Thursday, May 9, 2013

សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ ​ពី​សប្បុរស​ជន​ ​ជិត ១៥ លាន​​ដុល្លារ​ ក្នុង​​ទិវា​ពិភព​លោក​​​​កាក​បាទ​​ក្រហម អឌ្ឍចន្ទ​​ក្រហម​​ឆ្នាំ​២០១៣

លោក​ជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហម​កម្ពុជា ត្រូវ​បាន​ ព្រះ​ករុណា ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហ​មុនី បាន​ប្រថាប់​ព្រះរាជ​លញ្ឆ​ករ ធ្វើ​នៅ​ព្រះ​បរម​រាជវាំង លើ​ព្រះ​រាជ​ក្រឹត្យ ចុះ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣ ដោយ​ប្រោស​ព្រះរាជទាន​គោរមងារ ជា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន​។
​​
គោរម​ងារនេះ​ត្រូវ​បាន​ប្រកាសជា​សាធារណៈ ដោយសម្តេចជហ្វាវាំង គង់ សំអុល ឧបនាយក​រដ្ឋមន្ត្រី ជូន​ដល់​​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី នា​ព្រឹក​ថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ២០១៣ នៅ​ទីស្នាក់ការកាកបាទក្រហមកម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នាឱកាស​ប្រារព្ធ​ខួប លើក​ទី​១៥០ ទិវា​កាកបាទក្រហម អឌ្ឍ​ចន្ទ​ក្រហម ​៨ ឧសភា ដែល​ក្នុង​ឱកាស​នោះសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​ចំនួន ១៤ ៩២៦ ៧១០ ដុល្លារ​សហ​រដ្ឋ​អាមេរិក។

សម្តេច​អគ្គមហាសេនាបតី​ តេ​ជោ ហ៊ុន សែន ដែល​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ ពិធី​នោះ​បាន​មាន​ប្រសាសន៍ចាត់​ទុក វិភាគទាន​របស់ សប្បុរ​សជន​នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​ការ​រួម​ចំណែក​ដ៏​ធំធេង​ដល់​ការ​បន្ដ​ពូន​ផ្ដុំ​កម្លាំង​មនុស្ស​ធម៌ និងសាមគ្គីធម៌ ដែល​ជា​ចរិត​មួយ​ស្ដែង​ចេញ​​ឱ្យ​ឃើញ​នូវ ​«​វប្បធម៌​ចែករំលែក​»​ ក្នុងការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកនៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ក្នុង​គ្រា​មាន​អាសន្ន។ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ស្ងើច​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​តែង​បាន​ចូល​រួម​ឧបត្ថម្ភ​ក្នុង​ឱកាស​​នៃ​ការ​រម្លឹក​​ដល់​ទិវា​ជា​ប្រ​វ​ត្ដិ​ នៃ​ការ​កើត​មាន​ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា​ដ៏​អធិកអធម​នេះ ព្រោះ​កាយវិការ​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នេះ និង​កិច្ច​គាំទ្រ​ទាំងអស់​នេះ នឹង​ជំរុញ​ឱ្យ​សមាជិក​អ្នក​ស្ម័គ្រ​ចិត្ដ​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​យើង​កាន់​តែ​មានកម្លាំង​ចិ​ត្ដ និង​ស្មារតី​ទ្វេ​ឡើង​ថែមទៀត ក្នុង​ការ​បន្ដ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​សកម្ម​​ខ្លាំងក្លា កាន់​តែ​មាន​វិសាលភាព​ទូលំទូលាយ​ចំពោះ​កិច្ចការ​មនុស្សធម៌ ក្នុង​បុព្វ​ហេតុ​​ជួយ​សម្រាល​នូវទុក្ខ​លំបាក​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​នៅ​គ្រប់​ទីកន្លែង។​ សម្តេច​​តេជោ​មាន​ប្រសាសន៍​ថា  វិភាគទាន​ដ៏​ថ្លៃថ្លា​ទាំងអស់ ជានិច្ច​កាលតែង​បាន​ផ្ដល់​សម្រា​ប់​​ការ​ងារ​​​ជួយសង្គ្រោះ ការ​គាំទ្រ​សកម្មភាព​មនុស្សធម៌ ដើម្បី​ផ្ដល់​នូវ​ក្ដី​សង្ឃឹម និងភាព​កក់​ក្ដៅ​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ទាំងឡាយ ពិសេស​​ជន​ចាស់ជរា ជន​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ កុមារ​កំព្រា អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​-​ជំងឺអេដស៍ជាដើម។
សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​ជឿ​ជាក់​ថា​កាកបាទក្រហមកម្ពុជា ដែល​ជា អង្គការ​សមាគម​ជាតិ​​មួយ​នាំ​មុខ​គេ​ក្នុង​វិស័យ​មនុស្សធម៌ ក្រោម​ការដឹកនាំ​របស់​​សម្ដេច​​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​​​ប្រធាន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​មាន​សមត្ថភាព​ក្នុង​ការ​ចាត់ចែង គ្រប់គ្រង និង​ប្រើ​ប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ប្រកបដោយ​តម្លាភាព​នោះ នឹង​បន្ដ​ពង្រឹង​តួនាទី​របស់​ខ្លួន​បន្ថែ​ម​​ទៀត ក្នុងនាមជា​ជំនួយការ​ដ៏​សំខាន់​ឱ្យ​រាជរដ្ឋាភិបាល​លើ​ការងារ​មនុស្សធម៌​នេះ ដើម្បី​រួម​ចំណែ​ក​ជួយ​សម្រាលទុក្ខ​លំបាក​ទាំងឡាយ​ថ្មីៗ​ទៀត ​សម្រាប់​ជា​ឧត្ដម​ប្រយោជន៍​ជាតិ និង ប្រជាជន​របស់​យើង។ ខ្ញុំ​ក៏​ជឿ​ជាក់​ថា កាកបាទក្រហមកម្ពុជា​នឹង​ទទួល​បាន​​នូវ​ការ​គាំទ្រ​​បន្ថែម​ទៀត​ពី​ស្ថាប័ន​ ជាតិ​-​អន្ដរ​ជាតិ ដៃគូ​អភិវឌ្ឍន៍ សប្បុរស​ជនជាតិ​-​អន្ដរ​ជាតិ ទាំង​ក្នុង និង​ក្រៅ​ប្រទេ​ស​ក៏ដូចជា​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​តទៅ ថ្ងៃមុខ​ទៀតផង​ដែរ។

សម្តេច​​តេ​ជោ​នា​យក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​​នូវ​អនុសាសន៍​មួយចំនួន​ដល់​កាកបាទក្រហម​កម្ពុជា ក៏ដូចជា​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បន្ដ​សហការរួមគ្នា​លើកកម្ពស់​ការងារ​មនុស្ស​ធម៌​ដែល​ក្នុង​នោះ​​រួមមាន៖
ទី​១.​កាកបាទក្រហមកម្ពុជា និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ ត្រូវ​រួម​សហ ការ​គ្នា​ឱ្យ​បាន​ល្អ​ជាមួយ​ក្រសួង​-​ស្ថាប័ន អង្គភាព មន្ទីរ​រដ្ឋបាល​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ និង​ដៃគូអភិវឌ្ឍន៍​នានា ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ការ​ឆ្លើយតប​ជាបន្ទាន់​ទៅ​នឹង​​សេចក្ដី​ត្រូវ​ការ​​បន្ទា​ន់​​រ​បស់​ប្រជា​ជន​យើង នៅ​ពេល​ដែល​​គ្រោះ​មហន្ដរាយ​ធម្មជាតិ និង​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេងៗ​​កើតមានឡើងជា​យថាហេតុ​នោះ។
