Friday, December 27, 2013

ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន ប្រគល់​​ប្រាក់​រង្វាន់​​ដល់​កីឡាករ​ កីឡាកា​រិនី​​ប៉េតង់​ក្នុង​​ការ​ប្រកួត​​ពាន​រង្វាន់​ពិភព​លោក​

ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សហ​ព​ន្ធ័​កីឡា​បូល និង​ប៉េតង់​កម្ពុជា នាថៃ្ង​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ បាន​អញ្ជើញ​​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ ​កីឡាការិនី​ប៉េតង់ និង​បានប្រគល់​រង្វាន់​ដល់​កីឡាករ​ ​កីឡាការិនី ​ដែល​ទទួលបាន​មេដាយ​ពី​ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​ពិភពលោក នៅ​​ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា  ​ជោគជ័យ​ដែលកីឡាករ​ កីឡាការិនី​កម្ពុជា​យើង​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​ដែល​បង្ហាញ​នូវ​កេ​ត្យា​នុ​ភាព​ជាតិ និង​កេរ្តិ៍​ឈ្មោះរបស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរ​ជាតិ ដើម្បី​បញ្ញា​ក់ថា កម្ពុជា​យើង​ក៏​សម្បូរ​ទៅដោយ​ធនធានមនុស្ស​មាន​ទេពកោសល្យ​ក្នុង​វិស័យ​កីឡា។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បានមាន​ប្រសាសន៍​ដោយ​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី កីឡា​ប៉េតង់​ទាំង​អស់​ខិត​ខំ​ធ្វើការ​ហ្វឹក​ហាត់​ ឲ្យ​បាន​ខ្លាំង​ក្លា​ថែមទៀត ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​ការ​ដណ្តើមយក​មេដាយ​មក​ជូន​ជាតិ​មេ​តុ​ភូមិ។

ឯកឧត្តម ឌុ​ច ថូវ អនុប្រធាន​សហ​ព​ន្ធ័​កីឡា​បូល និង​ប៉េតង់​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា កីឡាករ​ កីឡា​ការ​នី ប៉េតង់​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៣​នេះ​ បាន​ដណ្តើមបាន​មេដាយ​ពី​ការ​​ប្រកួតប៉េតង់​ពានរង្វាន់​ពិ​ភព​លោក ពានរង្វាន់​អាស៊ី និង​ពានរង្វាន់​អាស៊ាន ដោយ​ឡែក​សម្រាប់​​ពាន​រង្វាន់​ពិភពលោកមានតែ​នារី​ទេ ការ​ប្រកួត​នេះ​មានប្រទេស​ចំនួន​៤១ ​ចូលរួម​ប្រកួត ក្នុងនោះ​កីឡា​ការិ​នី​កម្ពុជា កែ ឡេង ទទួលបាន​មេដាយមាស។ ប្រកួត​លើ​វី​ញ្ញា​សា​វាយយក​ពិន្ទុ​វាយ​ ៣​ ទល់ នឹង​៣ ​កម្ពុជា​ទទួលបាន​មេដាយសំរឹទ្ធ គឺ​កីឡា​ការិ​នី កែ ឡេង​, អ៊ុំ ចន្ត្រា​, អ៊ុក ស្រីមុំ និង​កីឡាការិនី ​អ៊ុន ស្រី​យ៉ា​។ សម្រាប់​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី​វិញ មាន​ប្រទេស​ចូលរួម​ប្រកួត​ចំនួន ​១៧​ប្រទេស ធ្វើការ​ប្រកួត​លើ ​២​ប្រភេទ​វិញ្ញាសារ ​គឺ​វិញ្ញាសា​វាយយក​ពិន្ទុ ​១​ទល់ និង​១ និង​ប្រកួត​ ៣​ទល់​នឹង ​៣។ ក្នុង​ការ​ប្រកួត​នេះ​  ​កម្ពុជាដណ្តើមបាន​មេដាយមាស​កីឡាករ ឌី សុ​បញ្ញា ប្រកួត​វិញ្ញាសា​វាយ​ ១​ ទល់​នឹង ​១ យក​ពិន្ទុ។ មេដាយប្រាក់​បាន​លើ​កីឡា​ការិ​នី​ កែ​ ឡេង​ ប្រកួត​លើ​វិញ្ញាសា ​១ ​ទល់ ​១។ ​វិញ្ញាសា​វាយ​ ៣​នាក់ ​ទល់នឹង​ ៣​នាក់ ​បុរស​កម្ពុជា ទទួលបានមេដាយសំរឹទ្ធ និង​វិញ្ញាសា​វាយ​ ៣​នាក់ ​ទល់នឹង ​៣​នាក់​នារី​កម្ពុជា​ទទួល​បាន​មេ​ដាយ​សំរឹទ្ធ។

ការប្រកួត​ថ្នាក់​អាស៊ាន​ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មី​ កីឡាការិនី កែ ឡេង ទទួលបាន​មេដាយ​មាស។ កីឡាករ ឌី សុ​បញ្ញា ទទួលបាន​មេដាយសំរឹទ្ធ។ កីឡាករ អ៊ុក សំណាង ទទួលបាន​មេ​ដាយ​សំរឹទ្ធ។ កញ្ញា អ៊ុន ស្រី​យ៉ា ទទួលបាន​មេដាយប្រាក់។ វិញ្ញាសា ២​នាក់​ ទល់នឹង​២​នាក់​បុរសទទួលបាន​មេដាយប្រាក់ និង​២​នាក់​ទល់ ​នឹង​២​នាក់​នារី ​ទទួលបានមេដាយសំរឹទ្ធប្រកួត​៣​នាក់​ ទល់នឹង​៣​នាក់ ​ចម្រុះទទួលបាន​មេដាយសំរឹទ្ធ និងប្រកួត​ចម្រុះ​បុរស ៣​នាក់​ទល់នឹង​៣​នាក់​ទទួលបាន​មេដាយប្រាក់។

រង្វាន់​ជ័យលាភី​ដែល​ត្រូវ​ប្រ​គល់​ជូននៅពេលនេះ គឺ​ប្រ​គល់​ជូន​តែ​កីឡា​ការិនី ​ដែល​បាន​មេ​ដាយ​មាស និង​សំរឹទ្ធ​ដែល​ដណ្តើមបាន​ពី​ការប្រកួត​ពានរង្វាន់​ពិភពលោក។ ក្នុង​នោះ​កីឡាករ​ចំនួន​៤រូប បាន​ទទួល​ប្រាក់​រង្វាន់ ដោយ​ក្នុង​មេ​ដាយ​មាស​​ទទួលបាន​រង្វាន់​ថវិកា ​៨០​លាន​រៀល មេដាយ​សំរឹទ្ធ​ទទួលបាន ​៤០​លាន​រៀល។ ​ដោយឡែកពានរង្វាន់​ដែល​ដណ្តើមបានពី​ពានរង្វាន់​ទ្វីបអាស៊ី និង​ពានរង្វាន់​អាស៊ាន នៅ​មិនទាន់​ប្រ​គល់​ជូន​នៅឡើយ​ទេ​៕