Thursday, March 21, 2013

សម្តេច​​តេជោ​​ប្រកាស​​សារ​​នយោបាយ​ក្នុង​​នាម​​ជា​បេក្ខ​ជន​​នាយក​រដ្ឋមន្ត្រី​​របស់​​គណបក្ស​​ប្រជា​ជន​​កម្ពុជា

ថ្លែងចេញ​ពីវិមាន​សន្តិភាពនៅក្នុង​ពិធី​សម្ពោធ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង (​ក​.​ជ​.​អ​.​ប​) និង​អគ្គលេខាធិការដ្ឋាន (ក​.ជ.​អ.ប​) ជា​ផ្លូវការ ​នាព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍អំពាវនាវ​ថា  “បើ​ស្រឡាញ់ ហ៊ុន សែន បើ​អាណិត ហ៊ុន សែន បើ​ជឿជាក់ ហ៊ុន សែន សូម​បោះឆ្នោត​ឲ្យគណបក្ស​ប្រជា​ជន​”
ទាក់​ទង​នឹង​សេចក្តី​អំពាវនាវ​ឲ្យ​ប្រជាជនបោះ​ឆ្នោត​ជូនគណបក្ស​ប្រជាជន​កម្ពុជា សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​ ដែល​ត្រូវ​បានសមាជ​វិសាមញ្ញតំណាង​គណបក្ស​ប្រជា​ជន​ កាល​ពីថ្ងៃទី១៦ -​១៧ ខែមីនា ឆ្នាំ២០១៣ អនុម័ត​ជា​ឯកច្ឆ័ន្ទគាំទ្រសម្តេចតេជោ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្សបាន​មានប្រសាសន៍ពន្យល់​ថា វា​ជា​សិទ្ធិ​នយោបាយ​របស់​សម្តេច​ សម្រាប់​ការ​អំពាវ​នាវឲ្យ​ប្រជាជន ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នៅក្នុង​ការបោះ​ឆ្នោត​សកល​នីតិកាល​ទី៥ នៃ​រដ្ឋសភា​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ខ្ញុំ​និយាយ​ត្រង់​ ហើយ​ខ្ញុំ​នឹង​និយាយ​ភាសា​ហ្នឹង​នៅ​គ្រប់​ទីកន្លែង «បើ​ស្រឡាញ់ ហ៊ុន សែន បើ​អាណិត ហ៊ុន សែន បើ​ជឿជាក់ ហ៊ុន សែន សូម​បោះឆ្នោត​ឲ្យ CPP។ សម្តេច​តេ​ជោ​បញ្ជាក់​ថា ​ខ្ញុំ​អត់​ខ្លាច​និយាយ​ទេ ព្រោះ​ជា​សិទ្ធិ​នយោបាយ​របស់ខ្ញុំ​ផ្ញើ​សារ​ឲ្យ​ប្រជា​ពលរដ្ឋ ខ្ញុំ​នឹង​និយាយ​ភាសា​ហ្នឹង អ្នកឯង​មាន​សិទ្ធិ​ឃោសនា ខ្ញុំ​ក៏​មាន​សិទ្ធិ​និយាយ​ដែរ»។