ទី​២.​ក្រសួង​ធនធានទឹក និងឧតុនិយម ​ត្រូវ​ផ្ដល់​សេចក្ដីជូនដំណឹង​អំពី​ការប្រែប្រួល​អាកា​ស​ធាតុ ដែល​ជា​ហេតុបង្ក​ឱ្យ​មាន​ខ្យល់ព្យុះ រន្ទះបាញ់ គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត​ដែល​នឹង​កើតឡើង ដើម្បី​ឱ្យ​កាកបាទក្រហមកម្ពុជា និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ ក៏ដូចជា​ក្រសួង​-​ស្ថាប័នពាក់ព័ន្ធ​ដទៃ ទៀត​អាច​ប៉ាន់ស្មាន​ទុកជាមុន​ក្នុង​ការ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ឱ្យ​បាន​​ទាន់​ពេល​វេលា។
ទី​៣.​កាកបាទក្រហមកម្ពុជា ​ត្រូវ​បន្ដ​ពង្រឹង និង​ពង្រីក​កម្លាំង​យុវជន និង​អ្នក​ស្ម័គ្រចិត្ដ​​ឱ្យ​បាន ច្រើន​​ថែមទៀត និង​ត្រូវ​បង្កើន​ការ​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង និង​ជំនាញ​ផ្សេងៗ​ដល់​ពួក​គេ​​ក្នុងការ​ត្រៀម​ធ្វើជា​កម្លាំង​ឈានមុខ និង​ធ្វើជា​ធនធាន​ដ៏​រឹងមាំ​ប្រកបដោយ​សមត្ថភាព​គ្រប់​គ្រាន់​​ក្នុង​ការចូល​រួម​ចំណែក​​បម្រើ​សកម្មភាព​មនុស្សធម៌ ​ជាមួយ​កាកបាទក្រហមកម្ពុជា ស្រប​តាម​ពាក្យស្លោក​លើកថា «​យុវជន និង​អ្នក​ស្ម័គ្រ​ចិត្ដ គឺជា​ឆ្អឹងខ្នង​របស់​ច​លនា​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​»។ ក្នុង​ការ​អនុវត្ដ​នូវ​ស្មារតី​នេះ យើង​នឹង​អាច​ឆ្លើយ​តប​​ទៅ​នឹង​​ការ​ពង្រឹង​សហ​គម​ន៍​ឱ្យ​ធន់​ទៅ​នឹង​គ្រោះ​មហន្ដ​រាយ លើកកម្ពស់​សេវា​សុខភាព​ជូន​ប្រជាជន​នៅ​ជនបទ និង​កសាង​វប្បធម៌​អហិង្សា និង​សន្ដិភាព ដែល​នេះ​ជា​លក្ខណៈ​ពិសេស​របស់​យុវជន ដែល​បាន​ធ្វើ​ឱ្យ​​យុវជន​នៅ​គ្រប់​សម័យកាល​ក្លាយជា​កម្លាំង​ដ៏ស្រួចស្រាវ ជា​ធនធាន​ដ៏​មានតម្លៃ​មិន​ចេះ​រីង​ស្ងួត និង​មិនអាច​ខ្វះ​បាន​ឡើយ​ក្នុង​ចលនា​មនុស្សធម៌របស់​កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម​នោះ។ ចំពោះមុខ​នេះ ខ្ញុំ​សូម​ស្នើ​ដល់​កាកបាទក្រហមកម្ពុជា ត្រូវ​បន្ដ​ពង្រឹង និង​យក​ចិ​ត្ដ​ទុក​ដាក់​​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេដស៍​ទៅតាម​យុទ្ធសាស្ដ្រ សូន្យ​បី គឺ សូន្យ​-​ការ​មិន​ចម្លង​​ពី​ម្ដាយ​ទៅ​កូន សូន្យ​-​ការ​ស្លាប់​ដោយ​មេរោគ​អេដស៍ សូន្យ​-​ការ ​មិន​រើស​អើ​ង។ ក្នុង​នោះ ត្រូវ​បន្ដ​កៀរគរ​វិស័យ​ឯកជន និង​សប្បុរសជន​នានា​ឱ្យ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​កាន់តែច្រើនឡើង​ថែមទៀត ដើម្បី​បន្ដ​ពង្រីក​លទ្ធភាព​នៃ​ការ​អនុវត្ដ​ការងារ​មនុស្សធម៌​របស់​ខ្លួន។
ទី​៤.​ក្រសួងមហាផ្ទៃ ជាពិសេស​អង្គភាព​រថយន្ដ​ពន្លត់អគ្គិភ័យ​ត្រូវ​ប្រុងប្រៀប និង​ត្រៀម លក្ខណៈ​​​ជានិច្ច ក្នុង​ការ​ជួយសង្គ្រោះ​ដល់​ប្រជាជន នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង។ ទន្ទឹម​នេះយើង​ត្រូវ​រួមគ្នា​អនុវត្ដ​ទិស​ស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជាដាច់ខាត​» ផង​ដែរ។
