Friday, March 28, 2014

បទអត្ថាធិប្បាយ៖ កលល្បិច​ថ្មី​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​នៅកម្ពុជា​

ពង្ស សុក្រឹត្យ

ការ​លើក​ឡើង​អំពី​ប្រធាន​បទ​ថ្មី​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា​​ ដើម្បី​ទាម​ទារ​ឲ្យ​ស្ថាប័ន​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ( គ ជ ប ) ទៅ​ជាស្ថាប័ន​ធម្មនុញ្ញ​​​ និង​​ការ​ទាម​ទារ​ឲ្យ​មាន​ការ​អនុម័ត​សមាស​ភាព គ ជ ប ដោយ​​សំឡេង២​ភាគ​៣នៃ​សមាជិក​​ដែល​មាន​ក្នុង​រដ្ឋសភា​ គឺ​ជាសញ្ញា​ នៃ​ការ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ ធ្លាក់​ទៅ​រក​ភាព​ជាប់​គាំង​​ខាង​នយោ​បាយ​​ សារ​ជាថ្មី​ ដូច​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​ កាល​ពី​ទស្សវត្ស​ឆ្នាំ​១៩៩៣ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៣ យ៉ាង​ពិត​ប្រាកដ​។

          បើ​ក្រឡេក​មើល​ទៅ​អតីតកាល​ រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុមត្តិ​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ​​ ដោយ​សម្លេង​២/៣​ នៃ​សមាជិក​រដ្ឋ​សភា​។ នៅក្នុង​ដំណាក់​កាល​នោះ​ រាល់​ដំណើរ​ការ​អនុមត្តិ​ច្បាប់​តែង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​​នយោបាយ​ជាញឹក​ញាប់​ ជាពិសេស​គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​ក្នុង​កិច្ច​ប្រជុំ​ម្តងៗ​។​​ គណបក្ស​ដែល​មាន​សម្លេង​ភាគ តិច​នៅក្នុង​រដ្ឋ​សភា​ តែង​តែ​យក​គណបក្ស​​​ឈ្នះ​ឆ្នោត​​ដែល​មាន​សម្លេងភាគ​​ច្រើន​ជា​ចំណាប់​​ខ្មាំង​ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​ខ្លួន​ជានិច្ច​។​

​​ ជាក់​ស្តែង​ កាល​ណោះ​ គណបក្ស​ សម រង្ស៊ី​ ដែល​ជាគណបក្ស​តូច​តាច​មួយ​ មាន​ការ​បែក​បាក់​ជាមួយ​គណបក្ស​ ហ៊្វុន​ស៊ីន​ប៉ិច​ ដែល​ដឹក​នាំ​ដោយ​ទ្រង់​រណឬទ្ធិ​ ។ ដោយសារ​គណបក្ស​ខ្លួន​ មិន​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​អនុមត្តិ​ច្បាប់​ដោយ​សម្លេង​២/៣​នេះ​ និង​ដោយ​សារ​លោក សម រង្ស៊ី​ ចង់​រំសាយ​កំហឹង​ជាមួយ​ទ្រង់​រណឬទ្ធិ​ផង​ ទើប​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦ គឺ​លោក​ សម រង្ស៊ី​ ខ្លួន​ឯង​ផ្ទាល់​ ​បាន​ធ្វើ​សំណើ​​ ទៅ​ប្រធាន​រដ្ឋ​សភា​ ក្នុង​អាណត្តិ​របស់​ទ្រង់​រណឬទ្ធិ​ ជាប្រធាន​រដ្ឋ​សភា ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ពី​មតិ​២/៣ ទៅ​​ជា​ការ​​សម្រេច​ដោយ​សមាជិក​សភា​ ត្រឹម​៥០ បូក​១​ វិញ​។​

ចាប់​ពី​ពេល​នោះ​មក​ វិបត្តិ​ជាប់​គាំង​នយោបាយ​ដោយ​សារ​ការខ្វះ​កូរ៉ុម​ ត្រូវ​បាន​ផុត​រលត់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។​

ដូច្នេះ​ ការ​លើក​ឡើង​នូវ​រូបមន្ត​ឲ្យ​ស្ថាប័ន​ គ ជ ប ទៅ​ជាស្ថាប័ន​រដ្ឋធម្មនុញ្ញ និង​ទាម​ទារ​ឲ្យ​មាន​ការ​អនុមត្តិ​សមាសភាព​ គ ជ ប ដោយ​សម្លេង​២/៣ជាថ្មី​នាពេលនេះ​ របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​ គឺ​ជាចេតនា​​ ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ​ យ៉ាង​ពិត​ប្រាកដ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ទី​បំផុត​​ វានឹង​នាំ​ដល់​ការ​បរាជ័យ​ក្នុង​ការ​​ចរចា នៃ​ការ​ធ្វើ​កំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោតនាពេល​ខាង​មុខ​​ ដែល​បាន​ឯក​ភាព​គ្នានៅ​ក្នុង​ជំនួប​កំពូល​ ជាមិនខាន​។​ មានន័យ​ថា​ គណបក្ស​​សង្គ្រោះ​ជាតិ​ គ្មានឆន្ទៈ​ក្នុង​ការ​​ដោះស្រាយ​នូវ​​​វិបត្តិ​​នយោបាយបច្ចុប្បន្ន​នេះឡើយ​ និង​​បាន​ប្រើ​​នូវ​​ល្បិច​ « ស្វាស៊ី​បាយ​រួច​ ទៅ​លាប​មាត់​ពពែ​ » ដោយ​​គណបក្ស​​សង្គ្រោះ​ជាតិ​ជាអ្នក​លើក​បញ្ហា​ឲ្យ​ជាប់​គាំង​ ហើយ​ទម្លាក់​​កំហុស​មក​លើ​គណបក្ស​​ប្រជាជន​​កម្ពុជា​ ​​​ជាអ្នក​ដោះ​ស្រាយ​ទៅ​វិញ។​​

ម៉្យាង​ទៀត​ចំណុច ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ដាក់​​ស្ថាប័ន​​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ ហើយ​អនុម័ត​ដោយ​​សំឡេង២​ភាគ​៣នៃ​សមាជិក​ដែល​មាន​ក្នុង​​រដ្ឋសភា​នេះ​ គឺ​ជា​គំនិត​ដែល​អត្តនោម័ត ចាប់បង្ខំ​ភាគី​ម្ខាង​ទៀត ឲ្យ​ធ្វើ​តាម​គំនិតរបស់​​ខ្លួន​ ព្រម​​ទាំង​​គម្រាម​ថា​នឹង​ធ្វើ​មហាបាតុកម្មជាថ្មី​ទៀត​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ ទៀត​ផង​។

ការលើក​ឡើង​បែប​នេះ​ បញ្ជាក់​ថា​ នៅរាល់​ពេល​ដែល​មាន​វត្ត​មាន​របស់ លោក សម រង្ស៊ី​ នៅក្នុង​ប្រទេស​ គឺ​តែង​តែ​ផ្តល់​នូវ​ភាព​វឹក​វរ​ដល់​សង្គម តាម​រយះ​ការ​ប្រកូក​ប្រកាស​ឲ្យ​មាន​បាតុកម្ម​ បង្ក​នូវ​ចលាចល​ និង​អសន្តិសុខ​សង្គម​ ជាដរាប​។​​ ប៉ុន្តែ​ ការ​បង្ក​នូវ​ព្យុះ​ភ្លៀង​ទាំង​នោះ​ នឹង​មិនអាចគេច​ផុត​ពី​សំណាញ់​ច្បាប់​ នាពេល​ណា​មួយ​ជាក់​ជាមិន​ខាន​។
        
  គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ប្រកាស​ហើយ​ប្រកាស​ទៀតថា ខ្លួន​នឹងមិន​យក​ខ្មែរ​ណា​​ធ្វើ​សត្រូវ​ទេ តែ​ធាតុពិត វា​គ្រាន់តែ​ជា​ពាក្យ​​សម្រាប់​លួងលោម​អ្នកគាំទ្រ​របស់ខ្លួន ឲ្យ​ឃើញ​​ថា​ ជាបក្ស​ស្លូត​ត្រង់​មួយ​​តែ​ប៉ុណ្ណោះ​។ តាម​ពិត​ គោលដៅ​ចុងក្រោយ​របស់​បក្ស​ប្រឆាំង ​និង​ពួក​អ្នក​នៅ​ពីក្រោយ​ខ្នង​គណបក្ស​​​នេះ​​​មិនមែន​ត្រឹមតែចង់​​យកជ័យ​ជម្នះ ​អោយ​បាន​​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​​ប្រើ​​គ្រប់​វិធី​​នោះ​​ទេ ប៉ុន្ដែ​​គឺពួក​គេមាន​ចេតនា​​​ចង់​​កម្ទេច​​គណបក្ស​ប្រជាជន​កម្ពុជា​អោយ​​រលាយ​សាបសូន្យ​តែម្ដង​។ បើ​គេ​ឈ្នះ​ឆ្នោត​ក៏ពួក​គេ​​ត្រូវ​​តែ​​កម្ទេច​តាម​វិធី​ផ្សេង ហើយ​បើ​​គេ​​ចាញ់ឆ្នោត​វិញ​ក៏​ពួក​គេ​ត្រូវតែ​កម្ទេច​អោយ​បាន​តាម​វិធី​ផ្សេង​មួយទៀតដែរ​​។
     
     ដូច្នេះ​រាល់​ការ​ប៉ុន​ប៉ង​ ក្នុង​ការ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ គឺ​ជាការ​ដើរ​ផ្ទុយ​ទៅ​នឹង​លទ្ធិ​​ប្រជាធិបតេយ្យ​ សេរីពហុបក្ស ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​ រាជ​រដ្ឋាភិបាលមាន​កាតព្វ​កិច្ច​​ពេញ​លេញ​ ជា​អ្នក​​ទទួល​​ខុសត្រូវ​ ថែ​រក្សា និង​ការ​ពារ​ដាច់​ខាត​នូវ​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ​ និង​​​មាតុភូមិ គឺ​មាន​សិទ្ធិ​ក្នុង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​គ្រប់​ពេល​ ដើម្បី​ធានាស្ថេរភាព​នយោបាយ​ និង​សន្តិ​សុខជាតិ។ សូម​កុំ​ភ្លេច​​ថា​ « កុក​តែង​តែ​ភ្លេចជុង រីឯជុង​វិញ​មិនដែល​ភ្លេច​កុកនោះទេ »៕​