Thursday, July 3, 2014

សម្តេច​​តេជោ​​បង្ហាញ​​ពី​​លទ្ធភាព​​២​ នៃ​​បរិយាកាស​​នយោ​បាយ​​នៅ​​ក្នុង​​ព្រះ​​រាជា​ណា​ចក្រ​ក​ម្ពុជា

សម្ដេច ​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​ប្រកាស​ម្ដងទៀត​ នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៤ ពី​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង អំពី​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​តែ​បើកទ្វារចំហ ដើម្បី​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម​ហេតុ​សម​ផល និង​បាន​ព្រមាន​ជា​មុន​ថា ​កុំ​ធ្វើ​ដូច​មេ Mafia ចាប់បង្ខំ​គេ​ឱ្យធ្វើតាម​។ ​ព្រោះ​ការ​ចរចាបង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយទាម​ទារ ​ឲ្យ​​ប្រើរូប​មន្ត ២​ភាគ​៣ ​វា​នឹងគាំង​មិន​អាច​បោះឆ្នោត​កើត, ២ ភាគ ៣ នេះ នឹង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​តែម្ដង!។

នាឱកាស ​អញ្ជើញ​ជា​អធិបតី​ក្នុង “​ទិវា​មច្ឆជាតិ​” ថ្ងៃទី​១ កក្កដា នៅអាងទឹកក្តុល ស្ថិត​ក្នុង​ភូមិ​ក្រាំង​កន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​លើក​បង្ហាញ​ផង​ដែរពី​និរន្តរភាព​របស់​ រដ្ឋ និរន្តរភាព​ជីវភាពរបស់​ពលរដ្ឋ ដែល​កំពុង​មាន ទោះ​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​តែ​បន្ត​មិន​ចូល​សភា​ក៏​ដោយ។

ទាក់ ​ទង​នឹង​បញ្ហា​ចរចា​រក​ដំណោះ​ស្រាយ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ម្សិលមិញ (៣០​មិថុនា​២០១៤) ខ្ញុំ ប្រាប់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ជប៉ុន (ឯកឧត្តម ហ្វ៊ូមី​អូ គី​ស៊ី​ដា Fumio Kishida)​ត្រង់ៗ​តែ ​ម្ដង​ថា លទ្ធភាព​វិវត្តន៍​របស់​កម្ពុជា មាន​តែ​ពីរ​ទេ ទី​១, ​មាន​ការចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ដំណើរការ​សភា​ តាម​រយៈ​នៃ​ការចរចា​ដោយ​សម​ហេតុ​សម​ផល ហើយ​មិន​ត្រូវ​ធ្វើជា​មេ​ម៉ាហ្វីយ៉ា (Mafia) ចាប់​បង្ខំនោះទេ... លទ្ធភាព​ទី​មួយ គឺជា​ការ​ល្អ​។ សម្ដេច​បន្តថា​៖ យើង (​គណបក្ស​ប្រជាជនកម្ពុជា) នៅ​តែ​បើកទ្វារ​ចំហ​ដើម្បី​ការចរចា ប៉ុន្តែ​អ្នក​ឯង​អត់​ត្រូវ​មក​និយាយ​ពី​រឿង​២​ភាគ​៣​ទេ​។ ​«ខ្ញុំ​បាន​ប្រាប់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ជប៉ុន​ថា ២​ភាគ​៣ គឺ​សម្លាប់​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​ហើយ!​។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ពីមុន​២​ភាគ​៣ គ្រាន់តែ​ធ្វើ​ឱ្យ​គាំង​នៃ​ការបង្កើត​រាជរដ្ឋាភិបាល! ក្នុង​ពេល​ដែល​បង្កើត​រា​ជ​រដ្ឋាភិបាល​ថ្មី​មិនទាន់បាន​រាជ​រដ្ឋាភិ​បាល​ ចាស់​ គឺ​នៅ​ចាំផ្ទះ, ប៉ុន្តែ ២​ភា​គ​៣ ​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បើសិន​វា​គាំង គឺ​សម្លាប់​ប្រជា​ធិប​តេយ្យ​នៅ​ស្រុក​ខ្មែរ​តែម្ដង! សុំ​អ្នកវិភាគ​ទាំងឡាយ​យល់​ឱ្យ​ច្បាស់​អំពី​កន្លែង​ហ្នឹង! បើ​អ្នកឯង​ទារ​២​ភាគ​៣ ​គឺ​អត់​ទេ និយាយថា ដាច់ខាត​គឺ​អត់​អ្នក​ឯង​ចង់​ធ្វើ​អី​ធ្វើទៅ! ហើយតែ​ជ្រុល​ហួស​សុំទោស!»​។

