Friday, May 10, 2013

បទ​អត្ថា​ធិប្បាយ៖ នៅ​កម្ពុជា​គ្នាន​វប្បធម៌​ស្នង​តំណែង​បន្តវេនពី​ឳពុក​មក​កូន​នោះ​ទេ!

ការប្រៀបធៀបដ៏ខុសឆ្គងប្រាសចាកពីការពិតនៃរបបនយោបាយនៅកម្ពុជា ត្រូវ​​បាន​​អ្នក​វិភាគ​​​​​​ដែលមាននិន្នាការប្រឆាំងមួយចំនួន ដែល​តាំង​ខ្លួន​ថា ជាអ្នក​វិភាគ​ឯករាជ្យ បានយកមក​បក​ស្រា​យ បំផ្លើស បំភន្ត័ ប្រជាពលរដ្ឋខ្មែរ ដោយ​​ពុំ​​​ផ្អែកលើមូលដ្នានច្បាស់លាស់ និង​ពុំ​បានឆ្លុះ​បញ្ចាំង​អំពី​តថភាពពិតប្រាកដនៅក្នុង​សង្គម​កម្ពុជា​ឡើយ ។

តើការប្រៀបធៀបដែល​ពោរពេញទៅ​ដោយកំហុសឆ្គង ខ្វះគតិវិនិច្ឆយ័របស់​ក្រុមអ្នកវិភាគ​ទាំងនេះធ្វើទ្បើងក្នុងចេតនាអ្វី? ហើយដើម្បីអ្វី?

ការពិតណាស់ក្នុងការប្រៀបធៀបមួយដែលគ្មានលក្ខណៈតក្កវិទ្យា គឺអ្នកវិភាគ​ទាំង​នោះ​ភាគច្រើនទ​ទួល​បាន​នូវ​ការស្តីបន្ទោសអំពី​ ការគ្មាន​អព្យាក្រិតភាព​នៃគោល​ជំ​ហររបស់​ខ្លួន និង​អា​ច​​ បង្ក​ជាឧបសគ្គរាំង​ស្ទះ​ដល់ដំ​ណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យទៀតផង។ ការវិភាគ​បែប​នោះ​​មានន័យ​ស្មើនឹង​ការ​រុញច្រាន​ប្រទេសជាតិ​ឲ្យ​ធ្លាក់ចូល​​ក្នុង​ភាពវឹកវរ​ ឬកកើត​ជាភ្លើងសង្គ្រាម​សារ​ជាថ្មីបាន ប្រសិន​បើ​ប្រជាពល​រដ្ឋមិន​បាន​ពិចារណា និង​ជឿតាម​ការញុះញង់​ទាំង​នោះ។

 ដូចដែល​ប្រវត្តិសាស្ត្រ​បានបង្ហាញ​រួចមកហើយថា កម្ពុជាបានឆ្លងកាត់​ភ្នក់ភ្លើងសង្រ្គាម​អស់​ជាង ៣ទស្សវត្សមកហើយ ហើយទើប​តែមាន​សុខសន្តិភាព​ ស្ថិរភាព​នយោបាយ​ពេញ​លេញ​ក្រោម​នយោបាយ​ឈ្នះ‑ឈ្នះ របស់​ សម្តេចតេជោ ហ៊ុន សែន នាចុង​ឆ្នាំ១៩៩៨ ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើ​គេ​វិភាគ​ទៅលើ​អត្ថន័យ​នៃ​សារ​នយោបាយ​របស់​គណ​បក្សប្រឆាំង រួមជាមួយអ្នក​វិភាគ​ដែលមាននិន្នាការប្រឆាំងមួយចំនួន​ដែល​កំពុងជួយ​ជ្រោមជ្រែង ​ប្រជែង​អំណាច ជាមួយ​រាជ​រដ្ឋា​ភិបាល ពិសេសជាមួយ​គណបក្សប្រជាជនកម្ពុជានោះ គេ​នឹង​ឃើញ​យ៉ាងច្បាស់​​នូវ​រូបភាព​នៃ​វប្បធម៌​ញុះ​ញង់ បំភន្ត័ សាធារណមតិជាតិ និងអន្តរជាតិ ​ដែល​បង្កប់​ក្នុង​សារ​នយោបាយ​ និងបទវិភាគទាំងអស់​នោះ​ជាក់ជាមិនខាន។

