Wednesday, September 4, 2013

សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ទទួលការ​គាំទ្រពី​រដ្ឋាភិបាល និង​ប្រជាជន​ចិន

ឯកឧត្តម លី ខឹ​ឈាង ​នាយករដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ២០១៣ ​បាន​ប្រកាស​ពី​ការ​ផ្តល់​នូវ​កម្ចី​ឥត​ការ​ប្រាក់​ចំនួន​ ២០០លាន​យ័ន​ បន្ថែម​ទៀត​ដល់​កម្ពុជា ពិសេស​ទៅ​លើអ្វី​ដែល​ភាគី​ទាំងពីរ​ (កម្ពុជា-ចិន) បាន​ព្រមព្រៀងគ្នា​កាលពី​ខែមេសា ឆ្នាំ២០១៣ ​ទៅលើ​គម្រោង​ប្រចាំឆ្នាំ​របស់​ខ្លួន​​។

ការប្រកាស​ផ្តល់​កម្ចី​ឥត​ការប្រាក់​នេះ ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគីរវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាមួយ​ឯកឧត្តម លី ខឺ​ឈាង នៅ​ទីក្រុង​ណាន់​នីង តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ឱកាស​ដែល​សម្តេច​នាយក​រដ្ឋ​មន្ត្រី​អញ្ជើញ​ទៅ​ចូលរួម​ពិព័រណ៍​អាស៊ាន​-​ចិន​លើក​ទី១០ និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​វិនិយោគ​អាស៊ាន​-​ចិន​លើក​ទី១០ ដែល​​ប្រារព្ធ​ពិធី​បើក​នៅ​ព្រឹក​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៣​។

ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន បាន​សំដែង​នូវ​ការ​រីករាយ ដោយ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​សាជាថ្មី​ម្តងទៀត បន្ទាប់​ពី​​បាន​ធ្វើ​ឡើង​កាលពី​ខែ​មេសា​ ឆ្នាំ២០១៣ កន្លងទៅ​ថ្មីៗ​នេះ។ ភាគី​ទាំង​ពីរ​បាន​សំដែង​នូវ​ការ​វាយតំ​លៃ​ខ្ពស់ និង​កោត​សរសើរ​ចំពោះ​ភាព​រីកចម្រើន នៃ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​សម្រេចបាន​ក្នុង​រយៈពេលដ៏​ខ្លី​មកនេះ ​បន្ទាប់ពី​ការដាក់ចេញ​នូវ​យុទ្ធ​សាស្ត្រ​​គ្រប់​ជ្រុងជ្រោយ ពិសេស​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារ​ជាតិ សន្តិសុខ ​បច្ចេក​វិទ្យា ​កសិកម្ម ទេសចរណ៍ និង​ការ​បង្កើន​កិច្ចសហការ​នៅ​គ្រប់​វេទិកាទាំងអស់ ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ដូចគ្នា។

​ភាគី​ទាំងពីរ​ក៏បាន​សន្យា​រួមគ្នា​ផង​ដែរ​ អំពី​ការជំរុញ​ទំនាក់ ទំនង​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន​ដោយ​បានចាត់ទុកថា ការផ្លាស់ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ កាលពីពេល​កន្លងមក​បានរួមចំណែក​ដល់​ការ​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​ផងដែរ។

ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​បាន​លើកឡើង​ដែរ​ថា នៅក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​នឹង​មាន​ថ្នាក់ដឹកនាំ​ចិន​ដែល​ជា​មនុស្ស​លំដាប់​ទី៥ របស់​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយ​នីស្ត​​ចិន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

ឯកឧត្តម លី ខឺ​ឈាង បាន​សំដែង​នូវ​ការ​អបអរសាទរ​សាជាថ្មី​ម្តង​ទៀត​ជូន​ចំពោះ​គណបក្ស ប្រជាជន​កម្ពុជា ពិសេស​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ទទួល​ជោគជ័យ​ដ៏​ត្រចះ​ត្រង់ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៥ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៨ កក្កដា ​ឆ្នាំ២០១៣ និង​សង្ឃឹមថា សម្តេច​តេ​ជោ​នឹង​ដឹកនាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី៥ ក្នុង​​ការ​នាំ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​​អំណរគុណ​ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី​ ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំនៃ​សាធារណរដ្ឋ​ប្រជា​មានិត​​ចិន ដែល​បាន​ផ្ញើ​នូវ​សារលិខិត​ចូល​រួម​អបអរសាទរជូន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួល​ជោគជ័យ​ពី​ការបោះ​ឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៥ ដែល​បាន​បញ្ចប់​ទៅ​កាល​ពីពេល​ថ្មីៗ​កន្លងមក។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា សម្តេច​ពិតជា​មានការ​រីករាយ​ដែល​ក្នុង​រយៈពេល​ជាង៥ ខែ​​កន្លងមក​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ជួបពិភាក្សា​គ្នា​ចំនួន​ពីរ​លើក ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​ក្នុងឋានៈ​ជា​មិត្ត​ល្អ ជា​ដៃគូ​ល្អ នៅក្នុង​ទំនាក់ទំនង​យុទ្ធ​សាស្ត្រ​​គ្រប់​ជ្រុងជ្រោយនៃ​ប្រទេស​ទាំងពីរ។ ​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​អំណរ​គុណ​​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​បញ្ជូន​ឯក ឧ​ត្ត​ម វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន​អញ្ជើញ​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅ ដែល​នោះ​គឺជា ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​របស់​ចិន​ចំពោះ​ប្រទេស​កម្ពុជា។

