Wednesday, September 4, 2013

ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​​-​វៀតណាម ​វាយ​តម្លៃ​​ខ្ពស់​​ចំពោះ​​ទំនាក់​​ទំនង​​កិច្ច​សហ​ប្រតិបត្តិ​ការ​​រវាង​​ប្រទេស​​ទាំងពីរ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នៅ​ថ្ងៃទី២ ​ខែកញ្ញា ​ឆ្នាំ២០១៣ បាន​ជួប​ពិភាក្សា​ជាមួយ ​ឯកឧត្តម ង្វៀន តាំង​យ៉ុង ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​​។ ក្នុង​ជំនួប​ពិភាក្សា​ដែល​ប្រព្រឹត្ត​ទៅ​នៅទីក្រុង​ណាន់​នី​ង ​សាធារណដ្ឋាន​ប្រជាមានិត​ចិន នោះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​​​វាយតំ​លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ (កម្ពុជា-វៀតណាម​) ពិសេស​គឺ​ការសន្យា​ធ្វើ​ឲ្យ​មាន​ការ​​ផ្លាស់ប្ដូរ​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​ពហុភាគី​ក៏ដូចជា ​ក្នុង​ក្របខណ្ឌ​អាស៊ាន ដែល​ភាគី​​ទាំងពីរ​នឹង​ជួប​ប្រជុំ​គ្នា​បន្ថែម​ទៀត​ នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ​នៅចុងខែ​តុលា ​ឆ្នាំ២០១៣ នៅ​ប្រទេស​ព្រុយណេ​​។

​​ការផ្សាយ​រប​ស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​ពិភាក្សា​គ្នាក្នុង​ឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​អញ្ជើញ​ទៅ​ចូល​រួមនៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​អាស៊ាន-ចិន​លើក​ទី ១០ និង​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគអាស៊ាន-ចិន ​លើក​ទី​១០ នៅ​ទីក្រុង​ណាន់នីង សាធារ​​ណ​​រដ្ឋ​ប្រជាមានិត​ចិន ​​ឯកឧ​ត្ត​ម​ ង្វៀន តាំង​យ៉ុង នាយករដ្ឋមន្ត្រី​វៀតណាម​​ បាន​សំដែង​​នូវ​ការ​គាំទ្រ និង​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​បោះ​ឆ្នោត​​សកល​កាល​ពីពេល​ថ្មីៗ​កន្លង​ទៅនេះ។ ឯកឧត្តម​នាយករដ្ឋមន្ត្រីវៀតណាម​ ​មាន​សេចក្តី​សង្ឃឹ​ម​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៥ ដែល​ដឹកនាំ​ដោយ​សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ទទួល​បាន​នូវ​ការអភិវឌ្ឍន៍​រីកចម្រើន​ទ្វេ​ឡើង​ថែម​ទៀត​ជា​មិន​ខាន​ឡើយ ហើយ​ការ​រីកចម្រើន​របស់​កម្ពុជា​ ក៏ដូចជា​ការ​រីកចម្រើន​របស់​បណ្តា​​ប្រទេសក្នុងតំបន់​ទាំងមូល​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ និង​ប្រជា​ជន​វៀតណាម ដែល​តែងតែ​គាំទ្រ​ជានិច្ច​ចំពោះ​កម្ពុជា ពិសេស​ការជំរុញ​នូវ​អ្នកវិនិយោគ​ទុន​​ជា​ច្រើន​​មក​បណ្តាក់ទុន​នៅ​កម្ពុជា​នោះ៕