Thursday, July 3, 2014

សម្តេចតេជោជំរុញឲ្យលែងកូនត្រីឲ្យបានច្រើននៅតាមបឹងព្រែកធម្មជាតិ

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​មច្ឆជាតិ ១កក្កដា ប្រចាំឆ្នាំ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​អាងទឹក​ក្តុល ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មានការ​លែង​កូន​ត្រី​ឲ្យ​បាន​ច្រើន​នៅ​តាម​បឹង​ព្រែក​ធម្មជាតិ​ឲ្យ​បាន​ច្រើន ដោយ​មិនចាំ​បាច់​តែ​ទិវា​មច្ឆជាតិ​នោះ​ឡើយ​។
ទាក់​ទង​នឹង​ការ​ប្រារព្ធ​ទិវា​មច្ឆ​ជាតិ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ថា ទិវា​មច្ឆជាតិ​នេះ ​មិន​ធ្វើ​តែ​ថ្ងៃទី១កក្កដា​នេះ​ទេ​គឺ​ត្រូវ​ធ្វើ​នៅពេល​វេលា​ជា​ច្រើន និង​ទីកន្លែង​ជាច្រើន​ទៀត ដើម្បី​ធ្វើ​ឲ្យ​ទន្លេ ស្ទឹង បឹងបួរ របស់​កម្ពុជា​សម្បូរ​ទៅដោយ​ត្រី។
សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មា​ន​ប្រសាសន៍​ពន្យល់​ថា ​ការ​ថយចុះ​នៃ​ផល​ត្រី​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គឺ​កើត​ឡើងដោយ​កត្តា​សត្យានុម័ត​ផង និង​កត្តា​អត្តនោម័តិ​ផង ដែល​កត្តា​សត្យានុម័ត​គឺ​ចំនួន​ប្រជា​ពល​រដ្ឋ​មាន​ចំនួន​កើនឡើង ចំណែក​បឹង​ត្រពាំង​ទន្លេ​របស់​យើង​កាន់តែ​រីង​រាក់​ទៅ ដោយ​សារ​តែ​បាតុ​ភូតធម្មជាតិ ការហូរ​ច្រោះ​ដី និង​ការ​គោក​រាក់។
សម្តេច​តេ​ជោ ​បាន​អំពាវនាវ​ជាថ្មី​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បន្ត អនុវត្ត​ន៍​អនុ​សា​ស​ន៍​ចំនួន ៧ចំណុច ដែល​ធ្លាប់បាន​អំពាវនាវ​កាលពី​ឆ្នាំ២០១២ នៅក្នុង​ខេត្ត​កំពង់ចាម ដែល​រួម​មាន ទី​១,សុំ​កុំ​ប្រើ​ឧបករណ៍​ខុសច្បាប់ ជាពិសេស​ការប្រើ​ឧបករណ៍​ឆក់​ត្រី។ ទី​២,កុំ​ចាប់​ត្រី​ក្នុង​រដូវ​ហាមឃាត់​គឺ​ក្នុង​រដូវ​ត្រី​ពង។ ទី​៣,សូមកុំ​កាប់​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង​កូន​។ ទី​៤,ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ជនខិលខូច និង​មន្ត្រី​ខិលខូច​ដែល​ចូលទៅ​នេសាទ ឬ​ពាក់ព័ន្ធ ក្នុង​តំបន់​អភិរក្ស។ ទី​៥,កុំ​យក​បឹង​ព្រែក​ប្រើប្រាស់​ខុស​គោលដៅ​នេសាទ​ដូចជា​យកទៅ​ដាំ​ឈូក និង​ចាក់ដី​លុប​ជាដើម។ ទី​៦,កុំ​ឲ្យ​មានទំនាស់​រវាង​ប្រជាពលរដ្ឋ​អ្នក នេសាទ និង​អ្នកធ្វើ​ស្រែប្រាំង ឬ​ទំនាស់​ដែនទឹក​ជាមួយ​ប្រជាពលរដ្ឋ ដែល​មក​ធ្វើ​នេសាទ​នៅ​តំបន់​របស់ខ្លួន​គឺ​ត្រូវ​ចែកគ្នា​រស់​ទាំងអស់គ្នា និង​ទី​៧,​សូម​ចូលរួម​ឲ្យ​សកម្ម​ក្នុង​ទិវា​មច្ឆជាតិ ១​កក្កដា​ជា​រៀងរាល់ឆ្នាំ ដែលជា​ទិវា​ជំរុញ​វារីវប្បកម្ម​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ចូលរួម​ការពារ ត្រី​និង​ជីវចម្រុះ​ដែល​ជិត​ផុត​ពូជ​។
ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ក្នុងការ​អនុ​វត្តន៍​កំណែ​ទំរង់​ស៊ីជម្រៅ រាជរដ្ឋាភិបាល​បានសម្រេច​លុប​ឡូ​តិ៍​នេសាទ​ចំនួន ១៥៨ឡូ​តិ៍​ដែល​មាន​ផ្ទៃ​សរុប ៩៥៣.០០០ហិកតា ក្នុង​នោះបាន​កាត់​ជូន​ប្រជាពលរដ្ឋ​ចំនួន ៨៥៦.២៣៧ ហិក​តា ស្មើនឹង​ប្រមាណ ៩០ភាគរយ និង​រក្សា​ទុកជា​កន្លែង​អភិរក្ស​ជលផល​ស្មើនឹង ៩៧.៥០០ ហិក​តា ស្មើ ១០ភាគរយ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា រហូត​មក​ដល់​ឆ្នាំ ២០១៣ សហ​គមន៍​នេសាទ​ចំនួន ៥១៦ ត្រូវបាន​បង្កើតឡើង ​ក្នុងនោះ​សហគមន៍​នេសាទ​ទឹកសាប​ចំនួន ៤៧៧ និង​សហគមន៍​នេសាទ​សមុទ្រ​ចំនួន ៣៩ ហើយ​ក្នុងនោះ​សហគមន៍​នេសាទ​ចំនួន ៣៦០ ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួងកសិកម្ម​រួចហើយ។ ជាមួយនេះ​បាន​រៀប​ចំ​សហគមន៍​នេសាទ​គ្មាន​បទល្មើស​ចំនួន ២៨សហគមន៍​ផងដែរ។ ធនាគារ​ក្ដាម ៣៤កន្លែង​ត្រូវ​បាន​បង្កើត​ឡើង ដែល​ធ្វើ​ឱ​ឲ្យ​ក្ដាមសេះ​មាន​បរិមាណ​កើនឡើង ៤ដង​។
ក្នុង ​ឱកាស​ប្រារព្ធ​ទិវា​មច្ឆជាតិលើក​ទី​១២​នេះ​ ​កូន​ត្រី​ពូជ ១លាន និង​មច្ឆជាតិ​ឯទៀត ត្រូវបាន​យក​ទៅលែង​នៅ​អាងទឹក​ក្តុល ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់​ឆ្នាំង​ ​មាន​ចម្ងា​យ ៤៨គីឡូ​ម៉ែត ពី​រាជធានី​ភ្នំពេញ​ត្រង់ចំណុច​ផ្សារ​ត្រាច រួច​បត់​ចូលកាន់​កន្លែង​ប្រារព្ធពិធី​ចម្ងាយ ២៨គីឡូ​ម៉ែត។ អាងទឹក​នេះ​មាន​ទំនប់​ទ្វារ​រំដោះ​ទឹក ប្រព័ន្ធ​ស្រោចស្រព និង​ប្រឡាយ​ជាច្រើន​ខ្សែ ដែល​បាន​សាងសង់ឡើង​ក្នុងអំឡុង​ឆ្នាំ១៩៧៦ និង​បានបញ្ចប់​នៅ​ឆ្នាំ​១៩៧៧ ក្នុងសម័យ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ។ ក្រោយ​ឆ្នាំ១៩៨៧ តំបន់​នេះ​ស្ថិតក្នុង​ស្ថាន​ភាព​ប្រទាញប្រទង់ ដោយ​សារ​សង្គ្រាមស៊ីវិល​អូសបន្លាយ​ជិត ២០ឆ្នាំ ដែល​បានធ្វើ​ឲ្យ​អាង​ទឹក​នេះ​ ទទួលរង​នូវ​ការ​ខូច​ខាត និង​ខ្វះ​ការថែទាំ។ ស្ថិតក្នុង​ស្ថានភាព​នេះ ​អាងទឹក​ក្តុល​ត្រូវ​បាន​ស្តារ និង​សាងសង់​ឡើងវិញ​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​ពហុ​បំណង​អភិវឌ្ឍន៍​ធនធានទឹក ​នៅ​ស្ទឹង​ក្រាំង​ពន្លៃ ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ កូរ៉េ (KOICA)
បច្ចុប្បន្ននេះ ​អាងទឹក​ក្តុល​មាន​ទំហំ​ផ្ទៃ​ទឹក​ប្រមាណ ១២០ហិកតា ​មាន​ធារទឹក​ប្រមាណ​៦ លាន​ម៉ែត្រ​ត្រីគុណ និង​ជម្រៅ​ជា​មធ្យម ៥ម៉ែត្រ ដែល​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដីស្រែ​វស្សា​ជាង ១.៤០០ហិកតា និង​ដីស្រែប្រាំង​ជិត ៥០០ហិកតា សម្រាប់​ឃុំបួន​នៅក្នុងស្រុក​សាមគ្គី​មាន​ជ័យ​រួមមាន​ ឃុំ​ពាម ឃុំ​ត្បែងខ្ពស់ ឃុំ​ស្វាយ ឃុំ​ជុក ដែលមាន ៤៤ ភូមិ និង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ចំនួន ៣៩.៣២៥ នាក់ ស្មើនឹង ៨.៣៦៧ គ្រួសារ៕