សម្តេចតេជោ ​បាន​ថ្លែង​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​បាន​និយាយ​ថា «ឆន្ទៈ​រាស្រ្ត​អត់ឲ្យ​ចូល​សភា ខ្ញុំ​និយាយ​ថា ឆន្ទៈ​រាស្រ្ត​ឲ្យ​រាជរដ្ឋាភិបាល​បន្ត​ដំណើរ។ ឆន្ទៈ​រាស្រ្ត​អី​តែឯង ឆន្ទៈ​រាស្រ្ត​ខ្ញុំ​ច្រើន​ជាង»។ មេបក្ស​ប្រឆាំង​ធ្វើ​ខ្លួន​ដូចមេម៉ាហ្វីយ៉ា ចាញ់​ឆ្នោត​ហើយ​បង្ខំឲ្យ​គេធ្វើតាម​ខ្លួន​ទៀ​ត។ ពាក់​ព័ន្ធ​នឹងការលើក​ឡើង​របស់​បក្ស​ប្រឆាំង ដែល​សុំ​ទៅព្រះមហាក្សត្រ​ឲ្យ​មាន​ការ​កោះ​ធ្វើ​សមាជ​វិញ សម្តេចតេជោ​មាន​ប្រសាសន៍​ថា សូម​លោក​មើល​ទៅ​មាន​ច្បាប់​សមាជ មក​ពី​ត្រង់​ណា? ហើយ​គេតែងតែ​បាន​លើក​ឡើង​ថា ជាបេក្ខជន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត ដូច្នេះ​បាន​សេច​ក្តី​ថា គេ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត គ្រាន់​តែ​មិន​ទាន់​ចូល​សភា។

ទោះ ​បី​យ៉ាង​ណា​សម្ដេច​តេជោបាន​មាន​ប្រសាសន៍​ដោយ​សុទិដ្ឋិនិយម ចង់ឱ្យ​មានការ​សម្រប​សម្រួល​គ្នា​រវាង​គណបក្ស ដែល​មាន​អាសនៈ​ក្នុង​សភា​ដោយ​មិនចាំបាច់ មក​ឆ្លងកាត់​មហា​ផ្ទៃ​ឆ្លងកាត់​គណៈរដ្ឋមន្ត្រី ហើយ​បញ្ជូន​ទៅ​សភា​ទេ​ក្នុង​នេះ។ ​ទាក់​ទង​នឹង​នីតិវិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សម្ដេច​បាន​មាន​ប្រសាសន៍​លើក ​ឡើង​ថា​៖ បណ្ដា​បក្សនយោបាយ ដែល​មាន​អាសនៈ​ក្នុង​សភា​សម្រប​សម្រួល​គ្នា​ទៅ​វា​ស្ទើរតែ​មាន​កុងសង់ស៊ីស​ ទៅហើយ​ប៉ុន្តែ​ពេល​ដែល​ប្រថាប់ត្រា​មិន​អាច​យក​ការព្រមព្រៀង រវាង​បណ្ដា​បក្ស​នយោបាយ​ក្នុង​អចិន្ត្រៃយ៍​សភា​ទៅ​ថ្វាយ​ព្រះ​ករុណា​ ព្រះមហាក្សត្រ ចេញ​ព្រះរាជ​ក្រឹត្យ​បានទេ! វា​ត្រូវ​ឆ្លង​កាត​ការបោះឆ្នោត​ដោយ​សភា ហើយ​ការ​បោះឆ្នោត​នោះ​គឺ​ត្រឹម​តែ​សំឡេង​​៥០​បូក​១​។

