Wednesday, October 1, 2014

ក្រសួងពាណិ​ជ្ជកម្មកំពុង​តែធ្វើ​សេចក្តី​ព្រាង​ច្បាប់ ដើម្បី​សម្រួល​ដល់​ស្ថាន​ការណ៍​ពាណិ​ជ្ជកម្ម​នៅ​កម្ពុជា និងការ​ទាក់​ទាញ​វិនិយោគិន​អន្តរ​ជាតិ​មក​រក​ស៊ីនៅកម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងតែចងក្រង​សេច​ក្តី​ព្រាងច្បាប់ថ្មីមួយ ដើម្បីបង្ករភាពងាយ​ស្រួល ក្នុង​ការទូទាត់សាច់ប្រាក់ និងទាក់​ទាញ​អ្នក​វិនិ​យោគទុន ​នៅគ្រាដែលកម្ពុជា​កំពុងស្ថិតនៅ​ក្នុងសម័យ​ សេដ្ឋកិច្ចឌីជីថល​ឬសេដ្ឋកិច្ច​សម័យទំនើប។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពី​ព្រឹក​ថ្ងៃទី១ ខែតុលា ឆ្នាំ​២០១៤​នេះ បានប្រកាសថា ក្រសួងពាណិជ្ជ​កម្មកំពុងតែធ្វើសេចក្តី​ព្រាង​ច្បាប់​សំខាន់ថ្មីមួយ ដើម្បីសម្រួលដល់​ស្ថានការណ៍ពាណិជ្ជកម្មនៅកម្ពុជា និងការ​ទាក់ទាញវិនិយោគិន​អន្តរជាតិ​មករកស៊ីនៅកម្ពុជា នៅគ្រាដែលកម្ពុជាកំពុងតែត្រៀមធ្វើសមា​ហរណកម្មក្នុងសហ​គមន៍​សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ដែលពេលនោះហើយនឹងមានការប្រកួតប្រជែងគ្នាខ្លាំង​ និងមួយវិញ​ទៀត​ ឯកឧត្តម​រដ្ឋមន្ត្រី​ បញ្ជាក់​ថា កម្ពុជាកំពុងតែស្ថិតនៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល ​ឬសេដ្ឋកិច្ចសម័យ​ទំនើបផង​ដែរ។

សេចក្តីព្រាងច្បាប់ដែលមានឈ្មោះជាភាសារអង់គ្លេសថា៖ ( អ៊ីខមមើស E-Commerce និងអ៊ីផេមិន E-Payment ) នឹងបញ្ចប់សេចក្តីព្រាងច្បាប់នេះ នៅចុងឆ្នាំ២០១៤នេះ ជូន​ទីស្តីការណៈរដ្ឋមន្រ្តីដើម្បី ពិនិត្យ និងឆ្លងសំរេច។

ការបង្កើតឲ្យមានសេចក្តីព្រាងច្បាប់នេះ គឺអាស្រ័យទៅលើហេតុផល​ថា៖ កម្ពុជាកំពុងតែរីកចំរើន យ៉ាងខ្លាំងក្នុងវិស័យ អ៊ិន ធឺណែត នាពេលចុងក្រោយនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ ពន្យល់ប្រាប់អ្នកកាសែតនៅឯវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា កាលពីព្រឹកម៉ិញនេះថា៖ ( សេចក្តី ព្រាងច្បាប់ថ្មីនេះមានសារៈសំខាន់និងចាំបាច់ណាស់។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា៖ នៅលើពិភពលោកនេះមានប្រជាជនចំនួនជាង ៣ពាន់លាននាក់ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត។
ដោយឡែក ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬFacebook ចំនួន១ លាន២​សែននាក់ និងអ្នកប្រើប្រាស់អ៊ិនធឺណែតចំនួន២លាន៧ សែននាក់ទៀត។ ជាងនេះទៅទៀត កម្ពុជា​មានអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន៧លាន៨សែននាក់ និងស៊ីមទូរស័ព្ទដៃ ចំនួន២១​លាន១​សែន​ស៊ីម។

អនុប្រធានផ្នែកទំនាក់ទំនងនិងកិច្ចការងារសាធារណៈរបស់ក្រុមហ៊ុន Google ប្រចាំនៅតំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក លោក ម៉ៃ និលស៊ុន បានមានប្រសាសន៍ថា​៖ ការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត គឺងាយ​ស្រួល​ក្នុងការ​ទាក់ទង​ក្នុងវិស័យពាណិជ្ជកម្ម និងការទិញលក់ទំនិញនៅក្នុងតំបន់​៕

អត្ថបទដោយ៖ ខេមរា