Friday, November 1, 2013

បទអត្ថាធិប្បាយ ៖ គណបក្ស​ប្រឆាំង​ស្ថិត​ក្នុង​សភា​ព​ បរាជ័យហើយ បរាជ័យ​ទៀត​!

     ​ ​​​​​​​​​   ​   ​        ​           ​​   ​
ដោយ​ ពង្ស​ សុក្រឹត្យ​​

ក្រោយ​ពី​​​សកម្មភាព​​​ឆ្លេរឆ្លា​ទៅ​​បំពុល​​មតិ​​​អន្តរជាតិ​​ ​រួម​មាន​​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជា​ជាតិ កុំឲ្យ​ទទួល​ស្គាល់​រាជរដ្ឋា​ភិ​បាល​​កម្ពុជា និង​ការ​ដាក់​ញត្តិ​ ត្រូវ​​ទទួល​បរាជ័យ​មក​​​ ​​​​​​បក្ស​ប្រឆាំង​ នៅ​តែ​ចិញ្ចឹម​ចិត្ត​​មានះ ​​មិន​ព្រម​ទទួល​ស្គាល់​​​ការ​ពិត ​ ហើយ​បាន​បង្ហាញ​​​កាន់​តែ​​ច្បាស់​​ថែម​​ទៀត​ តាម​រយៈការ​ចេញ​លិខិត​ចំហរ​ ស្តី​ពី​​​ការ​​ញុះញង់​ រារាំងទៅ​ដល់​​បណ្តា​​ប្រទេស​ ​ឬ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​នានា​ និង​អ្នក​វិនិយោគ​​នានា​ ឲ្យ​​មាន​ការ​ចាប់​អារម្មណ៏​ ចំពោះ​គណបក្ស​ចាញ់​ឆ្នោត​របស់​ខ្លួនទៀត​ផង​។​​​ ​

នយោបាយ​ប្រឆាំង​នឹង​​ផល​ប្រយោជន៍​​ជាតិ ដោយ​ការ​រាំង​ខ្ទប់​ជំនួយ​ពី​បរទេស​របស់​បក្ស​ប្រឆាំង​ គឺ​មាន​ជាយូរយារ​ណាស់​មក​ហើយ​ តាំង​ពី​អាណត្តិ​មុន​ៗ​មក​ម្លេះ​។ ប៉ុន្តែ​ ការ​ភូត​កុហក់​ និង​បំភ្លៃ​ការពិត​ អំពី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ គឺ​មិនអាច​បិទបាំង​ភ្នែក​ អន្តរជាតិ​ ស្ថាប័ន​ផ្តល់​​ប្រាក់​កម្ចី​ និង​វិនិយោគ​គិន​ នានា​បាន​ឡើយ​​។

​លិខិត​ចំហរ​របស់​​បក្ស​ប្រឆាំង​ ព្រមាន​ទៅ​ដល់បណ្តា​ប្រទេស​​​ផ្តល់​ជំនួយ​ ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​អន្តរជាតិ​​ និង​​អ្នក​វិនិយោគ​នានា​  គឺបាន​បញ្ជាក់​យ៉ាង​​ច្បាស់​ថា​ គណបក្ស​នេះមិន​បាន​ចូល​រួម​​សកម្មភាព​​​ធ្វើ​​ឲ្យ​​ជីវភាព​​ប្រជាពលរដ្ឋកាន់​តែ​ប្រសើរ​ឡើយ​។​​ ផ្ទុយ​ទៅ​វិញ​ ជា​គំនិត​ រឹតក​​​​​ប្រជាពលរដ្ឋ​​កុំ​ឲ្យ​មាន​ជីវភាព​​​ធូរធារ​​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​​កំពុង​ជួប​​ប្រទះ​​នូវ​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ ​និង​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់​ ​។​