ទាក់​ទង​ជាមួយ​បញ្ហា​កាត់ទោស​អតីត​មេ​ដឹកនាំខ្មែរក្រហម ដោយ​​អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាល​ពី​ពេល​មុន​នេះ ​សម្ដេច​បាន​ជួប​ដាច់ដោយឡែក​ពី​គ្នា ​ជាមួយ​ទូត​សហភាព​ អឺរ៉ុប និង​ឯក​អគ្គរាជទូត​ចក្រភព​អង់គ្លេស ដោយ​បាន​បង្ហាញ​នូវ​កង្វល់​រួមគ្នា ​ចំពោះ​ដំណើរការ​កាត់ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរក្រហម​ថា ទី១ បញ្ហា​កង្វះ​ថវិកា និង​ទី២ មនុស្ស​ចាស់។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា យើង​កង្វល់​រឿង​ពីរ​ហ្នឹង គឺ​ត្រឹមត្រូវ​ហើយ។ ឥឡូវអៀង សារី បាន​ស្លាប់​ទៅ​មួយ ហើយ​បើ​នៅ​ពន្យារ​ការកាត់​ទៀត គឺ​រឿង​នេះ...បែរ​ជា អាម្សៀ​ណា​មួយ​នោះ បែរ​ជាថា​លោក ហ៊ុន សែន អ្នក​រារាំង​ដំណើរកា​រកាត់​ហ្នឹង​ទៅ​ទៀត"។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា រឿង​សា​លា​ក្តី​សិទ្ធិ​អំណាច​​នៅ​លើ​​សាលាក្តី។ ដំណើរការ​យឺត​ឬ​ដំណើរការ​ឆាប់​ស្ថិត​នៅ​លើ​សាលាក្តី វា​អត់​ស្ថិតនៅ​លើ​ខ្ញុំ​ទេ គេ​បាន​ទម្លាក់​រឿង​មក​លើ​ខ្ញុំ​ទៅ​រួច បើ​អញ្ចឹង​អស់លោក​អាច​ជឿ ប្រេត អា​ដាំ  នឹង​បានទេ។ កាលពីមុន​យើង​វាយ ប៉ុល ពត គេ​ថា​យើង​ខុស មូលហេតុ​ដែល​គេ​ថា​យើង​ខុស​ទើប​គេ យក ប៉ុល ពត ទៅ​អង្គុយ​នៅ​អង្គកា​រ​សហ​ប្រជា​ជាតិ។ ឥឡូវ​ប្រែ​មក​ថា បើ​គេ​យក ប៉ុល ពត ទៅ​កាត់​ទោស​ប្រែ​មក​ថា យើង​វាយ ប៉ុល ពត ត្រឹមត្រូវ ហើយ​។ បើ​មិន​ថា​ត្រឹម​ត្រូវ​ម្តេច​បាន បើ​មិន​ថា ត្រឹម​ត្រូវៗ​តែ​ទុក ប៉ុល ពត ត​ទៅ​ទៀត?។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គោលការណ៍​នៃកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​បើ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុល ពត អត់​ត្រូវ​យក​ទៅ​កាត់ទោស​ទេ។ បើ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង ប៉ារីស ប៉ុល ពត ជា​បក្សនយោបាយ​មួយ ដែល​ត្រូវ​ចូល​បោះ​ឆ្នោត​ជាមួយ​គេឯង ហើយ​អ្នក​ដែល​និយាយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និយាយ​ឲ្យ​មើល​មុខ​មើល​ក្រោយ​ផង បើ​មិនដឹង​ទេ​កុំ​និយាយទៅ​វា​ល្អ​ជាង។ បើ​សិទ្ធិ​បញ្ចេញមតិ​ចេញ​មក​ខុស​ឲ្យ​គេ​ពេបជ្រាយ​ទេ មិន​គួរ​តាំងខ្លួន​ជា​អ្នកចេះ​ទេ។

ទាក់​ទង​នឹង​ការ​រួម​គ្នារវាង​មេដឹក​នាំនៃ​ក្រុម​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង សម្តេច​តេ​ជោ​បាន​ប្រៀបប្រដូចទៅ​នឹង​ជា​ស្រា​ចាស់​ច្រក​ដប​ថ្មីប៉ុណ្ណោះ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជា​ក់​ថា ខ្ញុំ​គិតថា មិត្ត​ភក្តិ​បរទេស​ក៏​ស្គាល់​ដែរ​រឿង​នឹង​ស្រា​ហិន​ណេ​ស៊ី លាយច​ន្នី​វើគ​ឃើ​រ ហើយ​ដាក់​ដប​ថ្មី​មនុ​ស្ស​មុខ​ដដែល។ គេ​មាន​សិទ្ធិ​និយាយ ខ្ញុំ​ក៏​មាន​សិទ្ធិ​និយាយ​ដែរ ហើយ​អ្នក​ខ្លះ​ថា​ខ្ញុំ​កំសាក ខ្ញុំ​និយាយ​តាម​មួយ​បែប «ខ្ញុំ​ធ្លាប់​ទាត់​ដួល ៣ ដង​ហើយ បើ​និយាយ​រឿង​ត្រឹម​ត្រូវ​តាមច្បាប់​វិញ»។ ខ្ញុំ​ចូល​ចិត្ត​ណាស់​ប្រកួត​ជាមួយ​អ្នក​ដែល​ធ្លាប់​ប្រកួត​ចាញ់ ព្រោះ​ខ្ញុំ​បាន​ស្គាល់​ស្នៀតអស់​ទៅ​ហើយ។ ពីមុន​អាច​ថា ៣ ជើង​បាន​ដួល លើក​នេះ​តែមួយ​ជើង​ខ្ញុំ​វាយ​ដួល​ហើយ ព្រោះ​ដោយសារ​ធ្លាប់​វាយ​គ្នា ៣ ដង ​រឿង​អ្វី​ដែល​​ខ្ញុំ​ត្រូវ​កំសាក​ក្នុង​ការ​ប្រកួត ប៉ុន្តែ​បញ្ហា​នៅ​ទីនេះ​ គឺ​បញ្ហា​ច្បាប់ មិន​មែន​បញ្ហា​ខ្ញុំ​ហ៊ាន ​ឬ​មិន​ហ៊ាន​នោះ​ទេ ហើយ​ខ្ញុំ​កាន់តែ​អរ​ទៅទៀត បើ​សិន​អ្នក​ហ្នឹង​ដោះស្រាយ​ចំណងច្បាប់​រួច​ហើយ​ៗ​ចូល​មក​ប្រកួត​ ព្រោះ​ខ្ញុំ​ស្គាល់​ស្នៀត​ដែល​គេ​ធ្លាប់​វាយ​ហើយ ដូច្នេះ​តែ​មួយ​ជើង​ទេ​សន្លប់​ហើយ។ ព្រោះ​គេ​មិនមែន​ជា​អាទិទេព ដែល​មាន​ដៃ៧ ដៃ៨ ឯណា?។

រំលឹក​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ព្រះ នរោត្តម សីហនុ ពី​ប្រមុខ​រដ្ឋ​កាល​ពី​ឆ្នាំ១៩៧០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ម្សិល​មិញ​ ថ្ងៃទី១៨ ខែមីនា ​ជា​ខួប ៤៣ឆ្នាំ​ នៃ​ខួប​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច ព្រះ​ នរោត្តម សីហនុ។ ទាក់​ទង​បញ្ហា​នេះ សម្តេច​តេជោ​បាន​លើក​ជាសំណួ​រ​ថា អ្នកណា​ជា​អ្នក​ទម្លាក់​ពេលនោះ​ តើ​គេ​បាន​គិត​ពី​បរិស្ថាន​នៅ​កម្ពុជា ក្នុង​ពេល​ដែលគ្រាប់​បែក​រាប់​លាន​តោន​បាន​ទម្លាក់​លើ​ក្បាល​ប្រជាជន​កម្ពុជា គេ​មានបាន​គិត​ពី​សិទ្ធិ​មនុស្ស​ទេ?។ ការ​ស្លាប់​ជីវិត​មនុស្ស​ដោយ​គ្រាប់​បែក​ដ៏​ច្រើន​បែប​នេះ តើ​គេ​មានបាន​គិត​ទេ។ គេ​ទម្លាក់​រហូត​ដល់​គីមី​ដើម្បី​ឲ្យ​ជ្រុះ​ស្លឹកឈើ ដើម្បី​រកមើល​ពួក​ទ័ពព្រៃ តើ​គេ​មានបាន​គិត​ពី​បរិស្ថាន​នៅ​កម្ពុជា​ទេ?។ ប៉ុល ពត សម្លាប់​ប្រជាជន​រាប់​លាន​នាក់​ បែរជា ប៉ុល ពត ត្រូវ​បាន​ទទួល​យក​ទៅ​អង្គុយ​នៅ​អង្គការ​សហ​ប្រជាជាតិ រហូត​ដល់​ឆ្នាំ១៩៩១ បាន SNC ទៅ​ទទួល​អាសនៈ តើ​គេ​មានបាន​គិត​ទេ?។ យើង​ប្រឹង​ងើបឈរ​ឡើងដើម្បី​រស់ ​ដោយ​យក​ជីវិត​ធ្វើជា​ដើម​ទុន​ពី​បាតដៃ​ទទេ រើ​បំរាស់​បាន​ប៉ុណ្ណឹង ហេតុអ្វី​ថ្ងៃនេះ ​យើង​អនុវត្ត​ន៍​បែរជា​ត្រូវ​បាន​ទទួល​នូវ​ការ​ប្រមាថ?។