សម្ដេច ​តេជោបាន​ទម្លាយ​ឱ្យដឹង​ផង​ដែរថា ក្នុងពេល​ដែល​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ​បង្កើតទូរ​ទស្ស​ន៍ដោយ​ឱ្យធ្វើ​លិខិត​ ស្នើ​សុំ​នោះ ឥឡូវនេះ មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ថា គេមិន​ធ្វើ​លិខិត​ទេ បើ​គេ​បង្កើត​ទូរទស្សន៍ គេត្រូវតែ​ឯករាជ្យ ដោយ​មិន​នៅ​ក្រោម​របបច្បាប់សារព័ត៌មាន​អី​ទេ​។ បញ្ហា​នេះ សម្ដេចតេ​ជោបាន​ផ្ដាំ​ទៅ​វិញ​ថា «អើ! បើ​អ៊ីចឹងអត់​ទៅ! លោក​ឯង​មិន​យក ហី​ទៅ! មិនឱ្យ! ព្រហើន​ម៉េះ?»​។ ក្នុង​នេះ​សម្ដេចពន្យល់ថា «​ទូរទស្សន៍​គេ​ដទៃទៀត ឥឡូវ​រាល់ថ្ងៃ​កំពុង​ធ្វើ​សកម្មភាព​ទាំង​ទូរទស្សន៍​ទាំង​វិទ្យុ​សុទ្ធតែ​ នៅក្រោម​ច្បាប់​មួយ គឺ​ច្បាប់​ទាក់ទិន​ជា​មួយ​នឹង​ក្រសួង​ព័ត៌មាន​។ ឥឡូវ​គេ​ថា​អត់​ទេ បើសិនជា​គេ​ធ្វើ ត្រូវតែ​ឯករាជ្យ អើ! អ៊ីចឹង លោក​ឯង​ទៅ​បង្កើត​រដ្ឋ​មួយ​ផ្សេង​នៅ​ឋាន​ព្រះ​ចន្ទទៅ! ហ៊ាន​សាកល​មើល៍​ដំឡើង​អង់​តែ​ន...​ដាក់​ល​មើល៍.​..​ទឹក​ដី​នេះ​អត់​ធ្វើ​ អបគមន៍​បានទេ​ណា​ប្រាប់​ឱ្យ​ហើយ!»​។ សម្ដេច​តេជោ ក៏​បញ្ជាក់​បន្ថែម​ដែរ​ថា​« ដូច​សម្ដេច ហេង សំរិន បញ្ជាក់​អ៊ីចឹង គឺបន្ត​បើកទ្វារ ប៉ុន្តែ​ឈរលើ​មូលដ្ឋាន​ដែល​បាន​ព្រម​ព្រៀង​គ្នា​ហើយ​លើ​អ្វីខ្លះ! កុំ​លេងថយ​ក្រោយ​ដូរ​តួអង្គ​ចរចា​បង្កើត​ប្រធានបទ​ថ្មីៗ ​រហូត​អត់​ទេ! ខ្ញុំ​ឥឡូវ​អត់​ខ្វល់!...​អ្នកណា​ចង់​វិភាគ​អី វិភាគ​ទៅ​រឿង​របស់​ខ្ញុំ​គឺ​រឿង​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រជាជន​បង្ក​បង្កើន​ផល​ សន្តិសុខ​ជាតិ​រក្សា​បាន​ស្ថិរភាព​ម៉ា​ក្រូសេដ្ឋកិច្ច អ្វីៗ​ដំណើរការ​ទៅមុខ​រកលុយ​បើក​ប្រាក់​ខែ​ឱ្យ​មន្ត្រីរាជការ​កម្លាំង​ ប្រដាប់អាវុធ, ការចំណាយ​ជួសជុល​ផ្លូវ​ថ្នល់​ធ្វើប្រឡាយទឹកអ្វីៗ​ដំណើរ​ការ​ធម្មតា...»​។

ចំពោះ ​លទ្ធភាព​ទី​២ សម្ដេច​តេជោ​បញ្ជាក់ថា​៖ លទ្ធភាព​ទី​២ គឺ​ដំណើរការ​ដូច​បច្ចុប្បន្ន ហើយ​ដល់​ឆ្នាំ​២០១៨​ចាត់តាំង​បោះឆ្នោត​ឡើងវិញ!​។ ក្នុង​ចំណុច​នេះ សម្តេច​បានគូសបញ្ជាក់ថា ទោះ​មាន ឬ​គ្មាន​ជំនួយ​ពីបរទេស​ក៏​ដោយ ក៏​រាជរដ្ឋាភិបាលដែលមាន​គណបក្ស​ប្រជាជន​នៅ​ក្នុង​នោះ​ត្រូវតែមាន​ ការកែទម្រង់ការ​បោះឆ្នោត​ដែរ​។ ក្នុង​ការកែទម្រង់​បោះឆ្នោត​នេះដែរ ស​ម្ដេច​បញ្ជាក់ថា «​ដល់​ឆ្នាំ​២០១៨ បើ​អ្នកឯង​ចូលរួម​បោះ​ក៏​បោះ​ទៅ បើ​មិន​ចូល​បោះ ទេ​ស្មាន​តែ​មាន​តែ​គណបក្ស​ប្រជាជន គឺមាន​បក្សគរ​គោក​ដែល​គេ​ទើប​បង្កើត​រាប់ ទាំង​សម្តេច​ក្រុមព្រះ បង្កើត​ត្រៀម​តែ​នឹងចូល​បោះ!...»​។ ដោយឡែក​តប​ចំពោះសេដ្ឋ​វិទូ និង​អ្នកវិភាគ​ឯករាជ្យ​មួយ​ចំនួន​ដែល​ថា បន្តិចទៀត គឺ​សេដ្ឋកិច្ច​កម្ពុជា​ទន់ខ្សោយ​រាជរដ្ឋាភិបាល​នឹង​ទៅ​រក​ជំនួយ​បរទេស​មក​ បើក​ប្រាក់ខែនោះ សម្តេច​តេជោផ្ដាំ​ទៅវិញ​ថា «អត់​ទេ!​មួយ​ជីវិត​របស់​យើង​ហើយ គឺ​មិន​ដែល​ទៅ​យក​ជំនួយ​បរទេស​មក​បើក​ប្រាក់ខែ​ទេ ហើយ​ក៏​គ្មាន​បរទេស​ណា​គេ​ផ្តល់​ជំនួយ​មកឱ្យ​យើង​សម្រាប់បើក​ប្រាក់ខែ​ ដែរ...​មិន​ត្រឹមតែ​ជំនួយ​ទេ ទៅ​ខ្ចី​លុយ​គេ​យកមក​បើក​ប្រាក់ខែ​ក៏​អត់​ដែរ! កម្ពុជា​មិន​ដែល​ទៅ​សុំ​ជំនួយ​បរទេស​មក​បើក​ប្រាក់ខែ​ទេ!» ​ជា​សរុប​ចុងក្រោយសម្ដេច​តេ​ជោ ហ៊ុន សែន ​ផ្ដាំផ្ញើ​ថា «​ឬ​មួយ​អ្នកឯង​ចូល ខ្ញុំ​ក៏​អរ! ឬមួយ​អ្នកឯង​មិន​ចូល ខ្ញុំ​តម្រង់​ឆ្ពោះទៅ​២០១៨​បោះឆ្នោត!»​៕