Thursday, September 18, 2014

សម្តេច​​តេជោ៖​ ផែន​ការ​​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​​ជាតិ​​២០១៤-២០១៨​​នឹង​​ធ្វើ​​ឲ្យ​សង្គម​​សេដ្ឋកិច្ច​​ជាតិ​ទទួល​​បាន​​លទ្ធផល​​កាន់តែ​​ល្អ​ប្រសើរ


នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស និង​ផ្សព្វផ្សាយ​ដាក់ឲ្យអនុវត្ត​ជា​ផ្លូវការ​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​យ​អ​ជ​) ២០១៤-២០១៨ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ឆ្នាំ​២០១៤​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ផែនការ នៅសណ្ឋា​គារ​សូហ្វី​តែល​ភ្នំពេញ ភូគីត្រា ​រាជធានី​ភ្នំពេញ សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ថា នឹង​ធ្វើ​ឲ្យ​សង្គម​-​សេដ្ឋកិច្ច​ជាតិ​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​។

មូល​ហេតុ​ និង​ជំនឿជឿជាក់​ទៅ​លើ​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​យ​អ​ជ​) ២០១៤-២០១៨ ​ថា នឹង​ធ្វើ​ឲ្យ​សង្គម​-​សេដ្ឋកិច្ច ​ជាតិ​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ ត្រូវ​បាន​សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា គឺ​ដោយសារ​ផែនការ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​តាម​វិធីសាស្ត្រ​មាន​លក្ខណៈ​ល្អ​ប្រសើរ​មានការ​គិតគូរ​ ច្បាស់​លាស់​ជាង​មុន​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​-​ស្ថាប័ន និង​មាន​ការ​ប៉ាន់ស្មាន​ត្រឹម ត្រូវ​សម្រាប់​ការអនុវត្ដ​សកម្ម​ភាព​ទាំង​នោះ។ ការ​ចូល​រួម​គាំទ្រ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន និងភាគី​ពាក់ព័ន្ធ ហើយ​រឹតតែ​ច្បាស់​ថែម​ទៀត​ថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ​បាន​ឆ្លុះបញ្ចាំង នូវ​ការ​ប្ដេជ្ញា​ចិ​ត្ដ ដ៏​មោះមុត​ឥត​រាថយ​របស់​រាជរ​ដ្ឋាភិ​បាល ក្នុងការ​សម្រេច​ឲ្យបាន​នូវ​ចក្ខុ វិស័យ​នៃ​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​ជាតិ ដែល​បាន​ដាក់​ចេញ ដើម្បី ធានា​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ទុក​ចិ​ត្ដ និង​ការ​គាំទ្រ​ដ៏​ច្រើន​លើសលប់​របស់​ប្រជាជន​កម្ពុជា​ ទោះបីជា​ត្រូវ​រែកពុន​ការងារ​បន្ថែម​យ៉ាងណា​ក៏ដោយ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​រំលឹក​អំពីបទ​ពិសោធន៍ ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ បច្ចុប្បន្ន​កម្ម ២០០៩-២០១៣ នា​ពេល​កន្លង​ទៅនេះថា កម្ពុជា​បាន​រង​នូវ​បន្ទុក​ដ៏​ធ្ងន់​ចំនួន​បី​ក្នុង នោះ​មាន៖ ១, ការ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ការងារ​ដើម្បី​ជំរុញកំណើន​សេដ្ឋ​កិច្ច ក្នុងពេលដែល​ពិភពលោក​ជួបប្រទះ​នូវ​វិបត្តិ​ហិរញ្ញវត្ថុ និងការធ្លាក់ចុះ​ដ៏​ធ្ងន់ធ្ងរ​នៃ​សេដ្ឋកិច្ច ​២, ភាព​ចាំបាច់​ក្នុង​កិច្ចការពារបូរណភាព​ទឹកដី និង​ ៣, ការ​ដោះស្រាយ​បញ្ហា​គ្រោះធម្មជាតិ បណ្ដាល​មកពី​ទឹកជំនន់។

សម្តេចតេ​ជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បញ្ហា​ទាំងអស់​នេះ​បាន​កើត​ឡើង ដោយ​យើង​មិន​បាន​ដឹង​មុន​ដែល​ជា​រួម​បញ្ហា​ប្រឈម និងឧបសគ្គ​ទាំងនេះ ​មិន​ត្រឹមតែ​បាន​រារាំង​ដល់​ការ សម្រេច​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​បាន​គំរាម​បំផ្លាញ​សមិទ្ធផល ដែល​យើង​សម្រេច​បាន​ក្នុង​រយៈកាល​កន្លងមក​ទៀត​ផង។ ប៉ុន្ដែ​ទោះបី​យ៉ាង​ណាក៏ដោយឈរ​នៅ​លើ​មូលដ្ឋាន​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នូវ​ជោគ​ជ័យ​ធំៗ​គួរ​ជាទីមោទនៈ ជាពិសេស​គឺ​ការធានា​នូវ​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ប្រជាជន និងការនាំ​ប្រទេសជាតិ​ទាំងមូល​ឲ្យបាន​ឆ្លង​ផុត​ស្ថានការណ៍ដ៏​លំបាក​ទាំងឡាយ ហើយ​បង្កើត​នូវ​បរិយាកាស​អំណោយផល​មួយសម្រាប់​ធានាឲ្យមាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការធ្វើឲ្យ​សេដ្ឋ​កិច្ច​មានកំណើន​ឡើងវិញ​បន្ទាប់ពី​ត្រូវ​រង​ផលប៉ះពាល់​នៃ​វិបត្តិក្នុង​ឆ្នាំ២០០៩។

នៅ​ឆ្នាំ​២០០៩​សេដ្ឋកិច្ច​កម្ពុជា​រក្សាបាន​នូវ​កំណើន​វិជ្ជមាន ក្នុង កម្រិត ០,១% ហើយ​ហក់​ងើប​ទ្បើង​វិញ​ភ្លាម ដោយ​សម្រេចបាន​នូវ អត្រាកំណើន​៦%​ក្នុង​ឆ្នាំ​២០១០​អត្រា​៧,១%​ក្នុង​ឆ្នាំ​២០១១​អត្រា​៧,៣%​ក្នុង​ឆ្នាំ​២០១២​អត្រា​៧,៦%​ក្នុង ​ឆ្នាំ​២០១៣។ កម្ពុជា​បានធ្វើ​សមាហរណ​កម្ម​ខ្លួន​យ៉ាង​ពេញលេញ​ចូល​ទៅក្នុង​តំបន់ និង ពិភពលោក​ហើយ កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​កិច្ច​សហប្រតិបត្ដិការ​នា​នា ប្រកប ដោយ​ជវភាព​ក្នុងឋានៈ​ជា​សមាជិក​ស្មើភាព និង ស្មើ​សិទ្ធិ​លើ​ឆាក​អន្ដរជាតិ។

ទាក់​ទិន​ចំពោះ​ផល​សម្រេច​ខាង​លើ​នេះ សម្តេចតេ​ជោ​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​គ្រប់​លំដាប់​ថ្នាក់​ នៃ​ក្រសួង​ផែនការ ក្រសួង​-​ស្ថាប័ន ​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ឧត្ដម ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ​ សង្គម​ ស៊ីវិល ​និង​វិស័យ​ឯកជន ដែល​បាន​ផ្ដល់​ធាតុ​ចូល និង​សហការគ្នា យ៉ាងសកម្ម ក្នុង​ការ​ចូលរួម​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ និង​ចំពោះ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ មូលនិធិ​សហ​ប្រជា​ជាតិ​សម្រាប់​ប្រជាជន និង​មូលនិធិ​សហប្រជាជាតិ​ ដើម្បី​កុមារ ដែល​បាន​សហការ​គ្នា​ផ្ដល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិញ្ញវត្ថុ​រហូត ធ្វើឲ្យ​សម្រេច​បាន​នូវ​ការងារ​ដ៏​មាន​សារៈសំខាន់​នេះ។

សម្រាប់​ការ​អនុវត្ត​​ផែន​ការ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​យ​អ​ជ​) ២០១៤-២០១៨ ​សម្តេ​ច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ដោយ​សុទិដ្ឋិនិយម​ថា ខ្ញុំ​នៅតែ​យល់ថា ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នឹង​បន្ដ​គាំទ្រ និងជំរុញ​ល្បឿន​នៃ​កម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល ពិសេស​​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ដើម្បី​កំណើន ការងារ​ សមធម៌ ​និង​ប្រសិទ្ធភាព ដែល​ជា​របៀបវារៈ​គោលនយោបាយ​សង្គម​-​សេដ្ឋកិច្ច។ លើសពីនេះ​ទៀត ផែនការ​នេះ​នឹង​គាំទ្រ​ដល់ការអនុវត្ដ​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ សាធារណៈ និងរូបិយវត្ថុ​ដ៏​ប្រុងប្រយ័ត្ន ដើម្បី​ធានា​សង្គតភាព ភាព​ស៊ីសង្វាក់​គ្នា លើ​ការ​គ្រង់​គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ឲ្យ​ប្រកបដោយ​ស្ថិរភាព និងភាពអនុគ្រោះ សម្រាប់​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

​សម្តេច​តេជោ​បាន​ផ្តល់​ជា​អនុសាសន៍ថា ទោះបីជា​យើង​មាន មូលដ្ឋាន​គាំទ្រ​យ៉ាងរឹងមាំ​ដូច្នេះ​ក្ដី ក៏​យើង​នៅមាន​ការងារ​ដែល​ត្រូវ​បន្ដ​យក​ចិត្ដ​ទុកដាក់​ដោះស្រាយ​បន្ថែម​ទៀត ជាពិសេស​បញ្ហា​​ប្រឈម​មួយចំនួន ដែល​មិនទាន់​សម្រេច​បាន​ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ អភិ​វឌ្ឍន៍​ជាតិ បច្ចុប្បន្ន​កម្ម ២០០៩-២០១៣ ដើម្បី​បន្ដ​កំណត់​នូវ​យុទ្ធ សាស្ដ្រ និង គោល​នយោ​បាយ​ឲ្យបាន​ត្រឹមត្រូវ និង សមស្រប​តាម​បរិការណ៍ និង​ ដំណើរ​វិវត្ដន៍​សង្គម​-​សេដ្ឋកិច្ច រួមទាំង​ការ​បន្ដ​ធានា​ដល់ សុខសន្ដិភាព សណ្ដាប់ធ្នាប់ សង្គម ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង សមធម៌។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សុខ​សន្តិភាព និង​ស្ថិរ​ភាព​នយោបាយ​ គឺជា​កត្តា​ចាំ​បាច់​សម្រាប់​ធ្វើ​ឲ្យ​ផែន​ការ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​យ​អ​ជ​) ២០១៤-២០១៨ ទទួល​បាន​ជោគ​ជ័យ​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន សង្គម​ស៊ីវិល និង អង្គការ​មិនមែន រដ្ឋាភិបាល សូម​មេត្ដា​ផ្ដល់​កិច្ចសហការ និងគាំទ្រ​ដល់​ក្រសួងផែនការ កុង​ដំណើរការ​តាមដាន និង ត្រួតពិនិត្យ​ការ​អនុវត្ដ ផែនការ​យុទ្ធ សាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ និង ការរៀបចំ​ប្រព័ន្ធ​ជាតិ សម្រាប់​ការ​តាមដាន​ត្រួតពិនិត្យ និងវាយតម្លៃ​ផែនការ​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍​ជាតិ​ឲ្យ​ទទួល​បាន​ជោគជ័យ និងមាន​ប្រសិទ្ធភាព​ខ្ពស់។ សម្តេច​តេជោ​ក៏បាន​អំពាវនាវ​ឲ្យបណ្តា​ប្រទេស និង​ដៃគូដៃ​អភិវឌ្ឍន៍ មេ​ត្ដា​បន្ដ​ផ្ដល់​ការយក​ចិ​ត្ដ​ទុកដាក់​ថែមទៀត ដល់​ការលើក​កម្ពស់​​សមត្ថភាព​មន្ដ្រីរាជការ​កម្ពុជា សម្រាប់​ការងារ​ផែនការ ការតាមដាន​ត្រួតពិនិត្យ និង វាយតម្លៃ​ការអនុវត្ដ​ផែនការជាតិ ជាពិសេស​គឺ​សមត្ថភាព​មន្ដ្រី​ជំនាញ​របស់​ក្រសួងផែនការ និង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នោះ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ចំពោះមុខ​នេះ​ខ្ញុំ​យល់ថា ការអនុវត្ដ​ប្រកប ដោយ​ជោគជ័យ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ នេះ នឹង​ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ សំដៅ ឈានទៅ​ធ្វើឲ្យ​សម្រេចបាន​នូវ បណ្ដា​គោលដៅ​អាទិភាព​របស់​ជាតិ ការដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម និង បន្ដ​ចាប់​ច្បាម​យក​នូវ​កាលានុវត្តនភាព​នានា៕