Monday, March 25, 2013

ប្រជា​ពល​រដ្ឋ​​ចំនួន ៥៦៦​គ្រួសារ​​មក​ពី​ស្រុក​​គីរីវង់ ទទួល​ប័ណ្ណ​កម្ម​សិទ្ធ​ដី​ធ្លីពីរាជ​រដ្ឋា​ភិបាល

ប្រជាពលរដ្ឋ​ចំនួន ៥៦៦ គ្រួសារ ​មកពីឃុំ​សោម​ ស្រុកគីរីវង់ ខេត្ត​តាកែវ ​​បាន​ទទួលប័ណ្ណ​កម្មសិទ្ធដីធ្លីពីរាជរដ្ឋាភិបាលនៅព្រឺកថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០១៣ ដែលផ្តល់​ជូន​ដោយឯក​ឧត្ត​ម​​ឧបនា​យ​ក​រដ្ឋមន្រ្តី សុខ អានរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរ​ដ្ឋ​មន្រ្តី ​ជាអធិ​បតី ​តំណាង​ដ៏ខ្ពង់ខ្ពស់របស់​​សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ​។

 ឯកឧត្តម ស្រី បេន អភិបាល​ នៃគណៈអភិបាលខេត្តតាកែវ​ បាន​មានប្រសាសន៏ថា  នៅក្នុង​ខេត្តតាកែវ​បាន​អនុវត្តគោល​នយោបាយចាស់​សកម្មភាពថ្មី ​​ដែល​គ្របដណ្តប់លើឃុំចំនួន១៥ ក្នុងស្រុកគីរីវង់ និងស្រុកត្រាំកក់ ដោយ​មានការចូលរួមពី​មន្រ្តី​ជំនាញ​បច្ចេកទេស ចំនួន ១១នាក់ និងវីរយុវជនស្ម័គ្រ​ចិត្តសម្តេចតេជោ​ចំនួន ៣៦នាក់។ ​ ជាលទ្ធផល បើ​គិត​​មក​ត្រឹម​ថ្ងៃនេះ  បាន​បំពេញ​សាលាកបត្រ​ព័ត៌មាន​ចំនួន ១២ ០២៥ ក្បាល​ដី និងបានបញ្ចូល​សម្រង់​បញ្ជីឈ្មោះម្ចាស់ដីបានចំនួន​ ៩​ ៣៧៨ គ្រួសារ។

