Friday, March 28, 2014

សម្តេច​​តេជោ​​អំពាវ​នាវ​​ដល់​​ពល​រដ្ឋ​​ខ្មែរ​​ទាំង​​អស់​​ត្រូវ​​រួប​​រួម​ និង​​ឯក​ភាព​​ជា​តិ

នៅក្នុងឱកាស​​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ និង​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង នា​ព្រឹក​​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​ថា សម្តេច​​គាំទ្រ​រាល់​ការ​បញ្ចេញ​មតិ ប៉ុន្តែ​មិនមែន​ជា​ការ​បញ្ចេញ​មតិ ​ដែល​នាំ​ឲ្យ​ប្រទេសជាតិ​មាន​សង្គ្រាម​នោះទេ។ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ រួបរួម​ឯកភាព​ជាតិ ពិសេស​អ្នក​នៅ​មូលដ្ឋាន​កុំ​ឲ្យ​មាន​ទំនាស់​នឹង​គ្នា ដោយសារតែ​ការបែងចែក​គណបក្ស​នយោ​បាយ​នៅ​ក្រោយ​ការបោះឆ្នោត​នៅ​ពេល​នេះ។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​គូស​បញ្ជាក់​​ថា សូម​បញ្ចេញមតិ​ចុះ ប៉ុន្តែ​កុំ​នាំគ្នា​បង្កើត​សង្គ្រាម។ យើង​បង្រួបបង្រួម ជាតិ​នៅ​គ្រប់​ពណ៌​សម្បុរ កម្លាំងប្រដាប់អាវុធ ៤ភាគី​ច្បាំង​គ្នា​ មក​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​តែ​មួយ ព្រះមហាក្សត្រ​តែមួយ នីតិប្បញ្ញត្តិ​តែមួយ នីតិ​ប្រតិ​បត្តិ​តែមួយ និង​កម្លាំងប្រដាប់អាវុធ​តែមួយ​ ពី​ប្រទេស​មួយ​តំបន់​ត្រួតត្រា​ច្រើន ​ទៅជា​ប្រទេស​មួយ ដែល​មាន​តំបន់​ត្រួត​ត្រាតែ​មួយ​ដែល​នេះ​មិនមែន​ជា​ការ​ងាយស្រួល​ទេ ។ យើង​បាន​យក​ជីវិត​ធ្វើ​ដើម​ទុន ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មានការ​បង្រួប​បង្រួម​គ្នា​បែបនេះ ហើយ​ការ​បង្រួប​បង្រួម និង​សន្តិភាព​នោះ ហើយ​ដែល​ផ្តល់​ឱកាស​ឲ្យ​យើង​បាន​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ ។ សម្តេច​តេជោ​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​របស់​ប្រជាជន​កម្ពុជា មិន​មែន​​ជា​ប្រទេស​របស់​អ្នកណាម្នាក់​ទេ ហើយ​ចាប់​ប្រទេស​ធ្វើជា​ចំណាប់ខ្មាំង​ក៏​អត់​បាន​ដែរ។

សម្តេចតេជោ​មានប្រសាសន៍អំពាវនាវ​ថា កុំ​នាំគ្នា​បង្កើត​សង្គ្រាម​ព្រោះ​សង្គ្រាម​តែ​កើត ហើយ​មិន​ងាយ​រំលត់​ទេ ។ សង្គ្រាម​ធ្វើ​ឲ្យ​វា​កើត​គឺ​ងាយ​ទេ ប៉ុន្តែ​រំលត់​វា​ទើប​ជា​ការ​លំបាក​។ ឥឡូវនេះ​ទើបតែ​រំលង​ទៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ខួប ៤៤ ឆ្នាំ នៃ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ ព្រះបិតា​ជាតិ​របស់​យើង (១៨ មីនា ១៩៧០-១៨​មីនា ២០១៤) ដែល ​បង្កើត​ឡើង​នូវ​សង្គ្រាម។ ទាក់​ទង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៧០ សម្តេច​តេ​ជោ​បានមាន​ប្រសាសន៍ថា ការសម្រេចចិត្ត​តាមរបៀប លន់ នល់ សិរិមតៈ ចេង ហេង អ៊ិន តាំ ធ្វើ​តែមួយ​ភ្លែត ប៉ុន្តែ​ផល​វិបាក​របស់​វា​ធ្វើ​ឲ្យ​យើង​ដោះស្រាយ មិនទាន់​ចប់​ទេ ដូចជា​បញ្ហា​មីន​ក្រោម​ដី ផលវិបាក​នៃ​ជន​ពិការ ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា ជាដើម​វា​មិនទាន់​ចប់​ទេ ។

ទាក់​ទង​នឹង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា សម្តេច​តេ​ជោ​ក៏បាន​គូស​បញ្ជាក់ផង​​ដែរ​ថា នៅ​ពេល​នេះ​នៅ​កម្ពុជា​ទោះជា​នរណា​និយាយ​អី​និយាយ​ទៅ ប៉ុន្តែ​ពេលនេះ​កម្ពុ​ជា​មាន​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម ហើយ​ស្ថាប័នរដ្ឋ​គ្រប់​ជាន់ថ្នាក់​នៅ​ដំណើរការ​ធម្មតា ហើយ​សាលារៀន និង​មន្ទីរពេទ្យ​ជា ដើម ដំណើរការ​ជា​ធម្មតា​។ ​

ក្នុង​ពិធី​សម្ពោធវារីអគ្គិសនីស្ទឹង​អាតៃ ដែល​មាន​ប្រជាពលរដ្ឋ​ ចូលរួម​ជាង​១​ម៉ឺន​នាក់​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា សូម​បងប្អូន​ប្រជា​ពល​ស្វែងយល់​ដោយ​ខ្លួនឯង​ចុះ​ក្រុមប្រឆាំង​បាន​ទៅ​ចលនា​ នៅ​ឯ​បរទេស​ថា សូម​កុំមក​វិនិយោគ និង​កុំមក​ទិញ​ទំនិញ​ស្រុក​ខ្មែរ នៅ​ពេល​ដែល​រាជ​រដ្ឋាភិ​បាល​បាន​ខិត​ខំទាក់ទាញ​វិនិយោគ ។ ឥឡូវនេះ​សល់​តែម​នុស្ស ២​ក្រុម​ទេ មួយ​ក្រុម​ថា​កុំមក​វិនិយោគ​នៅ​ស្រុក​ខ្មែរ ហើយ​មួយ​ក្រុម​ទៀត​ថា ត្រូវតែ​មក​វិនិយោគ ហើយ​ក្រុម​ដែល​ថា​ឲ្យ​បរទេស​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​បាន​ទទួល​ជោគជ័យ ហើយ​ជាក់ស្តែង​ថ្ងៃនេះ​ក្រុមហ៊ុន​ចិន​ដែល​មក​វិនិយោគ​បាន​សម្ពោធ​វា​រី​ អគ្គិសនី ដែល​មាន​កម្លាំង​ដល់​ទៅ ១២០ មេ​ហ្គា​វ៉ា​ត់ ហើយ​ក៏​មាន​ក្រុមហ៊ុន​ជាច្រើន​គ្រោង​ហ្នឹង​មក​ទៀត​ដែរ។

សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់​ថា ការពិត​អ្នក​ដែល​សម្លាប់​​ប្រជាជន​មិនមែន​រាជរដ្ឋាភិបាល​ទេ ព្រោះ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ដោះស្រាយ ​បញ្ហា​ទឹក បញ្ហា​ផ្លូវ បញ្ហា​ភ្លើង បញ្ហា​មនុស្ស បញ្ហា​សន្តិភាព និង​បញ្ហា​ស្ថិរភាព​នយោបាយ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​អនុសាសន៍​ថា ការ​ធ្វើ​សកម្ម​ភាព​​អ្វី​ក៏ដោយ​ត្រូវ​គោរព​ច្បាប់ ហើយ​សូមកុំ​ឲ្យ​ហួស​ពី​ក្របខណ្ឌ​ច្បាប់​នោះ​។

ឯកឧត្តម ​ស៊ុយ ​សែម​ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ ​និង​ថាមពល​​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​ គឺជា​គម្រោង​មួយ​ស្ថិតនៅ​តំបន់​ត្រីកោណ​នៃ​ខេត្តកំពង់ស្ពឺ ​កោះកុង ពោធិ៍​សាត់​ ដែលមាន​ស្ថានីយ​ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិសាត់​ ក្នុង​ចំងាយ​ប្រមាណ ១៧៥ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តពោធិសាត់​។