ទី​៥.​យុវជន និង​អ្នក​ស្ម័គ្រ​ចិត្ដ​កាកបាទក្រហមកម្ពុជា តាមរយៈ​ចលនា​មិ​ត្ដ​អប់រំ​មិ​ត្ដ​ដ៏​សកម្ម​ផុល​ផុស​នោះ ត្រូវ​រួមគ្នា​ជួយ​ទប់ស្កាត់​នូវ​ការផលិត ការចែក​ចាយ ការប្រើប្រាស់​គ្រឿងញៀន ការ​រំលោភ ការ​ជួញ​ដូរ​ស្ដ្រី និង​កុមារ និង​អំពើ​ហិង្សា​នានា ដែល​ជា​បញ្ហា​សង្គម និង​ការ​ធ្វើ​ឱ្យ​បាត់​បង់​សេចក្ដីថ្លៃថ្នូររបស់​មនុស្សជាតិ។ ទន្ទឹម​នេះ អាជ្ញាធរ​ដែនដី​ត្រូវ​បន្ដ​ពង្រឹង​ការ​អនុវត្ដ​ភូមិ​-​ឃុំ​មាន​​សុវត្ថិភាព ធ្វើ​ឱ្យ​បាន​សកម្ម​ក្នុង​ការ​លុបបំបាត់​គ្រឿងញៀន ល្បែងស៊ីសង ក្រុម​ក្មេង​ទំនើង ដែល​ជា​ទង្វើ​នាំ​ឱ្យ​កើតមាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​នាំមក​នូវ​ភាព​ក្រីក្រ បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​​របស់​មនុស្ស និង​អំពើ​អសីលធម៌ ហើយ​កិច្ចការ​នេះ គឺជា​ការ​រួម​ចំណែក​​ដល់​ការងារ​មនុស្ស​ធម៌​ផង​ដែរ។​

សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រសួង​-​ស្ថាប័ន អង្គភាព មន្ទីរ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​មាន​ភារកិច្ច​ពាក់ព័ន្ធ​ទាំងអស់​នឹង​ នាំគ្នា​បន្ដ​ពង្រឹង និងពង្រីក​នូវ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បន្ថែ​ម​ទៀត ដោយ​ឈរ​លើ​ស្មារតី​នៃ​ការ​យក​​ចិ​ត្ដ​ទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​បុព្វហេតុ​មនុស្សធម៌។ តាម​រយៈ​នេះ ខ្ញុំ​ក៏​ជឿ​ជាក់ថា កាកបាទក្រហមកម្ពុជា​នឹង​បន្ដ​តួនាទី​ដ៏​សកម្ម​របស់​ខ្លួន ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ទប់ទល់​រាល់​បញ្ហា ប្រឈម​នានា​សម្រាប់​បានជា​ឧត្ដម​ប្រយោ​ជ​ន៍​​ជាតិ និង​ប្រជាជន ព្រម​ទាំង​​ការ​លើក​កម្ពស់​សេចក្ដី​ថ្លៃថ្នូ​រ គុណធម៌ តម្លៃ​មនុស្សជាតិ និង​ការ​ចូល​រួម​ចំណែក​​ដល់​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង។ ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​ការ​កោត​សរសើរ​ដោយ​ស្មោះ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក អ្នក​ស្ម័គ្រ​ចិត្ដ និង​យុវជន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​ក្រសួង​-​ស្ថាប័ន ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជា​និច្ច​កាល​តែង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិ​ត្ដ ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឱ្យ​ទទួល​បាន​​នូវ​ជោគជ័យ និង​សមិទ្ធផល​ដ៏​ធំធេង ដើម្បី​ឆ្លើយ​តប​បាន​យ៉ាង​ស័ក្ដិសម និង​ទាន់ពេលវេលា​ទៅ​នឹង​តម្រូវការ​ជាបន្ទាន់​នៃ​ការងារ​ជួយសង្គ្រោះ​ជន​រង​គ្រោះ ដោយសារ​គ្រោះ​មហន្ដរាយ​នានា ដែល​កន្លងមក​ទទួល​បានការ​ផ្ដល់​ទំនុក​ចិ​ត្ដ​ពី​ប្រជាជន និង ជាពិសេស​ជនរងគ្រោះ។
សម្តេច​​តេ​ជោ​​ថ្លែង​ថា ខ្ញុំ​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​ទាំងអស់​គ្នា​នឹង​ពួតដៃគ្នា​បន្ដ អនុវត្ដ​នូវ​សកម្មភាព​ដ៏​ល្អ​ថ្លៃថ្លា​នេះ ទៅតាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន និង​បន្ដ​ប្រកាន់ខ្ជាប់​នូវ​ស្មារតីទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន និង​ធនធាន ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​គ្រប់​គ្រាន់ និង​ស្ថេរភាព​ហិរញ្ញវត្ថុ​របស់​កាកបាទក្រហម​កម្ពុជា​ឈាន​ទៅ​​កសាង​បាន​នូវសង្គម​មួយ​ដែល​​គោរព​ដល់​គោល​ការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌​មានការ​រស់នៅ​ប្រកបដោយ​សុខុមាល​ភាព សេចក្ដីថ្លៃថ្នូរ និង​សេចក្ដី សុខក្សេមក្សាន្ដ ក្នុងនាម​ជា​មនុស្សជាតិ​នៅ​លើ​​ភព​ផែន​ដី​នោះ​។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ថ្លែង​ថា ថ្ងៃនេះ​កាក បាទ​ក្រហម​កម្ពុជា​បាន​ប្រារព្ធ​​មិ​ទ្ទិញ​លើក​ទី ១៥០ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១៣ ក្រោម​ប្រធានបទ ១៥០ ឆ្នាំ​នៃ​សកម្មភាព​មនុស្សធម៌​។​ការ​យក​ប្រធានបទ ១៥០ ឆ្នាំ​នៃ​សកម្មភាព​មនុស្សធម៌​នេះ គឺ​ដើម្បី​បង្ហាញ​ប្រាប់​សកលលោក​ទាំងមូល​ឲ្យ​បាន​ដឹង​ថា ក្នុង​អំឡុង​ពេល ១៥០ឆ្នាំ ​កន្លង​មក​នេះ កម្លាំង​អ្នកស្ម័គ្រចិត្ត​រាប់​រយ​លាន​នាក់​នៅក្នុង​ចលនា​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ​បាន​ផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌​យ៉ាងច្រើន​ឥ​តគណនា ដើម្បី​ជួយ​ដល់​អ្នក​រង​គ្រោះ និងសហគមន៍​រងគ្រោះ​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក​បាន​យ៉ាង​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព ហើយ​យើង​ទាំង​អស់​គ្នា​ប្ដេជ្ញា​ចិត្តនឹង​បន្ត​នូវ​បេសកកម្ម​មនុស្សធម៌​ដ៏​ឧ ​ត្ដុង​ឧត្ដម​របស់​ខ្លួន ឆ្លើយតប​ទៅ នឹង​សេចក្ដី​ត្រូវការ​ជាក់ស្ដែង​ទាំង​នៅពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុងឆ្នាំ២០១២ កន្លង​ទៅ​​ថ្មីៗ​នេះ ដោយមាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ ជាពិសេស​ជាមួយ​រាជ​រដ្ឋា​ភិ​បាល និង​មានការ​ចូលរួម​ផ្ទាល់​ពី​កម្លាំង​យុវជន និង​អ្នក​ស្ម័គ្រ​ចិត្ដ​កាក​បាទ​ក្រហម​​កម្ពុជា​នៅ​ទូទាំង​ប្រទេស កាកបាទក្រហមកម្ពុជា​បាន​អនុវត្ដ​ការងារ​ជួយសង្គ្រោះ​ដល់​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​ពី​គ្រោះ​មហន្ដរាយ​នានា​ដូចជា​គ្រោះ​ខ្យល់ព្យុះ គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​មហន្ដ​រាយ​ដោយ​ប្រការ​ផ្សេងៗ​បាន​សរុប​ចំនួន ២៨ ៤៥៨ គ្រួសារ។ នៅ​​ដើមឆ្នាំ ២០១៣ នេះ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ជួប​នូវ​គ្រោះធម្មជាតិ​អាក្រក់ ដោយ​បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​ពី​បាតុភូត​ខ្យល់កន្ដ្រាក់​​ធ្វើ​ឱ្យ​ផ្ទះ​ចំនួន ២៧១៤ ខ្នង ត្រូវ​ខូចខាត ដែល​នៅ​ក្នុង​នោះ​ផ្ទះ​រលំ​ទាំងស្រុង​មាន​ចំនួន ៥៦៦ ខ្នង ផ្ទះ​ខូចខាត​ដោយ​អន្លើ​មាន​ចំនួន ២១៤៨ ខ្នង មាន​មនុស្ស​ស្លាប់ ១២នាក់ និង​របួស ២៦នាក់។ ក្នុងប្រតិប​ត្ដិ​ការ​ជួយ​សង្គ្រោះ កាក​បាទ​ក្រហម​កម្ពុជា​បាន​ផ្ដល់​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ដល់​គ្រួសារ​រង​គ្រោះ ក៏ដូចជា​ជនរងគ្រោះ​មាន​ដូចជា សម្ភារៈ​ប្រើប្រាស់ ស្បៀងអាហារ ថ្នាំសង្កូវ និង​គ្រឿង​ឧបភោគបរិភោគ ដែល​ជំនួយ​​ឧបត្ថម្ភ​ទាំងអស់​នេះ​តែង​បាន​បំពេញ​តាម​តម្រូវការ​ជាក់ស្ដែង៕