Tuesday, February 25, 2014

កម្ពុជា-វៀត​ណាម​​ជំរុញ​​ឲ្យ​​មាន​​កិច្ច​​សហ​​ប្រតិ​បត្តិការ​​សម្រាប់​​ការ​​តភ្ជាប់​​ខឿន​​សេដ្ឋកិច្ច​​ប្រទេស​​ទាំង​​ពីរ​

នៅ ​ក្នុង​ជំនួបសម្តែង​ការគួរ​សម​ ជាមួយ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព​ ទីស្តីការ​គណៈរដ្ឋមន្ត្រី ​​ឯកឧត្ដម​ Bui Quang Vinh រដ្ឋមន្ត្រីក្រសួង​ផែនការ​ និង​វិនិយោគ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វៀតណាម​ចង់​ជំរុញឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​បទពិសោធន៍ និង​រៀបចំផែនការមេ ​សម្រាប់​ការ​តភ្ជាប់​ខឿន​សេដ្ឋកិច្ច​រវាងប្រទេស​ទាំង​ពីរ (កម្ពុជា-វៀតណាម)។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ឯកឧត្ដម ​ Bui Quang Vinh បានមាន​ប្រសាសន៍​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដំណើរ​ទស្សន​កិច្ច​រប​ស់ឯកឧត្ដម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ធ្វើការ​ជាមួយ​ក្រសួង​ផែន​ការ​កម្ពុជា និង​ចូលរួម​ប្រជុំ​លើក​ទី​៥ រវាង​រដ្ឋមន្ត្រីក្រសួង​ផែនការនៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-វៀតណាម​)។​

សម្ដេច ​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ពេញចិត្ត ចំពោះ​ទំនាក់ទំនង​រវាង​ក្រសួង​ផែន​ការ​នៃ​ប្រទេស​ទាំងពីរ​(កម្ពុជា-វៀតណាម)។ សម្តេច​តេជោ​បាន​មានប្រសាសន៍ថា ប្រធានបទ​នា​ពេល​នេះ ​គឺ​ការ​តភ្ជាប់​ខឿនសេដ្ឋកិច្ចរវាង​ប្រទេស​ទាំងពីរ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រគល់​តួនាទី​នេះ ​ជូន​រដ្ឋមន្ត្រី​ក្រសួងផែនការ​នៃ​ប្រទេស​ទាំងពីរ ​ធ្វើការ​រួមគ្នា​ដើរតួ​នាំ​មុខ​ពិភាក្សា​ឲ្យ​អស់​លើ​ការ​តភ្ជាប់​រយៈពេល​ ខ្លី រយៈពេលមធ្យម និង​រយៈពេល​វែង ដោយ​បើក​ទស្សនៈ​ឲ្យ​ធំ​ទូលំទូលាយ ដើម្បី​បើក​ការ​តភ្ជាប់​នេះ​ឲ្យបានល្អ​ប្រសើរ៕