ជា​រៀងរាល់ឆ្នាំ​ស្ទឹង​អា​តៃ​មាន​ផ្ទៃ​រងទឹក​ភ្លៀង ៥៩០​គីឡូម៉ែត្រ​ក្រឡា ដែល​អាច​ត្រង់​យក​ទឹក​ភ្លៀង​ប្រមាណ​៥១០​លាន​ម៉ែត្រ​គីប ដែល​បរិ​មាណទឹក​ នេះ បាន​ហូរ​ចូល​ក្នុង​សមុទ្រ​ដោយ​ពុំមាន​ប្រើប្រាស់​អ្វី​ទេ ដោយ​ឃើញ​ស្ថានភាព​ធម្មជាតិ និង​ភូមិសាស្ត្រ របស់​ស្ទឹង​នេះ អាច​ផ្តល់​លទ្ធភាព​ឲ្យ​យើង​សាងសង់​ជា​ទំនប់​ ដើម្បី​ស្តុក​ទឹក បង្កើតជាវា​រី​អគ្គិសនី​មួយ​យ៉ាង​ប្រសើរ ដែល​មាន​ឈ្មោះថា ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​។

យោង​តាម​កិច្ចព្រមព្រៀង​គម្រោង វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ​មាន​ទំហំ​វិនិយោគ​សរុប​មាន​ចំនួន​ជាង​២៥៥​លាន ក្នុង​នោះ​ទំហំ​វិនិយោគ​សំរាប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​មាន​ចំនួន​ជិត ២០០ លាន​ដុល្លារ និង​សម្រាប់​អនុ​ស្ថានីយ៍​រួម​អូរ​សោម និង​ខ្សែ​បណ្តាញ​បញ្ជូន​ទៅ​អនុ​ស្ថានីយ​ពោធិសាត់​មាន​ចំនួន​ជាង ៥៥ លាន​ដុល្លារ​អាមេរិក ក្រោមរូបភាព​សាងសង់ ដំណើរការ និង​ផ្ទេរ (BOT) ។ ដោយ​ឡែក​គម្រោង ខ្សែ​បណ្តាញ​បញ្ជូន​ភ្នំពេញ កំពង់ឆ្នាំង ពោធិសាត់ ​បាត់ដំបង ត្រូវបាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ​ជាង ១១៣ លាន​ដុល្លារ​អាមេរិក ដែលមាន​រយៈពេល​សម្បទា​ន ២៧ ឆ្នាំ ក្នុងនោះ ២ ឆ្នាំ​សម្រាប់ធ្វើ​ការសាងសង់ និង ២៥ ឆ្នាំ​សម្រាប់ធ្វើ​អាជីវកម្ម។

គម្រោង​វា​រី​អគ្គិសនី​នេះ មានលទ្ធភាព ផលិត​អគ្គិសនី ជា​មធ្យម​ប្រចាំ​ឆ្នាំមាន​ចំនួន ៤៦៥ លាន​គីឡូវ៉ាត់​ក្នុង​មួយ​ឆ្នាំ ហើយ​តម្លៃ​ថាមពល អគ្គិសនី​មូលដ្ឋាន ដែល​ត្រូវ​លក់​នោះ​មាន​ចំនួន​៧,១៤​សេន​ក្នុ​យ​មួយ​គីឡូវ៉ាត់ម៉ោង ក្នុងនោះ ៥,៨​សេន គឺ​ថ្លៃ​ផលិត ដោយ​វា​រី​អគ្គិសនី និង​១,៣៤​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង គឺជា​ថ្លៃ​រំ​លោះ​លើ​ការ​វិនិយោគ​ ខ្សែបណ្តាញ បញ្ជូន​ភ្ជាប់​មក​អនុ​ស្ថានីយ៍​ពោធិសាត់​។ វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​បាន​បើក​ការដ្ឋាន​សាង សង់​កាលពី​ថ្ងៃ ១០ វិច្ឆិកា ២០០៩ និង​បញ្ចប់​ការសាងសង់ ព្រម​ជាមួយ​ នឹង​ការធ្វើ​អាជីវកម្ម​ជា​ធរមាន នៅ​ថ្ងៃទី ០១ កញ្ញា ២០១៣ ពោល​សាងសង់​រួចរាល់​មុន​ការកំណត់​៦​ខែ៕