ​វាស់វែង​ដីធ្លីជូន​ប្រជាពល​រដ្ឋប្រព្រឹត្ត​ទៅដោយ​ភាពរ​លូននិង​សម្រេច​បាន​ជោគ​ជ័យ ដូចដែល​យើងទទួល​បាននា​ពេលនេះ។

ការចែកប័ណ្ណកម្មសិទ្ធិ​ជូន​​ប្រជាពលរដ្ឋ​នៅពេលនេះ​​ ឆ្លុះ​បញ្ចាំងឱ្យឃើញ​អំពី​ការ​យកចិត្ត​ទុក​ដាក់​​ខ្ពស់​របស់​រាជរដ្ឋាភិបាល ​​​​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី​នៃព្រះរា​ជាណា​ចក្រកម្ពុជា ក្នុង​ការ​​ធានា​​កម្មសិទ្ធិ​​ដី​ធ្លី​ស្រប​ច្បាប់​​របស់​​ប្រជាពលរដ្ឋ​ សំដៅ​លើក​កម្ពស់​ជីវភាព​ សុខុមាលភាព​ និង​ការកាត់បន្ថយ​​ភាព​​ក្រី​ក្រ ​ព្រម​ទាំង​​​រួមចំណែកដល់ការ​ពង្រឹង​យុត្តិធម៌​និងស្ថិរភាព​សង្គម។ ដូចដែល​យើង​បានដឹង​ហើយថា រាជរដ្ឋា​ភិ​បាល​​បាន​និងកំពុង​អនុវត្ត​គោល​នយោបាយ​និង​យុទ្ធសាស្រ្ត​នានា ដើម្បី​​​​អភិវឌ្ឍ​សមត្ថភាព​របស់​​​​ប្រជា​កសិករ និងអភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្តោតការយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការកសាង​ប្រព័ន្ធ​ធារាសាស្រ្ត និងការ​ផ្តល់​សេ​វាគាំទ្រ​នានា ព្រមទាំង​គោល​នយោបាយ​​អភិវឌ្ឍជន​បទ សំដៅ​បង្កើត​ឱកាស​ឱ្យ​កាន់​តែ​ប្រសើរ​ជូន​ប្រជាព​លរដ្ឋក្នុង​ការបង្កើន​ចំណូល​ប្រចាំគ្រួសារ​។ ​ដូច្នេះ ​ការ​ផ្តល់​កម្មសិទ្ធិ​​ដីធ្លីនេះ គឺពិតជាបាន​រួមចំណែក​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន​ប្រជាពល​រដ្ឋខិតខំ​បង្កើន​​​ផលិតភាព ក៏​ដូចជា​ការវិនិយោគក្នុង​វិស័យ​កសិកម្មឱ្យកាន់តែ​ខ្លាំងឡើង​ថែមទៀត​​​។

ជាការពិត​ណាស់ ការចែក​ប័ណ្ណកម្ម​សិទ្ធិជូន​ប្រជាពលរ​ដ្ឋនាពេល​នេះ គឺជា​ការរួម​ចំណែក​យ៉ាង​សំខាន់​​​ក្នុងការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លីរវាង​ប្រជាជន​និងប្រជាជន ក៏ដូចជារ​វាង​ប្រជាជន​និង​ក្រុមហ៊ុន ដែល​កន្លង​មកបញ្ហាទាំ​ងអស់នេះ តែងតែធ្វើឱ្យមានការ​ប៉ះពាល់ដល់​ជីវភាព​របស់​ប្រជា​​ពលរដ្ឋ។ ដូច្នេះ ការធ្វើឱ្យ​មានភាព​ច្បាស់លាស់​នៃការកាន់កាប់​ដីធ្លីរបស់ប្រជា​ពលរដ្ឋ ក៏ជា​ការធ្វើ​ឱ្យមាន​ភាពច្បាស់​លាស់ដល់ការ​កាន់​កាប់ដីធ្លីរបស់​ក្រុមហ៊ុន​វិនិយោគផងដែរ។ ទាំងនេះ ស​បញ្ជាក់​ឱ្យ​ឃើញយ៉ាងច្បាស់​នូវនយោបាយ​ឈ្នះ-ឈ្នះ​​​របស់​រាជរដ្ឋាភិបាល​លើវិស័យដីធ្លី ក្នុង​ការ​ផ្តល់​​សម្បទាន​ដីសេដ្ឋកិច្ច​ដល់ក្រុមហ៊ុន​​វិ​និ​យោគ​ សំដៅជំរុញឱ្យផ្នែក​ឯកជន​អាច​​រួម​ចំណែក​​​អភិវឌ្ឍ​​មូល​ដ្ឋាន​​កាន់តែ​​មានប្រសិទ្ធភាព និង​ផ្តល់​ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅ​ក្នុងតំបន់​វិនិយោគ​​នោះ យ៉ាងពិត​​ប្រាកដ។ ​

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង ក្មួយៗវីរៈយុវជនស្ម័គ្រចិត្តទាំងអស់!

ដូច​ដែល​យើង​ទាំង​អស់​គ្នាបាន​​ដឹងស្រាប់​​​ហើយថា​ របប​ប្រ​ល័យ​ពូជសាសន៍​ ប៉ុល ពត បាន​លុប​បំបាត់​ទាំងស្រុង​រាល់កម្មសិទ្ធិ​ឯកជន​​ទាំង​អស់ ​ រួមទាំងកម្មសិទ្ធិដីធ្លីផងដែរ។ នៅ​​ក្រោយ​​ថ្ងៃ​រំដោះ​៧មករា១៩៧៩ ទន្ទឹម​នឹង​ការខិត​ខំ​ទប់​ស្កាត់​ការ​វិល​​​ត្រឡប់​​មក​វិញ​​នៃ​​​​របប​​ប្រល័យពូជ​សាសន៍ និង​​​​​ការ​​កសាងប្រទេស​ជាតិ​ពីបាតដៃទទេ ​​រដ្ឋាភិបាល​​​​បាន​អនុវត្តគោលនយោបាយ​ផ្តល់​របប​ដី​ជូន​ប្រជាពលរដ្ឋ​​​គ្រប់​គ្រួសារសម្រាប់​ប្រើប្រាស់​ជា​​លំនៅ​​ដ្ឋាននិង​​ការ​​​បង្ក​បង្កើន​​ផល​។ ប្រជាពលរដ្ឋ​បាន​​​រួម​កម្លាំងគ្នាធ្វើការបង្កបង្កើនផលទៅតាម​លទ្ធភាព​នៅលើដីធ្លី ​ដែលអាចធ្វើទៅ​បាន​ដើម្បី​ចែកគ្នា​រស់។ គិត​ចាប់ពីឆ្នាំ១៩៧៩ រហូតមក​ដល់​ពេល​​នេះ រដ្ឋាភិបាល​បានអនុវត្ត​គោល​នយោ​បាយ​​កំណែ​ទម្រង់​​ដីធ្លីចំនួន៤វគ្គ។ វគ្គទី១ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ រដ្ឋាភិបាល​បានយកចិត្តទុកដាក់រៀបចំឱ្យ​មាន​លិខិត​ស្នាម​រដ្ឋបាល​បញ្ជាក់ពី​កម្មសិទ្ធិ​ដីធ្លី និងប័ណ្ណភោគៈជូនប្រជាពលរដ្ឋ។​ វគ្គទី២ នៅ​ចន្លោះ​ឆ្នាំ​១៩៩១​​ ដល់​ ១៩៩៣ និង​វគ្គទី៣ នៅចុង​ឆ្នាំ១៩៩៨។ ​វគ្គទី៤ ចាប់ពីឆ្នាំ២០១២មក ដោយ​មាន​ការ​ចូល​រួម​ពីសំ​ណាក់​ក្មួយៗយុវជន​ស្ម័គ្រចិត្ត ក៏ដូចជាបងប្អូនក្នុងសហគមន៍​ ក្នុង​ការ​ងារ​វាស់វែង​ដីធ្លី​រាជរដ្ឋាភិបាល​បាន​​អនុវត្ត​​គោល​​នយោបាយ​​ចាស់​សកម្មភាព​​ថ្មី ដែល​ជាលើកដំបូង​នៃប្រវត្តិ​សាស្រ្ត​​កម្ពុជា ដើម្បី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ​​ ដែលកំពុង​កាន់​កាប់ដីធ្លីជាក់ស្តែង​ ប៉ុន្តែ​ជាដីពុំ​ទាន់​ស្របច្បាប់​នៅឡើយ ពីព្រោះថា ដីដែលបងប្អូន​ប្រជាពលរដ្ឋ​កំពុងកាន់​កាប់ទាំងនេះ ជាដីស្ថិត​ក្នុង​មុខ​សញ្ញាបី​ប្រភេទ គឺ​ដីរដ្ឋ​ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច ដីរដ្ឋក្នុងសម្បទានព្រៃឈើ និង​​ដីរដ្ឋ​ដែល​ត្រូវ​បាន​​កាន់​កាប់​ដោយមានដីកាដកហូត។

