Friday, September 12, 2014

ថៃជំរុញលើការពង្រឹង ទំនាក់ទំនង សហប្រតិបត្តិការ​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ការទូត​កម្ពុជា


គណៈប្រតិភូថៃបង្ហាញអំពី គម្រោង ជួយបណ្តុះ​បណ្តាលដល់មន្ត្រីការទូតរបស់កម្ពុជា ដោយ​ភាគី​​ថៃ​បាន​ជំរុញឲ្យមានការលើក​កំពស់ក្នុង​ការ​ផ្សារ​​ភ្ជាប់​ ទំនាក់ទំនង​សហប្រតិ​បត្តិការ​ជាមួយ​គ្នា​ឲ្យ​បាន​​កាន់តែល្អប្រ​សើ​រ ​និង​ជិតស្និទ​បន្ថែម​ទៀត។
 
នៅក្នុងជំនួបពិភាក្សាការងារ​ជាមួយឯ.ឧ កែវ រ៉េមី  រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រី នៅរសៀល​ថ្ងៃទី១១ ខែកញ្ញានេះ លោក Dhiravat  Bhumichitr នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Devawong Vavopakorn  បានជំរាបជូនថា ៖ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ នៃ​វិទ្យាស្ថានទំនាក់ទំនង​អន្តរ​ជាតិ Devawong Vavopakorn របស់ប្រទេសថៃមកកាន់កម្ពុជាពេលនេះ ក្នុងគោលបំណង ដើម្បីផ្សា​ភ្ជាប់ ទំនាក់​ទំនង រវាង​ថៃ​និង​កម្ពុជា ឲ្យបាន​កាន់តែល្អប្រសើរឡើងថែមទៀតតាមរយៈគម្រោងរបស់វិទ្យា​ស្ថាន ​នឹង​ជួយផ្តល់ការបណ្តុះ​បណ្តាល​ដល់​មន្ត្រីកា​រ​ទូត​របស់កម្ពុជា។

លោក Dhiravat បានជំរាបជូនដែរថា ៖​វិទ្យាស្ថាន​​ទំនាក់ទំនងអន្តរជាតិ Devawong Vavopakorn   នេះគឺ ​ជា​ស្ថា​ប័នមួយដែល​ស្ថិត​នៅ​ក្រោមការដឹកនាំរបស់ក្រសួងការបរទេសថៃ ស្ថាប័ននេះ​មានកម្មវិធីហ្វឹក​ហ្វឺន​ដល់​មន្ត្រីការ​ទូតរបស់ថៃ ហើយវិទ្យាស្ថានក៏មាន​គម្រោង​ជួយ​បណ្តុះ​បណ្តាល​សម្រាប់​មន្ត្រីការ​ទូត​ កម្ពុជា​ផងដែរ គម្រោង​នោះ​មានរយៈ​ពេល​១១​សប្តាហ៏​។​ លោក Dhiravat  បានបង្ហាញនូវ​ជំនឿ​ថាចាប់​ពីពេលនេះទៅ ស្ថាប័ន Devawong Vavopakorn   និងធ្វើទំនាក់​ទំនងជាបន្តបន្ទាប់ជាមួយកម្ពុជា ដើម្បី ជំរុញ​ការលើកកំពស់កិច្ចសហប្រតិបត្តិ​ការជា​មួយ​គ្នា​លើការកសាងសមត្ថភាពធនធាន មន្ត្រី​ការទូត​របស់​កម្ពុជាឲ្យបានកាន់តែប្រសើឡើង។​
ជាការឆ្លើយតបឯ.ឧ កែវ  រ៉េមី បានបង្ហាញពីទឹកចិត្តត្រេកអររីករាយ ចំពោះគម្រោងកម្មវិធី​ដែល​ភាគី​​ថៃ​គ្រោង​នឹង​ផ្តល់​ការ​ហ្វឹកហ្វឺនដល់ភាគីកម្ពុជា៖។ឯ.ឧបានគូសបញ្ចាក់ថា គម្រោងនេះពិតជា​បាន​រួម​​ចំណែ​ក​​ដល់ការលើក​កំ​ពស់​ នៃការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទបន្ថែម​ទៀត​រវាង​ព្រះ​រាជា​​ ណាចក្រ​ថៃ​និង​​​រាជាណាចក្រកម្ពុជាដែលមានភូមិផងរបងជាប់គ្នា។

​ឯ.ឧ​កែវ រ៉េមី បានលើកឡើងថា ការបណ្តុះ​បណ្តាល​អ្នកការទុតគួរឲ្យមានការ​ប្រើប្រាស់​ភាសារ​​អង់​គ្លេស​​ឲ្យ​បានច្រើន  ពីព្រោះ​បើការ​បណ្តុះ​បណ្តាល ប្រើប្រាស់​ភាសារ​ថៃរហូត​ដល់​៨០% រីឯ​ភាសារ​អង់​គ្លេសប្រើ​ប្រាស់​ត្រឹម​តែ​២០%​វាក៏ជាបញ្ហា​មួយ​សម្រាប់​អ្នក​ការទូត​ដែរ ពី​ព្រោះអ្នក​ការទូត​ត្រូវ​ការ​ភាសារ​​អង់គ្លេស​ជាចាំ​បាច់។  ក្រៅពី​គម្រោង​បណ្តុះ​បណ្តាល​អ្នក​ការ​ទូត ឯ.ឧ កែវ រ៉េមី ក៏បាន​ជំរាប​ជូនភាគី​ថៃដែរ​ថា​ខាង​កម្ពុជា ក៏មានបំ​ណង​ចង់​ពង្រីក​បុគ្គលិក​ផ្នែក​បកប្រែភាសារផងដែរ  ហើយបើភាគីថៃមាន​គម្រោងក្នុង​ការ​ជួយហ្វឹកហ្វឺនខាងផ្នែក​បក​ប្រែ​ភាសា​នេះកម្ពុជាសូមស្វាគមន៏។

លោក Dhiravat  បានជំរាបជូនវិញថា៖ភាគីថៃកំពុងពិចារណាអំពីការបណ្តុះបណ្តាល ​លើការប្រើ​ប្រាស់​​ភាសា​​នេះដោយថៃ ក៏ចង់ឲ្យវិទ្យាស្ថាន​នេះក្លាយជា​វិទ្យា​ស្ថានហ្វឹក​ហ្វឺន​អ្នក​ការទូត​ជា​ លក្ខណៈ​​​អន្តរជាតិ​ផងដែរ។ ​ពាក់​ពន្ធ័​ការបណ្តុះបណ្តាលផ្នែកបកប្រែភាសាភាគីថៃបាន​លើក​ឡើង​ថា ៖ ថៃមានស្ថាប័ន​មួយ​បំរ៉ុងពង្រីកផ្នែកបកប្រែភាសារសម្រាប់ប្រទេសជិតខាង ប៉ុន្តែ មិនពាក់​ពន្ធ័​នឹង​ការបណ្តុះបណ្តាលអ្នក​ការទូត​​​នោះទេ។ការបណ្តុះបណ្តាលអ្នក ​បក​ប្រែគឺពាក់​ពន្ធ័​និង​ចំណេះ​ដឹង​ ផ្នែកភាសា វប្បធម៌ និង​ទំនៀម​​ទំលាប់ផ្សេងៗ តែប៉ុណ្ណោះ៕




អត្ថបទ៖ សុវណ្ណតារា