Wednesday, October 1, 2014

បទអត្ថា​ធិប្បាយ ៖ ការ​បញ្ឈប់​ការ​កសាង​វារី​អគ្គិសនី គឺ​ជាការ​ប្រឆំាង​នឹង​ការ​កាត់​បន្ថយ​ភាពក្រីក្រ

ដោយ រត្ន័ សណ្ដាប់
          កម្ពុជា ជាប្រទេស​មានសណ្ឋាន​ដី​ មាន​ផ្ទៃរាង​ផត​កណ្ដាល​ មានជាយ​​ព័ទ្ធ​ជុំវិញ​​ស្ទើរជា​ភ្នំ ជាកូនភ្នំ និងខ្ពង់រាប​។ នៅទិសនិរតី​ ផ្ទៃនេះ​ចុះ​ទេរ​ពី​ភ្នំ​ក្រវាញ​សំដៅ​ទៅ​ឈូង​សមុទ្រ​ ដែល​ជាទី​សំបូរ​កូន​កោះ។​ ប្រសិន​បើ​គេ​មើលពីទិស​ឥសាន្ដ​ គឺនឹង​ឃើញ​សណ្ឋាន​ដី​មាន​រយៈកំពស់​ខ្លាំង​នៅ​ទិស​និរតី​(ជួរភ្នំក្រវាញ) គ្រហួងកណ្ដាល​(ទំនាប) និងមានរយៈកំពស់​មធ្យម​នៅឥសាន្ដ(ខ្ពង់រាប)។ ចំពោះរបបទឹក​ភ្លៀង​ គឺទៀងទាត់ នឹងមានទំនាក់ទំនង​ទៅនឹងសណ្ឋានដី​។​ តំបន់ជួរភ្នំ​ក្រវាញ​ និងតំបន់ឆ្នេរសមុទ្របាន​ទទួល​ទឹក​ភ្លៀង​ច្រើន​ជាង​គេ។ ផ្ដើ​ម​ចេញ​ពី​ចំណុច​នេះ​បាន​ជានៅទីប្រជុំ​តំបន់​ខ្ពស់សំបូរ​​ទៅ​ដោយ​សក្ដានុ​ពល​ធនធាន​ធម្មជាតិ ពិសេស​ជា​តំបន់​សំបូរទឹក។ ​ហេតុ​ដូចេ្នះ បាន​ជា​តំបន់ស្ទឹង​ជាយ​អារ៉ែង​ក្នុងខេត្ដកោះកុង ​ជាតំបន់​ដែលមាន​ប្រភព​ទឹក​គ្រប់​គ្រាន់​សម្រាប់ការ​ទាញ​យក​ថាមពលអគ្គិសនី។ តើ​ការ​បង្កើត​តំបន់​វារីអគ្គិសនី ដើម្បី​​ទាញ​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ បានចំណេញ​អ្វី​ខ្លះ​ដល់​សេដ្ឋកិច្ច​ និង​ប្រជាពល​រដ្ឋកម្ពុជា?

បើសិក្សាអំពី​​​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​នីមួយៗលើ​លោកនេះ គឺ​គេ​ឃើញថា រាល់​ការ​អភិវឌ្ឍ​ទាំង​ឡាយនោះ តែ​ង​តែ​​មាន​ផល​ប៉ះពាល់​ដល់​​​ធម្មជាតិ តិច ឬច្រើន ហើយ​គ្មាន​ការ​អភិវឌ្ឍ​ណា​មួយដែលថា​មិន​ប៉ះ​ពាល់ដល់​បរិស្ថាន​នោះទេ តែអ្វីគេធ្វើការពិចារណានៅត្រង់ថា​តើ ផលដែល​ទទួលយកបាននោះ​​ វា​មាន​កម្រិត​​​ធំធេង​​មហាសាលប៉ុណា្ណសម្រាប់បំរើដល់ខឿនសេដ្ឋកិច្ចជាតិ។ យ៉ាង​ណាម៉ិញ ចំពោះគម្រោង​វារី​អគ្គិសនីស្ទឹងជាយអារ៉ែង​ ដែល​ត្រូវ​បាន​​រដ្ឋាភិបាល​​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​ផ្សេងៗធ្វើការសិក្សាជា​បន្ដ​បន្ទាប់​មកនេះ គឺពិតជាគម្រោងដែល​ត្រូវ​បាន​សិក្សាយ៉ាងហ្មត់​ចត់​ ហើយ​​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ក្រុម​ហ៊ុន​បច្ចេក​ទេស​បរទេស​សិក្សា ​​​អំពី​ផលប៉ះពាល់​បរិស្ថាន ​និង​សង្គម និងវិធានការ​នៃការ​ដោះស្រាយផលប៉ះពាល់ទាំងនេះ​ផង​ដែរ។
ក្នុង​​​គម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង គឺមាន​​តាំង​​ពី​មុនឆ្នាំ​១៩៧០ មក​ម្ល៉េះ។ ​បច្ចុប្បន្ន​ រដ្ឋាភិបាល​គ្រាន់​តែបានអនុវត្ដ​បន្ដ​គម្រោងនេះទ្បើងវិញតែ​ប៉ុណ្ណោះ ​និង​មាន​ក្រុម​ហ៊ុនជា​ច្រើន​បាន​​ដាក់​ពាក្យ​ស្នើ​សុំ​សិក្សា​​គម្រោង​ជា​បន្ដ​បន្ទាប់ ទើបតែ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ Sinohydro Resources Ltd.  ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ជ្រើសរើសឲ្យមកសិក្សា ព្រោះ​ក្រុមហ៊ុននេះ មានលក្ខណៈ​សម្បត្ដិ​គ្រប់​គ្រាន់ មាន​ប្រភព​ហិរញ្ញ​ប្ប​​ទានល្អ មានបច្ចេកទេស​ និងបទពិសោធន៍​ក្នុងការសាង​សង់​អគ្គិសនី​ និង​ស្រប​តាម​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​បាន​កំណត់។​

​ការដែលរដ្ឋាភិបាល​ធ្វើការសម្រេច​វិនិយោគតំបន់​វារីអគ្គិសនីស្ទឹង​ជាយអារ៉ែង ​ព្រោះ​​​វារី​អគ្គិសនីតំបន់នេះ​អាចដំណើរការបាន​ស្ទើរ​ពេញ​មួយឆ្នាំ ដែលបរិមាណថាមពលផលិត​ប្រចំា​ឆ្នាំ​មាន​​រហូត​​​ដល់​៥៩៤​លានគីទ្បូវ៉ាត់ម៉ោង ច្រើន​ជាងវារីអគ្គិសនីកំចាយ។ នៅក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​​នេះ​ទៀត​សោត គឺរដ្ឋាភិបាលបាន​ខិតខំធ្វើការសិក្សាយ៉ាងណាកម្រិតឲ្យ​មានការ​ប៉ះពាល់​​ដ​ល់​​បរិស្ថាន​ដ៏តិចតួច​បំផុត តែលទ្ធផលដែលត្រូវទាញពីវិស័យ​​ថាមពលនេះ​គឺ​ ​ផ្ដល់អាទិភាព​ជា​ច្រើន​​ក្នុងការ​ជំរុញ និង​លើក​កំពស់​ដល់វិស័យសេដ្ឋកិច្ច​ជាតិ ​​ដើម្បី​បម្រើ​វិស័យ​ឧស្សាហកម្ម និង​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។ ក្រៅពីនេះទំនប់វារីអគ្គិសនីតំបន់នេះក៏អាចប្រែក្លាយ​ទៅជា​ឧទ្យានដ៏ស្រល់ស្អាតសម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍។ល។    

ជាក់​ស្ដែង​សេចក្ដី​ថ្លែង​ការណ៍​របស់អង្គការ​មាតា​ធម្មជាតិដឹកនំាដោយលោក (Alejandro Gonzalez Davidson)  ក៏បានទទួល​ស្គាល់​ថា​ ប្រទេស​កម្ពុជា​ត្រូវការ​អភិវឌ្ឍវិស័យថាមពល​ ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការផលិត​អគ្គិសនី​ដោយ​ខ្លួន​ឯង ហើយត្រូវ​​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​​​ថាមពល​ពី​​ប្រទេស​ថៃ និង​ប្រទេសវៀតណាម​​។ ផ្ទុយទៅវិញ​នៅ​ក្នុងវេទិកាវិទ្យុអាស៊ីសេរី​​ការ​ដែល​អង្គកា​ដដែលនេះ បានប្រកាសថា​ សុំឲ្យរដ្ឋាភិបាលបញ្ឈប់រាល់សកម្មភាពទំាងអស់​ នឹងសុំឲ្យ​មាន​ការ​សិក្សាទ្បើងវិញនោះ។ ត្រង់ចំណុចនេះ គេពិតជាមានការ​ហួសចិត្ដ​ ព្រោះថា​គម្រោងនេះ គឺគេកំពុង​តែ​ដំណើរការសិក្សានៅទ្បើយ ដូច្នេះមានអ្វីដែលត្រូវសិក្សាទ្បើងវិញនោះ ។

តាមពិតទៅការដែលអង្គកានេះ ​ធ្វើជា​ក្រាញ​ននៀលប្រឆំាងតវ៉ា ធ្វើបាតុកម្ម​ដោយការ​បិទផ្លូវ ​ឬ​ក្នុង​រូបភាព​​តវ៉ាផ្សេងៗ​ទៀត ក្នុង​ការ​រារំាងដល់គម្រោងវិនិយោគ​តំបន់​ស្ទឹងជាយ​អារ៉ែង គឺ​គ្រាន់​​ជា​លេស​​បំរើតាមឧបាយ​កលញុះញាង់ ក្នុងមហិច្ឆតា​កេងចំណោញ​នយោបាយ​​​របស់​បក្ស​ប្រឆំាង​​តែ​ប៉ុណ្ណោះ​។   ម្យ៉ាងទៀត​បើ​និយាយពីសេដ្ឋ​កិច្ច​​​របស់​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ​ក៏​ជា​ចំណែក​មួយ​ដែល​​បាន​មក​ពី​ការវិនិយោគ​វារី​អគ្គិសនី​​ផង​ដែរ។ ​តើ​នេះមិន​ហៅ​ថា​ ការ​ទាញ​យក​ផលពី​ធនធាន​ធម្មជាតិ​​របស់គេ​ទេឬអ្វី?

ហេតុនេះការដែលបក្សប្រឆំាងតែងតែ​ស្រែកក្ដែងៗ​ ក្នុងការលើកទឹកចិត្ដ​ឲ្យ​មានការ​ទិញ​តម្លៃវារីអគ្គិសនីពីប្រទេសណាមួយនោះ តើនេះ​មិនមែន​ជា​ការ​ជួយ​ចិញ្ចឹម​​សេដ្ឋ​កិច្ច​ប្រទេសជិត​ខាង​​ទេឬអ្វី? មិនតែប៉ុណ្ណោះបើយើងមិនខិតខំ ប្រឹង​ប្រែង​ផលិត​វារី​អគ្គិសនី​ដោយ​ខ្លួន​ឯង​ទេ តើ​ធ្វើ​ដូច​ម្ដេច នឹងអាចប្រើ​ប្រាស់​អគ្គិសនីមាន​តម្លៃថោកដែលអាចបំរើសេចក្ដី​​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ និងធ្វើការប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​បាននោះ។

 ​ដូច្នេះ រាល់ការ​រារាំង​ណាមួយនូវ​គំរោង​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​​ គឺ​ជាការ​បង្អាក់​ដល់​ដំណើរ​​ការសេដ្ឋ​កិច្ច​របស់​កម្ពុជា ។​​​