ទង្វើ​ខ្វះ​ការ​ពិចារណា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជាទង្វើ​ក្បត់​នឹង​ឆន្ទៈ​ប្រជា​ពលរដ្ឋ​​​ខ្មែរ​​ទាំង​ស្រុង​ ព្រោះ​ប្រជាពលរដ្ឋ​ ​​ត្រូវ​ការ​​ឲ្យ​មាន​អ្នក​វិនិយោគ​ចូល​មក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​​នៅ​កម្ពុជា​ ប្រជាពលរដ្ឋ​​ត្រូវ​ការ​ជំនួយ​ពី​បរទេស​ ដើម្បី​ជា​ប្រយោជន៍​​កសាង​បន្ត​នូវ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​នានា​ ដូច​ជា​​ប្រព័ន្ធ​ធារាសាស្ត្រ​ ស្ពាន​ ផ្លូវ​ ជាដើម ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ កាន់​តែ​ប្រសើរ​ឡើង​។​ ដូច្នេះ​ នេះ​ជា​យុទ្ធសាស្ត្រ​​បង្កទំនាស់ចុង​ក្រោយ​​​​​​​​របស់​​បក្ស​ប្រឆាំង នៅ​ពេល​ដែល​សន្លឹក​បៀរ​​ចូល​​តុ​ចរចា ត្រូវ​បាន​លើក​ឡើងជា​បន្ត​បន្ទាប់​​​ដោយ​​ក្រុម​​សង្គម​ស៊ីវិលដែល​ជាដៃ​គូរ​របស់​​គេ​។​ ទោះ​បី​ជា​បក្ស​ប្រឆាំង ​ខិត​ខំញុះញង់ប្រជាពលរដ្ឋ​​​ផង​ បំផុស​បាតុកម្មផង​ ធ្វើ​ញត្តិ​ផង​ និង​គម្រាម​ម្ចាស់​ជំនួយ និង​អ្នក​វិនិយោគ​ផង​។ ប៉ុន្តែ​ ទោះជា​យ៉ាង​ណាក៏​ដោយ ក៏​សហគមន៍​អន្តរជាតិ​ នៅ​តែ​មើល​ឃើញ​អំ​ពី​សច្ចៈធម៌​របស់​រាជ​រដ្ឋាភិបាល​ជានិច្ច​។​​

បើ​តាម​នាយក​​ប្រតិ​បត្តិ ADB ប្រចាំ​​កម្ពុជា លោក Eric Sidgwick បាន​ឲ្យ​ដឹង​​​ថា ទោះ​បី​​ជា​   គ​ណ​​បក្ស​សង្គ្រោះ​​ជាតិ បង្ក​ចលាចល​ ធ្វើ​មហា​បាតុកម្ម​អហិង្សា​​​យ៉ាង​ណា​ក៏​ដោយ​​​ ក៏​​មិន​មាន​​​ផល​ប៉ះពាល់​អ្វី​​ចំពោះ​សេដ្ឋកិច្ច​​នៅ​កម្ពុជា​ឡើយ​​។​​​ លោក​សង្កេត​ឃើញ​ថា ​វិនិយោ​គិន ​​​​នៅ​តែ​​​មាន​​សុទិដ្ឋិនិយម​​ចំពោះ​បរិយា​​កាស​​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​ ការ​ប្រកូក​​ប្រកាស​ របស់​​គណបក្ស​សង្គ្រោះ​​ជាតិ​ គឺ​មិនអាច​រារាំង​ចំពោះ​សហគមន៍​បរទេស​ ឬ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​នានា​បាន​ទេ​ ព្រោះ​ស្ថាប័ន​ទាំង​នោះ​ បាន​តាម​ដាន​នូវ​រាល់​សកម្មភាព​របស់​រាជរដ្ឋា​ភិ​បាល​​កម្ពុជា និង​បាន​ដឹង​ច្បាស់​​ ថា រាជ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ គឺធ្វើ​សម​ស្រប​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ និង​គ្មាន​អ្វី​បង្ក​ជា​ឧបសគ្គក្នុង​ការ​ចូល​រួម​សហការនោះ​ទេ​។

