Wednesday, June 4, 2014

កិច្ចប្រជុំ ICC អង្គរ លើកទី២៣ នឹងប្រារព្ធ​ឡើង​នៅថ្ងៃ​ទី៤-៥ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារ សុខាអូតែល ក្រុងសៀមរាប

នៅថ្ងៃទី៤និងទី៥ ខែមិថុនា ២០១៤នេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅ​កាត់​ថា ICC អង្គរ នឹងរៀបចំប្រជុំបច្ចេកទេសលើកទី២៣របស់ខ្លួន នៅសណ្ឋាគារសុខាអូតែលអង្គរ ដែល​មាន​សមាជិក​អញ្ជើញ​ចូលរួមប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការ គណៈ​រដ្ឋ​មន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា ជាគណៈអធិបតីរួមជាមួយសហប្រធានអាស៊ីស៊ីភាគីបារាំង ឯកឧត្តម Romain Louvet (រ៉ូម៉ាំង លោវេក) ទីប្រឹក្សាស្ថានទូតបារាំងផ្នែកសហប្រតិបត្តិការណ៍និងការងារវប្បធម៌ និងភាគីជប៉ុន ឯកឧត្តម Yoshihiro Higuchi (យូស៊ីហ៊ីរូ ហិគុចិ) រដ្ឋមន្រ្តីនិងអនុប្រធានបេសកកម្មការទូតជប៉ុន ដឹកនាំការប្រជុំចំនួនពីរថ្ងៃ។
         
កម្មវិធីដំបូងនៃកិច្ចប្រជុំលើកទី២៣នេះ គឺឧទ្ទិស​ដល់វិញ្ញាណ​ខ័ន​របស់​អ្នក​ជំនាញ​ការ​អន្តរជាតិ​បីរូប​ដែល​បាន​ចែក​ឋាន​ទៅកាល​ពីពេលថ្មីៗ៖
          ១/ លោកបណ្ឌិត Pascal Royère (ប៉ាស្កាល់ រាល់យ៉ែរ) ស្ថាបត្យករជាតិ​បារាំង​បាន​ចំណាយ​ពេល​១៦ឆ្នាំ​សម្រាប់​គម្រោង​ជួសជុលប្រាសាទបាភួន
          ២/ លោកបណ្ឌិត Hyroyuki Suzuki (ហ៊ីរូយូគិ សុហ្សុគី) អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយ​ការងារ​អង្គរ​ប្រចាំអាស៊ីស៊ីជាង១០ឆ្នាំ
          ៣/ លោកបណ្ឌិត Tsuyoshi Narita (ត្យូយូហ្សី ណារិតា) ) អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយ​ការងារ​អង្គរប្រចាំអាស៊ីស៊ីជាង១០ឆ្នាំ។
          របៀបវារៈក្នុងអង្គរប្រជុំនេះផ្តោតលើបញ្ហាសំខាន់មានដូចជា៖

ថ្ងៃទី១៖ ៤មិថុនាឆ្នាំ២០១៤
·         ពិនិត្យរបាយការណ៍ការងាររបស់អាយស៊ីស៊ីឆ្នាំ២០១៣
·         ស្តាប់របាយការណ៍ការងាររបស់អាជ្ញាធរអប្សរា២០១៣
·         ពិនិត្យរបាយការណ៍របស់ស្ថាប័នអន្តរជាតិនិងជាតិចំនួន១១គម្រោង ដែលបាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៣ ទាក់ទងនឹងការងារអភិរក្សរមណីយដ្ឋាននិងការដ្ឋានជួសជុលប្រាសាទរបស់អាជ្ញាធរអប្សរា ប្រទេស​ចិន ឥណ្ឌា បារាំង ជប៉ុន
·         ស្តាប់របាយការណ៍របស់ស្ថាប័នជាតិនិងអន្តរជាតិទាក់ទងនឹងការងារស្រាវជា្រវបរិស្ថាន ថ្ម បុរាណ​វិទ្យា
·         ការពិភាក្សាអំពីការបណ្ដុះបណ្តាលធនធានមនុស្ស។

ថ្ងៃទី២៖ ៥មិថុនាឆ្នាំ២០១៤
·         កម្មវិធីស្រាវជ្រាវពីលំហអាកាសលើបញ្ហាបរិស្ថាន
·         កម្មវិធីថត3D របស់នៅអង្គរវត្ត
·         កម្មវិធីស្រាវជ្រាវក្រុងអង្គរធំ កោះកេរ​​ វិធីសាស្រ្តស្រាវជ្រាវកុលាលភាជន៍ និងសាសនា
·         គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ
·         គម្រោងរៀបចំទីចំណតនិងទទួលភ្ញៀវនៅអង្គរវត្ត បន្ទាយស្រីនិងតាព្រហ្ម
·         គម្រោងគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរ
·         គម្រោងអភិវឌ្ឍន៍សហគមន៍
·         គម្រោងអភិរក្សភ្នំគូលេន
·         គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍។