Wednesday, October 15, 2014

បទ​វិភាគ៖ យុទ្ធនាការដោយប្រើអំពើហិង្សាដឹក​នាំ​លោក ថាច់ សេដ្ឋា និង​ការ​លូកដៃ​ របស់គណបក្សសង្គ្រោះជាតិ ធ្វើ​អោយខ្មែរបែកបាក់

ពិតណាស់ថា ជោគជ័យរបស់កញ្ញា ស៊ន សៀវម៉ី ដែល​បាន​ទទួល​ជ័យ​លាភី​មេដាយ​មាស​តេក្វាន់ដូ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ប្រទេសកូរ៉េ  គឺ​ជាមោទនភាព​របស់​ប្រទេស​កម្ពុជា លើឆាកអន្តរជាតិ ក្នុង​ការបង្ហាញឲ្យឃើញ ពីភាពវិជ្ជមាន​នៃការខិតខំ​របស់រាជ​រដ្ឋាភិបា​ល ដើម្បី​បង្កើ​ត​​​សាមគ្គីភាព និងការផ្សារភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសក្នុងតំបន់ និងបណ្តា​ប្រទេស​ក្នុង​ពិភព​លោកផងដែរ។ ក៍ប៉ុន្តែការខិតខំទាំងនេះ ត្រូវបានបង្អាក់ដំណើរដោយក្រុម​មនុស្ស​មួយ​ក្រុម​តូច​ដែល​មានបំណងធ្វើឲ្យកម្ពុជាបែកបាក់មិត្តភាព និងកាន់តែធ្វើឲ្យមានភាពឃ្លាតឆ្ងាយពីប្រទេស​ជិត​ខាង​ក៏ដូច​ជាប្រទេសមួយចំនួននៅលើពិភពលោកទៅ​វិញ​ ។

ជាក់ស្តែង គណបក្សសង្គ្រោះជាតិ ដែលមាននិន្នាការនយោបាយ រើសអើងពូជសាសន៍  បាន​ធ្វើ​សកម្មភាពផ្សព្វផ្សាយ តាម​គ្រប់រូបភាព នូវសកម្មភាព​​ហិង្សា ញុះ​ញង់​ បង្ក​ជម្លោះ​ជា​មួយ​ប្រទេស​ជិត​ខាង​ គឺមិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រយោជន៍ជាតិជាធំ និង​មិនដែល​ថ្លឹងថ្លែងពីផលប៉ះពាល់ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេសជាមិត្ត និងកិច្ច​សហប្រតិបត្តិការជាមួយប្រទេសជិតខាងសោះ​ឡើយ ។

ការញុះ​ញង់​ រើសអើងពូជសាសន៍នេះ មិនគ្រាន់តែជាកង្វល់របស់​​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​តែប៉ុណ្ណោះទេ ប៉ុន្តែបញ្ហា​នេះ ​ក៏ជាកង្វល់របស់សកលលោកផង​ដែរ ជាពិសេស ទង្វើជ្រុល​និយម​ នាំ​ឲ្យ​មាន​ជា​ហិង្សាបង្ក​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​ និង​ក្រុម​សង្ឃអត់​វិន័យ​មួយ​ចំ​នួន​​  គឺ​ បាន និង​​កំ​ពុង​​ដើរផ្ទុយ​ពីគោល​ការណ៍​​អនុ​សញ្ញា​អន្តរជាតិ ស្តីពីការបំបាត់រាល់​ទម្រង់នៃ​ការរើស​អើង​ពូជ​សាសន៍ឆ្នាំ ១៩៦៩​ផងដែរ ។ សកម្មភាព​ទាំងអស់​នេះហើយ គឺ​ជាប្រភព​នៃការបែកបាក់​ផ្ទៃ​ក្នុង​ប្រ​ទេស និង​ក៏​ជាការបង្ក​ឲ្យមាន​សង្គ្រាម​ស៊ី​វិល​កើត​មានឡើងជាថ្មីម្តងទៀត ដែល​មិន​អាច​ស្មាន​បាន​។