ជាក់ស្តែង ចាប់តាំងពីពាក់ក​ណ្តាលឆ្នាំ២០១២មក រាជរដ្ឋាភិបាល​បានបើកយុទ្ធនាការ​ចុះ​វាស់វែង​ដីធ្លីប្រមាណ​​​ ជិតពីរលាន​ហិកតា បើគិតជាក្បាលដីគឺប្រមាណ ៧០ ម៉ឺនក្បាល​ដី សម្រាប់​ចែក​ជូនប្រជាពលរដ្ឋប្រមាណ ៤៧ ម៉ឺនគ្រួសារ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីជំនាញ​បច្ចេកទេស​វាស់វែង​​និងក្រុម​ក្មួយៗ​វីរៈ​យុវជន​​ស្ម័គ្រ​ចិត្ត សរុប​ជាង ៣ ពាន់​នាក់។ ជា​ការ​ពិត​ ផ្ទៃដីទំហំជិត​ពីរលាន​ហិកតា​នេះ​ ពុំមែនសុទ្ធតែជាដី​ដែលមានទំនាស់​នោះទេ​ គឺដី​មួយផ្នែក​តូច​​ប៉ុណ្ណោះ ​ដែល​មាន​​ទំនាស់​​ជាមួយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ និងអ្នកកាន់កាប់​ផ្សេង​ទៀត។ ដោយឡែក​ ចំពោះ​ការកាន់​កាប់​​ដី​រដ្ឋ​​គ្រប់ប្រភេទ​​ គឺជាការកាន់កាប់​ដីពុំទាន់​ស្របច្បាប់​នៅឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​​ប្រើ​ប្រាស់​និង​អាស្រ័យផលលើដីទាំងនោះរួចទៅហើយ ​​​ដោយ​គ្រាន់​តែពុំទាន់មាន​សុវត្ថិភាព​ក្នុង​ផ្លូវ​ចិត្ត​​និងពុំទាន់​​​ហ៊ានអភិវឌ្ឍដីធ្លី​ឱ្យ​អស់​សក្តានុពល​ប៉ុណ្ណោះ​។​ ជារួម យុទ្ធនាការ​អនុវត្តគោល​នយោបាយ​ចាស់​​សកម្មភាព​ថ្មី​លើ​វិស័យដីធ្លីនេះ គឺជា​ជំហានថ្មី​មួយទៀតនៃការកែ​ទម្រង់​ដីធ្លីដ៏ស៊ីជម្រៅ តាមរយៈ​ការ​ធ្វើ​ប្រទាន​កម្មដីជូនប្រជាពលរដ្ឋជា​កម្មសិទ្ធិ​ពេញលេញ ដើម្បី​ដោះ​ស្រា​យ​ស្ថានភាពពីការ​កាន់​កាប់​​ដីធ្លី​មិន​ច្បាស់លាស់​ ឬ​មិន​ស្របច្បាប់​ ឱ្យទៅជាការ​កាន់កាប់ដីធ្លី​ដោយមានមូលដ្ឋានច្បាប់រឹងមាំ មាន​លក្ខណៈច្បាស់លាស់ និងមាន​សុវត្ថិភាព​។

ផ្អែក​តាមរបាយការណ៍​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លទ្ធ​ផល​នៃ​ការ​អនុវត្ត​បទ​បញ្ជា​លេខ​០១ នៅ​ទូ​ទាំង​ប្រ​ទេស ​គិតមក​ដល់​​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៣ គឺ៖ ​បាន​បំពេញ​សលាកបត្រ​ក្បាល​ដីបាន​ចំនួន ​៥៤៩ ២៨៨​ ក្បាល​ដី កត់​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​បាន​​ចំនួន​ ៤១០ ៦២៧ គ្រួសារ ចំនួន​គ្រួសារ​បាន​ផ្ទៀង​ផ្ទាត់​ចំនួន​ ៣៣០ ៧៩៥ គ្រួសារ វាស់​ក្បាល​ដី​បាន​ចំនួន​ ៥១៩ ៦១៣ ក្បាល​ដី គូរ​ក្បាល​ដី​បាន​ចំនួន​ ៤៤០ ៥៣៨ ក្បាល​ដី បំពេញ​ទម្រង់​​បែប​បទ​​ក្បាល​ដីបាន​ចំនួន ៤៦១ ៨៧៨ ក្បាល​ដី បិទ​ផ្សាយ​ជា​សាធារណៈ​​បាន​​ចំនួន ២៥៧ ៩៥៩ ក្បាល​ដី និង​បានចែកប័ណ្ណដល់ដៃប្រជាជនចំនួន ១៧១ ៦៦៩ ប័ណ្ណ។

