Friday, June 27, 2014

ឯកឧត្តម ​បណ្ឌិត​​សភាចារ្យ សុខ អាន​ អញ្ជើញ​​ជា​អធិប​តី​ក្នុង​​ពិធី​​ប្រកួត​​កីឡា​​ប្រដាល់​​ក្បាច់​​គុន ​បុរាណ​ខ្មែរ​​ជា​​លក្ខណៈ​​មិត្ត​ភាព-​អន្តរជាតិ​ ​និង​​ដណ្តើម​​ខែ្ស​​ក្រវ៉ាត់​ CBF នៅ​តាកែវ

ឯកឧត្តម​បណ្ឌិ​ត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ចាត់​ទុក ​ពិធី​ប្រកួត​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ជាលក្ខណៈ​ មិត្ត​ភាព-​អន្តរជាតិ​ ​និង​ដណ្តើម​ខែ្ស​ក្រវ៉ាត់​ CBF  ដែល​ប្រារព្ធ​ធ្វើនៅ​លើ​ទីលាន​បាលទាត់​សាលា​​គរុកោសល្យ​ភូមិ​ភាគ​ខេត្ត​តាកែវ​ថា ជា​ប្រព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​នៃ​ការ​ប្រកួត​ប្រ​ដាល់​លក្ខណៈ​អន្តរជាតិ​ដែល​ពុំ​ធ្លាប់​មាន​នាពេល​កន្លងមក​លើទឹក​ដីខេត្ត​តាកែវ​នេះ​។

ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកួត​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ជាលក្ខណៈ​មិត្ត​ភាព​-អន្តរជាតិ និង​ដណ្តើម​ខែ្ស​ក្រវ៉ាត់​ CBF ដែល​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា សហការ​ជា​មួយ​ស្ថានីយ​ទូរទស្សន៍​អប្សរា នា​រាត្រី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៤។ ពិធី​ប្រកួត​ប្រដាល់​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ដោយស្ថានីយ៍​ទូរទស្សន៍​អប្សរា ​មាន​កីឡាករ​​កម្ពុជាចំនួន​​ ៥រូប​ ល្បី​ឈ្មោះ មាន​ជា​អាទិ៍ កីឡាករ សែន រ៉ាឌី ដែល​មាន​ខ្សែ​ក្រវ៉ាត់ CBF ប្រកួតទល់​នឹង​កីឡាករ​បរទេសចំនួន​ ៥រូប ដែល​មក​ពី​ប្រទេស​ឡាវ ជប៉ុន ថៃ និង​ចិន​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នៃការ​ប្រកួត​កីឡា​ប្រដាល់​ជាលក្ខណៈ​មិត្ត​ភាព​-អន្តរជាតិ និង​ដណ្តើម​ខែ្ស​ក្រវ៉ាត់​ CBF ​ថ្ងៃនេះ​​ឆ្លុះ​បញ្ចាំង​​ឱ្យ​​ឃើញ​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​កីឡា​ ដែល​​ជា​​ឱកាស​ផ្តល់​នូវ​ការ​ផ្លាស់​ប្តូរទាំង​បច្ចេក​ទេស​ និង​បទ​ពិសោធ​​ក្នុងការប្រកួត​ក្បាច់​គុន​បុរាណ​ ដែល​ជា​មរតក​​នៃ​សិល្បៈការពារ​ខ្លួនរបស់​ប្រជាជាតិខ្មែរ​យើង​​។ ការប្រកួត​ជា​លក្ខណៈអន្តរជាតិ​នេះ​ ក៏ជា​ការបំផុស​​ស្មារតី​​​ម​ហា​ជន​ឱ្យ​កាន់​តែ​ស្រលាញ់​ និង​គាំទ្រកីឡា​ប្រដាល់​​ក្បាច់​គុន​បុរាណខ្មែរ ហើយក៏​ជា​ការ​​លើក​កម្ពស់​កិត្តិសព្ទ​កីឡា​ប្រដាល់ក្បាច់គុនបុរាណខ្មែរ ​ដែល​មាន​រូប​ចម្លាក់​នៅ​តាម​ប្រាង្គ​ប្រាសាទ​ខ្មែរ​ជា​ភ័ស្តុតាង ឱ្យកាន់​តែ​ល្បីល្បាញ​ថែមទៀត​នៅ​លើ​ឆាក​អន្តរជាតិ​។

ជាមួយ​នឹង​ការ​ថ្លែង​អំណរ​គុណ ឯកឧត្តម​អភិបាល​ថ្នាក់ដឹកនាំ​ និង​មន្រ្តី​រាជការ​នៃ​ខេត្ត​តាកែវ​ ដែលបាន​គាំទ្រ​ និងសម្របសម្រួល​ផ្តល់​ទីលាន​បាល់​ទាត់​សាលា​គរុកោសល្យ​ខេត្ត​តាកែវ​ សម្រាប់​ការ​ប្រកួត​​ ក៏​ដូច​ជា​បណ្តាញ​ទូរទស្សន៍​អប្សរា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​អំពាវនាវ​ដល់​សប្បុរសជន​ដែល​ស្រឡាញ់​វិស័យ​កីឡាជួយ​គាំទ្រឧបត្ថម្ភ​ផងដែរ៕