Thursday, May 9, 2013

ឯក​អគ្គរាជ​ទូត​​ជប៉ុន៖​ ក្រោម​​ការ​​ដឹក​នាំ​​របស់​ស​ម្តេច​តេ​ជោកម្ពុជា​បាន​​បោះ​ជំហាន​​ឆ្ពោះ​ទៅកាន់​​ការ​​អភិវឌ្ឍ​នៅ​​កម្រិត​​ថ្មី​មួយ

ឯកឧត្តម យូជី គូម៉ាម៉ារុ (yuji KUMAMARU) ឯកអគ្គរាជទូត​ថ្មី​របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បានមាន​ប្រសាសន៍​នា​ថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០១៣ថា ជប៉ុន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​សំខាន់ ហើយ​កន្លង​មកជប៉ុន​តែងតែ​គាំទ្រ​កម្ពុជា និង​បន្ត​គាំទ្រ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​តទៅទៀត។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ជាមួយសម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​នៅ​វិមាន​សន្តិភាព ឯកឧត្តម yuji KUMAMARU មានប្រសាសន៍​ថា បន្ទាប់ពី​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​សុខ​សន្តិភាព​មក កម្ពុជា​បាន​បោះជំហាន​ឈាន​ឆ្ពោះ​ទៅកាន់​ការ​អភិវឌ្ឍ​នៅ​កម្រិត​ថ្មី​មួយ ដែល​នេះ​ គឺជា​ការ​ដឹក​នាំ​ដ៏​ឈ្លាសវៃរបស់​សម្ដេច​តេជោនាយករ​ដ្ឋ​មន្ត្រី ហើយ​ការ​អភិវឌ្ឍ​រីក​ចំរើន​នេះ​ គឺ​បាន​ឆ្លុះបញ្ចាំងលើ​ភាព​ជា​អ្នក​ដឹក​នាំ​របស់សម្ដេច​តេ​ជោ​ផង​ដែរ​។​

ឯកឧត្តម yuji KUMAMARU បាន​មាន​ប្រសាសន៍​ដោយ​សង្ឃឹម​ជឿ​ជាក់​ថា ទំនាក់​ទំនង​រវាង​កម្ពុជា និង​ជប៉ុន​ កាន់តែ​ជិត​ស្និទ្ធ​ថែមទៀត ដោយ​កន្លងមក​ទំនាក់​ទំ​នាង​រវាង​កម្ពុជា និង​ជប៉ុន​ គឺ​បាន​អភិវឌ្ឍ​ឡើង​តាមរយៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិ​បាល ប៉ុន្តែ​ឥឡូវ​នេះ​វិស័យ​ឯកជន ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងពីរ​។

ឯកឧត្តម yuji KUMAMARU បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​កន្លងមក​តែងតែ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​អ្នក​វិនិយោគ​ជប៉ុន មកកាន់​ព្រះរាជាណា​ចក្រ​កម្ពុជា ហើយ​បាន​ស្នើ​ឲ្យ​សម្ដេច​តេ​ជោ​គាំទ្រ​ដល់​អ្នក​វិនិយោគ​ជប៉ុន​ ដែល​មកកាន់​កម្ពុ​ជា​ប​ន្ត​ទៀត។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​ដល់​ការស្វែងរក​សន្តិភាព និង​ការ​កសាង​កម្ពុជា​ឡើងវិញ។ សម្តេច​តេជោ​មាន​ប្រសាសន៍ថា ​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មិនអាច​កាត់​ផ្ដាច់​ពី​ជំនួយ និង​តួនាទី​របស់ជប៉ុន​បានទេ។ សម្ដេច​ក៏​បាន​យល់ស្រប​ជាមួយ​ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ចំពោះ​សារសំខាន់​នៃតួនាទី​របស់​វិស័យ​ឯកជន ដោយ​សម្ដេចមាន​ប្រសាសន៍​ថា សម្តេ​ច​តែងតែ​ឆ្លៀតឱកាស​ជួប​អ្នក​វិនិយោគ​ជប៉ុន ដែល​មកកាន់​កម្ពុជា ទោះ​ក្នុង​លក្ខណៈ​ជា​ក្រុម​ក្ដី ​ជា​ឯកជន​ក្ដី ដែល​ការ​នេះ​ជា​ការ​ស្វាគម​ន៍​អ្នក​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា។

សម្តេច​តេ​ជោក៏​បាន​ស្នើ​ឲ្យ​ឯកឧត្តម yuji KUMAMARU ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ ផ្ទាល់​ពី​ជប៉ុន​មកកាន់​កម្ពុជា ក្នុងអាណត្តិដែល​លោក​បំពេញ​បេសក​កម្ម​កា​រទូ​ត​នៅ​កម្ពុជា​៕