ជាក់ស្តែង ជារឿយៗ ក្នុងបទសម្ភាសតាមរយៈវិទ្យុបរទេសផ្សាយជាខេមរៈភាសា មាន​បុគ្គលខ្លះបានតាំងខ្លួនជាអ្នកវិភាគឯករាជ្យ(ខាងប្រឆាំង)បានវិភាគលើប្រធានបទស្តី អំពី (កា​រ​រៀប​​ចំ​​បន្ត​វេនសម្រាប់តួនាទីជាអ្នកដឹកនាំ) ដែលក្នុងបទសម្ភាស​នោះ គេបាននិយាយ​ពីការ​ស្នង​តំណែង​ពីឳពុកមកកូន ពីបងមកប្អូន ឬនៅក្នុងរង្វង់គ្រួសារសាច់ញាតិ ដោយលើកយក​ប្រទេស គូបា កូរ៉េ​ខាង​ជើង មកប្រៀបធៀបជាមួយកម្ពុជា ថា កំពុងតែមានការ​រៀបចំ​អោយ​មាន​ការបន្ត​វេន​ជាអ្នក​ដឹក​នាំ ដូចប្រទេសអស់ទាំងនោះអញ្ចឹងដែរ ។

ការពិត​ ការវិភាគដែល​ពុំ​សម​ហេតុផល​របស់​ក្រុម​ប្រឆាំង​ ត្រូវបានក្រុមអ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​ មើលឃើញថា ជាការធ្វើ​មិនយល់អំពីបែបបទនៃការ​គ្រប់​គ្រង​រដ្ឋ និងរបបនយោបាយពិតនៅកម្ពុជា វាជាកំហុសឆ្គងមួយយ៉ាង​ធ្ងន់ធ្ងរ​ជាទីបំផុត ព្រោះការ​ប្រៀបធៀបដោយយកកម្ពុជា ជាប្រទេសដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវរបប​ប្រជាធិប​តេយ្យ សេរី​ពហុ​បក្ស ប្រដូច ប្រទេសដែលមានរបបគ្រប់គ្រង​រដ្ឋតាមបែប​កុម្មុនិស ផ្តាច់​ការ គឺជាការ​ប្រមាថ​ទាំង​​កំ​រោល​ទៅលើអំ​ណាច​ នីតិរដ្ឋ នៅកម្ពុជា ។

ក្រុម​អ្នកវិភាគអស់ទាំងនោះគួរណាស់យល់ថា  ប្រទេសមួយ​ដែល​ទើបតែ​ងើប​ចេញពី​ភ្លើង​សង្គ្រាមពី​​របប​នៃការកាប់សម្លាប់​មនុស្ស​យ៉ាងរង្គាល រហូត​មាន​សន្តិភាព​ និង​បន្ត​ពង្រឹង​នីតិរដ្ឋ កសា​ង​​​​វប្បធម៌​សន្តិ​ភាព អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ បណ្តុះបណ្តាលធនធានមនុស្ស ទម្រាំ​ធានា​បាន​នូវ​ភាព​រឹង​មាំដូច​សព្វ​ថ្ងៃ គឺជា​បេសកកម្ម​ដ៏លំ​បាក និង​ស្មុកស្មាញខ្លាំង​ណាស់​ដែល​រាជរដ្ឋា​ភិបា​លដឹក​នាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា បាន​នឹង​កំ​ពុង​អនុវត្ត ។

ជាការពិតណាស់ ស្របតាមបរិបទ​បំរែបំរួលកត្តាធម្មជាតិ ក៏បាន​ផ្សាភ្ជាប់គ្នា​ផងដែរ ទៅ

​នឹង​​វ័យ​វឌ្ឍនាការនៃអាយុរបស់​មនុស្ស ពីក្មេង​ទៅ​ពេញកម្លាំង ពីពេញកម្លាំងទៅមនុស្សចាស់ និង​ការថមថយ​កម្លាំង​ ដែល​ត្រូវជំ​នួសដោយយុវជន​ជំ​នាន់​ក្រោយ។

