Friday, June 27, 2014

សុន្ទរកថា ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​​​ពិធី​​ប្រកួត​កីឡា​​ប្រដាល់​​ក្បាច់​​គុន ​​បុរាណ​ខ្មែរ​​​​ជា​លក្ខណៈ​​មិត្ត​ភាព-​​អន្តរជាតិ​ ​និង​​ដណ្តើម​​ខែ្ស​​ក្រវ៉ាត់​ CBF

តាកែវ​ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១

-     ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ​និង​អន្តរជាតិ
-     បង​ប្អូន គ្រូបង្វឹក កីឡាករជាតិ និងអន្តរជាតិ ទូរ​ទស្សនិកជនទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្ត​រជាតិ គ្រូបង្វឹកនិងកីឡាករប្រដាល់ ​ទូរ​ទស្សនិកជន ទាំងអស់​​ ក្នុង​ពិធី​ប្រកួត​​កីឡាប្រដាល់​​ក្បាច់​គុន​​បុរាណ​ខ្មែរ​​​ជាលក្ខណៈ​មិត្តភាព-​​អន្តរជាតិ​ ​និង​ដណ្តើម​ខែ្ស​ក្រវ៉ាត់​ CBF ដែល​អាច​ចាត់​ទុក​ថាជា​ប្រព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​នៃ​ការ​ប្រកួត​ប្រដាល់​​​លក្ខណៈ​អន្តរជាតិ​​​​​​ដែល​ពុំ​ធ្លាប់មាន​​នៅ​លើ​ទឹក​ដី​ខេត្ត​តាកែវ​យើង នាពេលនេះ​។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះ​ការ​ផ្តួចផ្តើមគំនិត ​និង​កិច្ច​ខិត​ខំ​​​ប្រឹងប្រែង​របស់​​​គណៈ​កម្មាធិការ​ប្រតិបត្តិនៃគណៈកម្មាធិការកីឡាកម្ពុជា សហព័ន្ធ​កីឡា​ប្រដាល់​​កម្ពុជា​ ឯកឧត្តម​ យុទ្ធ ភូថង ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ដែលបាន​រៀបចំ​ការ​ប្រកួតកីឡាក្បាច់​គុន​​បុរាណ​ខ្មែរ​​​ជាលក្ខណៈ​មិត្តភាព-​​អន្តរជាតិ​​និង​​ដណ្តើម​ខែ្ស​ក្រវ៉ាត់​ CBF ​​នេះ ​​​ឱ្យ​មាន​ភាព​អធិកអធម និង​មាន​តម្លៃ​ជា​ប្រវត្តិសាស្រ្ត​​នៃ​​ទំនាក់ទំនង​​ និង​​​​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ក្នុង​វិស័យ​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ ដោយភាគី​កីឡាករ​​កម្ពុជាចំនួន​​ ៥រូប​ ​​ប្រកួតទល់​នឹង​កីឡាករ​​បរទេសចំនួន​ ៥រូប ដែលមក​ពីប្រទេស​ឡាវ ជប៉ុន ថៃ និង​ចិន​​​។​​ ទន្ទឹម​នឹង​នេះ​ ខ្ញុំ​សូម​ថ្លែង​​​អំណរគុណ​ចំពោះ​​គ្រូបង្វឹក​ កីឡាករ ​ភ្ញៀវកិត្តិយសជាតិ​ និងអន្តរជាតិ​​​ទាំងអស់​ ដែល​បាន​ចំណាយ​ពេល​វេលា​​ដ៏មាន​តម្លៃ​ធ្វើ​ដំណើរ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​​ ដើម្បីចូល​រួម​ រៀបចំ​ ​ឧបត្ថម្ភ និង​​​​គាំទ្រ​ ​ធ្វើ​ឱ្យ​​ការប្រកួត​ថ្ងៃ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​​ ដូចបាន​​គ្រោងទុក​​។ ជាងនេះទៅ​​ទៀត​ ខ្ញុំ​​សូម​​ថ្លែង​អំណរគុណ​ដល់ឯកឧត្តម​អភិបាល​ ថ្នាក់ដឹកនាំ​ និង​មន្រ្តី​រាជការ​នៃ​ខេត្ត​តាកែវ​ទាំងអស់​ ដែលបាន​​គាំទ្រ​ និងសម្របសម្រួល​​ផ្តល់​ទីលាន​​បាល់​ទាត់​​សាលា​គរុកោសល្យ​ខេត្ត​តាកែវ​សម្រាប់​ការ​ប្រកួត​​ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​​ផង​ដែរដល់​​​បណ្តាញ​​​ទូរទស្សន៍​​អប្សរា​ ដែល​កំពុង​ផ្សាយ​បន្ត​ផ្ទាល់​​​ជូន​បងប្អូន​ទូរទស្សនិកជន​​​​ទាំង​​​ក្នុង​និង​ក្រៅ​​​​​ប្រទេស​បាន​​តាមដាន​ទស្សនា​​នូវការប្រកួត​​ដ៏​អស្ចារ្យនាពេលនេះ។​

