Monday, September 8, 2014

ទស្សនៈ៖ គ្មានប្រយោជន៍​ទាល់​តែ​សោះ​ដែល​ខំប្រឹង​និយាយ​ហេតុផលជា​មួយវិទ្យុ​អាស៊ីសេរី


យោងទៅតាមគេហទំព័រនៃកាកបាទក្រហមកម្ពុជា របាយការណ៍ហិរញ្ញវត្ថុសម្រាប់អាណត្តិទី៥ ត្រូវបានយល់  ព្រម និងអនុម័តនៅក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជាលើកទី៦នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ របាយ​ការណ៍ នេះ «បង្ហាញយ៉ាងច្បាស់អំពីតម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រង និងការ​ប្រើប្រាស់​មូល​និធិដែលសមាគម ជាតិបាន ទទួលពីប្រភពទាំងអស់សម្រាប់សកម្មភាពចម្រុះ ដែល​ជាយន្តការ​ដើម្បី​ធានាឱ្យមានសេចក្តីទុកចិត្តដ៏កក់ក្តៅ បំផុតក្នុងចំណោមអ្នកឧបត្ថម្ភជំនួយ និងសប្បុរសជនទាំងក្នុង និង​ក្រៅ​ប្រទេស»។ និយាយឱ្យខ្លីទៅ ការថ្លែងដូចនេះ គឺជាការបង្ហាញថា របាយការណ៍ហិរញ្ញវត្ថុពិតជាមានមែន។ ការពិត​ដែលថាវិទ្យុអាស៊ីសេរីមិនអាចទទួលបានព័ត៌មាន ភ្លាមៗតាមរយៈទូរស័ព្ទនោះ មិនគប្បី​ត្រូវបាន​យល់​ថាតម្លាភាព និងគណនេយ្យភាពត្រូវបានគេធ្វើឲ្យប៉ះពាល់នោះទេ។ វិទ្យុអាស៊ីសេរី គួរតែគោរព​តាមច្បាប់​វិជ្ជា​ជីវៈក្នុងការធ្វើសេចក្តីរាយការណ៍ ប្រកាន់យកឥរិយាបទគួរសមនៅក្នុងការស្នើ សុំព័ត៌មាន និង​ការអត់​ធ្មត់ខ្លាំង​នៅក្នុងការទាក់ទងជាមួយនឹងអ្នកដទៃដើម្បីបានព័ត៌មាន។ វាគឺជាកំហុសមួយដែល ធ្វើការសន្មត់​ជាមុន​ថាឈ្មោះ​ជាវិទ្យុអាស៊ីសេរី គឺជាអាជ្ញាប័ណ្ណមួយដែលអាចទទួលបានចម្លើយភ្លាមៗ នៅពេលដែល ទូរស័ព្ទសួរ។

វិទ្យុអាស៊ីសេរីបានពឹងផ្អែកតែម្យ៉ាងគត់ទៅលើការសន្មត់ផ្ទាល់ខ្លួន ដោយមិនមានការប្រឹងប្រែងដើម្បីស្វែងរក ការពិត និងយកភ័ស្តុតាងមកបង្ហាញ រួចហើយក៍បន្តធ្វើឱ្យការសន្មត់ទាំងនោះ កាលណា​ស្តាប់ទៅ​លឺដូច​ជាការចោទ ប្រកាន់ធ្ងន់ធ្ងរនៅពេលដែលខ្លួននិយាយថា៖ «វាហាក់ដូចជាថា វាមិនពិបាកសោះ​ដើម្បី​មើល​ឃើញថា កាកបាទ ក្រហមកម្ពុជាមិនត្រឹមតែបានប្រែក្លាយបន្តិចម្តងៗ ទៅជាស្ថាប័ន​មួយដែល​ជាប់​ពាក់​ព័ន្ធ​នយោបាយត្រូវបានប្រើប្រាស់ ខុសគោលដៅ​ដោយក្រុមភរិយា​នៃមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះទេ ក៍ប៉ុន្តែថែមទាំងបានប្រែក្លាយទៅ ជាកន្លែងសម្រាប់លាងលុយកខ្វក់ និងការពារធុរជនកំពូលៗ ហើយសំខាន់បំផុតនោះ កាកបាទក្រហមកម្ពុជា គឺជា អង្គការនាំមុខ​គេដែលព្យាយាម​រកសម្លេង​ឆ្នោត​សម្រាប់​គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)»។ ការប្រើ ប្រាស់ និងការបង្វិលការសន្មត់ផ្ទាល់ខ្លួន ដើម្បីបង្កើតជាការចោទប្រកាន់ធ្ងន់ធ្ងរដោយមិនបានបង្ហាញករណីពិត និង ជាក់ស្តែងនោះ មិនបាន​ជួយ​បង្កើត​ភាពទុកចិត្តសម្រាប់វិទ្យុអាស៊ីសេរីនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការធ្វើដូច្នេះប្រហែលជា បានធ្វើឱ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​មួយនេះបាត់បង់កិត្តិយសនៅក្នុង ចំណោមអ្នកស្តាប់កម្ពុជាច្រើនជាងទៅវិញ។ មនុស្ស ដែលចូល​ចិត្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម ប្រហែលជាបានអបអរសាទរវិទ្យុអាស៊ីសេរី ប៉ុន្តែអ្នកដែលយល់ហេតុផល ត្រឹមត្រូវ នឹងមានប្រតិកម្មអវិជ្ជមានទៅនឹងទម្រង់នៃការចោទប្រកាន់តាមការសន្មត់ដូចនេះ។
          វិទ្យុអាស៊ីសេរីបានកេងចំណេញពីរបាយការណ៍សន្ទស្សន៍អភិបាលកិច្ចប្រឆាំងការលាងលុយកខ្វក់ឆ្នាំ២០១៤ របស់វិទ្យា​ស្ថាន Basel ដែលមានមូលដ្ឋាននៅប្រទេសស្វីស (សន្ទស្សន៍ AML Basel) ដែលដាក់ពិន្ទុ ៨,៣៩ សម្រាប់ កម្ពុជា នៅក្រោយតែអាហ្វហ្គានីស្តាន (៨,៥៣) និងអ៊ីរ៉ង (៨,៥៦) ប៉ុណ្ណោះ ដែលមានន័យថាកម្ពុជា គឺជាប្រទេស ខ្ពស់បំផុតទី៣ក្នុងចំណោម១៦២ប្រទេសដែលងាយរងគ្រោះដោយសារការលាងលុយកខ្វក់ ជាមូលដ្ឋានសម្រាប់វិទ្យុ អាស៊ីសេរីដើម្បីបង្កើតជាការចោទប្រកាន់ប្រឆាំងនឹងកាកបាទក្រហមកម្ពុជា។ ចំណុចសំខាន់បី ត្រូវយកមកពិនិត្យអំពី របាយការណ៍នេះ។ 

ទី១ និយាយតាមលក្ខណៈគុណភាព ប្រទេសទាំង១៦២ សុទ្ធតែងាយទទួលរងគ្រោះពីការលាងលុយ ក៍ប៉ុន្តែ នៅក្នុងកម្រិតខុសគ្នាតែប៉ុណ្ណោះ។ ដូចនេះគួរត្រូវបានដាក់ប្រទេសទាំង១៦២នៅក្នុងកញ្ឆេតែមួយ។ក៍ប៉ុន្តែ​ប្រទេស ស៊ីវិល័យ មានសេដ្ឋកិច្ចអភិឌ្ឍន៍ និងមានសក្ដានុពល គួរតែមានការខ្មាស់អៀនទៅវិញទេ ដែលខ្លួន​មិន​បានលុបបំបាត់ ការលាងលុយកខ្វក់ទៅកើត។ របាយការណ៍នេះផ្តល់ពិន្ទុ ៦,២៩សម្រាប់រុស្ស៊ី ៥,៥៤​សម្រាប់​ស្វីស ៥,៤៩​សម្រាប់ អាល្លឺម៉ង់ ៤,៧៨សម្រាប់បារាំង និង៤,៧២សម្រាប់អង់គ្លេស ៦,៧៦សម្រាប់វៀតណាម ៦,៣៩សម្រាប់ ហ្វីលីពីន ៦,៣៣សម្រាប់អារ៉ាប់រួម ៦,០៦សម្រាប់ចិន និង៥,៩២សម្រាប់ជប៉ុន ៥,៨៥​សម្រាប់​ប្រេស៊ីល ៥,២០សម្រាប់អាមេរិក ៥,០១សម្រាប់អូស្ត្រាលី ដែលនេះគ្រាន់​តែរៀបរាប់​ខ្លះៗ​នូវប្រទេស​សេដ្ឋកិច្ចរីកចំរើនក្នុងអឺរ៉ុប អាស៊ី អាមេរិក និង អូស្ត្រាលី។

ទី២ របាយការណ៍Basel នេះ សង្កត់ធ្ងន់ថា សន្ទស្សន៍នេះគ្រាន់តែចាត់ថ្នាក់នៃភាពងាយរងគ្រោះ ចំពោះ​ការលាង​លុយកខ្វក់របស់ប្រទេសនីមួយៗ ហើយមិនមែនស្ដីអំពីថាតើការលាងលុយកើតឡើងជាក់ស្តែងប៉ុណ្ណា នោះ​ទេ។ សន្ទស្សន៍ AML Basel មិនបានវាយសម្លៃអំពីចំនួននៃសាច់លុយ ឬប្រតិ​បត្តិការ​ហិរញ្ញ​វត្ថុ​ខុសច្បាប់នោះទេ។ ចំនួនសាច់លុយក្នុងការលាងលុយកខ្វក់​ខុសច្បាប់ ទំនងប្រហែល​ជាមាន​ចំនួន​ធំធេង​ខ្លាំងណាស់នៅក្នុងប្រទេសមាន សេដ្ឋកិច្ចអភិវឌ្ឍន៍ ដែល​អាចកាត់​ស្មើទៅនឹង​ការពុក​រលួយ​ក្នុង​ទំហំសាច់​ប្រាក់​ ដុល្លារដ៍ធំធេងនៅក្នុងប្រទេសទាំងនោះ។  ហេតុអ្វីបានជាវិទ្យាស្ថាននៅស្វីស​នេះមិនបានបង្ហាញ​អំពីបរិមាណ​នៃចំនួន​ការលាងលុយដុល្លារតាមប្រទេសនីមួយៗ? ហេតុអ្វីបានជាវិទ្យុអាស៊ីសេរីជឿលើរបាយការណ៍ Basel នេះដោយមើលតែ ពីខាងក្រៅ? ចំពោះសំណួរទី១ វិទ្យាស្ថាន នេះគួរផ្តល់ការពន្យល់តាមដែលខ្លួនចង់។ ចំពោះសំណួរទី២ វាគ្មានចម្ងល់ទេថា របាយការណ៍ Basel ដែលពេញតែ ពាក់កណ្តាលនោះ បានបម្រើគោលបំណងរបស់វិទ្យុអាស៊ីសេរីនៅក្នុងការវាយប្រហារដ៏សាហាវទៅលើកាកបាទ ក្រហម​កម្ពុជា។

ទី៣ របាយការណ៍ Basel នេះ បានគណនាការលាងលុយកខ្វក់ដោយប្រើប្រាស់ប៉ារ៉ាមែត្រដូចគ្នាសម្រាប់ ប្រទេស​ទាំង១៦២ក្នុងពិភពលោក មាននិងក្រ ធំនិងតូច មានប្រព័ន្ធសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ​ខុស​ៗ​គ្នា​ ដោយមានការពិតជាក់ស្តែងដោយឡែកពីគ្នារាប់មិនអស់ ដែលពាក់ព័ន្ធដល់ឥរិយាបទនៃប្រជាជន និង​រដ្ឋាភិបាល។ របាយការណ៍នេះ គឺគ្មានន័យទេសម្រាប់​អ្នកធ្វើសេចក្តី​សម្រេច​ចិត្តនៃ​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍​និងប្រទេស​ផ្សេងទៀត ក៍ប៉ុន្តែមានប្រយោជន៍ សម្រាប់ NGOs អន្តរជាតិ និងក្នុងស្រុក និងជាពិសេស​សម្រាប់​វិទ្យុអាស៊ីសេរី ដើម្បីវាយប្រហារ​រដ្ឋាភិបាល និងស្ថាប័ននានា ក្នុងនាមជាមធ្យោបាយដើម្បីសំដែងឧត្តមភាព និងភាពត្រឹមត្រូវមិនចេះខុសរបស់ ពួកគេ។

គឺគ្មានប្រយោជន៍អ្វីទាល់តែសោះដែលខំប្រឹងនិយាយហេតុផលជាមួយវិទ្យុអាស៊ីសេរី ដោយហេតុផលសាមញ្ញ ថាវិទ្យុនេះបំរើផលប្រយោជន៍ដែលខុសគ្នាស្រឡះពីផលប្រយោជន៍របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការ​ដែលវិទ្យុ អាស៊ីសេរី កាន់តែពឹងផ្អែកខ្លាំងឡើងទៅលើការចោទប្រកាន់តាម​ការសន្មតរបស់ខ្លួនបែបនេះ ភាព​ជឿទុកចិត្តបានពី អ្នកស្ដាប់របស់វិទ្យុនេះក៍កាន់តែធ្លាក់ចុះទៅតាមនោះដែរ។

ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន ទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា