Friday, March 28, 2014

រដ្ឋម​ន្ត្រីការ​បរទេស​សាធា​រណ​រដ្ឋ​​បេឡា​រុស​ចាប់​​អារម្មណ៍​ការ​រីក​​ចំរើន​​នៅ​កម្ពុជា

ឯកឧត្ដម​ Vladimir MAKEI​ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​បេឡា​រុស​ ក្នុងឱកាស​ចូល​ជួប​សម្ដែង​ការ​គួរសម​ ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៧ ខែមីនា​ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព​ បាន​សម្តែង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចំរើន និង​កំណើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹងថា ឯកឧត្ដម Vladimir បាន ​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ឯកឧត្ដម​បានមក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ហើយ​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កំណើនសេដ្ឋកិច្ច ជោគជ័យ និង​ការអភិវឌ្ឍន៍​របស់​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​កសិកម្ម​ផង​ដែរ។ វត្តមាន​របស់​ឯកឧត្ដម​នៅ​កម្ពុជា ​ជាមួយ នឹង​ការបើក​សម្ពោធ​រោងចក្រ​ដំឡើង​ត្រាក់ទ័រ​នៅ​កម្ពុជា​នេះ គឺជា​ការ​ចាប់ផ្ដើម​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​បេឡា​រុស ដែល​ការ​ចាប់ផ្ដើម​នេះ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង។ ទាក់​ទង​នឹង​បញ្ហា​នេះ ឯកឧត្ដម​ Vladimir បានមាន​ប្រសាសន៍​ថា ប្រទេស​យើង​ទាំងពីរ​មាន​សក្ដានុពល​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ដែល​ក្នុង​នោះ​កម្ពុជា​មាន​ផលិតផល​កសិកម្ម​ច្រើន ​និង​ល្អ ដោយឡែក​បេឡា​រុស​មាន​គ្រឿងចក្រ​កសិកម្ម ដែល​អាចជួយ​បំពេញ​ឲ្យ​គ្នា​ដើម្បី​បម្រើ និងជំរុញ​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នេះ។

ដោយ​បាន​ជម្រាបរាយការណ៍​ជូន​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ​អំពីការ​ចូលរួម​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រោងចក្រ​ដំឡើង​ត្រាក់ទ័រនៅកម្ពុជា​ ​ ដែល​មាន​ម៉ូ​ដែល​ខុសៗ​គ្នា ដែល​ត្រាក់ទ័រ​នេះ​ គឺ​មិន​គ្រាន់តែ​សម្រាប់​បម្រើ​តែ​ទីផ្សារ​កម្ពុជា​ទេ គឺ​នឹង​ត្រូវ​យក​ទៅ​បម្រើ​ក្នុង​ទីផ្សារ​ប្រទេសជិតខាង ឬ​ក្នុង​តំបន់​ដែរ​នោះ ឯកឧត្ដម​ Vladimir រដ្ឋមន្ត្រីការ​បរ​ទេស​នៃ​សាធារណរដ្ឋ​បេឡា​រុស​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​ គឺជា​ប្រទេសមួយ​ដែល​មាន​ការអភិវឌ្ឍន៍​យ៉ាង​ជឿនលឿន ហើយ​បេឡា​រុស​បាន​ពិចារណា​ហើយ​ថា កម្ពុជា​គឺជា​ដៃគូ​ដ៏​ល្អ​សម្រាប់​សហការ​ជាមួយ​បេឡា​រុស។

សម្ដេច ​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទស្សនវិស័យ នៃ​ទំនាក់ទំនង​កម្ពុជា និង​បេឡា​រុស ជាពិសេស​ផ្ដោត​លើ​ការ​យកចិត្តទុកដាក់​ទៅលើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម វិនិ​យោគ និង​ទេសចរណ៍​នេះ។ ឯកឧត្តម អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ថា សម្ដេច​បាន​​មានប្រសាសន៍​យល់ស្រប​ជាមួយ ឯកឧត្ដម Vladimir ដែលថា ប្រទេស​យើង​ទាំងពីរ​គឺ​បំពេញ​​ឲ្យ​គ្នា​ទៅវិញទៅមក មិនមែន​ជា ប្រទេស ដែល​ប្រកួតប្រជែង​គ្នា​នោះទេ។ កម្ពុជា​កំពុង​តែ​​ផ្ដោត​ការ​យកចិត្តទុកដាក់​ទៅលើ វិស័យ​កសិកម្ម នៅ​ពេលដែល​បេឡា​រុស​មាន​គ្រឿងចក្រ​កសិកម្ម ដែល​យើង​អាច​សហការ​គ្នា បាន​យ៉ាង​ល្អ​ប្រសើរ​៕