រលកក្រោយរុញ​ច្រាន​រលកមុន​​ វាជាក្រិតក្រម​សត្យានុម័តរបស់​ធម្មជាតិ។​ យ៉ាង​ណាមិញ​ សម្រាប់​​​ប្រទេស​កម្ពុ​ជា​ដែលប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ដូច​គ្នានេះ​ដែរ នៅ​​​ពេល​ដែលអ្នក​នយោបាយ ឬ​មន្ត្រី​មុខងារសាធារណៈ សូម្បី​វិស័យ​ឯកជន ក៏ដូច​គ្នាដែរ នៅ​ពេល​​​មាន​វ័យ​ចំណាស់​ខ្លាំង​ គឺ​​នឹងត្រូវចូល​និវត្តន៍​​លា​ឈប់​ពីមុខ​នាទី​ដើម្បី​ទុកឱកាសឲ្យ​អ្នក​ដែលមាន​សមត្ថភាព កម្លាំង​មាំមួន ​​បន្ត​វេន​។

 ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា  គឺ​«ទំពាំង​​ត្រូវ​តែស្នង​ឫស្សី»​ ដូចនេះ ការបញ្ចេញ​តួអង្គ​​យុវជន​ ដែលពោរពេញ​ទៅដោយ​សក្កា​នុពល​ដើម្បី​ប្រឡូកក្នុង​ឆាកនយោបាយ​ជួរមុខ​របស់គណបក្សប្រជាជន​កម្ពុជា ក៏មិនមានអ្វីគួរអោយ​ចម្លែ​ក​នោះដែរ ព្រោះថា ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ដែលប្រកាន់នៅ​របបប្រជាធិបតេយ្យ មួយ​ចំនួន​នៅលើសកលលោក មេដឹកនាំសុទ្ធតែចេញមកពីស្រទាប់យុវជន ហើយស្ថិតនៅ​ក្នុង​ត្រកូល​ជាមេដឹកនាំ​តែ​មួយទៀត​ផង វាអាស្រ័យ​ទៅ​នឹង​សមត្ថភាព​របស់​អ្នកបន្តវេន​នោះ។ ជាក់​ស្តែង​ដូចជា អតីត​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក George H.W. Bush បន្ទាប់មក លោក George W Bush ដែលជាកូនបានបន្តទ្បើងធ្វើជាប្រធានាធិបតី។ នៅប្រទេសឥណ្ឌា លោកស្រី​ ឥន្ទ្រគន្ធី (Indira Gandhi) កូន​របស់ Nehru ឡើងធ្វើ​ជានាយករដ្ឋមន្ត្រី​ ក្រោយ​មក​កូនស្រីរបស់លោក ក៏​ក្លា​យ​​ជា​នាយករដ្ឋមន្ត្រី​នៃប្រទេសនេះផងដែរ។ ដូចគ្នានេះដែរ នៅប្រទេសកម្ពុជា បើ​ឪពុកជា​នាយក​រដ្ឋ​មន្រ្តី កូនក៏​អាច​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តីដូចគ្នា ប្រសិន​បើ​កូននោះ​​មានសមត្ថភាព និង​មាន​ការ​គាំទ្រ បេក្ខភាព​ជានាយករដ្ឋមន្រ្តីក្នុងផ្ទៃក្នុងបក្ស ហើយទទួលបាន​ការ​គាំទ្រពី​ប្រជា​ពល​រដ្ឋ​តាម​រយៈ​​​ការ​បោះ​ឆ្នោតបែប​ប្រជាធិបតេយ្យ សេរីពហុបក្ស និង​លក្ខណៈត្រឹមត្រូវ និងយុត្តិធម៌ គឺនៅ​កម្ពុជា មិន​មាន​ការ​ប្រកាស​បន្ត​ដំ​ណែង​ដឹក​នាំប្រទេស តាម​បែប​លើក​បន្តុប ដោយ​រំ​លង ឆន្ទៈ និង​ការសម្រេចចិត្តរបស់​ប្រជាពល​រដ្ឋតាមរយៈ​ការបោះ​ឆ្នោត​នោះ​ឡើយ។ ការ​បន្ត​វេន​បែប​នេះ តើគួរ​គប្បី​ក្រុមអ្នកវិភាគដែលមាននិន្នាប្រឆាំង​ចាត់ទុកថា ជា​វប្បធម៌​ផ្ទេរ​អំណា​ច​ពីឪពុកមកកូនដែរឬទេ ? ហើយ​វារិត​តែអាក្រក់​ខ្លាំង​ណាស់ទៅទៀត​ នៅ​ពេល​ដែល​អ្នក​វិភាគ​គាំទ្រ​បក្ស​ប្រឆាំង​ទាំង​នោះ​ មិនបានលើក​ឡើង​សម្បី​តែមួយ​មាត់ អំពី សមត្ថភាព​ និង​សកម្ម​ភាព​​ការ​ងា​រ​​​​ជាក់​ស្តែង​របស់​ក្រុម​យុវជន​បន្ត​វេន​ ដែល​បាន ​និង​កំ​ពុងធ្វើ​ការយ៉ាង​មមាញឹក​ និង​ដោយ​ការ​​ទទួល​​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពល​រដ្ឋនៅ​តាម​មូលដ្ឋាន បែរជា​ពួក​គេ មាន​តែការប្រៀបប្រដូច​ តែម៉្យាង​អំពី​ការ​បន្ត​ដឹក​នាំប្រទេស​​ តាម​ប្រទេសផ្តាច់​ការ​ទៅវិញ​។

សរុបមក នៅកម្ពុជាគ្មានទេវប្បធម៌នៃការស្នងតំណែង ក្នុងជួរថ្នាក់ដឹកនាំជាតិ​ក្នុងសមយ័ថ្មី​របស់កម្ពុជា សូម្បីតែស្ថាប័នព្រះមហាក្សត្រ ក៏ត្រូវឆ្លងកាត់ការជ្រើស​តាំងពីក្រុម​ប្រឹក្សារាជ​សម្បត្តិ​ដែរ មុន​នឹង​ឡើង​គ្រង​រាជ្យបល័ង្គ ។

ក្នុង​បរិបទរបស់​សង្គម​កម្ពុជា គឺមានតែប្រជាពលរដ្ឋ​ទេ ជាម្ចាស់​អំ​ណាច ដែលជាអ្នក​សម្រេច​​ជ្រើស​រើស​មេដឹកនាំជាតិ ​គឺការ​ចូលរួម​តាមរយៈ​ការផ្តល់​សន្លឹក​ឆ្នោតតាមបែប​​ប្រជាធិ​បតេ​យ្យ សេរី​ពហុបក្ស   ចំ​ពោះ​អ្នកនយោបាយ​ណា​ដែលមាន​សមត្ថ​ភាពពេញ​លេញក្នុង​ការ​​ចូល​រួម​កសា​ង ​អភិវឌ្ឍ​សង្គម និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ ឱ្យធានា​បានការរស់​នៅប្រកប​ដោយ​ភាព​​សុខដុមរម្យនា ។

ដូច្នេះ ​ ការលើកទ្បើងរបស់អ្នក​វិភាគ​ដែល​តាំង​ខ្លួន​ថាជាអ្នក​វិភាគ​ឯករាជ្យ វាគ្រាន់តែជា ចេតនាញុះញង់ បន្ទុច​​​បង្អាក់ បង្កាច់បង្ខូច កិត្តិយស សម្តេចអក្គមហាសេនាបតីតេជោ ហ៊ុន សែន និង​គណបក្ស​ប្រជា​ជនកម្ពុជា ក្នុងចេតនា បន្ទាបបន្ថោកកិត្យានុភាពជាតិតែប៉ុណ្ណោះ ៕

អត្ថបទដោយ៖  សៅ សុភៈ (ទីប្រក្សាអម​ទីស្តីការគណៈរដ្ឋមន្ត្រី)