Tuesday, February 25, 2014

កម្ពុជា-ចិន​​ជំរុញ​​ឲ្យ​មាន​ការ​​ផ្លាស់​ប្ដូរ​​ដំណើរ​​​ទស្សន​កិច្ច​​​​​ក្នុ​ង​ស្រ​ទាប់​​​យុវជន

ក្នុង ​ឱកាស​អនុ​ញ្ញាត​ឲ្យ​ឯកឧត្ដម Chen Fengxiang អនុរដ្ឋមន្ត្រី ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈ​កម្មាធិ​ការ​​បក្ស​កុម្មុយនីស្ត​ចិន​ ចូល​ ជួប​សម្ដែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ​២០១៤ ​ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​​​ជំរុញ​ឲ្យ​មាន​​​នូវ​ទំនាក់ទំនង និង​ផ្លាស់​ប្ដូរ​ទស្សនកិច្ចរ​វាង​យុវជន និង​យុវជន នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ចិន​) ។​

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​​ថា នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ នៅ​វិមាន​​សន្តិភាព ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ឯកឧត្ដម Chen Fengxiang បាន​មាន​ប្រសាសន៍​ជម្រាប​​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​ជំនួប​ រវាង​ឯកឧត្ដម​ផ្ទាល់​ជាមួយ​ឯកឧត្ដម សាយ ឈុំ ដែល​បាន​ពិភាក្សា​​គ្នា​យ៉ាង​ល្អ​ប្រសើរ​ ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ការ​ងារ​រួមគ្នា​ លើ​អ្វី​ដែល​ថ្នាក់ដឹកនាំ​ទាំងពីរ​បា​ឯកភាព​គ្នា​កន្លងមក។

ឯកឧត្តម Chen Fengxiang អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈ​កម្មាធិ​ការ​​បក្ស​ កុម្មុយនីស្ត​ចិន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សានោះ​ក៏បាន​ផ្ដោត​ទៅ​លើ​ការផ្លាស់ប្ដូរ​បទ​​ពិសោធន៍​​រវាង​ គណបក្ស​ទាំងពីរ (គណបក្សកុម្មុយនីស្ត​ចិន-គណបក្ស​ប្រជាជន​កម្ពុជា​) ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​ មានការ​ស្និទ្ធស្នាល​កាន់​តែ​ខ្លាំង​ឡើង និង​ពិភាក្សា​ទៅដល់​ការ​ផ្លាស់​ប្ដូរ​​ព័ត៌មាន និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដំណើរ​​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ទៀត ជា​ពិសេស​​​ក្នុង​ស្រទាប់​យុវជន។ ឯកឧត្ដម Chen Fengxiang ​បាន​មាន​ប្រសាសន៍​ថា ភាគី​ចិន​មាន​សុទិដ្ឋិនិយម​ចំពោះ​ជោគជ័យ​នៅក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​បន្ត​គាំទ្រ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា ជាពិសេស​ក្រោម​ការ​ដឹ​ក​នាំ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន​។

​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​​​សម្ដែង​​​ការ​ស្វាគមន៍ និង​កោត​សរសើរ​ដល់​​កិច្ច​ពិភាក្សា​នោះ ដោយ​សម្តេចបាន​មានប្រសាសន៍ថា ត្រូវ​ជំរុញ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​នេះ ជាពិសេស​លើ​អ្វី​ដែល​ថ្នាក់​ដឹកនាំ​ទាំងពីរ​បានសម្រេច​រួច​មក​ហើយ និង​ត្រូវ​ជំរុញ​ផង​ដែរ​នូវ​ទំនាក់ទំនង និង​ផ្លាស់​ប្ដូរ​ទស្សនកិច្ច រ​វាង​យុវជន និង​យុវជន ព្រោះថា​យុវជន​គឺជា​អ្នក​ស្នង​ដំណែង​នា​ពេល​អនាគត​៕​