Wednesday, October 1, 2014

ឯកឧត្តម អ៊ិត ប្រាង ៖ ប្រតិកម្ម​​នឹង​​មតិរិះ​​គន់​​ទៅ​នឹង​​គំរោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ស្ទឹង​​អារ៉ែង ខេត្តកោះកុង

នៅពេល​ដែលមានការរិៈគន់ជំទាស់​ ចំពោះគំរោងសាងសង់ទំនប់វារី​អគ្គិសនីនៅ​ស្ទឹង​អារ៉ែង ខេត្តកោះកុង ​ពីសំ​ណាក់សកម្មជន​ការពារ​បរិស្ថាន​នៅក្នុងស្រុកមួយចំនួនមន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងរ៉ែ និងថាមពល ឯកឧត្តម អ៊ិត ប្រាង រដ្ឋលេខាធិការនៃ ក្រសួងរ៉ែ​និង​ថាម​ពល បាន​ចេញមុខការពារគំរោងសាងសង់ទំនប់វ៉ារីអគ្គីសនីដ៏ធំមួយនៅស្ទឹង​អារ៉ែង ​ក្នុងស្រុក​ថ្មបាំង ខេត្ត​កោះកុងនោះ​។

ឯកឧត្តម អ៊ិត ប្រាង ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ការសិក្សានៅតែបន្តនៅឡើយនិង​មិនទាន់​មានសកម្មភាព​សាងសង់ណាមួយ​នៅ​ឡើយទេ ដូច្នេះមិន​មានផល​ប៉ះពាល់​​ដូចការចោទ​ប្រកាន់​កន្លង​មកនោះទេ។ ឯកឧត្តម បានមានប្រសាសន៍​បែ​បនេះ នៅក្នុងសន្និសីទ​កាសែត​មួយកាល​ពី​ព្រឹក​ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ​២០១៤ នៅ​ទី​ស្តី​ការ​ក្រសួង​រ៉ែ​ និង​ថាម​ពល​។

ឯកឧត្តម អ៊ិត​ ប្រាង បាន​ឲ្យ​ដឹង​ថា វារី​អគ្គីសនី​​ស្ទឹង​អារ៉ែងមា​នកំលាំង​ថាមពល​ចំនួន១០៨ម៉េហ្គា​​វ៉ាត់​​ និងតំលៃ​សាងសង់​ចំនួន​ប្រមាណ​៤០០​លាន​ដុល្លា​រ​អាមេរិក​  ហើយ​ថា វារី​អគ្គិសនី​មួយ​នេះ​ សាង​សង់​​ឡើង ដើម្បីទ្រទ្រង់កំណើន​សេដ្ឋកិច្ច​ជាតិ និង​គំរោងអភិវឌ្ឍន៍​ជាតិផង​ដែរ។
គំរោងសាងសង់ទំនប់វារីអគ្គីសនីនៅស្ទឹងអារ៉ែងនេះ គឺជាគំរោង​អាទិភាព​របស់​កម្ពុជា​​តាំងពី​ឆ្នាំ ១៩៧០កន្លងមក រហូតដល់មានការសិក្សាជា​ថ្មីតាំងពីឆ្នាំ២០០៦និងឆ្នាំ​២០១៣​កន្លងមក​នេះ​ ហើយ​និងបានគាំទ្រគំរោដោយធនាគាពិភពលោក និងគណៈ​កម្មាធិការ​ទន្លេ​មេគង្គ​អន្តរ​ជាតិ​។

បើសិនណាគំរោង​សាងសង់​ទំនប់​វារីអគ្គីសនី​នេះ ចាប់ផ្តើមមែននោះ គេនឹង​សាងសង់បញ្ចប់ នៅចុង​ឆ្នាំ​២០២០ ឬដើមឆ្នាំ២០២១ ដែលរយៈ​ពេល​នៃ​ការសាងសង់ចំនួន ៥ឆ្នាំ និង​ចំណាយ​ថវិការ ចំនួន​៤០០លាន​ដុល្លារ​អាមេរិក។

ជុំវិញគំរោងសាងសង់នេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល​ជាច្រើន​នាក់បាន​ចេញ​ មុខបំភ្លឺ និងការពារគំរោងនេះ ដើម្បីជម្រះការមន្ទិលសង្ស័យ និងការព្រួយ​បារម្ភ​នានាដ៏​ធ្ងន់ធ្ងរ អំពីផល​ប៉ះពាល់ពីគំរោងនេះ។

ឯកឧត្តម អ៊ិត ប្រាង បាន​ចាត់​ទុក​ថា « ការព្រួយបារម្ភ និង​ការចោទប្រកាន់​របស់អង្គការ​សង្គម​​ ស៊ីវិលកន្លងមកជាការបំភ្លៃនិងបំភ័យប្រជាពលរដ្ឋខ្មែរតែ​ប៉ុណ្ណោះ​»។ ផ្ទុយ​ទៅ​វិញ​ នៅ​ពេលណាដែលគំរោងសាងសង់នេះចប់ នៅពេលនោះ កម្ពុជា និងមានថាម​ពលអគ្គីសនី​សរុប​ចំនូន​១១៣៦​ម៉េហ្គាវ៉ាត់​នៅឆ្នាំ២០២០ ដើម្បីទ្រទ្រង់ កំណើន សេដ្ឋកិច្ចជាតិ​និងកំណើការ​ប្រើប្រាស់​ថាម​ពលអគ្គីសនីក្នុង​ប្រទេស​កម្ពុជា​នៅ ក៏​ដូច​ជា​ការ​កាត់​បន្ថយបាន​នូវ​ភាព​ក្រី​ក្រផង​ដែរ​។

ការ​បំភ្លឺ​របស់​មន្រ្តីជាន់ខ្ពស់​នៃក្រសួង​រ៉ែនិងថាមពលនេះ គឺជាការឆ្លើយតប​ទៅនឹង​ការចោ​ទ​ប្រកាន់ និងការព្រួយបារម្ភនានារបស់អង្គការ(មាតាធម្មជាតិ)​ និងប្រជាជន​នៅតំបន់​ស្ទឹង​អារ៉ែ​ង​​ដែល​ថា គម្រោង​នេះនឹងបំផ្លាញបរិស្ថាន ​ព្រៃឈើ មច្ឆាជាតិ ត្រីកម្ររ និង​ក្រពើភ្នំ​ជាដើម​។

ក្រសួង​រ៉ែ​ និង​ថាម​ពល​ ក៏​បាន​ចេញ​សេចក្តីបំភ្លឺជាលាយលក្ខ័អក្សរ និងផ្ទាល់មាត់​ឲ្យ​ដឹង​​ដែរថា៖ តំបន់ស្ទឹងអារ៉ែង​ទាំងមូលមានទំហំ​ជាង១០ម៉ឺនហិចតា​ដែលគ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​នៃជួរភ្នំក្រវ៉ាញ ប៉ុន្តែទំហំអាងទឹកដែលត្រូវសាងសង់ចំនួនតែ៩៤៧៤​ហិច​តាប៉ុណ្ណោះ​មិនមែនចំនួន២ម៉ឺនហិចតាដូចការចោទប្រកាន់នោះទេ។ ការបំ​ភ្លឺក៏បាន​បង្ហាញ​លទ្ធផលនៃ​ការ​សិក្សាបានឲ្យដឹងដែរថា៖ នៅតំបន់ស្ទឹងអារ៉ែងនោះ មានបក្សីចំនួន​១១៣​ប្រភេទ ថនិក​សត្វ​ចំនួន៥៣ប្រភេទ សត្វល្មូនចំនួន៣១ប្រភេទ និងមច្ឆារជាតិ​ចំនួន៤៣ប្រភេទ។

ទោះ​យ៉ាង​ណា​ក្រសួង​រ៉េ និង​ថាម​ពល​ បាន​អះ​អាង​ថា ផលប៉ះពាល់​នៃគំរោង​សាង​សង់​​ទំនប់វារីអគ្គីសនី​នៅស្ទឹងអារ៉ែងនោះ គឺលើប្រជាពលរដ្ឋខ្មែរ​ចំនួន១៣១៨នាក់ ឃុំចំនួន៣ និង​ភូមិចំនួន៧និងផ្ទះចំនួន៣៣១ខ្នង។
ជា​ការ​រំ​ពឹង​ទុក ទំនប់វ៉ារីអគ្គីសនីនៅស្ទឹងអារ៉ែង មាន​កំលាំង១០៨ម៉េហ្គាវ៉ាត់នេះ​ នឹង​ផ្តល់​ថាម​ពល​​ពេញ​មួយឆ្នាំ ហើយ​ថាគេនឹង​មានគំរោងដាំ​ដើមឈើ​ឡើងវិញ​នៅ​តំបន់នោះ​ដើម្បី​ទា​ក់​ទាញទឹកភ្លៀង ពីព្រោះវ៉ារីអគ្គីសនីពឹងផ្អែកលើទឹកភ្លៀង ហើយ​ទឹកភ្លៀងបាន​មកពី​ព្រៃឈើ៕

អត្ថបទដោយ៖ ខេមរា​