តាមរយៈឯកសារវីដេអូរបស់សារព័ត៌មានអន្តរជាតិ BBC ចេញផ្សាយថ្ងៃទី ៣ ខែតុលា ឆ្នាំ​២០១៤ បាន​លើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាជនស្លូតត្រង់រស់នៅក្នុងប្រទេសកម្ពុជា​ដែលមានសញ្ជាតិខ្មែរស្របច្បាប់ត្រឹមត្រូវ ក៏​ប៉ុន្តែមានសាច់ញ្ញាតិ្តជាជនជាតិវៀតណាម បាន​បាត់បង់ អាយុជីវិតប្តី និងកូន។  លោក ជិន វ៉ាន់ឈៀង Tran Van Chien ដែល​បាត់​​បង់អាយុជីវិត​ចោល​ប្រពន្ធ ដែល​ពរពោះកូនស្រី៨ខែ ក្មួយស្រីដែលគួរអោយអាសូរ(មិនស្គាល់ឪពុក) ដែលឪពុកក្មេង​ស្រី​នេះត្រូវ​បានសំលាប់ដោយគ្មានធម៌មេត្តាពីក្រុមបាតុករ ដែលទទួលឥទ្ធិពល​ពីការ​​ផ្សព្វផ្សាយ​របស់​គណបក្ស សង្គ្រោះជាតិ បង្កើត​អោយមានការស្អប់ខ្ពើមប្រជាជនខ្មែរវៀតណាម ។  

សួរថាតើអ្នក​ដឹកនាំសកម្មភាពនេះ គួរតែទទួលខុសត្រូវចំពោះការបាត់បង់នេះដែរឬទេ ?
យោងតាមរដ្ឋធម្មនុញ្ញ   មាត្រាទី៣១ ជំពូកទី៣ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទិ្ធសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥត​ប្រកាន់​ពូជសាសន៍ ពណ៍សម្បុរ ភេទ ជំនឿសាសនា និន្នាការនយោបាយ  ដើមកំណើត ជាតិ ឋានៈ​សង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ ម៉្យាងទៀត សេចក្តីប្រកាស​ជាសកល​ស្តីពី​សិទិ្ធ​មនុស្សឆ្នាំ ១៩៤៨ និងអនុសញ្ញាស្តីពីការលុបបំបាត់ពីការរើសអើងពូជសាសន៍របស់អង្គការ​សហ​ប្រជាជាតិ ក៏​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ផល​វិបាក​នៃ​ការ​អនុវត្តផ្ទុយ​ពី​គោលការណ៍​ជា​លក្ខណៈ​អន្តរ​ជាតិ​នេះ​ដែរ។

យ៉ាង​ណា​មិញ បើ​លោក ថាច់ សេដ្ឋា ជាបុគ្គលស្រលាញ់ប្រទេស  ស្រលាញ់ការអភិវឌ្ឍ ស្រលាញ់ និង​គោរពសិទ្ធិមនុស្ស គោរពច្បាប់ និងរដ្ឋធម្មនុញ្ញមែននោះ រូបលោកមិនគួរ​ប្រព្រឹត្ត​សកម្ម​ភាព​អ្វី​ដែល​ផ្ទុយពីច្បាប់កំពូលរបស់ប្រទេសឡើយ។ ​ផ្ទុយ​ទៅ​វិញ​ លោក ថាច់ សេដ្ឋា​ គាត់មិន​បាន​គោរព​ និង​ឲ្យ​តម្លៃ​សិទ្ធិ​មនុស្សរបស់អង្គការសហប្រជាជាតិ សោះ​ឡើយ គឺ​លោកបាន​ដឹក​នាំ​បង្ក​​ឲ្យមាន​ការ​រើសអើងទៅលើដើមកំ​ណើតជាតិសាសន៏របស់បុគ្គល។ ទង្វើ​នេះ គឺជាបញ្ហាចំបង​ដែល​នឹង​ជំរុញ​ឲ្យ​មានអសន្តិសុខ និងអស្ថេរភាពក្នុងប្រទេស ជាពិសេសទៅលើការវិនិយោគ​របស់បរទេស ដែល​ជា​ប្រភពសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ក៍ដូចការបង្កើតការងារជូនប្រជាជនខ្មែរ​។

លោក ថាច់ សេដ្ឋា ប្រធាន​សមាគមខ្មែរកម្ពុជា​ក្រោម​ ដែល​ជា​មេដឹក​នាំធ្វើ​​បាតុកម្ម​អានា​ធិប​តេយ្យ បង្ក​ហិង្សា​មុខស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​ គប្បី​ដឹង​ថា ប្រសិនបើ​គ្មានសន្តិសុខ សង្គម​ទេ​នោះ នឹងអាច​បណ្តាលឲ្យ​គ្មាន​ការ​​ទុកចិត្តពីសំណាក់​អ្នកវិនិយោគបរទេសឡើយ និង​ថែម​ទាំង​បានបង្ក​ឲ្យមាន​ភាព​​​រាំង​ស្ទះដក្នុង​​ការ​ស្វែង​រក​​ការងារធ្វើរបស់ប្រជាពលរដ្ឋ​ និង​បង្ក​ឲ្យ​ជនបរទេស​ភ័យ​ខ្លាច​ក្នុង​ការ​មក​បណ្តាក់​ទុន​វិនិយោគ​ទៀត​ផង។

បើ​ទោះ​ជា​ខ្មែរកណ្តាល ខ្មែរក្រោម ខ្មែរកាត់​ចិន ឬខ្មែរអាមេរិច គឺ​សុទ្ធ​តែជាខ្មែរដូចគ្នា​ទាំង​អស់​ គឺ​ទាំងអស់គ្នា​ចូលរួមក្នុងសង្គមដូចគ្នា ចូលរួមក្នុងចង្វាក់សេដ្ឋកិច្ចប្រទេសស្មើៗគ្នា ដូច្នេះហើយ​បានជារាជ​រដ្ឋាភិបាលមានតួនាទីដ៍សំខាន់ក្នុងការប្រតិបត្តិរដ្ឋធម្មនុញ និងការពារសុវត្ថិភាព រក្សា​ស្ថេរភាពសង្គមជូនប្រជាជនខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៏​ និងកំណើត​ដើមឡើយ ។​ឧទាហរណ៍ដូចជាប្រទេសអូស្ត្រាលីដែលបើកចំហរទ្វារ ស្វាគមន៏ប្រជាជនលើពិភពលោក​ដែល​មាន​ជំនាញឲ្យ​ចូល​ធ្វើ​ការ និង​ពលរដ្ឋ​ទូ​ទៅដែលចង់មករស់នៅប្រទេសអូស្ត្រាលី។ នេះគឺឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា កិច្ច​សហប្រតិបត្តិការល្អ​រវាង​ប្រជាជន និង​ប្រជាជន ក៏​ដូចជា​ជាមួយ​រាជរដ្ឋាភិបាល​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​ទាំង​មូល​រីកចំ​រើន​គួរ​ឲ្យ​កត់​សម្គាល់​​​។

បើ​ពិនិត្យ​មើលពី​បរិបទ​ក្នុង​សង្គម​កម្ពុជា​វិញ​ សួរថាតើ​ លោក ថាច់ សេដ្ឋា ដែលជា​សកម្មជន​របស់គណបក្សសង្គ្រោះជាតិ  ជា​ទី​ប្រឹក្សាផ្ទាល់​របស់​លោក កឹម សុខា អនុប្រធាន​ទី​១រដ្ឋ​សភា​ដែល​ជា​គណបក្សមួយ​ត្រូវផ្តល់តម្លៃឲ្យធ្វើ​ជាតំណាងប្រជាជនក្នុងសភានោះ  គប្បី​គិតពី​ប្រយោជន៏​សេដ្ឋកិច្ចជាតិ គិតពីការគោរពសិទ្ធិមនុស្ស និងគោរពរដ្ឋធមនុញ ដែឬទេ ?

ពិតណាស់ថា លោក ថាច់ សេដ្ឋា ដែលជាសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិ និង​ក៍ ជាអ្នកដឹកនាំបាតុកម្មជាច្រើនលើកច្រើនសារក្នុងបំណងបង្ករហឹង្សាដោយបង្ហាញអោយឃើញ​ ពី​ភាព​​គ្មានសុជីវធម៌ក្នុងការដឹកនាំ ដោយបាន​ដុតបំផ្លាញទង់ជាតិរបស់ប្រទេសវៀត​ណាម​ ដែលជាតំណាង អោយប្រទេសជាតិគេ និងប្រជាជនវៀតណាមទាំងមូល ។​ ទង្វើ​នេះ​វាហាក់បី​ដូចជាការដុត​បំផ្លាញ​កិត្តិយសប្រទេស ហើយ​ក៏ជាការស្តែងអោយឃើញ​ថា អ្នកដឹកនាំឲ្យ​មានការដុតនោះ​ជាបុគ្គល​បែប​ណា?​ ការយកហិង្សា និងមិនយកឧត្តមគតិមកដោះស្រាយបញ្ហា គឺជាការ​បន្ទាបកិត្តិយសប្រទេស​កម្ពុជាទាំងមូល ដោយហេតុថា ប្រទេសយើងមានសភា មានច្បាប់ត្រឹមត្រូវ ចុះហេតុអ្វី​បានជាយក ទងើ្វដែលអាណាធិបតេយ្យមកដោះស្រាយបញ្ហាទៅ​វិញ​? ។ ម៉្យាង​វិញ​ទៀត ប្រជា​ជន​ខ្មែរដែល​ធ្លាប់​មាន​វប្បធម៌ថ្កុំ​ថ្កើង ស្លូត​បូត​ សុភាព​រាប​សារ ក៏​គួរពិចារណា​ឡើង​វិញ​ម្តង​ទៀត​ថា  ការ​ដែល​វៀត​ណាម​ ផ្លាស់​ប្តូរ​អ្នក​នាំ​ពាក្យ​ស្ថានទូត​ថ្មី គឺ​អាច​មាន​តម្លៃ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ជាក់​ថា ការ​និយាយពី​បញ្ហា​ទឹក​ដី​ខ្មែរកម្ពុជា​ក្រោម​កន្លងមកនោះ ដែល​ក្រុម​បាតុករចោទ​ថា ជា​ការ​បំ​ភ្លៃ​ប្រវត្តិសាស្ត្រ​ អាច​ថា គេពិត​ជា​បាន​ទទួល​កំ​ហុសហើយ​។ ដូច្នេះ សូម​ខ្មែរពន្លត់​ទៅ​នូវ​ការ​ទាម​ទារ​យុត្តិធម៌​នៅ​ពី​ក្រោយ​ការ​សូម​អភ័យ​ទោស​របស់​អ្នក​ដទៃ ដែល​គេដឹង​ថា បាន​ធ្វើ​ខុស។ ការ​អាធ្យាស្រ័យ​ក៏​ជា​ការ​ទុកមុខមាត់​កិត្តិយសដល់​ប្រទេស​ជិត​ខាង​ផង​ដែរ​​។

អំ​ពើ​ហិង្សាមិន​មែន​ជាជម្រើសល្អ​នាំ​ឲ្យ​សង្គម​មាន​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ឡើយ ។ ផ្ទុយ​ទៅ​វិញ​ ហិង្សា នឹង​នាំ​ឲ្យ​សង្គម​ខ្មែរបែកបាក់ បង្កឲ្យ​មាន​អរី​ភាព​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​នាំ​ឲ្យ​អន្តរជាតិវាយតម្លៃតាមរយៈសកម្មភាពរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ថា ប្រទេសខ្មែរ ជា​ប្រទេសអត់ច្បាប់ អត់ទំលាប់ និងប្រជាជន មាន​ចរិត​ឃោរឃៅ អសុជីវធម៌ទៅ​វិញ​នោះ​ទេ។

 ទោះ​ជា​យ៉ាង​ណា​ រាជ​រដ្ឋាភិបាលដែល​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​ច្បាប់​ គឺ​បាន ​និង​កំ​ពុង​ខិតខំលើក​តម្កើង​ការ​អនុវត្តច្បាប់​ ដើម្បី​​ពង្រឹងនូវ​នីតិរដ្ឋ​នៅ​កម្ពុជា​ និង​ទទួល​បាន​នូវ​ការវាយតម្លៃ ពីសំណាក់អន្តរជាតិអំពី​មុខមាត់ កិត្តិយស​របស់កម្ពុជា​​ ដែល​ពុំ​គួរ​គប្បី​ត្រូវ​បាន​ក្រុមអគិតិមួយចំ​នួន​តូច ព្យា​យាមធ្វើ​ឲ្យ​ប្រទេសរបស់​ខ្លួន​អាប់មុខទៅវិញនោះ​ឡើយ​ ។

ដូច្នេះ គណបក្សសង្គ្រោះជាតិ និងសកម្មជន លោក ថាច់ សេដ្ឋា រួម​ជា​មួយ​ក្រុម​សង្ឃជ្រុល​និយម​មួយ​ចំ​នួន​ គួរ​បញ្ឈប់​ការញុះ​ញង់ អុជ​អាល បង្ក​ហិង្សា​ ក្នុង​ន័យ​​កេង​ចំ​ណេញ​យក​ផល​ប្រយោជន៏​បក្ស និងបុគ្គល ធំជាងកិត្តិយសប្រទេសជាតិ​ទៀត​ទៅ​។ ដូចគ្នានេះដែរ ព្រះ​សង្ឃគួរគប្បី​​ប្រកាន់​យក​នូវ​ធម៌​ខន្តី​ ទើប​សាក​សមជា​បុព្វជិតដែល​ប្រជាពលរដ្ឋគោរព និង​នាំ​ឲ្យ​ព្រះ​ពុទ្ធ​សាសនារុង​រឿង៕​
អត្ថបទដោយ៖ សុខ ពេជ្រ

​​​​​​​​​​