​ព្រឹត្តិការណ៍​​ថ្ងៃនេះ​​ឆ្លុះ​បញ្ចាំង​​ឱ្យ​​ឃើញ​អំពី​​​​កិច្ច​សហប្រតិបត្តិការ​​អន្តរជាតិ​លើ​វិស័យ​កីឡា​​​ ដែល​​ជា​​ឱកាស​ផ្តល់​នូវ​ការ​ផ្លាស់​ប្តូរទាំង​បច្ចេកទេស​ និង​​បទ​ពិសោធ​​ក្នុងការប្រកួត​​ក្បាច់​គុន​បុរាណ​ ដែល​ជា​មរតក​​នៃ​សិល្បៈការពារ​ខ្លួនរបស់​ប្រជាជាតិខ្មែរ​យើង​​។ ការប្រកួត​ជា​លក្ខណៈអន្តរជាតិ​នេះ​ ក៏ជា​ការបំផុស​​ស្មារតី​​​ម​ហា​ជន​ឱ្យ​កាន់​តែ​ស្រលាញ់​ និង​គាំទ្រកីឡា​ប្រដាល់​​ក្បាច់​គុន​បុរាណខ្មែរ ហើយក៏​ជា​ការ​​លើក​កម្ពស់​កិត្តិសព្ទ​​​​​​កីឡា​ប្រដាល់ក្បាច់គុនបុរាណខ្មែរ ​ឱ្យកាន់​តែ​ល្បីល្បាញ​ថែមទៀត​នៅ​លើ​ឆាក​អន្តរជាតិ​។

