Wednesday, October 15, 2014

កម្ពុជាកំណត់យកថ្ងៃទី១៥តុលាជាថ្ងៃគោរពព្រះ​វិញ្ញាណក្ខន្ធ័ព្រះបរមរតនកោដ្ឋ

ថ្ងៃទី១៥ ខែតុលា ជារៀង​រាល់ឆ្នាំ ត្រូវបាន​រាជ​រដ្ឋា​ភិបាល​កម្ពុជា កំណត់​ធ្វើជា​ទិវា​គោរពព្រះ​វិញ្ញាណ​ក្ខន្ធ័​ព្រះ​បរមរតន​កោដ្ឋ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ បើគិត​មកត្រឹមថ្ងៃនេះ ការ​​យាង​សោយ​​​ទិវង្គតរបស់​ព្រះអង្គ​មានរយៈពេល២ឆ្នាំមក​ហើយ។

ពីធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ័ព្រះបរមរ​តន​កោដ្ឋថ្ងៃ​នេះ ប្រជាជាតិ​កម្ពុជា​ទាំង​មូល​ រួម​មាន ថ្នាក់​ដឹក​នាំ​​នៃ​​ក្រ​សួង​ស្ថាប័នរដ្ឋ​ទាំង​អស់បានអ​ញ្ជើញ​មកកាន់​វិមាន​តំកល់​ព្រះបរមរូប ព្រះបរមរ​តន​​កោដ្ឋ​​នៅ​លើ​​សួន​​ច្បា​រខាងកើត​វិមានឯករាជ្យ ដើម្បីមក​ចូលរួម​គោរព​ព្រះវិញ្ញាណក្ខន្ធ័។

​ចាប់​តាំង​ពីព្រឹកព្រលឹម​នាថ្ងៃពុធ​ទី១៥​តុលា ឆ្នាំ​២០១៤នេះ ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់ជាតិ បាន​អញ្ជើញ​​មកចូលរួម​គោរព​ព្រះវិញ្ញណក្ខន្ធ័ ព្រះបរម​រតន​កោដ្ឋ​គម្រប់​ខួបពីរឆ្នាំ​នៃការយាង​សោយទិវង្គត​របស់​ព្រះ​អង្គ​ ដើម្បី​ស្មឹងស្មាត​សំរួមកាយវា​ចារចិត្ត សំដែងនូវ​កតាញូ​តាធម៌គោរពដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​គុណូបការៈ ដ៏ឧត្តុងឧត្តម របស់​ព្រះអង្គ​ដែលក្នុងមួយព្រះជន្ម​របស់​ព្រះអង្គ​បានបូជាអ្វីៗគ្រប់​បែប​យ៉ាង​ដើម្បីបុព្វហេតុជាតិមាតុភូមិ និង​ប្រជារាស្ត្រជាកូន ជាចៅចៅទួត​របស់​ព្រះអង្គដើម្បី​សេចក្តី​សុខ​សាន្ត​​និងភាពរុងរឿងរីកចំរើននៃប្រជា​ជាតិ​កម្ពុជា​ទាំងមូល។

នៅក្នុង​ពិធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ័នេះគេ​សង្កេត​ឃើញ​ប្រតិភូ​ថ្នាក់ដឹកនាំ ស្ថាប័ន​ព្រឹទ្ធ​​សភា ប្រតិភូ​ស្ថាប័ន​រដ្ឋសភា​ ប្រតិភូស្ថាប័ន​នីតិប្រតិបត្តិ សមាជិក​រាជ​រដ្ឋា​ភិបាល​​មក​ពី​បណ្តា​ក្រសួង​ចំនួន​២៧ ក្រៅ​ពី​នេះ​ក៏មានគណ​ប្រតិភូមកពីក្រសួង​ព្រះបរមរាជវាំង គណប្រតិភូ​ក្រុម​ប្រឹក្សាធម្មនុញ្ញ តុលាការ​ កំពូល​  គណកម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត​  ទីស្តីការ​គណៈរដ្ឋមន្ត្រី  អគ្គ​បញ្ជាការដ្ឋានកង​យោធពល​ខេមរៈ​ភូមិន្ទ  អគ្គស្នងការដ្ឋាននគរបាលជាតិ  ធនាគារជាតិនៃកម្ពុជា  អជ្ញា​​​ធរសវន​កម្ម​ជាតិ  អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ​ កាកបាទក្រហមកម្ពុជា  គណៈកម្មាធិ​ការជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​គណៈ​​ប្រតិភូមកពីសាលារាជធានីភ្នំពេញ។​ ក្រៅពីក្រសួងស្ថាប័នខាងលើ រាជ​រដ្ឋា​ភិបាល​បាន​ណែនាំ​ឲ្យគ្រប់ស្ថាប័ន គ្រឹះស្ថានសាធារណៈ គ្រប់ស្ថានទូត ស្ថានកុងស៊ុលព្រះ​រាជា​ណាចក្រកម្ពុជា​ប្រចាំ​តាម​បណ្តាប្រទេស​នានា  ​,រដ្ឋបាលក្រោម​ជាតិគ្រប់​លំដាប់​ថ្នាក់   គ្រប់វត្ត​អារាម បូជនីយ៏ដ្ឋានសាសនា អា​ស្រ​ម​វិបស្សនា  និងប្រជា​ពលរដ្ឋ​តាមមូល​ដ្ឋាន ត្រូវរៀប​ចំពិធី​គោរពព្រះ​វិញ្ញាណ​​ក្ខន្ធនេះឲ្យបាន​ស័ក្តិសម​​នឹង​ព្រះគុណូបការៈ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ  ឲ្យបានស្រប​តាម​​ព្រះបរមងារ​របស់​ព្រះអង្គ ជា​ព្រះ​វរ​រាជបិតា​ឯកភាព​ជាតិខ្មែរ និង​ឲ្យបាន​វិសេស​វិសាល​ថ្លៃថ្លា ស័ក្តិសម និងសេចក្តីគោរព​ស្រឡាញ់ ដែលផុះ​ចេញ​ពីក្រអៅ​បេះដូង របស់​ប្រជា​រាស្ត្រ​ខ្មែរគ្រប់ៗ​រូប។

​ដោយឡែក​នៅទីស្តីកា​រគណៈរដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​​ក៏បាន​ដឹកនាំ​ការគោរព​ព្រះវិញ្ញាណ​ក្ខន្ធ័ព្រះ​​បរមរតន​កោដ្ឋ​ផង​​ដែរ​​ដើម្បីផ្តល់​ឱកាស​ដល់​មន្ត្រីរាជកា​រនៃទីស្តីការ​គណៈរដ្ឋមន្ត្រី​ទាំង​អស់បានមក​ចូល​រួមគោ​រព​ព្រះ​វិញ្ញា​ណ​ក្ខន្ធ័ គម្រប់ខួប​ពីរឆ្នាំនៃការ​យាង​សោយ​ទិវង្គតនៃ​អង្គព្រះ​មហាវីរក្សត្រ​នៃយើង។

បើទោះ​បី​ព្រះ​អង្គ​​​​បាន​លាចាក​ឆ្ងាយពី​យើងអស់​រយៈពេល​ពីរឆ្នាំ​កន្លងម​កក៏ពិត​មែន​ ប៉ុន្តែព្រះករុណា​ទិគុណ​ ព្រះ​កិត្តិ​នាម របស់​ព្រះអង្គ​នៅតែមា​នក្លិន​ពិដោរ​ក្រអូប​ត្រជាក់​ដូចទឹក​​អម្រឹត​ប្រោះ​ព្រំប្រទាន​ស័ព្ទ​​សាធុ​ការ​ពរ​​ដល់ប្រ​ជា​រាស្ត្រគ្រប់ៗ​រូបបាន​សុខចំរើន និងមាន​តម្លៃ​មិនអាចកាត់​ថ្លៃបាន។​

ព្រះអង្គ​បាន​បន្សល់​ទុក​នូវ​ស្ថាព្រះហស្ថ​ដ៏ធំធេង​សម្រាប់​ជាតិ ក្នុងនោះ​​ព្រះអង្គ​បាន​ទាមទា​ឯករាជ្យ​ពេញ​បរិបូរណ៏ពី​អាណា​និគមន៏​និយមបារាំង ព្រះអង្គបានខិត​ខំកសាង​សមិទ្ធ​ផល​​​លើគ្រប់​វិស័យ​ទទួល​​បាន​ការ​រីកចំ​រើន​នៅ​គ្រប់​ទិសទីមានគ្រឹះស្ថាន​សិក្សាគ្រ​ប់កំរឹត​មន្ទីរ​ពេទ្យ ផ្លូវថ្នល់  ស្ពាន  ស្រះ​ទឹក​  ប្រឡាយ​  វត្តអារាម​  រោងចក្រ​  កំពង់ផែ ​ អាកាស​យាន្តដ្ឋាន។ល។ ព្រះអង្គ​ជាព្រះ​ប្រិយ​ក្សត្រ​​អធន​ស្រឡាញ់​សន្តិភាព  និង​បាន​បំពេញ​ព្រះ​រាជកិច្ចដ៏លើសលប់ ដើម្បីសន្តិភាពនៅ​កម្ពុជា នៅក្នុង​តំបន់ និងនៅ​លើ​ពិភព​​​​លោក​ទាំងមូល។​ព្រះវីរៈគំរូដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា វិសេស វិសាល​របស់​ព្រះអង្គ​គឺ​កំពុងស្ថិត​នៅជាប់​ក្នុង​​ដួង​ចិត្ត​ប្រជារាស្ត្រ​ខ្មែរ​​គ្រប់ៗគ្រូប មិនអាចបំភ្លេចបាន ដែលធ្វើឲ្យ កូន​ចៅ​គោរព​ដឹងគុណ ជានិច្ច​ចំពោះ​ព្រះអង្គ បើ​ទោះបីព្រះអង្គ​បានយាង​សោយ​ទិវង្គតចាកឆ្ងាយ​ពីកូន​ចៅ ចៅទួតក៏ ពិតមែន។

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ព្រះ​បរមរតន​កោដ្ឋ ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត​កាល​ពីថ្ងៃ១៥ ខែតុលា ឆ្នាំ​២០១២ ​ដោយព្រះជរាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុងប៉េកាំ នៃសាធារ​ណរដ្ឋ​ប្រជាមា​និតចិន ក្នុងព្រះ​ជន្នាយុ៩០ព្រះវស្សា។ ការយាង​សោយ​ទិវង្គតរបស់ព្រះអង្គ គឺជាការ​បាត់បង់​អង្គ​ព្រះមហាវី​រក្សត្រ​កម្ពុជា​ដ៏ឆ្នើម​ពុំមាន​អ្នកប្រៀប​ប្រដូច​ឡើយ៕