ដោយឡែក នៅក្នុងខេត្តតា​កែវ​យើងនេះ​ ការអនុវត្តគោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី ​បាន​​គ្របដណ្តប់​លើឃុំ​ចំនួន១៥ ក្នុងស្រុកគីរីវង់ និង​ស្រុក​ត្រាំកក់ ដោយ​មានការចូ​លរួមពី​មន្រ្តី​ជំនាញ​បច្ចេក​ទេស ចំនួន ១១នាក់ និងយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ​ចំនួន ៣៦នាក់។ ជាលទ្ធផល បើ​គិត​​មក​ត្រឹម​ថ្ងៃនេះ យើងបាន​បំពេញ​សាលាកបត្រ​ព័ត៌មាន​ចំនួន ១២ ០២៥ ក្បាល​ដី និងបានបញ្ចូល​សម្រង់​បញ្ជីឈ្មោះម្ចាស់ដីបានចំនួន​ ៩​ ៣៧៨ គ្រួសារ។ កន្លងមក យើងបានចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំ​នួន ៤ ៣៥១ ក្បាលដី​ ជូនប្រជាពល​រដ្ឋចំនួន ២ ៥០៧ ​គ្រួសារ​ក្នុងខេត្តតាកែវ​យើងនេះ។ បន្តិច​ទៀត​នេះ​ ខ្ញុំ​នឹង​​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីចំនួន ៨១៤ក្បាលដី ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៦៦ គ្រួសារ នៅ​ក្នុងឃុំ​សោម​ ស្រុកគីរីវង់ ខេត្ត​តាកែវ។ ខ្ញុំសូម​បញ្ជាក់ថា រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​យុទ្ធនាការវាស់វែង​ដីធ្លីនេះ​រហូត​សម្រេច​បាន​តាមផែនការ​កំណត់។ ដូច្នេះ ចំពោះបងប្អូនដែលមាន​ដី​ពុំទាន់បានទទួល​ការវាស់​វែងពី​ក្រុមការងារ សូមកុំមាន​ការ​ព្រួយ​បារម្ភ ពី​ព្រោះ​​ក្រុមការងារ​វាស់វែង​​ដីធ្លីរបស់យើងកំពុងអនុវត្តការងារ​របស់ខ្លួន​ជាបន្តបន្ទាប់​ តាមផែនការដែលបាន​គ្រោងទុក ហើយ​​នឹង​បន្តធ្វើរហូតដល់ចប់ជាស្ថាពរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗវីរៈយុវជនស្ម័គ្រចិត្តទាំងអស់!