ដោយ​ប្រៀង​ធៀប​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រទេស​ថៃក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សម្តេច​​តេ​ជោ​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា ប្រទេសទាំង​ពីរ​នេះ​ខុសគ្នា ព្រោះ​ប្រទេស​ថៃ​រំលាយ​បក្ស​ ហើយ​កាត់​សិទ្ធិ​នយោបាយ ៥ឆ្នាំ ​តើ​មាន​អ្នក​ណា​ហ៊ាន​ទៅ​និយាយ​ជាមួយ​ប្រទេស​ថៃ។ លោក ថាក់ស៊ីន ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ដោយ​ខុសច្បាប់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ហើយ បក្ស​ថៃ​រ៉ាក់​ថៃ​របស់ ថាក់ស៊ីន រំលាយ​ហើយ កាត់​សិទ្ធិ​នយោបាយ​អស់ ១១១នាក់ ក្រោយ​មក​ក្រុម ថាក់ ស៊ីន បង្កើត​បក្ស​កម្លាំង​ប្រជាជន រក​វិធី​រំលាយ​បក្ស​កម្លាំង​ប្រជាជន​ទៀត។ ថាក់ស៊ីន អត់​មានទោស​អី​ទេ តែ ថាក់ស៊ីន អត់​បាន​ចូល​ស្រុករហូត​ដល់​ថ្ងៃនេះ​ រាប់ទាំង​ពេល​ក្រោយនេះ​បក្ស​ភឿ​ថៃ​បោះ​ឆ្នោតឈ្នះ ដែល​ជា​បក្ស​មាន​និន្នា​ការ​ទៅ​រក​ ថាក់ស៊ីន ហើយ​នាយក​រដ្ឋមន្ត្រី​ជា​ប្អូនស្រី​ពៅ​របស់ ថាក់ ស៊ីន ដែល​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ ហេតុអ្វី​បានជា​អ្នកដទៃ​មិន​ទៅ​ទាមទារ​ឲ្យ ថាក់​ស៊ីន ចូល​ស្រុក​ផង​ទៅ? ម៉េច​ក៏​មក​និយាយ​អី​តែ​ជាមួយ​កម្ពុជា ម៉េច​ក៏​មាន​ដាប់ប៊ិល​ស្តង់ដារ​នៅ​កន្លែង​នេះ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ខ្ញុំ​ជួយ ថាក់ ស៊ីន ខ្ញុំ​ទទួល ថាក់​ស៊ីន មនុស្ស​មួយចំនួន​គេ​ស្តី​បន្ទោស​ឲ្យ​ខ្ញុំ តែ​ឥឡូវ​គេ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ហើយ ព្រោះ​ឥឡូវ​នរណា​ក៏​គេ​ទទួល ថាក់ស៊ីន ដែរ។ មានតែ ហ៊ុន សែន និង (ព្រះចៅ) ស៊ុលតង់ ព្រុយ​ណេទេ ដែល​ហ៊ាន​ទទួល ថាក់ស៊ីន។

