Tuesday, April 2, 2013

បើក​​សន្និបាត​​វិស័យ​​សកម្ម​ភាព​​មីន ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ សុខ អាន អំពាវ​នាវ​​សុំ​ការ​គាំទ្រ​​បន្ត​​ពី​​អន្ត​រជាតិ​


ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បណ្តា​​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់​ឲ្យ​បន្ត​រក្សា​និង​ បង្កើន​ជំនួយ​ឧបត្ថម្ភដល់​ប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ​ទាំង​អស់​នៅ​កម្ពុជា ដើម្បី​ឲ្យ​ការ​អនុវត្តន៍​ផែនការ​សកម្ម​ភាព​មីន​២០១០-២០១៩ សម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន​តាម​ការ​គ្រោង​ទុក​។
 
នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ​បើក​សន្និបាត​ជាតិ​វិស័យ​សកម្ម​ភាព​មីន នៅ​វិមាន​សន្តិ​ភាព​នា​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៣ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន​ បាន​ចាត់​ទុក​ការ​រៀបចំ​សន្និបាត​ជាតិ​វិស័យ​សកម្ម​ភាព​មីន ធ្វើ​ឲ្យ​មានការ​យល់​ដឹង​កាន់​តែ​ស៊ីជម្រៅ​អំពី​វឌ្ឍនៈ​ភាព​បីឆ្នាំដំបូង​នៃ ​ការ​អនុវត្តន៍​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ​សកម្ម​ភាព​មីន   ២០១០-២០១៩ ក៏​ដូច​ជា​យល់​ដឹង​ពី​ស្ថាន​ភាព​ទូទៅ​នៃ​ប្រតិបត្តិការ​បោស​សម្អាត​មីន​នៅ​ កម្ពុជា​។
 
សូម​បញ្ជាក់​ថា សង្គ្រាម​នៅ​កម្ពុជា​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ បាន​បន្សល់​ទុក​នូវ​ការ​គំរាម​កំហែង និង​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន និង​សំណល់​ជាតិផ្ទុះ​យ៉ាង​ច្រើន​ ហើយ​ផល​ប៉ះពាល់​ដោយ​សារ​សំណល់ជាតិ​ផ្ទុះ​ពី​សង្គ្រាម ភាគ​ច្រើន​គឺ​ជា​គ្រាប់​ទម្លាក់​ពី​លើ​អាកាស​ ពិសេស​គ្រាប់​បែក​ចង្កោម និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើនទៀត។
 
ឯកឧត្តម​បណ្ឌិ​ត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិ​ត​របស់​សម្តេច​អគ្គមហា​សេនាបតី​ តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ការ ​បោស​សម្អាត​មីនមិន​ត្រឹម​តែ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​គ្រប់ៗរូប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​សកម្ម​ភាព​ មនុស្ស​ធម៌ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​ទៀត​ផង​។ ជាក់​ស្តែង​ក្នុងការ​វាស់​វែង​ដី​ធ្លី ដើម្បី​ធានា​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ និង​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​រៀប​ចំ​ដែន​ដី នគររូបនីយកម្ម និង​សំណង់​ ក្នុង​ការ​អនុវត្តន៍​នូវ​នយោបាយ​ចាស់ សកម្ម​ភាព​ថ្មី ពិត​ជា​ត្រូវ​ការ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ពី​មន្ត្រី​ បច្ចេក​ទេស​ជំនាញខាង​ដោះ​មីន ក្នុង​ការ​ងារបោស​សម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ។
 
ឯកឧត្តម ប្រាក់ សុខុន អនុ​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា បាន​ឲ្យ​ដឹង​ថា សកម្ម​ភាព​ដោះ​មីន​ជា​លក្ខណៈ​មនុស្ស​ធម៌ ដោយ​មានជំនួយ​ឧបត្ថម្ភ​ជា​ថវិកា បច្ចេក​ទេស និង​សម្ភារ និង​ដៃ​គូ​អភិ​វឌ្ឍន៍​នានា បាន​ចាប់​ផ្តើម​ជាផ្លូវ​ការ​តាំង​ពី​ឆ្នាំ​១៩៩២មក​ម្ល៉េះ​។ យោងតាម​របាយការណ៍ជន​រងគ្រោះ​របស់​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ថ្នាក់​បណ្តាល​មក​ពី​ការ​ផ្ទុះ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំង​របួស និង​ស្លាប់ ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ២០១២ មាន​ចំនួន​សរុប ៦៤០០០នាក់ នៅ​ក្នុង​នោះ​ប្រមាណ​ជា ៧០% ត្រូវ​បាត់​កម្លាំង​ពលកម្ម និង​បាត់​បង់​ផ្នែក​ខ្លះ​នៃ​កាយ​សម្បទារ ហើយ ប្រមាណ​ជា ៣០%​ទៀត ត្រូវ​បាត់​បង់​អាយុជីវិត។ ​និន្នាការ​តួលេខ​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ​។ ក្នុង​ឆ្នាំ​២០១០ មាន​ជន​រងគ្រោះសារ​គ្រាប់​មីន និង​សំណល់ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន​ ២៨៦នាក់។ ឆ្នាំ២០១១  មាន​ចំនួន​២១១នាក់ ហើយ​ក្នុង​ឆ្នាំ​២០១២ តួលេខ​ជន​រងគ្រោះ​បាន​ធ្លាក់​មក​នៅ​ត្រឹម​ ១៨៦នាក់ ដែល​បញ្ហា​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​ថា ជា​លើក​ទី​មួយហើយ ដែល​តួលេខ​អ្នក​រងគ្រោះ​បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម​បន្ទាត់​ ២០០នាក់​ក្នុង​មួយ​ឆ្នាំ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយ​សារ​មានការ​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ប្រតិបត្តិករ ភាគី​ពាក់​ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​បោស​សម្អាត​ចំគោល ​ដៅ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង ក៏​ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ប្រជា​ពលរដ្ឋ​ដល់​មូល​ដ្ឋាន ឲ្យ​បាន​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ ទោះ​បី​ជាមានការ​ធ្លាក់​ចុះ​បែប​នេះ​ក្តី ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន នៅ​តែ​ទទួល​ស្គាល់​ថា ចំនួន​ជន​រងគ្រោះ​នៅ​តែ​ខ្ពស់​ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ដែល​រងគ្រោះ​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដទៃ​ទៀត​។
 
យោងតាម​ការ​ស្រាវ​ជ្រាវ​ទិន្នន័យ​មូល​ដ្ឋាន ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ផ្ទៃ​ដី​គ្របដណ្តប់​ដោយ​សារ​គ្រាប់​មីន និង​សំណ​ល់​​​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជា​ពិសេស​មីន​ប្រឆាំង​មនុស្ស និង​មីន​តោននៅ​សល់​ប្រមាណ​ជាង​ ១៧០០​គីឡូម៉ែត្រក្រឡា ដែល​ផ្ទៃ​ដី​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ដែន​ដី​ភាគ​ខាង​លិច​ឈៀង​ខាង​ជើង ជាប់​ព្រំដែន​កម្ពុជា-ថៃ។
 
សូម​បញ្ជាក់​ថា ក្រៅ​ពី​ប្រតិបត្តិការ​បោស​សម្អាត​មីន​នៅ​កម្ពុជា រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​សម្រប​សម្រួល​បញ្ជូន​កម្លាំង​បោស​សម្អាត​មីននៃ​កង​យោធពលខេមរៈភូមិន្ទ ទៅ​បំពេញ​បេសកកម្ម​អន្តរជាតិ​នៅ​ប្រទេសស៊ូដង់ ​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ កាល​ពី​ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០០៦ ចំនួន​ ១៣៥នាក់​។ បើគិត​ចាប់​តាំង​ពី​ឆ្នាំ២០០៦ មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចូល​រួម​បេសកកម្ម ក្នុង​នាម​អង្គការ​សហប្រជាជាតិ​សរុប ១៤៤៥នាក់​ នៅ​ក្នុង​ប្រទេសស៊ូដង់ ឆាត អាហ្វ្រិក​កណ្តាល ស៊ូដង់​ខាង​ត្បូង និង​ប្រទេស​លីបង់៕