Thursday, April 25, 2013

សម្តេច​​តេជោ​​អញ្ជើញ​​ជា​​អធិប​តី​ក្នុង​​ពិធី​​ ប្រគល់​ និង​​ប្រគេន​​គោរមងារ​កិត្តិ​ឧទ្ទេស​បណ្ឌិត សញ្ញាបត្រ​កិត្តិ​បណ្ឌិត និង​គោរ​ម​ងារ​​កិត្តិសេដ្ឋាបណ្ឌិត​​នៃ​​រាជ​បណ្ឌិត្យសភា​​កម្ពុជា


 


          

​នៅ​ឯ​វិមាន​ សន្តិភាព ​នា​ព្រឹក​ថ្ងៃទី២៣ ខែ​មេសា ឆ្នាំ២០១៣ ​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​មន្ត្រី​សង្ឃ បាន​និមន្ត និង​អញ្ជើញមក​ចូលរួម​ពិធី​ថ្វាយ​គោរមងារ​កិត្តិ​ឧទ្ទេស​បណ្ឌិត​ប្រគេន​សញ្ញា ​បត្រ​កិត្តិ​បណ្ឌិត និង​ជូន​គោរមងារ​កិត្តិ​សេដ្ឋា បណ្ឌិត ព្រមទាំង​សញ្ញា​បត្រ​កិត្តិ​បណ្ឌិត​ជា​គោរមងារ និង​សញ្ញាបត្រដ៏​ឧត្តុង្គឧត្តម​របស់​  នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា​ចំពោះ​ ព្រះ​អរិយសង្ឃ​ជាន់ខ្ពស់​ចំនួន ៩អង្គ  និង​ឥស្សរជន​ឆ្នើម​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នោះ។ សម្តេច​នាយក​រដ្ឋ​ម​មន្ត្រី​ពុំ​មាន​ធ្វើ​សុន្ទរកថា​នៅ​ក្នុង​ពិធី​នោះ​ទេ។
 
លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែង​ថា គោរមងារ និង​សញ្ញាបត្រ​នេះ​ស្នើ​ប្រគល់​ជូន​ឥស្សរជន ឬ​បញ្ញាជន ដែល​មាន​គុណបំណាច់ និងស្នាដៃ​ជា​ប្រយោជន៍​ចំពោះ​ជាតិ​មាតុភូមិ ក្នុង​ការ​អភិវឌ្ឍ​នូវ​សង្គម​វប្បធម៌ សាសនា និង​សេដ្ឋកិច្ច​ជាតិ ព្រមទាំងជា​បុគ្គលដែល​បានការ​ទទួលស្គាល់​ពី​មហាជន​ថែម​ទៀត​ផង។
 
លោកជំទាវ ​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែង​ថា ក្រុម​បណ្ឌិត​សភាកម្ពុជា បាន​ពិនិត្យមើល​លើ​ស្នា​ព្រះ​ហ​ស្ថ និង​ស្នាដៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ជ័យលាភី​ទាំង ៩អង្គ ក៏ដូចជា​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ផង​ដែរ ដែល​លោក​ទាំងអស់​សុទ្ធតែ​បាន​ចូល​រួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ទ្រទ្រង់​នូវ​សមិទ្ធផល​ធំៗ ទាំង​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង​ក្នុង​វិស័យ​សេដ្ឋកិច្ច​សង្គម ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​បណ្ឌិត​សភាចា​រ្យ ហ៊ុន សែន ប្រធាន​កិត្តិយស នៃ​ក្រុម​បណ្ឌិត​សភា​ចា​រ្យ  ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​បណ្ឌិត​សភា​ចា​រ្យ។
 
ក្នុងរយៈពេល​នៃ​អាណត្តិ​របស់​ខ្លួន​ចាប់ពី​ ឆ្នាំ១៩៩៩ ដល់​ឆ្នាំ២០១៣ នេះ​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​ជូន​ថ្វាយ​ប្រគេន​គោរមងារ​បាន​ចំនួន ៣៤រូប ហើយ​ត្រឹម​ថ្ងៃនេះ​គោរមងារ​ជា​បណ្ឌិតសភា​ចា​រ្យ​ចំនួន ២២នាក់ គោរមងារ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៣នាក់ គោរមងារ​កិត្តិ​ឧទ្ទេស​បណ្ឌិត​ចំនួន ៣អង្គ គោរមងារ​កិត្តិ​សេដ្ឋា​បណ្ឌិត ចំនួន ១នាក់ សញ្ញាបត្រ​ចំនួន ៥នាក់។
មន្ត្រីសង្ឃ​ជាន់ខ្ពស់នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ចំនួន ៩អង្គ ដែល​ជា​ជ័យលាភី​នោះ រួមមាន​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេច​ព្រះ​អភិ​សេរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេច​ព្រះ​មហា​សុមេធាធិបតី នន្ទ ង៉ែត គោរមងារ​កិត្តិ​សេដ្ឋា​បណ្ឌិត​ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ និង​កិត្តិ​បណ្ឌិត ថ្វាយ​សម្តេច​ព្រះ​ធម្មលិខិត លាស់ ឡាយ ប្រធាន​ថេរ​សភា​ព្រះ​ពុទ្ធ​សាសនា ថ្វាយ​សម្តេច​ព្រះ​ពោធិ​វង្ស អំ លឹម​ហេង សម្តេច​ព្រះ​វនរ័ត ណ​យ ច្រឹ​ក សម្តេច​ព្រះ​ឧត្តម​បញ្ញា  ដួង ផង់  សម្តេច​ឧ​ត្ត​ម​វង្សា មួង រ៉ា និង​ព្រះ​មុនី​កោសល ហ៊ុល សុវណ្ណ គឺជា​អរិយសង្ឃ​ជាន់​ខ្ពស់​បំផុត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បូជា​ព្រះ​កាយ ដើម្បី​ទ្រទ្រង់​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​តាំង​ពី​ដើម​រៀងមក។ រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​រៀបចំ​ថ្វាយ​សញ្ញាបត្រ កិត្តិ​បណ្ឌិត​ចំពោះ​សម្តេច​ព្រះ​ធម្មលិខិត លាស់ ឡាយ ប្រធាន​ថេរ​សភា​ព្រះពុទ្ធសាសនា​កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១១ និង​នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ កន្លង​ទៅ​នេះ​បាន​រៀបចំ​ពិធី​ថ្វាយ​គោរមងារ​កិត្តិ​ឧទ្ទេស​បណ្ឌិត ចំពោះ​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេច​ព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះ​មហាសុមេធាធិបតី នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច​ហើយ។
 
ដោយឡែក ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា ឥស្សរិយយស​ជាតិ​ដ៏​ឆ្នើម​មួយ​រូប​បាន​លះបង់​កម្លាំងកាយ​ប្រាជ្ញា​ស្មារតី​ យ៉ាង​ច្រើន​សន្ធឹក សន្ធាប់​សម្រាប់​ប្រទេស​ជាតិ ជាពិសេស​លើ​វិស័យ​សេដ្ឋកិច្ច ជាក់ស្តែង​នៅ​ឆ្នាំ១៩៩៣ ឯកឧត្តម បាន​ជូន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នូវ​សារ​ណាមួយ​ស្តីពី«តួនាទី​របស់​រដ្ឋ​នៅ​ក្នុង​សេដ្ឋ​កិច្ច​ទីផ្សារ» ហើយ ​ឯកឧត្តម​បាន​ដឹកនាំ​ដោយ​ផ្ទាល់ នូវ​ក្រុមការងារ​ជំនាញ​ជាតិ និង​បរទេស​ក្នុង​ការ​រៀបចំ​ចាត់ចែង​នូវ​ឯកសារ​ដ៏​មាន​សារៈសំខាន់​មួយទៀត​គឺ «កម្ម​វិធី​ជាតិ​សម្រាប់​នីតិសម្បទា និង​អភិវឌ្ឍន៍»។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ  ហ៊ុន សែន ឯកឧត្តម គាត ឈន់ បាន​ចូលរួម​ដឹកនាំ​សកម្មភាព​ទាំង​ឡាយ​ដែល​ប្រកាន់​ទិស​ឆ្ពោះ​ទៅកាន់​ សេដ្ឋកិច្ច​ទីផ្សារ​ដោយ​ឈរ​លើ​មូលដ្ឋាន​កំណែទម្រង់​គ្រប់​ប្រភេទ និង​គ្រប់​ផ្នែក​ដោយ​ឈរ​លើសមិទ្ធ ផល​នៃ​កំណែទម្រង់​របស់​អតីត​រដ្ឋ​កម្ពុជា ដែល​បាន​ឈាន​ដល់​ដំណាក់កាល​លែង​ថយក្រោយ​នៅឆ្នាំ១៩៨៩ ហើយ​បាន​បោះជំហាន​ទៅមុខ​ថែមទៀត​ពី​ឆ្នាំ ១៩៩៣ មក។
 
ឯកឧត្តម គាត ឈន់ មានប្រសាសន៍ថា ខ្ញុំ​ជឿ​ជាក់​ថា សម្តេច​ព្រះ​មហាសង្ឃរាជ សម្តេច​ព្រះ​សង្ឃនាយក សម្តេច​ព្រះ​​សង្ឃ​នាយករ​ង សម្តេច និង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ពិត​ជា​ឯកភាព​ជាមួយ​ទូលបង្គំជាខ្ញុំ​ថា ការ​ផ្តល់​គោរម​ងារ​នេះ កត្តា​សំខាន់​គឺ​ផ្អែកលើ​គុណវុឌ្ឍិ​របស់​ព្រះអង្គ​ទាំង ៩ អង្គ និង​លើ​គុណវុឌ្ឍិ​របស់ខ្ញុំ​ក៏ពិត​មែន ប៉ុន្តែ​កត្តា សត្យានុម័ត​រឹត​តែ​សំខាន់​ជាង​នេះ​ទៅទៀត ពីព្រោះ​ការ​បំពេញ​ភារកិច្ច ដែល​បាន​ទទួល​លទ្ធផល​ប្រកប ដោយ​ផ្លែផ្កា​ជូន​ប្រទេសជាតិ​ក្នុង​រយៈពេល​កន្លងមក គឺ​បាន​មក​ដោយសារ​គុណបំណាច់​ដ៏​ថ្លៃថ្លា និង​ការដឹកនាំ​ដ៏ ឈ្លាសវៃ ប្រកប​ដោយ​គតិបណ្ឌិត និង​ពោរ​ពេញ​ដោយ​បញ្ញាញាណ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​អគ្គ​មហា​សេនាបតី​ តេជោ ហ៊ុន សែន ក្រោម​ព្រះរាជ​ឱវាទ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ និង សម្តេច​ព្រះ​រាជ​អគ្គមហេសី នរោត្តម មុនិនាថ សីហនុ ហើយ​បន្ទាប់មក​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តាម​ពុទ្ធិ​ដែល​ទទួល​បាន​ពីសា​លា​មនសិការ​ជាតិ ព្រះ​នរោត្តម សីហនុ។
 
ឯកឧត្តម គាត ឈន់ មានប្រសាសន៍ថា សម្រាប់​ខ្ញុំ​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​មក​នេះ ការ​បំពេញ​ភារកិច្ច ដែល​បាន​ទទួល​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ជូន​ប្រទេសជាតិ​គឺ​បាន​មក​ដោយ​សារ​ ការ​ផ្តល់​ការ​គាំទ្រ និង​ការ​ផ្តល់ការ​ទុក​ចិត្ត​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេ​ស ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់ និង​ជាប្រចាំ​ពី​សំណាក់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ក្នុងនាម​ខ្ញុំ​ជា​សេនា​ធិការ​របស់​សម្តេច ដែល​ជា​អគ្គបញ្ជាការ​តែមួយ​ក្នុង​ការ គ្រប់គ្រង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដែល​តែងតែ​ផ្តល់ និង​លើកឡើង​នូវ​គោលនយោបាយ​កំណត់​នូវ​យុទ្ធសាស្ត្រ  និង​ផែន​ការ​សកម្មភាព ព្រមទាំង​ជម្រុញ​ការ​ដាក់​ឲ្យ​អនុវត្តន៍​ជា​បន្តបន្ទាប់​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រទាំងនោះ។ ឯកឧត្តម គាត ឈន់ ថ្លែង​ថា ប្រាកដ​ណាស់​ថា ប្រសិនបើ​គ្មាន​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត និង​ពោរពេញ​ដោយ​បញ្ញាញាណ​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទេ​នោះ ហើយ​បើ​សិន​គ្មាន​បរិការណ៍​សន្តិភាព​ពី​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ​ទេ​នោះ ខ្ញុំ​ក៏​មិន​អាច​បំពេញ​លក្ខខណ្ឌ​វិនិច្ឆ័យ​សម្រាប់​ការ​ប្រទាន​គោរមងារ​ពី ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឡើយ៕