Tuesday, July 22, 2014

ជំនួប​កំពូល គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ បញ្ចប់​បញ្ហា​នយោបាយ

ភ្នំពេញ៖ នៅទីបំផុត បញ្ហានយោបាយ ដែលអូស​បន្លាយ​ជិតមួយឆ្នាំ ក្រោយការបោះឆ្នោត តំណាង​រាស្ត្រ ២៨កក្កដា២០១៣ បានបញ្ចប់នៅថ្ងៃនេះ បន្ទាប់​ពីជំនួបកំពូល រវាងថ្នាក់ ដឹកនាំ គណ​បក្ស​ប្រជា​ជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅឯ​វិមាន​ព្រឹទ្ធសភា ចំការមន ។ អ្វីដែល​គណ​បក្ស​ទាំងពីរ បានព្រម​ព្រៀង​គ្នា​នោះ ផ្អែកលើមូលដ្ឋាន នៃការ​ព្រមព្រៀងគ្នា ជាគោលការណ៍ នៃជំនួប​កំពូលតាមទូរស័ព្ទ រវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមេសាឆ្នាំ២០១៤ ។

ជាចំណុចសំខាន់ គឺអ្នកតំណាងរាស្ត្រ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នឹងចូលសភា ដើម្បីធ្វើការ បន្ទាប់​ពីស្បថ បំពេញអភ័យឯកសិទ្ធិ ក្នុងពេលឆាប់ៗនេះ ។

អ្នកតាមដានសភាពការណ៍នយោបាយ និងមហាជននានា បានកត់សំគាល់ថា បញ្ហា​ជាប់​គាំង ខាង នយោ​បាយ នៅប្រទេសកម្ពុជា តែងតែកើតឡើង ស្ទីលដដែលៗ ក្រោយ​ការ​បោះ​ឆ្នោត តំណាងរាស្ត្រ ប៉ុន្មាន​អាណត្តិ​មកហើយ មិនមានអ្វីត្រូវឆ្ងល់ទេ! ជាពិសេស​អ្នក​ចាញ់ឆ្នោត តែងតែឡាំប៉ាជាដរាប ប៉ុន្តែមហាជន ដឹង! ហើយ​ហ៊ានទាយ ទុកមុនថា ចុង​បញ្ចប់​នៃរឿង វាទៅជាយ៉ាងម៉េច! ។

ចំណែកបញ្ហាអូសបន្លាយពេលជិតមួយឆ្នាំនោះ ក្នុងការត្រូវគ្នាឬមិនត្រូវគ្នា របស់​គណ​បក្ស​ជាប់ឆ្នោត ត្រូវបាន​សន្និដ្ឋានថា គ្រាន់តែជាការពន្យារពេល ដើម្បី សម្រន់ កំដៅពុះ​កញ្ជ្រោល របស់អ្នកគាំទ្រមួយចំនួន ដែលង​ប់​នឹង​ល្បែងនយោបាយ ប៉ុណ្ណោះ ឬក៏ថានឹង​ត្រូវ​គ្នា​ភ្លាម ក្រែងមើលទៅមិនសមភ្នែកញាតិ ព្រោះធ្លាប់​ជេរ​ប្រមាថ​គ្នា កប់ៗមាត់ ដោយ​ពេលខ្លះថែមទាំងបង្ហាញនូវជំហរដាច់ខាត ថាយ៉ាងណាៗនោះទៅទៀត  ដូច្នេះ​ហើយ​បើ​នឹង​ត្រូវគ្នាឆាប់ពេក ខ្មាសគេ! អ៊ីចឹង អូសពេលឱ្យយូរ ធ្វើឱ្យមានឆាកល្អមើល ច្រើន​បន្តិច​សិន សឹមបញ្ចប់រឿង! ។ ទោះយ៉ាងណាក៏ដោយ មហាជន ក៏បន់ស្រន់ ឱ្យបញ្ហា ត្រូវបាន​បញ្ចប់​ឆាប់ៗទៅ ដើម្បី​បញ្ចៀស​រឿង​ផ្សេង​ទៀតដែលអាចជះឥទ្ធិពល ប៉ះពាល់ ដល់​សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម ឬមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ជារួមជំនួប​កំពូល​រវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ ជាតិ នៅ​ព្រឹក​ថ្ងៃ ​អង្គារ ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ បានដោះស្រាយ ទាំងស្រុង នូវបញ្ហា​នយោ​បាយ ដែល​អូសបន្លាយជិត​មួយ​ឆ្នាំ​កន្លង​មក ក្រោយ​ការបោះឆ្នោតសភា តំណាងរាស្ត្រ ថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ ២០១៣ ​។​