ស្ថានភាព​នៃ​ដំណើរ​​​​ការ​​​លទ្ធិ​​ប្រជាធិ​​បតេយ្យ​​​​​​​នៅ​កម្ពុជា បាន​និង​កំ​ពុង​បោះ​ជំ​ហាន​ឆ្ពោះ​ទៅ​មុខប្រកប​ដោយ​ភាព​វិជ្ជមាន​​​ ហើយ​ត្រូវ​បាន​សាធារណៈ​មតិ​ ទទួល​ស្គាល់​ និង​ចេញ​សារលិខិត​​អបអរ​សាទរ​​ជាបន្តបន្ទាប់ចំ​ពោះ​រាជ​រដ្ឋាភិបាល និង​សភា​អណត្តិ​ទី​៥នេះ​។

​ជាក់​ស្តែង​ថ្មី​ៗ​នេះ​ ដើ​ម្បី​ជំរុញ​កិច្ច​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​ សង្គម​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ រាជ​រដ្ឋាភិបាល​ជប៉ុន​ បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ជាបន្ត​បន្ទាប់​ ដល់​រាជរដ្ឋាភិបាល​​កម្ពុជា​​​​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ កម្ពុជា​ ជប៉ុន​ កាន់តែ​រឹង​មាំ​ថែម​ទៀត​។​ នៅក្នុង​ជំនួប​ រវាង​ឯកឧត្តម​ អូន​ ព័ន្ធ​មុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយ​ឯកឧត្តម​ KUMAMARU Yuji ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​កម្ពុជា​ ភាគី​ជប៉ុន​បាន​ពិភាក្សា​​​ក្នុង​ការ​ជួយគាំ​ទ្រ​ ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញប្បទាន​ឥត​សំណង​​​ ឥណទាន​​សម្បទាន​ និង​បច្ចេកទេស​។​ រាជ​រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​ថា​ ​នឹង​ខិត​ខំ​បន្ត​ជម្រុញ​ឲ្យ​​វិនិយោគិន​ ជប៉ុន​ មក​បណ្តាក់​ទុន​នៅកម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាងពេល​​នេះ​ថែម​​ទៀត​។​​​​​

ទន្ទឹម​នឹង​នេះ​ ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​កញ្ញា បង្ហាញថា រាជរដ្ឋាភិបាល នឹង​ខិតខំ​សម្រេច​​ឲ្យ​បាន​​​នូវ​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​​៧​ភាគ​រយ​ក្នុង​មួយឆ្នាំ ដើម្បី​ធ្វើឲ្យ​កម្ពុជា អាច​ចាកចេញ​ផុត​​ពី​​ប្រទេស​មាន​ចំណូល​ទាប ឈានឡើង​ជា​ប្រទេស មាន​​ចំណូល​មធ្យម​កម្រិត​ទាប យ៉ាង​យូរ​​នៅ​ឆ្នាំ​២០១៨ និង​ក្លាយជា​ប្រទស​មាន​ចំណូល​​មធ្យម​​កម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ រាជរដ្ឋាភិបាល ក៏​នឹង​បន្ត​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន​​សេដ្ឋ​កិច្ច ដោយ​​ឈរ​​លើ​​មូល​ដ្ឋាន​ភាព​​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ផ្សារភ្ជាប់​​សេដ្ឋកិច្ចកម្ពុជា​​ជាមួយ​បណ្តាញ​ផលិតកម្ម​ក្នុង​តំបន់​ផង​ដែរ​។​

សរុប​មក​ ការ​ព្យាយាមមិនទទួល​ស្គាល់​ការ​ពិត​ ​តាម​គ្រប់​រូប​ភាព​របស់​បក្ស​ប្រឆាំង​ ត្រូវ​ទទួល​បរាជ័យ​ ទាំង​នៅ​ក្នុង​ប្រទេស​ និង​លើ​ឆាក​អន្តរជាតិ​ និង​ធ្វើ​ឲ្យ​មេ​បក្ស​ទាំង​ពីរ​កាន់​តែ​អស់​សង្ឃឹម​ខ្លាំង​ឡើងៗ​ ហើយ​ទី​បំផុត​គឺ​មាន​តែ​ការ​បន្ទន់​ឥរិយា​បថ​ក្នុង​ការ​ចូល​តុ​ចរចា​ ដោយ​ស្ងៀម​ស្ងាត់​ ដើម្បី​លុប​លាង​នូវ​ភាព​អាម៉ាស់​ចំពោះ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​៕​