Tuesday, February 25, 2014

សម្តេច​​តេ​ជោ ​ជំរុញ​​ឲ្យ ក្រុម​ប្រឹក្សា​​ជាតិ​​កម្ពុជា​​ដើម្បី​​ស្ត្រី បន្ត​យក​​ចិត្ត​​ទុក​​ដាក់​ពី​​ប​ញ្ហា​​របស់​​ស្ត្រី នៅក្នុង​ប្រជុំ​​បូក​សរុប​​សកម្ម​ភាព​​ការ​ងារ​​ប្រ​ចាំ​ឆ្នាំ​​២០១៣ និង​​ទិស​ដៅ​ការ​ងារ​​ឆ្នាំ​​២០១៤ ​

សម្តេច ​អគ្គមហសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុ​ជា និង​ជា​អនុប្រធាន​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នា​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បានជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ដឹកនាំ​ដោយ​ក្រសួង​កិច្ចការនារី បន្ត​តាមដាន​វាយតម្លៃ​ការអនុវត្ត​អនុសញ្ញា លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ (CEDAW) ដើម្បី​​ស្វែងយល់​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី និង​ចាត់​វិធានការ​ដោះស្រាយ​។​

ក្នុង ​ឱកាស​អញ្ជើញ​ជា​អធិបតី​ ក្នុង​កិច្ចប្រជុំ​បូក​សរុប​សកម្ម​ភាព​​ការងារ​ប្រចាំឆ្នាំ​២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៤ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នៅ​វិមាន​សន្តិភាព​ សម្តេច​តេ​ជោ ​មានប្រសាសន៍ថា ថ្ងៃនេះ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី បាន​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ជា​បន្តទៀត  ហើយក៏​ជា​ការ​ប្រជុំ​ជា​ទៀងទាត់ របស់​អង្គការ​ចាត់តាំង​មួយ​នេះ​ក្រោម​ព្រះ​រា​ជា​ធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ បំផុត​របស់​ស​ម្តេច​ព្រះ​មហាក្សត្រី នរោត្តម ​មុនីនាថ​ សីហនុ ​ព្រះវររាជ​មាតា ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជា​ព្រះប្រធាន​កិត្តិយស នៃ​ក្រុម​ប្រឹក្សា​​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី។ ​ក្នុង​ឋានៈ​សម្តេច​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្តេច​​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជា​ទៀងទាត់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​វឌ្ឍនភាព​នានា  ដែល​បាន​ដាក់ចេញ​រយៈកាល​ក​ន្ល​ង​មក​ជា​បន្តបន្ទាប់ ទាំង​១៦​ចំនុច ។

​ ជាមួយ​នឹង​ការ​វាយតម្លៃ​ខ្ពស់  ពី​លទ្ធផល​ការងារ ដែលក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​ស្ថាប័នពាក់ព័ន្ធ សម្រេចបាន​ក្នុង​ឆ្នាំ២០១៣ ​កន្លងទៅនេះ​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា​នេះ បន្ត​តាមដាន​វាយតម្លៃ​ការអនុវត្ត​អនុសញ្ញា CEDAW សេចក្តី សង្កេត​សន្និដ្ឋាន ច្បាប់​ជាតិ​ពាក់ព័ន្ធ នៅ​តាម​បណ្តា​ខេត្ត ដើម្បី​សិក្សា​ស្វែងយល់ ពី​បញ្ហា​ប្រឈម និង​វិធានការ​ដើម្បី​ដោះស្រាយ។ សម្តេច​បាន​ជំរុញ​ឱ្យ​អនុវត្ត​គោលនយោបាយ​ជាតិ សមភាព​យែ​ន​ឌ័​រ និង​របាយការណ៍​ជាតិ​លើក​ទី​៤ និង​លើក​ទី​៥ ស្តីពី​ការអនុវត្ត អនុសញ្ញា CEDAW តាមរយៈ​សិក្ខាសាលា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដូចជា​វិទ្យុ ទូរទស្សន៍ គេហទំព័រ ​ ព្រឹត្តិ ប័ត្រ ​ប័ណ្ណ​ផ្នត់ រឿង​អប់រំ​ខ្លីៗ និង​ខ្សែ​វីដេអូ ជាដើម​។  ​សម្តេច​បាន​ជំរុញ​ឱ្យមាន​ការបើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​អនុសញ្ញា CEDAW  ពី​ធី​សារ​តាម​ជម្រើស និង​ភាពជា​អ្នកដឹកនាំ ជូន​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ ​និង​ថ្នាក់ក្រោម​ជាតិ  និង​បន្ត​រៀបចំ​វេទិកា​សិក្សា​ស្វែងយល់ ពី​បញ្ហា​ប្រឈម ​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច និង​វិធានការ​ដោះស្រាយ សម្រាប់​ថ្នាក់ដឹកនាំ​ស្ត្រី​ដែល​ទើប​ទទួលបាន​ការតែងតាំង​។ ​ទន្ទឹម​នេះ​ សម្តេច​បាន​ណែនាំ​ឱ្យ​បន្ត​សហការ​​ជាមួយ​ក្រសួង​កិច្ច​ការនារី ផ្សព្វផ្សាយ​លទ្ធផល នៃ​ការ​ប៉ាន់​ប្រមាណ ​អំពី​ស្ថានភាព​សេដ្ឋកិច្ច របស់​ស្ត្រី​នៅ​ជនបទ។

​ លោកជំទាវ អ៊ឹង កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ​បាន​​​មានប្រសាសន៍ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣​នេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ គណៈ​ប្រតិភូ​​កម្ពុជា​សរុប​ចំនួន​១៥​រូប ក្នុង​នោះ​ស្ត្រី​១១​រូប នៃ​ក្រសួង ស្ថាប័ន​ទៅ​ចូលរួម ឆ្លើយ​ការពារ​របាយការណ៍​ជាតិ​លើក​ទី​៤ និង​ទី​៥ របស់​ប្រទេស​កម្ពុជា​ស្តីពី​ការអនុវត្ត​អនុសញ្ញា​CEDAW នៅ​អង្គការ​សហប្រជាជាតិ​(​ទីក្រុង​ហ្សឺ​ណែវ​)​។ គណៈកម្មការ​នេះ បាន​ទទួល​ស្គាល់ និង​កោត​សរសើរ​​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា  ដែល​បាន​ធ្វើឱ្យ​ស្ថានភាព​ស្ត្រី​កម្ពុ​ជា​មាន​ភាព​រីកចំរើន ហើយ​​បាន​ធ្វើ​សេចក្តី​សង្កេត​សន្និដ្ឋាន​៥២​ចំណុច សម្រាប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ  បន្ត​កែលម្អ​ ផែន​ការ​សកម្មភាពរ​បស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​ ជា​រួម​លទ្ធផល​ដែល​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ​សំរេចបាន​ក្នុង​ឆ្នាំ​២០១៣ គឺ​ដោយមាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សំភារៈ ​និង​ថវិកា ពី​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម ​មុនីនាថ ​សីហនុ​ ព្រះវររាជ​មាតា ជាតិខ្មែរ ក្នុង​សេរីភាព ​សេចក្តីថ្លៃថ្នូរ ​និង​សុភមង្គល ព្រះប្រធាន​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​កិត្តិយស នៃ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​។ ​

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ជាមួយ​ នឹង​ការ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​កំពូល លទ្ធផល សំរេច​បាន​គួរឱ្យ​កត់​សំគាល់​នេះ ពិតជា​បាន​មកពី​ការចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ និង​សកម្ម​បំផុត​របស់​ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី អាជ្ញាធរ​មា​នសមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាលព្រមទាំង​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា ទាំងបច្ចេកទេស ពី​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​គឺ​ការចូលរួម​របស់​ប្រជា​ជន និង​ស្ត្រី​គ្រប់ទិសទី ដែល​បាន​រួម​ចំណែក ព​ន្លឿ​ន​ការអនុវត្ត​សកម្ម​ភាព ប្រកបដោយ​ភាព​រលូន និង​ប្រសិទ្ធភាព៕