ឯកឧត្តម លោក​ជំទាវ អស់​លោក លោកស្រី​ និង​ទូរ​ទស្សនិជន​ទាំងអស់!
ដូចដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយថា កីឡា​ប្រដាល់ក្បាច់គុនបុរាណខ្មែរ គឺ​ជាប្រភេទ​កីឡា​ដ៏មាន​ប្រជាប្រិយភាព​ ដែល​ទទួល​​បាន​ការគាំទ្រ​ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​ និង​អន្តរជាតិ។​ កីឡា​​ប្រដាល់ក្បាច់គុនបុរាណខ្មែរ​ មិនត្រឹម​តែ​ជាកីឡាប្រដាល់​សម្រាប់​ប្រកួត​តាម​​លក្ខណៈ​​​​បច្ចេកទេស​ និង​​ច្បាប់ ដើម្បីឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ជាសិល្បៈ​នៃ​ការបញេ្ចញ​នូវ​កាយវិការដ៏​រហ័ស​រហួន​ យ៉ាង​ស្វាហាប់ និង​​មាន​​​​​​​ឫសគល់​យ៉ាង​ជ្រៅ​​​ក្នុង​​ទំនៀមទំលាប់ ​ប្រពៃណីរបស់​ជាតិ​យើង​ ហើយ​កីឡា​នេះ​ ក៏​ជា​និមិត្តរូបនៃអារ្យធម៌ខ្មែរ​ផងដែរ​។ តាម​ការសិក្សា​ស្រាវជ្រាវ​​របស់​ប្រវត្តិ​វិទូ​ បាន​ឱ្យ​ដឹង​ថា នាសម័យ​​អាណា​ចក្រ​ខ្មែរ ក្បាច់​គុនខ្មែរ​​មាន​​ច្រើន​ប្រភេទ​ណាស់​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ ​ក្នុង​វិស័យ​ការពារ​ជាតិ​​ និង​សង្គម​វប្បធម៌ ជា​សិល្បៈ​ការពារ​​ខ្លួន ជាល្បែង​ប្រដាល់​​​កំសាន្ត​ និង​ជា​យុទ្ធ​​គុនសម្រាប់​ពលទាហាន​​។ ជារួមក្នុង​សម័យ​នោះ​ ​​ទាំង​ព្រះ​រា​ជា មន្រ្តី​​​គ្រប់​​ជាន់​ថ្នាក់ ពលទាហាន​ និង​រាស្រ្ត​សាមញ្ញភាគច្រើន​​ សុទ្ធ​តែ​ទទួល​បាន​​ការ​ហ្វឹកហាត់​និងរៀន​ក្បាច់​គុន​​ខ្មែរមានជាអាទិ៍​ គុនប្រដាល់ គុនដាវ គុនដំបង​ បាញ់​ព្រួញ​ធ្នូ​ និង​​​​គុន​ល្បុក្ក​តោ​។​ជាក់​ស្តែង យើង​អាច​រក​​ឃើញ​ភស្តុតាង​ជាច្រើន ​​​​លើ​ផ្ទាំង​ចម្លាក់​​នៅតាម​​ប្រាសាទ​​បុរាណ​​​នានា តួយ៉ាង នៅ​​បា្រសាទ​សម្បូរណ៍​ព្រៃ​គុហ៍ ​ប្រាសាទ​អង្គរបូរី​ ប្រាសាទ​​​​កោះកេរ​ ប្រាសាទ​​បន្ទាយ​ស្រី ប្រាសាទ​បាពួន​ ​ប្រាសាទ​បាយ័ន ដែលអាច​​បញ្ជាក់បាន​​យ៉ាង​ច្បាស់​អំពី​​ប្រភព​​មរតក​វប្បធម៌​​​នៃ​ក្បាច់​​គុន​បុរាណ​​​​ខ្មែរ។

ដោយ​មើលឃើញ​ពីតម្លៃ​​មិនអាចកាត់ថ្លៃបាន​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ ដែលជាសម្បតិ្ត​វប្បធម៌​ជាតិ ​និងដើម្បី​លើក​កម្ពស់​​អត្តសញ្ញាណជាតិ​​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិត​​​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​និង​កំពុង​​យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិរក្ស និងអភិវឌ្ឍក្បាច់គុនបុរាណ​ខែ្មរ តាមរយៈការជំរុញ​លើកទឹកចិត្ត​ឱ្យ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ ប្រមូលចងក្រង និង​រៀបចំ​ឯកសារ​នានាពាក់ព័ន្ធ​នឹង​​ប្រវត្តិសិល្បៈ​ក្បាច់គុនខ្មែរ ក៏ដូចជា ​ស្ថានភាព​ក្បាច់គុន​ខ្មែរ​​ក្នុង​សម័យទំនើប​ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យ​បាន​កាន់​តែ​ទូលំទូលាយថែមទៀត​ដល់​គ្រប់​មជ្ឈដ្ឋាន​​ជាតិ​ និង​អន្តរជាតិ ដោយ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​​ឱ្យមានការ​បង្កើត​ជា​​ក្លឹប​​ហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​ និង​រៀបចំ​ឱ្យ​មាន​ការប្រកួត​កីឡាប្រដាល់​ប្រភេទនេះ​កាន់តែច្រើនឡើង​ថែមទៀត​​​ក្នុង​ក្រប​ខ័ណ្ឌ​​​ជាតិនិង​តំបន់​​​។ ជាក់ស្តែង ក្លឹបប្រដាល់​ក្បាច់​គុន​​​បុរាណ​ខ្មែរ​ជាច្រើនត្រូវបានបង្កើត​ឡើង​​​ជាបន្តបន្ទាប់ ដោយមានការចូលរួម​ហ្វឹកហាត់​គុន​ប្រដាល់​ពី​យុវជន យុវនារី​ជាមួយ​គ្រូបង្វឹក​ ដែលមាន​បច្ចេកទេស​និង​បទពិសោធយូរឆ្នាំ ដើម្បី​ក្លាយខ្លួន​ជា​កីឡាករ កីឡាការិនី​អាជីពប្រកួតនៅលើសង្វៀន និង​ក្លាយជា​អ្នក​បន្ត​វេន​ក្នុង​ការថែរក្សា​ អភិរក្ស​មរតកវប្បធម៌​ ​ឬ​ដើម្បីចេះគុន សិល្បៈ​ការពារ​ខ្លួន​ និង ដើម្បីសុខភាព។ ក្រៅពីនេះ ការប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណខ្មែរ​ត្រូវ​បាន​រៀបចំឡើង​យ៉ាងច្រើន និង​ទទួល​បាន​ការយកចិត្តទុក​ដាក់​​តាម​ដាន​​​​ទស្សនា​​ទាំងនៅ​នឹង​កន្លែង​ប្រកួត​ផ្ទាល់ និង​តាម​កញ្ចក់​ទូរទស្សន៍។

