Wednesday, June 4, 2014

សេច​ក្ដីប្រកាស​ព័ត៌មាន៖ ពិធីចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​ញីវហ្សឺ​ឡែន { គម្រោង​លើក​ស្ទួយ​បេតិក​ភណ្ឌ​សហគមន៍​អង្គរ និង​សេដ្ឋកិច្ច }

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរអប្សរា និងរដ្ឋាភិបាលញីវហ្សឺឡែន តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម បាន​សម្រេច​សហការ​គ្នាភាព​ជាដៃគូ ដើម្បីគ្រប់គ្រងឧទ្យានអង្គរដោយចីរភាព ដោយការពារបេតិកភណ្ឌ ព្រមទាំងផ្ដល់ការរីកចម្រើនសេដ្ឋកិច្ច និង​ធានាឲ្យ​បាន​នូវ​សន្ដិ​សុខ​ស្បៀងជូនប្រជាជន ដែលរស់នៅក្នុងឧទ្យានអង្គរ។

ឯកឧត្ដម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា និងលោក ប្រិន រ៉ាប់សុន តំណាងស្ថានទូត     ញីវហ្សឺឡែនប្រចាំក្រុងបាងកក នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងស្ដីពី {គម្រោងលើកស្ទួយបេតិកភណ្ឌសហគមន៍អង្គរ និងសេដ្ឋកិច្ច} នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ក្នុង​ឳកាស​កិច្ច​ប្រជុំ​គណៈកម្មការអន្តរជាតិសម្របសម្រួលការថែរក្សា និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC - Angkor)។

តាមពិតទៅគម្រោងថ្មីនេះ ជាគម្រោងសកម្មភាពបន្តពី គម្រោងគ្រប់គ្រងធនធានធម្មជាតិអង្គរ និងលើកតម្កើងជីវភាព (APNRM & L) } ដែល​បានអនុវត្តក្នុងរយៈពេល ៥ឆ្នាំ គឺពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ក្នុង១០ភូមិ នៃឧទ្យានអង្គរ ដោយប្រើប្រាស់ថវិកាប្រមាណ ២លាន​ដុល្លារ​អាមេរិកហើយដែលទើបនឹងបានបញ្ចប់នាខែកញ្ញា ឆ្នាំ២០១៣ កន្លងមកនេះ ដោយអ្នកបច្ចេកទេសប៉ាន់តម្លៃ បាន​ចាត់ទុក​ជាជោគ​ជ័យ​យ៉ាង​ធំក្នុង​ការគ្រប់គ្រងបេតិកភណ្ឌ។

ចំណែកឯគម្រោងថ្មីនេះ មានថវិកាចំនួន ៣,៧៥៣,៣៤០ ដុល្លារអាមេរិក សម្រាប់   រយៈពេល ៥ឆ្នាំ គឺពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។

សកម្មភាពដែលបានគ្រោងទុក នឹងត្រូវអនុវត្តដោយយ៉ាងជិតស្និតជាមួយដៃគូជាច្រើន ដើម្បីបានទៅដល់គោលដៅ គឺ {ការ​គ្រប់​គ្រង​ឧទ្យាន​អង្គរ​ដោយ​ចីរភាព ដោយការពារបេតិកភណ្ឌ ព្រមទាំង ផ្ដល់ការរីកចម្រើនសេដ្ឋកិច្ច និងធានាបាននូវសន្តិសុខស្បៀងជូនប្រជាជន ដែល​រស់​នៅ​ក្នុងឧទ្យានអង្គរ 


ដើម្បីព័ត៌មានផ្សេងទៀតសូមទាក់ទង ៖
លោក ឃួន ឃុននាយ (អាជ្ញាធរអប្សរា)
ទូរស័ព្ទៈ  ០១២ ៩៤០ ០០៥   ទូរសារៈ   kaqc2004@yahoo.com