​សម្តេច​តេជោ​ក៏​បាន​មាន​ប្រសាសន៍​រំលឹកផង​ដែរ​​ទៅដល់​សម្តីរបស់​លោក លី ម្យុ​ង​បាក់ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ពេល​នេះ​បាន​ក្លាយ​ជាទី​ប្រឹក្សា​របស់​សម្តេច​វិញ ​បន្ទាប់​ពី​បាន​ផុត​អាណត្តិ​ជាប្រធានាធិបតី​កូរ៉េ ដែលបាន​និយាយ​ថា “កាលពី​ពេល​មុន​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ឯកឧត្តម​និយាយ​ពី ថាក់ស៊ីន ខ្ញុំ​ព្រួយចិត្ត​ណាស់ ប៉ុន្តែ​ខ្ញុំ​ក៏​គោរព​ឯកឧត្តម​អំពី​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​ឯកឧត្តម​ដែរ”។ ទាក់​ទង​បញ្ហា​នេះ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា មិន​មែ​ន​ត្រឹមតែ​បញ្ហា​ហ្នឹង​ទេ គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ ថាក់ស៊ីន ហើយ​បក្ស ថាក់ស៊ីន ឡើង​មក​គេ​រំលាយ​អស់។ នៅ​ប្រទេស​ថៃ​នៅពេល​រំលាយ​បក្ស​ហើយ​កាត់​សិទ្ធិ​ធ្វើ​នយោបាយ តើ​មាន​អ្នក​ណា​ដែល​ទៅ​ផ្តល់​ការ​ទូន្មាន​ឲ្យ​ប្រទេស​ថៃ។ ឯ​នៅ​កម្ពុជា​អត់​ទាន់​មាន​រំលាយ​បក្សនយោបាយ​ណាមួយ​ទេ។ រឿង​រំលាយបក្ស​នយោបាយ​មិនអាច​កើត​មាននៅ​កម្ពុជា​ទេ បើ​បុគ្គល​ធ្វើ​ខុស​ជា​រឿង​របស់​បុគ្គល មិនអាច​យក​បក្សនយោបាយ​មក​ឡូកឡំ​បានទេ កាត់​សិទ្ធិ​នយោបាយ​របស់​អ្នកនយោបាយ​ដែល​គេ​គ្មាន​កំហុស ​ឬ​រំ​លាយ​បក្សនយោបាយ​ដូច​នៅ​ប្រទេស​ថៃ​ទេ។ ខ្ញុំ​គួរតែ​ត្រូវ​បាន​ជម្រះបញ្ជី​រឿង​នេះ​ម្តង។ ឥឡូវ​យើងប្រៀបធៀប​គ្នា​មើល​វា​ខុសគ្នា​ដាច់​ស្រឡះ​ហេតុអ្វី​បានជា​គេ​អត់​ហ៊ាន​ទៅ​និយាយ​នៅ​ទីនោះ ដោយសារថៃ​គាត់​មាន​សេដ្ឋ​កិច្ច​រឹងមាំ ហើយ​អ្នកខ្លះ​ត្រូវ​ការ​ថៃ​ខ្លាំង ហើយ​មូលដ្ឋាន​យោធា​របស់​គេ​នៅ​ប្រទេស​ថៃ ទោះបី​ថៃ​ធ្វើ​អី​ក៏ដោយ​ក៏​មិន​ហ៊ាន​និយាយ​ដែរ ហើយ​មិន​ហ៊ាន​ធ្វើ​ឲ្យ​ថៃ​អន់ចិត្ត​ទេ។ គេ​ហ៊ាន​តែ​ជាមួយអ្នកក្រ តែ​មិន​សូវ​ហ៊ាន​ជាមួយ​អ្នកមាន​ទេ។

នៅក្នុង​ពិធី​សម្ពោធ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង (​ក​.​ជ​.​អ​.​ប​) និង​អគ្គលេខាធិការដ្ឋាន (​ក​.​ជ​.​អ​.​ប​) ជា​ផ្លូវការ ​នាព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ នោះ​ដែរ សម្តេច​អគ្គមហាសេនា​បតី​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ប្រកាសឲ្យ​ដឹង​ពី​ផែនការរបស់​សម្តេច​ក្នុង​ការ​ដោះ​ស្រាយផ្ទះសម្បែង ដីធ្លី ជូន​ប្រជាជន​ ៤៩​គ្រួសារ​ នៅ​ភូមិ​កែវផុស ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​អំណាច​តុលាការខេត្ត​ព្រះសីហនុ។ ករណី​នេះសម្តេចតេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា សម្តេច​​នឹង​តាមដាន​មិន​ឲ្យ​របូត​ឡើយ​ ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​​មួយចំនួន ដូចជា​ការអនុវត្ត​សាលក្រម​ ខណៈ​ពេល​ដែល​រឿង​ក្តី​នោះ​កំពុង​ស្ថិត​នៅក្នុង​ដៃ​តុលាការ​នៅឡើយ។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រីបាន​មានប្រសាសន៍ឲ្យ​ដឹង​ថា សម្តេច​អនុវត្ត​នយោបាយ​គាំទ្រ​អ្នក​ក្រ ហើយ​អ្នក​ខូច​ សម្តេច​មិន​គាំទ្រ​ទេ។ សម្តេច​បញ្ជាក់​ថា ”​យប់ម្សិល​ (ថ្ងៃ​១៨ ខែមីនា) នៅ​ម៉ោង​ ១០យប់​ជាង ខ្ញុំ​បាន​និរាករណ៍​ចោល​នូវ​សេចក្តីជូនដំណឹង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី មួយ ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការ​បណ្តេញចេញ​នូវ​ប្រជាជន​ ៤៩គ្រួសារ។ អំពើ​នេះ​មិនអាច​អត់​អោន​ឲ្យ​បានទេ។ ស្អី​ឧកញ៉ា ជៀប ផែន ថៅកែ​ស្រាបៀរលី​អូ និរាករណ៍​ចោល​ភ្លាម ហើយ​ឲ្យឯកឧត្តម ប៊ិន ឈិន (ឧបនាយករដ្ឋ​មន្ត្រី ​ប្រធានអាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី) ចុះ​ដោះស្រាយ​នៅនឹងកន្លែងៗ”។

សម្តេចតេជោបាន​បញ្ជាក់ថា ក្រោយមក​បាន​ទាក់ទង​ទៅ​លោក​ឧកញ៉ា ម៉ុង ប្ញទ្ធី ឲ្យ​យក​ប្រជា​ពល​រដ្ឋ​ដែល​គេ​ឈូស​ផ្ទះ​នេះ យក​ទៅ​ទុក​នៅ​ក្រុមហ៊ុន​របស់​គាត់ ហើយ​បាន​បញ្ជា​ឲ្យ​មេ​អង្គ​រក្ស​ដាក់​ផ្ទះ​ចល័ត​ចំនួន​ ៣០ខ្នង ប៉ុន្តែ​លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី បាន​ប្រាប់​វិញ​ថា ផ្ទះ​របស់​លោក​មាន​ច្រើនណាស់​មិន​អី​ទេ ប្រជាពលរដ្ឋ​អាច​រស់​នៅបាន។

សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “​លឺថា​រឿងនេះ​ស្ថិតនៅ​ដៃ​តុលាការ​នៅ​ឡើយ ប៉ុន្តែ​ហេតុ​អី​បាន​មាន​សិទ្ធិ​ទៅ​ធ្វើ​បែបនេះ ខ្ញុំ​មិនអាច​ទទួលយក​បានទេ​អាហ្នឹង មិន​ត្រឹម​តែ​មិនអាច​ទទួល​យកបាន​នោះទេ ប៉ុន្តែ​មិនអាច​អត់​អោន​ឲ្យ​បានទេ​ចំពោះ​អ្នកប្រព្រឹត្ត ប៉ុន្តែ​សុំ​មិត្ត​ភក្ដិ​បរទេស​ទាំងឡាយ ធ្វើ​​ការបែងចែក​ឲ្យ​បាន​ច្បាស់លាស់​រវាង​អ្នករងគ្រោះ​ពិត ប្រាកដ និង​អ្នក​ដែល​ទៅ​បំពាន​គេ។ កុំភ្លេចថា ក្នុងចំណោម​អ្នក​ល្អ ក៏​មាន​អ្នក​អាក្រក់ ក្នុងចំណោម​អ្នកអាក្រក់ ក៏មាន​ល្អ នៅក្នុង​ហ្នឹង​ដែរ ត្រូវ​គិត​យ៉ា់ង​ដូច្នេះ។ ខ្ញុំ​អត់​ខ្លាច​ធ្វើ​ទេៗ សំណុំ​រឿងក្តី​ហ្នឹង ក្តី​អយុត្តិធម៌​បំផុត​ហ្មង។ សូម្បីតែ​ជើង​សិប្បនិមិត្ត​របស់​ជនពិការ ក៏​គេ​ឈូស​លុបចោល​ដែរ។ ឥឡូវ​ខ្ញុំ​ធានា​ធ្វើ​ផ្ទះ​ឡើងវិញ ហើយ​ចែក​ដី​ហ្នឹង​ឲ្យ​ប្រជាជន ហើយ​រឿង​នេះ​ខ្ញុំ​អត់​ឲ្យ​របូត​ទេ។ ដោះស្រាយ​ដី​យក​ដី​ហ្នឹង​ឲ្យ​ប្រជាជន​រួចហើយ​ធ្វើតាម​ផ្លូវ​តុលាការ រឿង​អី​រឿង​នៅក្នុង​ដៃ​សាលាឧទ្ធរណ៍ បែរជា​ឯង​ទៅ​អនុវត្ត អ្នកណា​ឲ្យ​ធ្វើៗ”។

