Thursday, March 14, 2013

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ សុខ អាន និង​​លោក​ជំទាវ ឧបត្ថម្ភ​​ថវិកា​​ចំនួន ៤០លាន​​រៀល​​ដើម្បី​​ពង្រីក​​និង​​ពង្រឹង​​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​​មណ្ឌល​​គីរី

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០១៣ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤០លាន​រៀល ដែល​ជា​ថវិកា​ផ្ទាល់ខ្លួន​ និង​សប្បុរសជន ជូនកាយ​រឹទ្ធិជាតិកម្ពុជា​ខេត្ត​មណ្ឌល​គីរី និង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែន​ដី ជួយ​សម្រួល​ដល់​កាយ​រឹទ្ធិជាតិ​កម្ពុជា​ខេត្ត​មណ្ឌល​គីរី ក្នុង​ការ​រៀបចំ​ទីតាំង​បោះ​ជំរុំ ដើម្បី​ទុក​ជាកន្លែង​ជួប​ជុំកាយ​រឹទ្ធិ​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​សម្រាប់​ជា​គោ​ល​ដៅ​ទេសចរ​ណ៍​ក្នុង​ទឹក​ដី​ខេត្ត​ខ្ពង់​រាបដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​មានទេសភាព​ដ៏ត្រ​កា​ល​​នេះ​ផង​ដែរ។

នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីក្នុងពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែងដល់​នវកាយរឹទ្ធ​ជាតិ​​​កម្ពុជាខេត្ត​មណ្ឌល​គីរី​ចំនួន​ ២៩៧៩៤នាក់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​​ប្រសាសន៍​ឲ្យ​ដឹង​ថា កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​​បាន​បង្កើត​ឡើង​តាំង​ពី​ទស្សវត្សរ៍​ទី​២០ មក​ម្ល៉េះ តែ​​ទើប​ត្រូវ​បាន​អង្គការ​កាយ​រឹទ្ធិ​តំបន់ និង​ពិភពលោក​ទទួលស្គាល់​​ជា​សមាជិក​ក្នុង​អំឡុង​ឆ្នាំ​២០០៨ ក្រោយពី​កាយ​រឹទ្ធិ​​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​នាឆ្នាំ​២០០៦។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​សម្តេច​អគ្គ​មហា​សេ​នា​​​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ជា​គរុគុណនៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា ដែល​បាន​​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​និច្ច​ដល់​ដំណើរការ​កាយ​​​រឹទ្ធិ​ជាតិ​កម្ពុជា ឲ្យ​ពង្រឹង​បាន​នូវ​តួនាទី និង​គម្រូ​ល្អ​របស់​ខ្លួន​នៅ​ក្នុង​សង្គម​សម្តៅ​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​នូវ​ឥរិយាបថ​របស់​យុវជន​ ឆ្ពោះ​ទៅ​រក​ភាព​វិជ្ជ​មាន និង​ភាព​ជឿន​លឿន​ប្រកប​ដោយ​​សេចក្តី​ក្លាហាន និង​ផ្សារ​ភ្ជាប់​ខ្លួន​ទៅនឹង​ភារកិច្ច​ចំពោះ​ប្រទេស​ជាតិ​ និង​ព្រះ​ពុទ្ធ​សា​ស​នា​ ចេះ​អប់រំ​កសាង​ខ្លួន​ឯង​ឲ្យ​មាន​សុខ​ភាព​ល្អ កម្លាំងកាយ​មាំមួន ប្រាជ្ញាឈ្លាសវៃ ប្រកប​​ដោ​យ​​​ការ​ភ្ញាក់​រលឹក និង​មាន​សីលធម៌ល្អ ចេះ​គោរ​ព និង​ជួយ​ដល់​អ្នក​ដទៃ​។ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​ដាក់​ចេញ​នូវ​អនុសាសន៍ចំនួន​ ៧​ចំណុច ដើម្បី​ពង្រីក និង​ពង្រឹង​សកម្ម​ភាព​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​មណ្ឌល​គីរី ដែល​ជាអាទិ៍ឲ្យ​រៀប​ចំ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ផែន​ការ​​សកម្ម​ភាព រៀបចំ​វគ្គ​បណ្តុះ​បណ្តាល ជម្រុញ​ការ​ធ្វើ​តេស្ត​តម្លើង​ឋានន្តរស័ក្តិ​ដល់​សមា​ជិក​កាយ​រឹទ្ធិ រៀប​ចំ​ទីស្នាក់​ការ និង​ទីតាំង​សម្រាប់​បោះ​ជំរុំ​ជា​ដើម។

ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ​ និង​វាយ​តម្លៃ​ខ្ពស់ចំពោះ​មាតា​បិតា អាណាព្យាបាល លោក​គ្រូ​អ្នក​គ្រូ នៅ​ទូទាំង​ខេត្ត​មណ្ឌលគីរី ដែល​បាន​ជម្រុញ និង​លើក​ទឹក​ចិត្ត​ក្មួយៗ​ជា​សិស្សា​នុសិស្ស ឲ្យ​មក​ទទួល​ការ​បណ្តុះ​បណ្តាល​ និង​ចូល​ជា​សមាជិក​ជាតិ​កាយ​រឹទ្ធិ​កម្ពុជា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ក៏​បាន​អំពាវនាវ​ដល់​សប្បុរស​ជន និង​អាជ្ញាធរ​ដែន​ដី​ខេត្ត​មណ្ឌល​គីរី​សុំ​ឲ្យ​ជួយ​ពង្រឹង​ និង​ពង្រីក​ចលនា​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ឲ្យ​មាន​ចលនា​រីក​ចម្រើន​ខ្លាំងក្លា ដើម្បី​ផ្សារ​ភ្ជាប់​ខ្លួន​ទៅនឹង​ចលនា​កាយ​រឹទ្ធិ​ពិភពលោក​។

លោក​ ស្វាយ សំអ៊ាង អភិបាល​រង​នៃ​គណៈអភិបាល​ខេត្តមណ្ឌលគីរី និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សាកាយរឹទ្ធិ​ជាតិកម្ពុជាខេត្ត​មណ្ឌល​គីរី​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ខេត្តមណ្ឌលគីរី​បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០០២ ដែលមាន​សមាជិកតែ ៥៦​អ្នក (ស្ត្រី​ ២២នាក់) ប៉ុណ្ណោះ។ លុះ​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ២០០៣ សមាគមកាយ​រឹទ្ធិ​​កម្ពុជា​ខេត្ត​មណ្ឌល​គីរី​ ត្រូវ​បាន​បង្កើនមាន​សមាជិក​ ១០០នាក់ (ស្ត្រី ៣៧នាក់)។ ឆ្នាំ​២០១៣ នេះ កាយ​​​រឹទ្ធិ​ជាតិកម្ពុជា​ខេត្ត​មណ្ឌលគីរី មាន​សមាជិក​កើន​ដល់ ២៧៩៤នាក់ (ស្ត្រី ១២៦៣នាក់)។

សមាជិក​កាយ​រឹទ្ធិ​ជាតិកម្ពុជា​ខេត្ត​មណ្ឌលគីរី បាន​ចូល​រួម​ធ្វើ​សកម្ម​ភាព​សង្គម​ជា​ច្រើន ដូច​ជា​ ការ​​អប់រំ​សុខ​ភាពខ្លួន​ឯង និង​មិត្ត​ភ័ក្តិ ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគអេដស៍ និង​ជម្ងឺ​អេដស៍ ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ទប់​ស្កាត់​បាតុភាព​ក្មេង​ទំនើង ការ​ជួញ​ដូរ​ស្ត្រី និងកុមារ ចូល​រួម​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ក៏​ដូច​ជា ចូល​រួម​ធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​តាម​សាលារៀន​។

កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​មណ្ឌល​គីរី បាន​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​យុវជន​ខេត្ត​ដាក់​ឡាក់ ខេត្តដាក់​ណុង និង​ខេត្ត​ប៊ិញភឿក នៃ​សាធារណដ្ឋ​សង្គម​និយម​វៀតណាម តាម​រយៈការ​សម្តែង​សិល្បៈ ការប្រកួត​កីឡា និង​ការ​ជជែក​ពិភាក្សា​តុមូល។

ជាគោល​ការណ៍​កាយ​រឹទ្ធិ​ជាតិកម្ពុជាត្រូវ​ភ្ជាប់​សកម្ម​ភាព​របស់​ខ្លួន ទៅនឹង​ភារកិច្ច​៣ ទី១,ភារកិច្ច​ចំពោះ​សាសនា ទី២,ភារកិច្ច​ចំពោះ​ប្រទេស​ជាតិ និង​មនុស្ស​ផង​ទាំង​ពួង និង​ទី៣, ភារកិច្ច​ចំពោះ​ខ្លួន​ឯង៕