Thursday, July 3, 2014

សម្ដេចតេជោ៖ គប្បីរក្សាទំនាក់ទំនងដែលមានស្រាប់រវាងកម្ពុជា-ថៃ

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ រាជា ណា​ចក្រ​​​កម្ពុជា បាន​ឡាយ​ព្រះហស្ថលេខា​លើ​ព្រះ​រាជ​ក្រឹត្យ​លើកលែងទោស លោក វីរៈ ស៊ុម​ក្វាម​ឃីដ ​អតីត​មេចលនា​ថៃ​អាវលឿង​ ហើយ​នៅ​ថ្ងៃ​ទី០១ ខែ​កក្កដា ឆ្នាំ​២០១៤ តាម​សំណើរ​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ នេះ​បើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីឲ្យ​ដឹង​ ក្រោយ​ពី​បញ្ចប់​ជំនួប​សាវនាការ រវាង​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន និង​ឯកឧត្តម ស៊ីហាសាក់ ផុងគេតកែវ (Sihasak Phuangketkrow) អគ្គលេខាធិការ​អចិន្ត្រៃយ៍ និង​ជា​រដ្ឋមន្ត្រីស្ដី​ការបរ​ទេស​ថៃ​ នា​រសៀល​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៤ ​នៅ​វិមានសន្តិ​ភាព។
​ លោក វីរៈ ស៊ុមក្វាមឃីដ និង​អ្នក​ទោស​ថៃ​ ០៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​កាល​ពី​ថ្ងៃ​ ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ ដាក់​ពន្ធនាគារ​ក្នុង​ម្នា​ក់​ពី​៦​ឆ្នាំ ទៅ​៨​ឆ្នាំ ​ពី​បទចារកម្ម​ចូល​ទឹកដីខ្មែរ​ដោយ​ខុស​ច្បាប់​ និង​ចូល​តំបន់​យោធា​ខ្មែរ​ដោយ​ខុស​ច្បាប់​ផង​ដែរ។
ឯកឧត្តម អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ថា ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​ជំនួប​នោះ​ថា អ្វី​ដែល​ជាសំណើ​របស់​ឯកឧត្ដម​ប្រាយុទ្ធ​ ចាន់អូចារ លោក សុងខ្វាមឃីដ ​ត្រូវ​បានដោះ​លែង​ហើយ តាមរយៈ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា ដែល​បាន​ឡាយ​ព្រះហស្ថលេខា​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤​នេះ ហើយ​នឹង​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេសថៃ​វិញ​ជាមួយ​គណៈ​ប្រតិភូ​ថៃ​នៅ​ ថ្ងៃ​ទី០២ ខែ​កក្កដា ស្អែក​នេះ​។
ឯកឧត្តម ​អ៊ាង ​សុផល្លែត ​បាន​ឲ្យ​ដឹងថា នៅ​ក្នុង​ជំនួបនោះ​ឯកឧត្ដម ​Sihasak ក៏បាន​ស្នើ​សុំ​រាជដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ពិចារណា​តាម​នី​តិវិធី​របស់​កម្ពុជា លើក​លែង​ទោស​ក្នុង​ឱកាស​ពិធី​ដង្ហែ​ព្រះបរមអដ្ឋិ​ព្រះបរមរតនកោដ្ឋ ​នា​ពេល​ខាង​មុខ ដោះ​លែង​លោក​ វីរៈ ​សុងខ្វាមឃីដ​ ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​អស់រយៈ​ពេល​ជា​យូរ​មក​ហើយ​ដែរនោះ។
សម្ដេចតេជោ​ក៏បាន​ស្នើ​ឲ្យ​ភាគីថៃ​ឯកឧត្ដម​ ប្រាយុទ្ធ​​ ចាន់អូចារ​ ពិចារណា​លើករណី​ដែល​ជន​ជាតិ​កម្ពុជា ដែល​ត្រូវ​បាន​ជនឆបោក​ហើយ​ធ្វើ​ឯកសារ​ក្លែងក្លាយ​នោះ សូម​ពិចារណា​ដើម្បី​ដោះ​លែង​ទៅតាម​នីតិវិធី​របស់​ថៃ​ផងដែរ។
ឯកឧត្តម ​អ៊ាង ​សុផល្លែត ​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ក្នុង​ជំនួប​នោះ​ថា ឯកឧត្ដម​Sihasak បាន​ជម្រា​ប​ជូន​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ អំពី​ទិដ្ឋភាព​នយោបាយ​ទូទៅ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​ថៃ ដែល​ក្នុងនោះ គឺភាគីថៃ​មាន​បំណង​ចង់​ឲ្យ​ធ្វើ​ទំនាក់ទំនង​ល្អ និង​លើកស្ទួយ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទាំង​ទ្វេ​ភាគី និង​ពហុភាគី​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់។
ឯកឧត្តម ស៊ីហាសាក់ ផុងគេតកែវ (Sihasak Phuangketkrow) ក៏​បាន​រាយការណ៍​ជូន​សម្តេច​តេជោ​អំពី​ជំនួប​ជាមួយ​ឯកឧត្តម ហោ ណាំហុង ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស អំពី​បញ្ហា​ដែល​ពាក់​ព័ន្ធ និង​ពលករ ​ក៏ដូចជា​ការលើក​ស្ទួយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​តភ្ជាប់​ស្ពាន ផ្លូវដែក និង​ការបើក​ច្រក​ស្ទឹង​បត់ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោ​បាយ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​ថៃនោះ គឺគ្មាន​អ្នកណា​ដឹង​មុន​ទេ គឺ​កងទ័ព​បាន​សម្រេច​ចិត្ត​ធ្វើ​សកម្ម​ភាព​ភ្លាមៗ ដែល​នេះ គឺជា​ដំណោះ​ស្រាយ​ចុង​ក្រោយ​បំផុត​ហើយ​ដើម្បី​ធ្វើយ៉ាង​ណា​រក្សា​ឲ្យបាន​នូវ ​ស្ថេរភាព​នយោបាយ​របស់​ប្រទេស​ថៃ និង​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​លទ្ធិប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​ថៃ​ឲ្យ​ មាននិរន្តរភាព​។
ឯកឧត្ដមអគ្គលេខាធិការ ​អចិន្ត្រៃយ៍ និង​ជា​រដ្ឋមន្ត្រីស្ដី​ការបរ​ទេស​ថៃ​ ​ក៏បាន​ជម្រាប​ជូន​សម្ដេច​តេជោ​អំពី​ផែនការ ​៣​ចំណុច របស់​រដ្ឋាភិបាលថៃ ហើយក៏​បាន​គោ​រព​សម្ដែង​នូវការ​សោកស្ដាយ​ចំពោះ​អ្វី ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​ពលករ​កង្វះ​ខាត​ផ្នែក​គ្រប់គ្រង​បាន​ ធ្វើ​ឲ្យ​មាន​ការយល់​ច្រឡំ​ខុស អំពី​បញ្ហា​ពលករនេះ​។ នៅ​ពេល​នេះ​ភាគី​ថៃ និង​កម្ពុជា​កំពុង​តែមាន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​បញ្ហានេះ ដែល​ថៃ​បង្កើត​ឲ្យ​មាន​ច្រក​ចេញ​ចូល​តែ​មួយ និង​ការទំនាក់ទំនង​ផ្នែក​ការទូត​ ព្រម​ទាំងកាត់​បន្ថយ​រយៈ​ពេលនៃ​ការ​ធ្វើ​ទិដ្ឋាការ​ផង​ដែរ​។ ភាគីថៃ​នឹង​យកចិត្ត​ទុកដាក់ឲ្យ​តម្លៃខ្ពស់​ចំពោះ​ពលករ​ទាំងឡាយ​ណាមិន​ថា ពលករ​មក​ពីប្រទេស​ណា​ទេ ជាពិសេស​ពលករ​មក​ពី​ព្រះរាជា​ណាចក្រ​កម្ពុជា​តែម្ដង។
ទាក់ ​ទង​នឹង​សភាពការណ៍​ក្នុង​ប្រទេស​ថា ឯកឧត្តម​ អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ថា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា រូប​សម្ដេចផ្ទាល់​មិន​ជឿថា អ្វី​ដែល​កើត​ឡើង​នៅ​ក្នុងព្រះរាជាណាចក្រ​ថៃ គឺ​ជាការក្រោង​ទុក​នោះ​ទេ ហើយ​វាអាច​ជាការ​កើត​ឡើង​សម្រ​ច​ចិត្តភ្លាមៗ​ និង​វាក៏ជា​ដំណាក់កាល​ចុង​ក្រោយ ហើយ​សម្ដេចយល់​អំពី​បញ្ហា​ទាំង​នោះ ដែល​កម្ពុជា​មិន​ជ្រែតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃឡើយ​។
ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ សម្ដេចតេជោ​បានមាន​ប្រសាសន៍​ថា គប្បី​រក្សា​ទំនាក់​ទំនង​ដែល​មាន​ស្រាប់ ហើយ​ប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង​នេះ ឲ្យ​បាន​កាន់​តែស៊ី​ជម្រៅ​ថែម​ទៀត​៕