Friday, December 27, 2013

បទ​អត្ថាធិប្បាយ​ ដោយ៖ រួម​ ជាតិ​ បញ្ហាប្រាក់​ខែ​កម្មករ៖ « ច្រូតស្រូវក្នុងទឹក ប្រសើរជាងអត់ស្រូវច្រូត »

ដោយ៖ រួម​ ជាតិ​

        ការច្រូតស្រូវក្នុងទឹក គឺមានន័យថា វាពិបាកច្រូតជាងស្រូវដែល​គ្មាន​ទឹក​​​ ​​​ប៉ុន្តែផលស្រូវ គឺ​បាន​ប្រហាក់​ប្រហែលនឹង​ការ​ច្រូត​ស្រូវនៅ​​លើ​គោកដែរ ប៉ុន្តែ បើគ្មានស្រូវច្រូតវិញ​នោះ​​​​​​​​​​​​ ហ្នឹង​ហើយ​ទើប​ជា​ការ​ស៊យ និង​អាក្រក់​បំ​ផុត​។ យ៉ាងណាមិញ ការ​តម្លើង​ប្រាក់​ខែបន្ថែមលើប្រាក់ខែសម្រាប់​កម្មករកម្មការនី ​​​​​​ទោះបី​មិនទាន់​បាន​តាម​សំ​ណូម​ពរ១០០ភាគ​រយក៏​ពិត​មែន​ ក៏ប៉ុន្តែវាបាន​ជាផលប្រយោជន៍ដល់កម្មករ កម្មការនីយ៉ាង​ច្រើន ដើម្បី​សម្រួល​ក្នុង​ជី​វភាពផងដែរ។ ផ្ទុយ​ទៅ​វិញ​ បើ​សិន​ជា​ធ្វើ​ការ​តម្លើងដោយគំហ៊ុកពេក អាច​ជា​ហានិភ័យ​ធ្ងន់​ធ្ងរ​ដល់និយោជក​​​​​​​​​​​​​​​​ នឹងបណ្តាលឲ្យ​​ថៅកែរោងចក្រផ្នែកវិស័យកាត់ដេរ និងសម្លៀកបំពាក់រើទៅកាន់​​ប្រទេស​ផ្សេងនោះ តើអ្នកណាទទួលខុសត្រូវ? ហើយ​កម្ម​ករ​ខ្មែររាប់ម៉ឺន​នាក់​នឹង​ប្រឈម​ ការ​លំ​បាក វេទនា​យ៉ាង​ណា​ខ្លះ?

          យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ គឺ​ការសម្រេចដំឡើងប្រាក់ឈ្នួល​​​​​​អប្បបរមាដល់​កម្មករ វាជា​​​សមត្ថកិច្ច​​​​​របស់គណៈ​​​កម្មការ​​ប្រឹក្សា​​ការងារ ​​​​ដែល​​​​​ជាយន្តការ​​​ត្រីភាគី​​​​​រវាង ​រាជរដ្ឋាភិបាល ​​តំណាងអង្គការនិយោជក    និងតំណាងអង្គការសហជីព
និយោជិត។ ក្នុងយន្តការនេះ ភាគីនីមួយៗមានសិទ្ធិលើកសំណើររបស់ខ្លួន​​​ ឯការសម្រេច​ គឺត្រូវយក​សម្លេង​ភាគច្រើននៃគណៈកម្មការប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី មិនមែនជាយន្តការផ្តាច់មុខរបស់ភាគី​ណា​មួយ​នោះទេ។

          ជាលទ្ធផល​នៃ​ការ​ពិភាក្សា និង​យោង​លើ​ស្ថានការណ៍​ចាំ​បាច់​ យន្ត​ការ​ត្រី​ភាគី​ ក៏​បានចេញ​នូវ​សេចក្តី​សម្រេច​​​​​​​​របស់​ខ្លួន​ គឺ​ចាប់​ពីថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០១៤ តទៅ ដល់ឆ្នាំ២០១៨  នឹង​មាន​ការ​ដំឡើងប្រាក់​បន្ថែម​ដល់​កម្មករពីដល់​១៥ដុល្លារ ដល់​១៧​ដុល្លារ ។ បាន​ន័យថា បន្ថែម​ប្រាក់​ឈ្នួល​ពី​៨០ ដុល្លារ រហូត​ដល់១៦០ ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ ដុល្លារ ដល់១៥៥ ដុល្លារ សម្រាប់កម្មករសាកល្បង។ ចំ​ពោះ​ការ​ដំ​ឡើង​ប្រាក់​ខែកម្មករ​នេះ នឹង​ធ្វើ​ឡើង​រៀងរាល់ឆ្នាំ និងនៅពេលវេលាចាំបាច់ គឺ​នឹង​មានការ​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់ទៀត។

ការប្រកាសនេះ វាពិតជាសបញ្ជាក់ឲ្យឃើញពីការ​យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និយោជក និង​សហជីពមួយចំនួន ក្នុង​ការ​លើក​កម្ពស់​ជី​វភាព​រស់​នៅ​របស់​កម្មករ វាផ្ទុយពីក្រុម​របស់​ លោក រ៉ុង ឈុន ដែល​ប្រើ​ឈ្មោះ​ជា​សហភាព​សហជីព ប៉ុន្តែការពិត​ បា​ន​ និង​កំ​ពុង​ធ្វើ​សកម្មភាព ​គ្មាន​ច្បាប់ទម្លាប់​ ជា​មួយ​នឹង​ ប្រធាន​គណបក្ស​ប្រឆាំង ដែល​បានឆក់​យកចំណេញ​ខាង​នយោ​បា​យ​របស់ខ្លួនលើ​បញ្ហា​នេះ​  ហើយ​ ដើរញុះ​ញង់​កម្មករ ឲ្យចូលរួមធ្វើបាតុកម្មជា​មួយ​គណបក្ស​ខ្លួន​ ដោយទាម​ទារឱ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ដំឡើង​ឲ្យ​​បាន​១៦០​ដុល្លារ​នៅឆ្នាំ២០១៤ នេះ​តែម្តង ។

នេះ​ ជា​ការ​ដាក់​គំ​នាប​មក​លើ​រាជ​រដ្ឋាភិបាល​ ដោយ​ពុំ​បាន​គិត​អំពី​ផល​វិបាក​របស់​និយោជក ដែល​កំ​ពុង​ប្រឈម​ នឹង​ស្ថានការ​ណ៍​ទើប​នឹង​ងើប​ឡើង​នៃ​វិបត្តិ​សេដ្ឋកិច្ច​។

ការពិត​ វាគ្រាន់តែជាការបោកបញ្ឆោត ល្បួង និង​កៀង​គកម្លាំង​កម្មករ​ ក្នុង​ទិសដៅ​បំ​រើ​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន ដែលធ្វើ​ឱ្យ​​ក្រុម​កម្មករ​​បាន​​​​លុង​​​​​​​​​​​ និង​ជឿតាម​សម្តី​បោក​ប្រាស់​នេះ និងមិន​បាន​ គិតពីផលប៉ះពាល់ដល់កម្មករ ជា​មួយ​​ការ​ប្រឈម​នឹង​បាត់​បង់​ការ​ងារ​ នៅ​ពេលដែលការទាមទារយ៉ាង​លឿន​​នេះ​អាចធ្វើឲ្យ​និយោជក ​ខាតបង់ ហើយឈប់បន្តរកស៊ីវិនិយោគ​​នៅកម្ពុជា។

សួរថា ប្រសិនបើនិយោជកផ្នែកវិស័យកាត់ដេរ និងសម្លៀកបំពាក់​​​​​​​​​​​​បិទទ្វារ ហើយ​​​ដូរគោល​ដៅ​ទៅ​ប្រទេស​ដ៏ទៃ​ទៀត​នោះ តើមេដឹកនាំគណបក្សសង្រ្គោះជាតិហ៊ាន​​​ទទួលខុសត្រូវ​​ចំពោះ​​ជីវភាព​​គ្រួសារ ​របស់​កម្មករ​ដែរ​ឬ​ទេ?។ ហើយ​នៅពេលដាច់ខែម្តងៗឪពុកម្តាយ ក្រុម​គ្រួសារ​របស់កម្មករ​​​តែងតែទន្ទឹងរង់ចាំ ​​ប្រាក់​ខែ​​​​របស់កូន​​​ដែលផ្ញើរ​​​រៀង​រាល់​ខែសម្រាប់​តម្រូវការ​​​ក្នុង ​គ្រួសារនីមួយៗ។ ​​​​​​​ប៉ុន្តែ​​ប្រសិន​​រោង​ចក្រ​បិទទ្វា ហើយ​​​កូន​​របស់​ខ្លួនវិលត្រឡប់​​​ទៅផ្ទះឯស្រុក​​​កំណើតវិញ​​​​​​​ប្រាកដជា​ នឹង​​​ជួប​​​​ប្រទះ​​លើការ​​ខ្វះ​​​ខាតប្រាក់​​លើការ​ចំណាយ​​​ក្នុងគ្រួសារ​ ​​​ជា​ក់​ជា​ពុំ​ខាន​ ​​​​។ បើ​ជួប​ស្ថានភាពអញ្ចឹងគ្រប់គ្នា​​នៅតាមជនបទនានានោះ  ​តើ​គណបក្ស​សង្រ្គោះ​ជាតិ​​​ទទួល​ខុស​ត្រូវយ៉ាង​ដូចម្តេច? ។

ការ​ដឹក​នាំ​ប្រទេស​ មិន​មែន​គេធ្វើ​តាម​អារម្មណ៍​នោះឡើយ គឺគេត្រូវ​មាន​​យន្ត​ការដោះ​ស្រាយ​ជា​ជំ​ហាន​ៗ ដើម្បីបញ្ចៀសនូវ​ផល​វិបាក​ផ្សេងៗដែល​នឹង​ត្រឡប់​វិញ​។ ប៉ុន្តែ គណ​បក្ស​សង្រ្គោះជាតិ ដែល​មិន​មែន​ជា​រាជ​រដ្ឋាភិបាល គឺ​មិន​ខ្វល់​អំពីការ​លំ​បាកទាំង​នោះ​ទេ ដោយ​សារ​ពួក​គេមាន​តែ​ការ​សន្យាខ្យល់ គឺ​វា​ងាយ​ស្រួល​បំ​ផុត​ ប៉ុន្តែ ការ​ពិត​មិន​ដូច្នោះ​ឡើយ។ ដូច្នេះ ការ​សុខចិត្ត​ទទួល​យក​ប្រាក់​ខែ​សមរម្យ និង​ទទួល​បាន​ផល​ជា​បន្ត​បន្ទាប់ គឺវា​ប្រសើ​ជា​ងបាត់​បង់​ទាំង​ស្រុង ក្នុង​ន័យ​ថា «ច្រូតស្រូវ​ក្នុង​ទឹក ប្រសើរជាងអត់ស្រូវច្រូត»