លទ្ធផលគួរ​ជាទីមោទនៈដែលយើងទទួល​បាននៅថ្ងៃនេះ គឺ​ជា​សមិទ្ធផលដ៏ធំធេង​សម្រាប់​ប្រជាពលរដ្ឋក្នុងខេត្តតាកែវ​ ជា​ពិសេស​ក្នុង​ឃុំសោម​យើង​នេះ។ ខ្ញុំ​សូម​​បញ្ជាក់​​​ជាថ្មីម្តងទៀត ជូន​​បងប្អូន​ប្រជាពលរដ្ឋនៅ​ទី​នេះ ក៏​ដូចជា​នៅ​ទូទាំងប្រទេសថា ការ​វាស់​​វែង​ដី​ធ្លី និងចែកប័ណ្ណ​កម្មសិទ្ធិ​ជូនប្រជាពល​រដ្ឋ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​​យក​ទៅ​បង្កបង្កើន​ផល​សម្រាប់​ទ្រ​ទ្រង់​​​ជីវភាពគ្រួសារ និង​ប្រើប្រាស់​តាម​សេចក្តី​ត្រូវ​ការ​របស់​បង​ប្អូន ប៉ុន្តែមិនមែន​​ដើម្បី​យក​​ពន្ធ​ដូច​ដែល​ក្រុម​មួយ​ចំនួន​តូច​បាន​លើក​ឡើង​នោះ​ទេ។ ដរាបណារាជរដ្ឋាភិបាល​នៅតែ​ដឹក​នាំ​​ដោយ​សម្តេច​​តេជោនាយក​រដ្ឋ​មន្រ្តី​ ដីធ្លី​ទាំងអស់របស់​ប្រជា​កសិករដែល​ប្រើប្រាស់ជា​លក្ខណៈ​​គ្រួសារ​ នឹង​មិន​ត្រូវ​បានយកពន្ធនោះ​ឡើយ។ ​ បង​ប្អូន​ប្រជាពលរដ្ឋមិនត្រូវ​ចាញ់​បោក​ជន​មួយ​ក្តាប់​តូច ​ដែល​តែង​តែ​​មា​ន​ចេតនា​​​ឃោសនា​​​អូស​ទាញ​ឱ្យប្អូន​ទៅ​ចាប់​យក​​ដី​​របស់រដ្ឋ និង​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​ជាតិ​នោះ​ឡើយ​។ រាល់​ការ​ចូល​ទន្រ្ទានចាប់យក​ដី​រដ្ឋ​ និងការបោះ​បង្គោល​​លើ​ដី​រដ្ឋ​ គឺជា​សកម្មភាពខុសច្បាប់ ​និង​ត្រូវ​ហាម​ឃាត់​​ជា​ដាច់ខាត​​ ហើយរាល់​ជនល្មើស​នឹង​ត្រូវផ្តន្ទាទោសតាម​ច្បាប់​ជា​ធរ​មាន។ ឆ្លៀត​ក្នុង​ឱកាសនេះ ខ្ញុំ​សូម​អំ​ពាវនាវ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ និងសមត្ថ​កិច្ច​​ពាក់​ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ​​រួម​ទាំង​កងកម្លាំង​​ប្រដាប់​អាវុធ​ ត្រូវបន្ត​​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ ស្រប​តាម​​​បញ្ញត្តិ​នៃច្បាប់​ និងលិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន ដើម្បី​ធានាការ​គ្រប់​គ្រង​ដី​ធ្លី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត។

មុន​នឹង​បញ្ចប់ ​ខ្ញុំ​សូម​កោត​សរសើរ​និង​ថ្លែង​អំណរ​គុណ​ជា​ថ្មី​ម្តង​ទៀត​ ចំពោះ​ថ្នាក់​ដឹក​នាំ​ ​មន្រ្តី​ជំនាញនៃក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​ក្មួយៗ​​វីរៈ​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេចតេជោ​ ដែល​បាន​ខិត​ខំ​បំ​ពេញ​ភារកិច្ច​របស់​​ខ្លួន​​ ប្រកប​ដោយឆន្ទៈ​និង​​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​ការ​​ងារ​វាស់​វែង​ដី​ធ្លី​ និង​​ផ្តល់​​កម្ម​សិទ្ធិ​ជូនប្រជាពលរដ្ឋក្នុង​ខេត្តតាកែវ ជាពិសេស​​នៅ​ឃុំសោម ស្រុកគីរីវង់ ទទួលបាន​ជោគជ័យ​គួរ​ជា​ទី​​មោទ​នៈ​​។ ខ្ញុំមាន​ជំនឿ​យ៉ាង​មុត​មាំ​​ថា​ ក្រុមការងារ​ទាំង​អស់​ ដែល​កំពុង​អនុវត្ត​គោល​នយោបាយ​​​ចាស់​សកម្ម​ភាព​​ថ្មី នឹ​ង​បន្តបំពេញ​បេសកកម្មរបស់​ខ្លួន​​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ជា​​​ប្រ​យោជន៍​ដ៏​ថ្លៃ​ថ្លា​ជូន​ប្រជាពល​រដ្ឋ​របស់​យើង​​។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ​និង​​​​​ក្មួយៗវីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោទាំងអស់ សូមមាន​សុខភាព​​​​​​​ល្អ ទទួលបាន​ជោគជ័យ​គ្រប់​​ភារកិច្ច និងមាន​សុភមង្គលក្នុងក្រុមគ្រួសារ៕
សូមអរគុណ!