Friday, May 10, 2013

សម្តេច​តេជោ​​៖ កម្ពុជា​​មិន​​ចង់​បាន​​អ្វី​​ទេ​​ក្រៅ​ពី​​យុត្តិ​ធម៌​​​នោះ​ទេ

ក្នុង​ឱកាស​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម ​ជាមួយ​សម្តេច​អគ្គមហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ នៅ​វិមាន​សន្តិភាព លោក Peter Turner តំណាង​ក្រុមហ៊ុន​មេធាវី Freshfields Bruckhaus Deringer LLP របស់​សហ​រដ្ឋអាមេរិក ដែល​ត្រូវបាន​ជួល​ឲ្យ​មក​ការពារ​ក្តីសម្រាប់​កម្ពុជា​ បាន​មាន​ប្រសាសន៍​ជម្រាប់​ជូន​សម្តេច​តេជោ​អំពី តុលាការ​ម​ជ្ឈ​ត្ត​ករដែលបាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្តី​ លើក្រុមហ៊ុន ​Cambodia Power Company។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បានឲ្យដឹងថា លោក Peter Turner បាន​មាន​ប្រសាសន៍ថា តុលាការ​ម​ជ្ឈ​ត្ត​ករ​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្តី​នេះ ​ដែល​ត្រូវបាន​ធ្វើឡើង​នៅឡាអេ ហុងកុង និង​ប៉ារីស​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​តុលាការ​ម​ជ្ឈ​តករ បាន​សម្រេ​ច​ឲ្យ​ក្រុមហ៊ុន ​Cambodia Power Company ​តំណាង​ដោយ​លោក បៀ​ហ្គា​រ៉េត និង​ជា​តំណាងឲ្យ​ក្រុមហ៊ុនបៀ​ល​ហ្គា​ន​ហៀ​ល​ ​សង​រាជរដ្ឋាភិបាល​កម្ពុជា ​នូវ​ទឹក​ប្រាក់​​ចំនួន ៥,៦ លាន​ដុល្លា​សហរដ្ឋអាមេរិក។

លោក Peter Turner បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុងករណី​ក្រុមហ៊ុន​ ​Cambodia Power Company ដែល​ដឹក​នាំ​ដោយ​លោក បៀ​ហ្គា​រ៉េត និង​ជា​តំណាងឲ្យ​ក្រុមហ៊ុន​បៀ​ល​ហ្គា​ន​ហៀ​ល​របស់​សហ​រដ្ឋ​អាមេរិក ដែល​យក​ករណី​រាជរដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​អគ្គីសនី​នៅ​កម្ពុជា​ ទៅ​កាន់​តុលា​ការ​ម​ជ្ឈ​ត្ត​ករ​នោះ តុលាការ​ម​ជ្ឈ​ត្ត​ករ​បានប្រកាស​ច្រានចោល​នូវ​រាល់​ការ​ទាម​ទារ​របស់​ក្រុម​ហ៊ុននេះ ហើយ​អ្វីៗ​ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​នេះនា​ពេល​កន្លង​មក​ ​គឺ​ពោរ​ពេញ​ដោយ​ភាព​អត់ធ្មត់ និង​ភាព​ត្រឹមត្រូវ​បំផុត។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តី​រីករាយចំពោះ​យុត្តិ​ធម៌​មួយដែល​ត្រូវបាន​ផ្តល់​ឲ្យ​កម្ពុជា ហើយ​យុត្តិធម៌​នេះ​ ត្រូវ​បានទទួល​ដោយ​ការប្រឹងប្រែង ដែល​មានមេធាវី​ដឹកនាំ​ដោយ​លោក Peter ក៏ដូចជា​សាក្សី​ ដែល​បាន​ចូលរួម​ក្នុងករណីនេះ​ផងដែរ​។ ​សម្តេច​តេ​ជោបាន​ថ្លែង​អំណរ​គុណ​ដល់​លោក Peter និង​មេធាវី​ដទៃទៀត ក៏ដូចជា​សាក្សី​ដែល​បាន​ចូលរួម​ក្នុងករណី​នេះ ដោយ​បាន​បញ្ជាក់ថា កម្ពុជា​មិន​ចង់បាន​អ្វី​ទេ​ក្រៅពី​យុត្តិធម៌​នោះទេ។

គួររំលឹក​ថា រឿងក្តី​នេះ​ផ្តើមចេញពី​ឆ្នាំ១៩៩៦ នៅពេលដែល​រាជរដ្ឋាភិបាល​ បានផ្តល់​សម្បទាន​ឲ្យ​ក្រុមហ៊ុនខេ​ម​បូ​ឌា​ផា​វ័រ ដើម្បី​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី ដែលមាន​អនុភាព ៦០ មេ​ហ្គា​វ៉ាត់។ ប៉ុន្តែក្រុមហ៊ុន​នេះ​ បាន​សុំ​ពន្យារ​ពេល​ម្តង​ហើយ​ម្តងទៀត​រហូតដល់​ទៅ ៦ដង​ឯណោះ​។ ទី​បំផុតក្រុមហ៊ុន​នេះ បាន​ដាក់​ប្តឹង​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទៅ​តុលា​ការ​ម​ជ្ឈ​តករ​ថែម​ទៀត​៕