Friday, November 1, 2013

សម្តេច​​តេ​ជោ​​គាំទ្រ​​សំណើរ​របស់​​អគ្គ​លេខាធិកា​រ​អង្គការ​​ទេសចរណ៍​​ពិភពលោក

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​គាំទ្រ​សំណើរ ៣ចំណុច​របស់​លោកបណ្ឌិត តា​លី​ប រី​ហ្វា​យ (Taleb Rifai) ​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក ​ក្នុង​ឱកាស​ទទួល​ជួប​សវនាការ​នៅ​វិមាន​សន្តិភាព​ ទីស្តីការ​នាយករដ្ឋមន្ត្រី​កាលពី​រសៀល​ថ្ងៃទី​៣១ ខែតុលា​ ឆ្នាំ​២០១៣។ តែ​សម្តេច​តេជោបាន​លើក​ជា​អនុសាសន៍​ថា យើង​ចង់​ធ្វើ​យ៉ាងណា​កុំឱ្យ​ទេសចរ​ទន្ទ្រាន​វប្បធម៌​ ផ្ទុយ​ទៅ​វិញ​គឺ​អភិរក្ស​វប្បធម៌​​ដើម្បី​ទាក់ទាញទេសចរ​ណ៍។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា ​លោកបណ្ឌិត តា​លី​ប រី​ហ្វា​យ (Taleb Rifai)  អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក បាន​លើកឡើង​នូវ​សំណើរ​ ៣ចំនុច សុំ​ការគាំទ្រ​ពី​សម្តេច​តេជោនាយករដ្ឋមន្ត្រី ទី​១ គឺ​ការរៀបចំ​ប្រជុំ​ការងារ ទេសចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមសហការ​ជាមួយ​អង្គការ​យូណេស្កូ​ ដែលមាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ រួម​នឹង​វិស័យ​ឯកជន​ផងដែរ។ ទី​២​ ការបណ្តុះ​បណ្តាល​​ធនធានមនុស្ស​ដោយ​លោកបញ្ជាក់ថា នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង ​ជា​ពិសេស​បង្កើត​នូវ​​មជ្ឈមណ្ឌល​មួយ​ដែល​មានឈ្មោះ​ថា ឌឹ​សិន​ធើ អិក​ហ្សឺ​ឡិន ដើម្បី​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​​លើ​វិស័យទេសចរណ៍ ​ធ្វើយ៉ាងណា​ឱ្យមាន​កម្រិត​ស្តង់ដារ​តែមួយ និង​ទី​៣ ​គឺ​ការបង្កើត​ក្រុមប្រឹក្សា​រក​ទីផ្សារ ​ដែល​ក្នុងនោះ​មាន​ពាក់ព័ន្ធនឹង​ច្បាប់​សម្រាប់​ការបង្កើត​នេះ​ផងដែរ។​លោក​​បណ្ឌិត តា​លី​ប រី​ហ្វា​យ បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​កាលពី​ឆ្នាំ២០១០ រហូតមកដល់​ពេលនេះ​ លោក​បានឃើញ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​យ៉ាងពិត​ប្រាកដ ហើយ​កម្ពុជា​បានក្លាយ​ទៅជា​ទិសដៅ​ទេសចរណ៍​ដ៏​ពិតៗ និង​​មាន​ប្រជាជន​ជាច្រើន ដែល​បាននិង​កំពុង​និយាយ​ពី​កម្ពុជា​ថា មាន​សេដ្ឋកិច្ច​ល្អ និង​នយោ​បាយ​​ល្អ ព្រមទាំង​កំពុងតែ​កសាង​នូវ​ប្រទេស​មួយ​ដ៏​ស្រស់​ស្អាត​នៅ​លើ​ពិភពលោក។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​គាំទ្រ​នូវ​ចំនុច​ទាំង​៣ ​ដែល​លោក​បណ្ឌិត តា​លី​ប រី​ហ្វា​យ (Taleb Rifai) បាន​លើក​ឡើងដោយ​សម្ដេចមានប្រសាសន៍ថា ទោះ​បីជា​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក៏ដោយ​ក៏​កម្ពុជា​នៅតែ​មាន​ សក្តានុពល​នៅឡើយ​ហើយ​វិស័យ ទេស​ចរណ៍​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ដល់​ការជំរុញ​ការកាត់បន្ថយ​ភាព​ក្រីក្រ។ ​​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​​ថា យើង​ចង់​ធ្វើយ៉ាងណា​កុំ​ឱ្យ​ទេសចរ​ទន្ទ្រាន​វប្បធម៌​តែ​ផ្ទុយទៅវិញ​គឺ​ អភិរក្ស​វប្បធម៌​ដើម្បី​ទាក់ទាញ​ទេសចរណ៍​៕