ឯកឧត្តម បាន​បន្ត​ថា « កន្លងមក យើងបាន ចែកប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំ​នួន ៤ ៣៥១ ក្បាលដី​ ជូន​ប្រជា​ពលរដ្ឋចំនួន ២ ៥០៧ ​គ្រួសារ​ក្នុងខេត្តតាកែវយើងនេះ» ហើយ បន្តិច​ទៀត​នេះ​ ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីចំនួន ៨១៤ក្បាលដី នឹងត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៦៦ គ្រួសារ នៅ​ក្នុងឃុំ​សោម​ ស្រុកគីរីវង់ ខេត្ត​​តាកែវ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន មានប្រសាសន៏ពាំ​នាំ​នូវ​ការ​​សួរ​សុខ​ទុក្ខ​និង​សេចក្តី​នឹករលឹក​របស់​សម្តេច​តេជោ     ​ ហ៊ុន  សែន នាយក​រដ្ឋ​មន្រ្តី​​ និង​លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​​ចំ​ពោះ​បង​ប្អូន​ប្រ​ជា​ពលរដ្ឋនៅ​​ខេត្ត​តា​កែវ​ ​ ព្រម​​​​​ទាំង​មន្រ្តី​បច្ចេកទេស ​និង​ក្មួយៗ​វីរៈយុវជន​ស្ម័គ្រចិត្ត​ទាំង​អស់ និងបាន​កោត​សរសើរចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ​​ឆន្ទៈដ៏មោះ​​មុត​របស់​វីរៈយុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ ដែល​​បានលះ​បង់កម្លាំង​កាយ កម្លាំង​​ចិត្ត និង​ពេលវេលា​ដ៏មានតម្លៃ​ ដើម្បី​​​ចុះវាស់វែង​ដីធ្លី​​ជូន​​​បងប្អូន​ប្រ​ជា​ពល​រដ្ឋ ដែលជាបេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្តម ក្នុង​ការ​រួមចំណែ​ក​ដល់ការអនុវត្ត «គោលន​យោបាយ​ចាស់​សកម្មភាពថ្មី» របស់​​រាជ​រដ្ឋាភិបា​ល​នា​ពេល​បច្ចុប្បន្ន​​​​នេះ។​ឯកឧត្តមឧបនាយក​រដ្ឋ​មន្រ្តីបន្តថា​ការចែកប័ណ្ណកម្មសិទ្ធិដីជូន​​ប្រជា​ពល​រដ្ឋនាពេលនេះ ​​ គឺឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​​​អំពី​ការ​យកចិត្ត​ទុក​ដាក់​​ខ្ពស់​របស់​រាជរដ្ឋាភិបាល ​​​​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​​​​តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី​ ក្នុង​ការ​​ធានា​​កម្មសិទ្ធិ​​ដី​ធ្លី​ស្រប​ច្បាប់​របស់​​ប្រជាពលរដ្ឋ​ សំដៅ​លើក​កម្ពស់​ជីវភាព​ សុខុមាលភាព​ និង​ការកាត់បន្ថយ​​ភាព​​ក្រី​ក្រ ​ ព្រមទាំង​​រួមចំណែកដល់ការ​ពង្រឹង​យុត្តិធម៌​និង​ស្ថិរភាពសង្គម។ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ « ដូចដែលយើងបានដឹងហើយថា រាជ​រដ្ឋា​ភិបាល​​បាន​និងកំពុងអនុវត្តគោល​នយោ​បាយ និង យុទ្ធសាស្រ្ត​ដ៏​សមស្រប​នានា ដើម្បី​​​​អភិវឌ្ឍ​សមត្ថភាព​របស់​​​​ប្រជាកសិករ និង​អភិ​វឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្តោតការយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការកសាង​ប្រព័ន្ធ​ធារាសាស្រ្ត និងការផ្តល់​សេវាគាំទ្រនានា ព្រមទាំង​គោលនយោបាយ​​អភិវឌ្ឍជនបទ សំដៅបង្កើត​ឱកាស​ឱ្យកាន់តែប្រសើរជូន​ប្រជាពលរដ្ឋក្នុងការបង្កើន​ចំណូល ប្រចាំគ្រួសារ​។ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី​បានរំលឺកពី ​​របប​ប្រ​ល័យ​ពូជសាសន៍​ ប៉ុល ពត ដែលបាន​លុប​បំបាត់​ទាំងស្រុង​រាល់កម្មសិទ្ធិ​ឯកជន​​ទាំង​អស់រួមទាំង​កម្មសិទ្ធិដីធ្លីផងដែរ» ។ ​ទន្ទឹម​នឹង​ការខិត​ខំ​ទប់​ស្កាត់​​ការ​វិល​​​ត្រឡប់​​មក​វិញ​​នៃ​​​​របប​​ប្រល័យពូជសាសន៍ និង​​​​​ការ​​កសាងប្រទេស​ជាតិ​ពីបាតដៃទទេ ​​រដ្ឋាភិបាល​​​​បាន​អនុវត្តនូវគោលនយោបាយ​ផ្តល់​របប​ដី​ជូន​ប្រជាពលរដ្ឋ​​​គ្រប់​គ្រួសារសម្រាប់​ប្រើប្រាស់​ជា​​លំនៅ​​ដ្ឋាន និង​​ការ​​​បង្ក​បង្កើន​​ផល​។​ជាក់ស្តែង ចាប់តាំងពីពាក់​កណ្តាលឆ្នាំ២០១២មក រាជរដ្ឋាភិបាល​បានបើកយុទ្ធនាការ​ចុះ​វាស់វែង​ដីធ្លីប្រមាណ​​​ ១លាន៨សែន​ហិកតា បើគិតជាក្បាលដីគឺប្រមាណ ៧០ ម៉ឺន​ក្បាល​ដី សម្រាប់​ចែក​ជូនប្រជាពលរដ្ឋប្រមាណ៤៧ម៉ឺនគ្រួសារ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីជំនាញ​បច្ចេក​ទេស​​វាស់វែង​​និងក្រុម​ក្មួយៗ​ វីរៈ​ យុវជន​​ស្ម័គ្រ​ចិត្ត សរុប​ជាង ៣ ពាន់​នាក់ផងដែរ​។

​ឆ្លៀត​ក្នុង​ឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានអំ​ពាវនាវ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ និងសមត្ថ​កិច្ច​​ពាក់​ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ​​រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ ត្រូវបន្ត​​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ ស្រប​តាម​​​​​បញ្ញត្តិ​នៃច្បាប់​ និងលិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន ដើម្បី​ធានាការ​គ្រប់​គ្រង​ដី​ធ្លី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត។ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​បានបញ្ជាក់ថា ​ការចូល​ទន្រ្ទានចាប់យក​ដី​រដ្ឋ​ និងការបោះ​បង្គោល​​លើ​ដី​រដ្ឋ​ គឺជា​សកម្មភាពខុសច្បាប់ ​និង​ត្រូវ​ហាម​ឃាត់​ជា​ដាច់ខាត​​ ហើយរាល់​ជនល្មើស​នឹង​ត្រូវផ្តន្ទាទោសតាម​ច្បាប់​ជា​ធរ​មាន៕

អត្ថបទ៖ លោក នាង សូរីដា