Friday, June 27, 2014

សម្តេច​តេជោ​​៖​ការ​កាត់​​ទោស​​អតីត​មេដឹក​នាំ​ខ្មែរ​​ក្រហម​​ជាសច្ច​ធម៌​​ប្រវត្តិ​សាស្រ្ត ដែល​​វៀត​ណាម​​ជួយ​​រំដោះ​​កម្ពុជា

សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា មានប្រ​សាសន៍​ជំរាប​ជូន គណៈប្រតិភូ​សមាគមមិត្ត​ភាពវៀត​ណាម-កម្ពុជា កាលពី​ថ្ងៃ​ទី ២៦ ខែមិថុនា ឆ្នាំ ២០១៤ ដោយ​ចាត់​ទុក​ ការ​កាត់​ទោស​អតីតមេដឹកនាំ​ខ្មែរ​ក្រហម គឺ​ជា​សក្ខីភាព ដែល​ឆ្លុះ​ប​ញ្ចាំង​ពីសច្ច​ធម៌​ប្រវត្តិសាស្រ្ត ដែលវៀត​ណាម​បាន ជួយរំដោះប្រទេស និងប្រជាជន​កម្ពុជា​នោះ។ សម្តេច​តេជោ​នាយករដ្ឋមន្រ្តីបានថ្លែង នូវ​អំណរគុណ​ចំពោះ​កិច្ចការ​ទាំងឡាយ ដែល​សមាគ​ម​អតីត​យុទ្ធជន​វៀតណាម​បាន​រួមចំណែក​ជួយ​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា ចាប់​តាំងពី​ពេល​រំដោះ​ប្រទេស និង​អាយុជីវិត​ប្រជាជនកម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រហូត​ដល់​ដំណាក់​កាល នៃ​ការកសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​នេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ឲ្យដឹងថា ក្នុង​ជំនួប​ជា​មួយ​គណៈប្រតិភូ​សមាគមមិត្តភាព​វៀតណាម-កម្ពុជា នៅ​វិមាន​សន្តិភាព សម្តេចតេជោ​មាន ប្រសាសន៍​ថា បើ​គ្មាន​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទេ គ្មាន​ការជួយ​របស់​កងទ័ព និង​ប្រជា​ជន​វៀតណាម​នោះ​ទេ គឺ​ពិតជាមិន​មានថ្ងៃនេះ​នោះ​ទេ ហើយ​រាជរដ្ឋា​ភិបាល និង​ប្រជាជន​កម្ពុជា​សូម​ថ្លែង​នូវអំណរគុណ ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​បាន​ធ្វើពលី​កម្ម​ដើម្បី​បុព្វហេតុ​នៅ​កម្ពុជា។ សម្តេច​តេជោនាយករដ្ឋមន្រ្តី​បាន​ចាត់​ទុក​ការរៀប​ចំ​ឲ្យ​មាន​ឡើង​នូវជំនួប​រវាង​សម្តេច​និង គណៈប្រតិភូ​សមាគមមិត្ត​ភាពវៀត​ណាម-កម្ពុជា គឺ​ជា​ជំនួប​មួយ​ដែល​ពោ​ពេញ​ទៅដោយ​ឥស្សរជន​ដ៏មាន​កិត្តិយស ដែល​មាន​ប្រវត្តិផ្សារ​ភ្ជាប់​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស និង​ប្រជាជន​កម្ពុជា។

សម្តេចតេជោ​មាន​ប្រសាសន៍​ថា ជំនួប​បែបនេះ​គប្បី​រៀបចំ​ជួបគ្នា​ឲ្យបាន​ញឹកញាប់ ដើម្បីជា ការ​រំលឹក​ដល់​ប្រវត្តិសាស្រ្ត និង​ការចែក​រំលែក​នូវការ​យល់​ដឹង​ការវិវត្ត​នៃ​ប្រទេស​ទាំង​ពីរ និង​ការវិវត្ត​ជុំវិញ​តំបន់​ទាំង​មូល​ផង។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានស្នើឲ្យ​មាននូវ​ការធ្វើទស្សន​កិច្ច​ពី​សំណាក់ កូន ចៅ បង​ប្អូន​របស់​អតីត​យុទ្ធជន និង​អ្នកជំនាញការ​វៀតណាម ដែល​ធ្លាប់​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ផ្សារភ្ជាប់នូវ​ទំនាក់​ទំនង និង​ការយល់​ដឹងពីគ្នា​ទៅវិញ​ទៅ​មក បន្ថែម​ទៀត។

ឯកឧត្តម វូ ម៉ៅ ប្រធាន​សមាគមមិត្តភាព​វៀតណាម-កម្ពុជា មាន​ប្រសាសន៍​ថ្លែងនូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី និង​ប្រសាសន៍​ដ៏មាន​ខ្លឹមសារ​អត្ថន័យ​ដ៏ ជ្រាល​ជ្រៅ​បំផុត និង​សូមចងចាំជា​និច្ចនូវ​ប្រសាសន៍ដ៏​មានតម្លៃ​របស់នេះថា ជា​មេរៀន និង​ជាបទពិសោធន៍​របស់ថ្នាក់​ដឹកនាំ និង​ប្រជាជនវៀតណាម​ជំនាន់​ក្រោយ៕