ឯកឧត្តម លោក​ជំទាវ អស់​លោក លោកស្រី​ និង​ទូរ​ទស្សនិជន​ទាំងអស់!
ជាថ្មីម្តងទៀត ខ្ញុំ​សូមថ្លែងអំណរគុណ​ចំពោះ​​​គណៈកម្មាធិការ​កីឡា​កម្ពុជា ​សហព័ន្ធ​កីឡា​ប្រដាល់​​​​កម្ពុជា ​ទូរទស្សន៍​​អប្សរា​ និង​សប្បុរស​ជន​​នានា ព្រម​ទាំងគណៈកម្មការ​រៀបចំ​ការ​ប្រកួត គ្រូបង្វឹក និង​កីឡាករ​ទាំងអស់ ដែល​បាន​ចូល​រួម​​សហការធ្វើឱ្យ​ព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្ត​សម្រាប់​ខេត្ត​តាកែវ​យើង ​ឱ្យ​មាន​ដំណើរការ​​​ប្រកប​ដោយ​រលូន។ ទន្ទឹមនឹងនេះ ខ្ញុំ​សូម​អំពាវ​នាវ​​ដល់​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ សហព័ន្ធ​​កីឡា​ប្រដាល់​ជាតិនិង​អន្តរជាតិ និង​សប្បុរសជន​ទាំងអស់​ សូម​បន្ត​​ចូលរួម ​ឧបត្ថម្ភ និងគាំទ្រទាំង​ស្មារតី សម្ភារៈ ថវិកា និងបច្ចេកទេស ដើម្បី​ជំរុញ​ឱ្យ​កីឡា​ប្រដាល់​ក្បាច់​​គុន​បុរាណ​ខ្មែរ​កាន់​តែ​មាន​ការ​អភិវឌ្ឍ និង​មាន​ភាព​ល្បី​ល្បាញ​ថែម​ទៀត ហើយ​ខ្ញុំ​មាន​ជំនឿយ៉ាង​មុត​មាំ​ថា ការប្រកួត​​​កីឡា​ប្រដាល់ក្បាច់គុន​បុរាណជាលក្ខណៈអន្តរជាតិ​បែបនេះ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ឱ្យ​រៀប​ចំ​ជា​បន្ត​បន្ទាប់​​នា​ពេល​​អនាគត​។

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិនិងអន្តរជាតិ គ្រូបង្វឹក កីឡាករ និងទូរទស្សនិកជន​ទាំងអស់ សូមមានសុខភាពល្អ ជោគជ័យ​ក្នុងការងារ និងសុភមង្គលក្នុងគ្រួសារ។

សូមអរគុណ!