Wednesday, June 4, 2014

ស្វែងយល់ពី ICC អង្គរ

អាយស៊ីស៊ី (ICC)  ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្រប​សម្រួល​កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។

គណៈកម្មការអាយស៊ីស៊ី(ICC)បានបង្កើតឡើងនៅឆ្នាំ១៩៩៣ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការ បេតិក​ភណ្ឌ​ពិភព​លោក​ពេល​ទទួល​ចុះ​អង្គរ​ទៅក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក។ការបង្កើត យន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌ​មួយ​ក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែល​ តម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ 

សមាជិកនៃអាយស៊ីស៊ី(ICC) មាន​ចំនួន​៣៧ប្រទេស មកពីទ្វីប៥ និងមាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត​ចូលរួម ជាសមាជិកដែរ។ បណ្តា​ប្រទេស​ទាំ​​ង​នោះ​មានៈ ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី បែលហ្សិក ប៊្រុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេរិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែល​ហ្សេ​ឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី សិរីលង្កា ស៊ុយ​អែត ស្វីស ថៃ ទុយណេស៊ី និងវៀតណាម។ ចំណែកអង្គការអន្តរជាតិមានដូចជាៈ សហភាពអឺរ៉ុប ធនាគារ​អភិវឌ្ឍន៍​អាស៊ី អង្គការស្បៀងអាហារនិងកសិកម្ម អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការអ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការSEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និង​មូល​និធិ​ប្រាង្គ​ប្រាសាទពិភពលោក (WMF) ។ 

អាយស៊ីស៊ី(ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួលជំនួយដល់ជូនដោយ          បណ្តាប្រទេស និង​អង្គការ​ផ្សេងៗ​សម្រាប់​ការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិអង្គរ។

អាយស៊ីស៊ី(ICC) ជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និង​អ្នក​បច្ចេក​ទេស​ជំនាញ​ផ្សេងៗ​គ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់​ការអភិរក្សនិង​ការអភិវឌ្ឍ​នៃឧទ្យានអង្គរ។ 

ភារកិច្ចសំខាន់របស់អាយស៊ីស៊ី(ICC) គឺ  ស្រោចស្រង់  អភិរក្ស និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​រមណីយ​ដ្ឋាន​សៀមរាប-អង្គរ។  ICC បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរ ហើយក្នុង​រយៈ​ពេល​១០ឆ្នាំ(១៩៩៣-២០០៤)។ ដំណាក់កាលនេះគឺការអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។     អាយស៊ីស៊ី(ICC) រៀប​ចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺ​កិច្ច​ប្រជុំ​ពេញអង្គ និង​ម្តង​ទៀត​គឺកិច្ច​ប្រជុំ​បច្ចេក​ទេស ។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និង​កា​រ​ប្រកាសពីគម្រោងថ្មីនៅអង្គរ។ ជាធម្មតា​សម័យ​ប្រជុំពេញ​អង្គនេះតែងរៀបចំនៅចុងឆ្នាំ។ ចំណែក​ឯសម័យ​ប្រជុំ​បច្ចេក​ទេស​តែង​ធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ហើយអនុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសផ្លាស់ប្តូរ បទពិសោធន៍របស់ពួកគេ ពិភាក្សា​អំពីបញ្ហាបច្ចេកទេស និងជួនកាលស្នើដំណោះស្រាយសម្រាប់បញ្ហាជាក់លាក់។ រាល់សម័យ ប្រជុំទាំង​អស់​របស់​អាយស៊ីស៊ី(ICC)   ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងនិងជប៉ុននៅកម្ពុជាធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ និង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុដែលចាំបាច់ផ្សេងៗ អង្គការ​យូណេស្កូ​ទទួល​ធ្វើជា​លេខាធិការ​ដ្ឋាន​និង​ផ្តល់​ចំណាយ​ពាក់​ព័ន្ធនឹង​បេសកកម្មរបស់ក្រុមអ្នកជំនាញអាដហុក សម្រាប់ការអភិរក្ស។ ចំណែក​អាជ្ញាធរ​អប្សរា​បានរួម​ចំណែក​តាំងពី​ឆ្នាំ​២០០៦ ផ្តល់ជាជំនួយហិរញ្ញវត្ថុក្នុងដំណើរការរបស់គណៈកម្មាធិការ ការចំណាយលើបេសកកម្មក្រុមអ្នក ជំនាញ​អាដហុក និងចំណាយពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ។ ICC​ មានបទបញ្ជាផ្ទៃ ក្នុងនិង​ទទួល​របាយការណ៍​អំពី​គម្រោង​វិទ្យាសាស្ត្រ ឬគម្រោងអភិវឌ្ឍដែលត្រូវអនុវត្តនៅក្នុងតំបន់អង្គរ។ ICC​ ផ្ទៀងផ្ទាត់ មើល​ឲ្យមាន​ភាពស៊ីសង្វាក់គ្នារវាង គម្រោងទាំងអស់ ហើយប្រសិនបើចាំបាច់ ICC​ កំណត់បទដ្ឋានបច្ចេកទេស និងហិរញ្ញវត្ថុ ដែលតម្រូវ ឲ្យមាន។ តាំង​ពី​ឆ្នាំ​ដំបូង​គណៈកម្មការ ICC​ ​ឈាន​មុខ​គេក្នុង​ដំណើរ​ការ​ជជែក​ពិភាក្សា​គ្នា​បើក​ចំហ​យ៉ាង​ខ្លាំង​ ក្នុង​ចំណោម​ក្រុម​បុរាណ​វិទ្យា​និង​ស្ថាបត្យកម្ម​នៃ​ប​ណ្តា​ប្រទេស​ផ្សេង​គ្នា​។

ដោយសារគណៈកម្មការ ICC បានបំពេញការងារយ៉ាងល្អ និងប្រសិទ្ធិភាពនៅអង្គរ ទើប​សហគមន៍​អន្តរជាតិ​បាន​មូល​មតិគ្នាយកសកម្មភាព ICCនៅអង្គរជាគំរូ ហើយយកទៅអនុវត្តនៅបណ្តាប្រទេសផ្សេងៗទៀត។ ហេតុដូច្នេះហើយ ICC នៅកម្ពុជាបានភ្ជាប់ពាក្យអង្គរគឺ ICC-អង្គរ ដើម្បីកុំឲ្យច្រឡំនឹង ICC ដែលកំពុងដំណើរការ នៅតាមប្រទេសដទៃទៀត។