ជំនួប​កំពូលនេះ បានចាប់ផ្ដើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត២រសៀល។ សមាស​ភាព​ដែល​ចូល​រួម​តុ​ចរចា ម្ខាងៗមាន ៨រូប ក្នុងនោះ ខាងគណបក្សប្រជាជនកម្ពុជា ,ថ្នាក់ដឹក​នាំ​គណបក្សចំនួន៣រូប រួមមាន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន , ឯកឧត្តម សាយ ឈុំឯកឧត្តម ស ខេង និងជំនួយការ៥រូប គឺ ឯកឧត្តម ប្រាក់ សុខុនកឧត្តម ព្រុំ សុខា, ឯកឧត្តម សោម សឿន,ឯកឧត្តម សក់ សេដ្ឋានិង ឯកឧត្តម កើត រិទ្ធ។

ខាងគណបក្សសង្រ្គោះជាតិ ថ្នាក់ដឹកនាំគណបក្ស មាន ឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា និង ឯកឧត្តម ប៉ុល ហំម , រីឯជំនួយការ មាន ឯកឧត្តម យឹម សុវណ្ណឯកឧត្តម យ៉ែម បុញ្ញាឫទ្ធិឯកឧត្តម សុន ឆ័យ, ឯកឧត្តម គួយ ប៊ុនរឿននិង ឯកឧត្តម អេង ឆៃអ៊ាង។              

បន្ទាប់ពីបញ្ចប់ជំនួបកំពូលនេះ កិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនោយបាយ រវាង គណ​បក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ មានចុះហត្ថលេខា តំណាង គណ​បក្សប្រជាជនកកម្ពុជា មាន សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន , ឯកឧត្ដម សាយ ឈុំ, ឯកឧត្ដម ស ខេង ហើយ តំណាងខាង​គណបក្ស​សង្គ្រោះជាតិ មាន ឯកឧត្ដម សម រង្ស៊ី , ឯកឧត្ដម កឹម សុខា និង ឯកឧត្ដម ប៉ុល ហំម ។

កិច្ចព្រមព្រៀងនេះ មាន៧ប្រការ ដោយមានខ្លឹមសារជាអាទិ៍ថា ៖
-ដោយយល់ឃើញថា ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ជាមធ្យោបាយ ដ៏ល្អតែមួយគត់ ក្នុង​ការ​ដោះស្រាយបញ្ហានយោបាយដែលកើតមាន ក្រោយ ការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាល​ទី៥ នៃរដ្ឋសភា នាថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣

-ដោយគោរពតាម ឆន្ទៈរបស់ប្រជាពលរដ្ឋ និងដើម្បី ជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិ ។

ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្គ្រោះជាតិ បានជួប ប្រជុំ​ពិភាក្សាគ្នា នាថ្ងៃ​​ទី២២ កក្កដា ឆ្នាំ២០១៤នេះ នៅវិមាន​ព្រឹទ្ធ​សភា បានព្រម ព្រៀងគ្នា លើដំណោះស្រាយ នយោបាយ​ដែលមាន​ខ្លឹមសារដូចខាងក្រោម៖
ប្រការ១. គណបក្ស​ទាំងពីរបាន​ឯកភាពគ្នា​លើ​ដំណោះ​ស្រាយ នយោបាយដោយចូល រួមធ្វើការ ជាមួយគ្នា​នៅក្នុង​ស្ថាប័ន រដ្ឋសភា ដើម្បីឈាន​ទៅ​ដោះស្រាយ បញ្ហានានារបស់ ប្រទេសជាតិ  ស្រប​តាម​គោល​ការណ៍​នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ប្រការ២.ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃជំនួបកំពូលរវាងគណបក្សទាំងពីរនាថ្ងៃទី ១៦កញ្ញា ឆ្នាំ​២០១៣ គណបក្សទាំងពីរបានឯកភាពលើកំណែទម្រង់ការបោះឆ្នោតដោយ រៀបចំស្ថាប័នរៀប​ចំការបោះ​ឆ្នោត​ជាស្ថាប័ន ដែលមានឯករាជ្យពេញលេញដោយមានចែង ក្នុងជំពូកមួយដោយឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយ​សមាសភាពនៃស្ថាប័ននេះ ត្រូវជ្រើសតាំង ដោយរដ្ឋសភា តាមមតិភាគ​ច្រើនដាច់​ខាតនៃ​ចំនួនស​មាជិក​រដ្ឋសភាទាំងមូល។ សមាស ភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន៩រូប ក្នុងនោះ​សមាស​ភាព៤ រូប ជ្រើសដោយគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយ​សមាស​ភាព១រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រូវដំណើរ ការរៀបចំ ឱ្យមានការជ្រើសរើសដោយបើកចំហរ និងតម្លាភាព នូវសមាសភាព គណៈ​កម្មា​ធិការ​ជាតិ រៀបចំការបោះឆ្នោតដែលមានស្រាប់ ត្រូវបន្តការងារ របស់​ខ្លួនបន្តទៀត និងមាន​សមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់។ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត មានថវិកាស្វយ័តសម្រាប់ដំណើរការ។

គណបក្សទាំងពីរឯកភាពគ្នា ឱ្យគណៈកម្មការចម្រុះដែលមានស្រាប់ បន្តពិភាក្សា គ្នា រៀបចំ ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការបោះឆ្នោតការបោះឆ្នោតនាពេលខាងមុខ ស្របតាម សេចក្តី ប្រកាស​រួមរវាងក្រុមការងារ គណ​បក្ស​ប្រជាជនកម្ពុជា និងក្រុមការងារគណបក្ស សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងនោះ ដោយ​រួម​ទាំងការរៀបចំ បញ្ជីឈ្មោះបោះ ឆ្នោតជាថ្មី។

ប្រការ៣៖ គណបក្សទាំងពីរឯកភាពគ្នាកំណត់ឡើងវិញ នូវកាលបរិច្ឆេទ សម្រាប់ការ​បោះ​ឆ្នោត នាពេល​ខាងមុខ ។

ប្រការ៤៖ គណបក្សទាំងពីរឯកភាពគ្នា ក្នុងការរៀបចំ ឱ្យមានការ​បែងចែក​អំណាច​ដាច់​ពីគ្នា រវាង​អំណាច​នីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ ។

តាមរយៈសន្និសីទពត៌មាន ក៏បានធ្វើឡើង​ក្រោយ​ជំនួប​បញ្ចប់ ឯកឧត្ដម ព្រំ សុខា តំណាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង លោក យឹម សុវណ្ណ តំណាង​គណបក្សសង្គ្រោះជាតិ បាន​ពន្យល់​បន្ថែមទៅលើ កិច្ច​ព្រម​ព្រៀង​ដែលគណបក្សទាំងពីរបានសម្រេច ហើយក៏បាន ឆ្លើយ​តបនឹងសំណួរមួយចំនួន របស់​បណ្ដាញ​ពត៌មាន​ជាតិ អន្តរជាតិ ដោយក្នុងនោះ ពាក់​ព័ន្ធ​នឹង​ការកែទម្រង់ការបោះឆ្នោត ដែល​គណ​បក្ស​ទាំង​ពីរ​ឯកភាព​គ្នា កំណត់ឡើងវិញ នូវកាល​បរិច្ចេទសម្រាប់ការបោះឆ្នោតនាពេលខាងមុខនោះ មិនមែនមានន័យថា រៀប​ចំការ​បោះ​ឆ្នោតឡើង​វិញមុន​អាណត្តិទេ ។ ចំពោះសំណួរពាក់ព័ន្ធ នឹងតំណែង របស់ឯកឧត្ដម សម រង្ស៊ី ដែលមិនមែនជាតំណាងរាស្ត្រ ជាប់ឆ្នោតនោះ , លោក យឹម សុវណ្ណ បានឆ្លើយថា គណបក្សសង្គ្រោះជាតិ, មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនដែលខ្វល់ខ្វាយអំពី មាន​តួនាទី​ឬគ្មានតួនាទី តំណែងមុខងារអ្វីទាំងអស់ ទោះស្ថិតនៅ ក្នុងស្ថានភាពណាក៏ដោយ ។ ចំពោះម​នុស្ស ៨នាក់ ដែលត្រូវឃាត់ខ្លួន ក្នុងនោះ ៧នាក់ ជាតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់គណបក្សសង្គ្រោះជាតិនោះ គណបក្សទាំងពីរ ព្រមព្រៀង គ្នា ស្នើទៅ​មេធាវី​ដើម្បី​ជំរុញនីតិវិធីឱ្យបានឆាប់ ដើម្បីអនុញ្ញាតឱ្យនៅក្រៅឃុំ ដើម្បីឱ្យពួក គាត់ បានទៅស្បថ បំពេញ​អភ័យឯកសិទ្ធិជាសមាជិកសភា ៕ 
អត្ថបទ៖ សំអាត