Thursday, May 9, 2013

ឯកអគ្គ​​រដ្ឋ​ទូត​​ថ្មី​បារាំង​​សន្យា​​ជួយ​​ទាក់​​ទាញ​​អ្នក​​វិនិយោគ​​ពី​បារាំង​​មក​​កម្ពុជា

ក្នុងឱកាស​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមានសន្តិភាព​ នាព្រឹក​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ ឯកឧត្តម SERGE MOSTURA ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​របស់ស​ធារ​ណ​រដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ បានមាន​ប្រសាសន៍​ថា បេសកកម្មការ​ទូត​របស់​លោ​ក​នៅ​កម្ពុ​ជា​មាន​គោលដៅ​ចំបង​ គឺពង្រឹង​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល ប្រជា​ជន និង​ប្រជា​ជន និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជា​ចំបង​លើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ផង​ដែរ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យដឹងថា ឯក​ឧត្តម SERGE MOSTURA មាន​ប្រសាសន៍ថា សេដ្ឋកិច្ច​ការទូត​ជា​កត្តា​សំខាន់ ហើយ​លោក​មាន​ទស្សនៈថា នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​ធុនតូច និង​មធ្យម​របស់​បារាំង​ ​ចូល​មក​វិនិ​យោគ​នៅ​កម្ពុជា និង​ទទួល​បាន​ជោគជ័យ ដើម្បី​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ដទៃទៀត​។

ឯកឧត្តម SERGE MOSTURA មាន​ប្រសាសន៍ឲ្យ​ដឹង​ថា កន្លងមក​អ្នក​វិនិយោគ​ធុន​តូច និង​មធ្យម​របស់​បារាំង​ បាន​មក​កាន់​កម្ពុជា​ត្រឹមតែ​មក​ធ្វើ​ទស្សនកិច្ច និង​សិក្សា​តែប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់​មាន​ការ​វិ​និយោគ​ជា​ក់​លាក់​ណាមួយ​នៅឡើយ​ទេ ដូច្នោះ​ហើយ​ទើប​លោក​មាន​ទស្សនៈ​ចង់​ទាក់​ទា​ញ​អ្នក​វិនិ​យោគធុន​តូច និង​មធ្យម​បារាំង​មករក​ស៊ី​នៅ​កម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ឯកភាពជាមួយ​ឯកឧត្តម SERGE MOSTURA ឯកអគ្គ​រដ្ឋ​ទូត​បារាំង ពាក់​ពន្ធ័​នឹង​បញ្ហាសេដ្ឋកិច្ច​ការទូត​ដែល​លោក​បាន​លើក​ឡើង និង​បានសំដែង​នូវ​ការ​អប​អរសាទរ​ចំពោះ​ឯកឧត្តម SERGE MOSTURA ដែលត្រូវ​បាន​តែង​តាំង​ជា​អគ្គរដ្ឋទូត​ថ្មី​របស់​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា កម្ពុជា​តែង​តែ​ស្វាគមន៍​នូវ​រាល់​អ្នក​វិនិយោគ​ទាំងឡាយ ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ ដោយ​គ្មាន​ភាព​រើស​អើង​ឡើយ។ ពាក់​ព​ន្ធ័​នឹង​សេដ្ឋ​កិច្ចការ​ទូត​នេះ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​អនុសាសន៍​ថា គប្បី​យកចិត្ត​ទុក​ដាក់​ទៅលើបញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បញ្ហា​វិនិយោគ​ដែល​ជា​កត្តា​ជំរុញ និង​ពង្រីកពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នោះ៕