អត្ថបទដោយ: ឧត្តម សក្តិ
ការមិនទទួលស្គាល់ពីភាពបរាជយ័លើសមរភូមិប្រជាធិបតេយ្យ
តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក របស់មេដឹកនាំគណបក្សប្រឆាំង
បាន និងកំពុងរុញច្រានស្ថានការណ៍នយោបាយកម្ពុជាអោយធ្លាក់ក្នុងស្ថានភាពវឹកវដែលបង្ករទ្បើងដោយបាតុកម្មបែបអនាធិបតេយ្យ
រៀងរាល់ថ្ងៃដោយគ្មានច្បាប់ទម្លាប់ ។
ការសំរេចចិត្តយ៉ាងគ្រហើន
ក្នុងការយកដងផ្លូវ និងប្រជាជនក្នុងរាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំង ពីសំណាក់លោកសម
រង្ស៊ី និងលោក កឹម សុខា បានបង្កនូវការមិនសប្យាយចិត្ត, កំហឹង ការធុញទ្រាន់ និងមានការចោទសួរជាច្រើនអំពីសាធារណៈជនទូទៅថា
តើហេតុអ្វីបានជាលោកសម រង្ស៊ី និង កឹម សុខា ធ្វើបែបនេះ? ហេតុអ្វីបានជាលោកសម រង្ស៊ី មិនធ្វើបាតុកម្មនៅនឹងកន្លែងតែក្នុងទីលានប្រជាធិបតេយ្យដែលអាជ្ញាធរបានកំណត់ឲ្យ? ហេតុអ្វីបានជាមេបក្សប្រឆាំងជ្រើសរើសយកការដង្ហែក្បួនដែលបង្កឲ្យមានការកកស្ទះចរាចរណ៍
និងបង្កការំខានដ៏គួរឲ្យធុញទ្រាន់បែបនេះ?
រាល់សកម្មភាពទាំងអស់ត្រូវបានគេដឹងថា
ការធ្វើបាតុកម្មនៅនឹងកន្លែងនឹងមិនអាចប្រមែរប្រមូលអ្នកចូលរួមឲ្យបានច្រើនតាមចិត្តដែលលោកសម
រង្ស៊ី និង កឹម សុខា ចង់បាននោះឡើយ វានឹងកាន់តែខ្សត់មនុស្សចូលរួមទៅៗ។ យុទ្ធសាស្រ្តថ្មីរបស់គណបក្សប្រឆាំងតាមរយៈការហែរក្បួនឡាន
ម៉ូតូ សំដៅទីប្រជុំជនធំៗដែលមានសភាពមមាញឹក និងផ្លូវដែលតូចចង្អៀត
គឺជារបៀបកេងចំណេញចំនួនមនុស្សបានដោយងាយ។
តើហេតុអ្វីបានជាបក្សប្រឆាំងធ្វើបែបនេះ ? ការដែលគេធ្វើបែបនេះ គឺអាចធ្វើឲ្យគេមើលឃើញនូវទិដ្ឋភាពមួយផ្សេងលើកំលាំងចូលរួម
ពោលគឺនៅទីកន្លែងចង្អៀតនឹងមានមនុស្សច្រើន នៅពេលដែលក្បួនបាតុកម្មទៅដល់នឹងមានអ្នកឈរមើល
បូករួមជាមួយនឹងការកកស្ទះចរាចរណ៍ផង គឺទិដ្ឋភាពេលនោះនឹងពោរពេញទៅដោយហ្វូងមនុស្ស។
វិធីនេះ នៅពេលថតចេញជារូបភាព គឺពិតជាកកកុញពោរពេញទៅដោយហ្វូងមនុស្ស
បើទោះបីការពិតវាមិនដូចអ្វីដែលគេបានឃើញក្នុងរូបភាពនោះក៏ដោយ។
រូបភាពបែបបោកបញ្ឆោតនេះ ត្រូវបានគេយកទៅប្រើប្រាស់ក្នុងបណ្តាញទំនាក់ទំនងសង្គមថ្មី
(Facebook Youtube) ឬក៏តាមមធ្យោបាយនានា
ដើម្បីឃោសនាបង្ហាញពីកំលាំងគាំទ្ររបស់គេ ដើម្បីដាក់ការគាបសង្កត់មកលើរាជរដ្ឋាភិបាល
ពិសេសគណបក្សកាន់អំណាច តាមការប្រកូកប្រកាស់ថា គេមានអ្នកគាំទ្រជាច្រើនម៉ឺននាក់
។
យុទ្ធសាស្ត្រខាងលើនេះត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាបកស្រាយថា ការអនុវត្តនូវអ្វីដែល
មេបក្សប្រឆាំងហៅថាបាតុកម្មអហិង្សា ក្នុងចេតនាបង្កើតជាបដិវត្តមហាជន កំពុងតែធ្វើឲ្យមានចលនាបះបោរនាំឲ្យមានចលាចលសង្គម
តាមរយៈសកម្មភាពគៀងគរ បំផុសបំផុល តាមមនោគមវិជ្ជានៃការបោកបញ្ឆោតមនុស្សអោយចូលរួមបាតុកម្ម
ហែរក្បួនប្រសេចប្រសាចគ្មានសណ្តាប់ធ្នាប់
ពេញដងវិថីនានាក្នុងរាជធានីភ្នំពេញបើទោះបីអាជ្ញាធរមិនបានអនុញ្ញាតក៏ដោយនោះ
។
ការអុចអាល ញុះញុងមហាជនអោយក្រោកទ្បើងបះបោ មានតម្លៃស្មើ
ទៅនឹងការធ្វើរដ្ឋប្រហារ រំលោភលើឆន្ទៈរាស្រ្ត
តាមរយៈសន្លឹកឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។ ទង្វើនេះ គឺជារដ្ឋប្រហារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ
យ៉ាងជាក់ច្បាស់ ។
សកម្មភាពរបស់គណបក្សប្រឆាំង
គឺបានប្រាស់ចាកទាំងស្រុងពីផ្លូវច្បាប់ សីលធម៌ គុណធម៌ និងបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់យ៉ាងខ្លាំងដល់មុខរបបរទទួលទានរបស់ប្រជាពលរដ្ឋទូទៅ
។ ក្រៅពីនេះ សកម្មភាពអានាធិបតេយ្យនេះ គឺ បាន និងកំពុងទាញទម្លាក់នូវកិត្យានុភាពជាតិដែលមានអរិយធម៌ខ្ពង់ខ្ពស់
ប្រជាជាតិស៊ីវីលយ័ ឱ្យធ្លាក់ចូលក្នុងអន្លុងនៃភាពអាប់ឱន ដោយសារតែការឆ្គួតវង្វេង
និងការចង់បានអំណាចក្រៅរង្វង់ច្បាប់ តាមរយៈការបំផុសអោយមានបដិវត្តមហាជន ។
ទោះជាយ៉ាងណាក៏ដោយ
ប្រជាពលរដ្ឋនៅកម្ពុជាបានដឹងយ៉ាងច្បាស់ណាស់ថា ការដែលគណបក្សសង្គ្រោះជាតិ
យកដងផ្លូវ និងប្រជាជនក្នុងរាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំងនេះគឺ
វាផ្ទុយពីច្បាប់យ៉ាងជាក់ច្បាស់ ។
ពិតហើយថា
រដ្ឋធម្មនុញ្ញចែងអំពីសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋសម្តែងមតិ ការហែក្បួន
ការធ្វើបាតុកម្ម ប៉ុន្តែសិទ្ធិនោះ ត្រូវធ្វើអ្វីមួយស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់
និងត្រូវគោពសិទ្ធិរបស់អ្នកដទៃផង។ ប៉ុន្តែ
មេដឹកនាំគណបក្សប្រឆាំងមិនបានលើកកំពស់ការពង្រឹងនីតិរដ្ឋទេ
គឺមានតែការប្រមាថ និងជាន់ឈ្លីលើច្បាប់តែប៉ុណ្ណោះ។
ការពង្រឹងនីតិរដ្ឋ គឺមិនមែនជាអំពើបះបោរនៅតាមដងផ្លូវនោះទេ
។ បើកម្ពុជាជ្រើសរើសយកទម្លាប់បែបនោះមែន
គឺមិនចាំបាច់ធ្វើការបោះឆ្នោតនាំតែខាតថវិកាជាតិនោះឡើយ។