​នៅ​ថ្ងៃ​ទី២ ខែកញ្ញា ​​​ក្នុង​ឱកាស​ស្នាក់​អាស្រ័យ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ណាន់​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ក៏​បាន​ទទួល​ជួប​សវនាការដោយ​ឡែក​ពី​គ្នា​ជា​បន្ត​បន្ទាប់​​ជាមួយ​ឯកឧត្តម ​ ឈិន វូ អភិបាល​ខេត្ត ក្វាងស៊ី​ និង ឯកឧត្តម លី ជីហេង អភិបាល​ខេត្ត​យូណាន​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​។

​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​បាន​ថ្លែង​នូវ​អំណរ គុណ​ចំពោះ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់​ក្តៅ​បំផុត ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ខេត្ត​ក្វាងស៊ី​ដោយ​មាន​ប្រសាសន៍​ថា សម្តេច​បាន​អញ្ជើញ​ទៅ​កាន់​ខេត្ត​ក្វាងស៊ី​ចំនួន៧ ដង​រួច​ហើយៗ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ និង​ប្រជាជន​ខេត្ត​ក្វាងស៊ី​ផ្តល់​ឋានៈ​ជា​ពលរដ្ឋ​កិត្តិយស​ខេត្ត​ក្វាងស៊ី​ ផង​ដែរ។

​ឯកឧត្តម ឈិន វូ បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថា ប្រជាពល រដ្ឋ​ខេត្ត​ក្វាស៊ី​ចំនួន​ជាង ៥២ លាន​នាក់​សូម​ស្វាគមន៍​សម្តេច​តេជោ​ជានិច្ច​ក្នុង​ការ​អញ្ជើញ​ទៅ​កាន់​ខេត្តក្វាងស៊ី ពិសេស​នៅ​ទីក្រុង​ណាន់នីង​នោះ។ ទាក់ទិន​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​មក ឯកឧត្តម​អភិបាល​ខេត្ត​មាន​ប្រសា​សន៍​ថា ជោគ​ជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​នៅ​តែ​គាំទ្រ និង​គោរព​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ ​ការ​រីក​ចំរើន​ថែម​ទៀត។ ​

ឯកឧត្តម ​អភិបាល​ខេត្ត​មាន​ប្រសា​សន៍​ឲ្យ​ដឹង​ដែរ​ថា លោក​មាន​ការ​រីក​រាយ​ខ្លាំង​ណាស់​ដោយ បាន​ឃើញ​វត្តមាន​អង្ករ​កម្ពុជា​ដ៏​មាន​គុណ​ភាព​ខ្ពស់ និង​មាន​រស់​ជាតិ​ឆ្ងាញ់​មាន​នៅ​លើ​ទីផ្សារ​របស់​ខេត្តក្វាងស៊ី ពិសេស​នៅ​ទីក្រុង​ណាន់នីង​ផ្ទាល់​តែម្តង ។ ​
ឯកឧត្តម ឈិន វូ បាន​ឲ្យ​ដឹង​ថា ថ្នាក់​ដឹក​នាំ​ខេត្ត​ក្វាងស៊ី​នឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ ក្នុង​ការ​កែច្នៃ​កសិផល​របស់​កម្ពុជា ដើម្បី​នាំ​ចេញ​មក​កាន់​ខេត្ត​ក្វាងស៊ី ពិសេស​លើ​ផលិតផល​កសិកម្ម និង​ការ​បង្កើនជើង​ហោះហើរ​ពី​ណាន់នីង​ទៅ​កាន់​កម្ពុជា ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​​កម្ពស់​វិស័យ​ទេស​ចរណ៍ នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រីក​ចំរើន​ថែម​ទៀត។

​ដោយ​ឡែក​ ឯកឧត្តម លី ជីហេង អភិបាល​ខេត្ត​យូណាន​បាន​ថ្លែង​ថា ប្រជាជន​ចិន​នៅ​ទូទាំង​ប្រទេស ពិសេស​ប្រជាជន​ចិន​ខេត្ត​យូណាន​មាន​ការ​គោរព​ស្រឡាញ់​សម្តេច​តេជោ​ខ្លាំង​ ណាស់ ដែល​តាម​រយៈ នេះ​ឯកឧត្តម​សូម​គោរព​អញ្ជើញ​សម្តេច​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ខេត្ត​យូណាន​ តាម​ពេល​វេលា​ដ៏​សមស្រប​​ណា​មួយ។

ឯកឧត្តម លី ជីហេង ​​​បន្ត​ថា ប្រជាជន​ចិន​រង់ចាំ​ស្វាគមន៍​សម្តេច​តេជោ​គ្រប់​ពេល​វេលា​ពោល គឺ​ប្រជាជន​ចិន​ចាត់​ទុក​សម្តេច​តេជោ​គឺ​ជា​បង​ប្អូន​របស់​ប្រជាជន​ចិន។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងឯកឧត្តម​អភិបាល​ខេត្ត​យូណាន ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​ពី​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​​លើ​វិស័យ​ទេស​ចរណ៍ ដោយ​សារ​តែ​ខេត្ត​យូណាន់​គឺ​ជា​ខេត្ត​មួយ ដែល​មាន​សក្តា​នុពល​​លើ​វិស័យ​ទេសចរណ៍ និង​ជា​ខេត្ត​មួយ​ដែល​មាន​ចំណត​​អាកាសដ្ឋាន​អន្តរជាតិ​លំដាប់​ទី ៤ នៅ​ក្នុង​ប្រទេស​ចិន៕