Wednesday, September 4, 2013

សម្តេច​​តេជោ៖ កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​អាស៊ាន-ចិន​​គឺ​ពិត​​ជា​​កត្តា​​​សំខាន់​​មិន​​អាច​​ខ្វះ​បាន

សម្តេចអគ្គមហាសេនា​បតី​​តេជោ​ ហ៊ុន សែន ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​សុវត្ថិភាព​នៅ​វេលា ​ម៉ោង ៣ និង ១៥ នាទី​រសៀល​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ចូល​រួម​​និង​ថ្លែង​សន្ទរកថាចាប់​អារម្មណ៍​ក្នុង​ពិធី​បើកពិព័រណ៍​អាស៊ាន-ចិនលើក​ទី​១០ និង​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​វិនិយោគ​អាស៊ាន-ចិន​លើក​ទី១០ នៅ​ទីក្រុង​ណាន់នីង តំបន់ស្វយ័ត​ក្វាងស៊ី សាធា​​រណ​រដ្ឋ​ប្រជាមានិត​ចិន​ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា ។

​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍វាយ​តម្លៃ​​ថា ​ ការ​​ធ្វើ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​អាស៊ាន-ចិន គឺ​ពិត​ជា​កត្តា​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែន ការ​​សកម្មភាព​ថ្មី​នៃ «សេចក្តី​ប្រកាស​រួម​អំពី​ភាព​ជា​ដៃគូ​ជា​យុទ្ធ​សាស្រ្ត​អាស៊ាន-ចិន សម្រាប់​សន្តិភាព និង​វិបុល​ភាព ឆ្នាំ ២០១១-២០១៥»ដែល ​ជា​ថាមពល​បំពេញ​បន្ថែម​ដ៏​សំខាន់​សម្រាប់​អាស៊ាន នៅ​ក្នុង កិច្ច​ប្រឹងប្រែង​របស់​យើង ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ ២០១៥។ លើស​ពី នេះ​ទៀត ជាមួយ​នឹង​និម្មាបនកម្ម​តំបន់​ដែល​កំពុង​ផុស​ឡើង​មក​នេះ យើង​ត្រូវ​តែ​ធានា​ថា កិច្ច​ព្រម ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន-ចិន នៅ​តែ​មាន​ប្រយោជន៍ មាន​ភាព​រស់​រវើក និង​មាន​អត្ថន័យ​ពាណិជ្ជ​កម្ម​សម្រាប់​សកម្ម​ភាព​ធុរកិច្ច​ក្នុង​តំបន់។ ហេតុ​នេះ យើង​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្តន៍​កិច្ច​ព្រមព្រៀង​នេះ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​លើក​កម្ពស់ និង​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី ដែល​ទំនើប និង​ស៊ី​ជម្រៅ​ជាង​មុន។ សម្តេច​តេជោ​​សែន មាន​ប្រសាសន៍​បញ្ជាក់​ថា ដោយ​សារ​តួនាទី​នៃ​សេដ្ឋកិច្ច​របស់​ចិន តំបន់​អាស៊ី​របស់​យើង មិន​ត្រឹម​តែ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ក្លាយ​ជា​តំបន់​នាំ​មុខ​នូវ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ​ពិភព​លោក​ទៀត​ផង។

នៅ​ក្នុង​សុន្ទរកថា​​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​កត់​ សម្គាល់​ថា ទំនាក់​ទំនង​ជា​យុទ្ធសាស្រ្ត​រវាង​អាស៊ាន និង​ចិន​បាន​វិវត្តន៍​ឈាន​ឡើង​ទៅ​មុខ​យ៉ាង​លឿន​លើ​គ្រប់​វិស័យ ហើយ​ថែម​ទាំង​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ជា​កម្លាំង​ចលករ​សម្រាប់​ស្ថិរភាព​តំបន់។ សម្តេច​តេជោ​ថ្លែង​ថា ពិព័រណ៍​អាស៊ាន-ចិន និង​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន-ចិន ដែល​យើង​បាន​បង្កើត​ឡើង​១០​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ក្លាយ​ទៅ​ជា​វេទិកា​ដ៏​រឹងមាំ និង​ប្រកប​ដោយ​ជោគ​ជ័យ សម្រាប់​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម និង​សម្រាប់ជំរុញ​តំបន់​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន-ចិន លើស​ពី​នេះ​ទៀត វេទិកា​នេះ​ក៏​បាន​ផ្តល់​ផង​ដែរ​នូវ​កាលានុវត្តភាព​នៃ​កិច្ច​ សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សម្រាប់​ភាគី​ទាំង​ពីរ​នៅ​ក្នុង​បរិការណ៍​នៃ​និម្មាបនកម្មថ្មី សកល​លោក។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា ប្រសិន​បើ​ពិនិត្យ​ឡើង​វិញ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​លឿន​របស់​ចិន នៅ​ក្នុង​រយៈ​ពេល២ ទសវត្សរ៍​ចុង​ក្រោយ​នេះ យើង​អាច​មើល​ឃើញ​ថា កិច្ច​អភិវឌ្ឍ​នេះ​បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​អាស៊ាន ហើយ​ប្រទេស​ចិន​បាន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​ជាង​គេ​ទី​៣ របស់​អាស៊ាន។ បើ​យោង​តាម​ស្ថិតិ​របស់​ចិន​នៅ​ដំណាច់​ឆ្នាំ ២០១២ កន្លង​ទៅ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​អាស៊ាន-ចិន​សម្រេច​បាន​ប្រមាណ ៤០០ ពាន់​លាន​ដុល្លារ។ បើ​និន្នាការ​នេះ​នៅ​បន្ត​នោះ ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​អាស៊ាន-ចិន​ពិត​ជា​អាច​សម្រេច​បាន​ដល់​ប្រមាណ ៥០០ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០១៥ ស្រប​តាម​គោល​ដៅ​ដែល​ថ្នាក់​ដឹកនាំ​អាស៊ាន-ចិន​បាន​កំណត់។

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ការ​បង្កើត​ពិព័រណ៍​អាស៊ាន-ចិន​នៅ​ឆ្នាំ ២០០៤ មក កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-ចិន ​ក៏​សម្រេច​បាន​នូវ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា។ កម្ពុជា​ទទួល​បាន​នូវ​ការ​វិនិយោគ​យ៉ាង​ច្រើន​ពី​វិស័យ​ឯកជន​របស់​ចិន ពិសេស​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម័្ពន្ធ ថាមពល បច្ចេក​វិទ្យា​ព័ត៌មាន និង​ទូរ​គមនាគមន៍ កសិកម្ម និង​ទេសចរណ៍។ ពាណិជ្ជកម្ម​ទ្វេ​ភាគី​របស់​យើង​ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដែល​តាម​សិ្ថតិ​របស់​មិត្ត​ចិន​គឺ​មាន​ទំហំ​ប្រមាណ ២,៩ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១២ កន្លង​ទៅ​នេះ។ប្រការ​នេះ​បាន​ផ្តល់​នូវ​ជំនឿ​ដោយ​សុទិដ្ឋិនិយម​​ថា គោល​ដៅ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា-ចិន​ចំនួន ៥ ពាន់​លាន​ដុល្លារ​សម្រាប់ ឆ្នាំ ២០១៧ គឺ​ទំនង​ជា​នឹង​សម្រេច​បាន​ជា​មិន​ខាន៕