សម្តេចតេជោ​នាយករដ្ឋមន្ត្រីក៏បាន​បញ្ចេញ​ប្រតិកម្មផងដែរ លើ​ករណី​ស្ត្រី​អ្នក​ភូមិ​បឹងកក់ម្នាក់​ ដែល​ត្រូវបាន​តុលាការផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៣ឆ្នាំ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២ ក្នុង​បទ​ចោទ​ប្រកាន់​​បង្ក​របួស​ស្នាម​លើ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​។ ករណី​នេះសម្តេច​តេជោបាន​ចាត់ទុកថា ជា​បទ​ល្មើស​វាយ​គេ តែ​បែរជា​ស្ត្រី​នោះត្រូវ​គេ​បង្វែរ​​ជា​រឿង​ដីធ្លី​ទៅ​វិញ​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា សំណុំរឿង​ក្តី​នៅ​បឹងកក់​នោះ មាន​ភាព​អយុ​ត្តិ​ធម៌​ដល់​រាជរដ្ឋាភិបាល​។ ករណី​ស្ត្រី​នៅ​បឹង​កក់​នោះ ជា​រឿង​វាយ​គេ​សោះ បែរជា​ត្រូវ​គេ​ប្រែក្លាយ​ជា​រឿង​ជម្លោះ​ដីធ្លី​ទៅ​វិញ​។​

​សូម​រម្លឹកថា ករណី​ស្ត្រី​បឹងកក់ឈ្មោះ យ៉ោម បុប្ផា ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញ​​សម្រេច​ផ្តន្ទាទោស កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ ដាក់​ពន្ធនាគារ ៣ ឆ្នាំ​។ អ្នក​ស្រី យ៉ោម បុប្ផា ជាប់​ចោទ​ពី​បទ​ប្រើ​អំពើហិង្សាដោយ​ចេតនា តាមរយៈ​ការចូលរួម​ព្រួត​គ្នាវាយ​លើ​បុរស​អ្នក​រត់ម៉ូតូឌុប​ពីរ​នាក់ឲ្យ​ រងរបួស កាលពី​ដើម​ខែ​កញ្ញា​ឆ្នាំ២០១២។

ក៏ប៉ុន្តែ​សំណុំរឿង​ក្តី​នោះ ត្រូវបាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួមទាំង​ស្ត្រី​អ្នក​ភូមិ​បឹងកក់បាន​ច្រាន​ចោល ហើយ​ថាអាជ្ញាធរបាន​ចោទប្រកាន់ និង​ចាប់​កាត់ទោស​លើ​អ្នកស្រី យ៉ោម បុប្ផា ដោយ​សារ​តែ​អ្នកស្រីជា​សកម្មជន​តវ៉ា​ដីធ្លី​ដ៏​សកម្មនៅ​តំបន់​បឹងកក់​។

យ៉ាង​ណា​ក៏ដោយ ក្នុង​សំណុំរឿង​អ្នកស្រី យ៉ោម បុប្ផា នៅ​បឹង​កក់ ក៏​មាន​ក្រុម​អ្នករត់​ម៉ូតូ​ឌុប​មួយ​ក្រុមបាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការអះអាង​របស់​ក្រុម​អ្នក​ភូមិ​បឹងកក់ ហើយ​ថា ករណី​ស្ត្រី​បឹងកក់​អ្នកស្រី យ៉ោម បុប្ផា ជា​រឿងក្តី​បង្ក​របួសស្នាមលើ​អ្នករត់ម៉ូតូឌុប មិន​ត្រូវ​គេ​យក​ទៅ​ពាក់​ព័ន្ធ​នឹង​ករណី​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​ឡើយ​៕

អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស