Wednesday, October 15, 2014

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ជំរាប​ភាគី​ថៃ​អំពី​គម្រោង​អភិរក្ស និង​អភិវឌ្ឍន៏​របស់ ICC ព្រះវិហារ​កម្ពុជា​ថា មិន​​ប៉ះពាល់​​ដល់​ទំ​នាក់​​ទំ​នង​​ល្អ​​រវាង​​ប្រទេស​​ទាំង​​ពីរ​ទេ​

មន្ត្រីជាន់ខ្ពស់កម្ពុជា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី បានមាន​ប្រសាសន៍​​ថា គម្រោងអភិរក្ស និង​អភិវឌ្ឍ ICC ព្រះវិហារ​ គឺធ្វើឡើង​ស្របតាមសាលដីកា​​របស់​តុលាការ​​អន្តរជាតិ ក្រុងឡាអេឆ្នាំ១៩៦២ និង​ការ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ២០១៣ គឺមិនមានការ​ប៉ះពាល់ដល់ទំនាក់​ទំនង​រវាង​កម្ពុជា‑ថៃ ក៏ដូច​ជា​បញ្ហាព្រំដែនរបស់​ប្រទេស​ថៃនោះឡើយ។

ក្នុងជំនួបពិភាក្សាការងារនៅវិមានមិត្តភាពកាលពីថ្ងែទី១៤ខែតុលា ឆ្នាំ​២០១៤ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានពន្យល់ភាគីថៃ ឯកឧត្តម Nattavudh Photisaro អគ្គលេខខាធិការរងក្រសួងការបរទេសថៃ អំពី​ការ​បង្កើត​គណៈ​កម្មា​ធិ​​ការ​សម្រប​សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៏រមណីយដ្ឋានតំបន់ប្រវត្តិសាស្ត្រព្រះវិហារ(ICCព្រះវិហារ)​ថា​ គណៈកម្មាធិការ​នេះបំ​ពេញ​​​​តួនាទីរបស់ខ្លួនដោយឈរ​លើបទដ្ឋាន​គតិយុត្តិ ច្បាប់​ជាតិ ​និងអន្តរ​ជាតិ​​ និងការងារបច្ចេក​ទេសផ្នែកបេតិ​ក​ភណ្ឌ​ទទួលដែល​​ស្គាល់​ដោយ​អង្គ​ការ​យូណេស្កូ ​និង​គណៈ​កម្មា​ធិ​ការ​បេតិកភណ្ឌពិភពលោក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន បានជំរាប​ជូន​ដល់ភាគីថៃថា « សូមកុំឲ្យមានការព្រួយ បារម្ភ​ ​អំពី​គម្រោង (​ICC​ព្រះវិហារ) ពីព្រោះ​គម្រោង​​នេះ​​​​មិនធ្វើឲ្យមានការ​ប៉ះពាល់​ដល់​ទំនាក់​ទំនងមិត្ត​ភាព កិច្ច​សហប្រតិបត្តិ​ការល្អ​រវាង​កម្ពុជា​​ថៃនោះ​ទេ ​ហើយក៏មិនធ្វើឲ្យប៉ះ​ពាល់​​ដល់​ខ្សែ​បន្ទាត់​ព្រំ​ដែនរបស់​ប្រទេសថៃនោះដែរ គម្រោងICCព្រះ​វិហារ​​នេះ ​​ធ្វើទៅតាម​ក្រប​ខណ្ឌ​​ដែលអង្គការ​យូណេស្កូបាន​ទទួល​ស្គាល់តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៏បន្ថែមថា ​ការសម្រេចបង្កើតICCព្រះវិហារ​ គឺតម្រូវឲ្យ​មាន​សមាជិក៧រូប ក្នុងនោះក៏មានភាគីថៃជា​សមាជិក​មួយ​រូបផងដែរ។​​ សមាជិកទាំង៧នៃ ICCព្រះ​វិហារ​នេះ  មានសិទ្ធិជជែកជាចំហរចំពោះ​កិច្ចការទាក់ទង​នឹងការអភិរក្ស អភិវឌ្ឍន៏ និង​ជួស​​ជុល​រមនីយ​ដ្ឋានតំបន់ប្រវត្តិសាស្ត្រព្រះវិហារនេះ។ ដូច្នេះ​ រាល់គម្រោងដែលICCព្រះ​វិហារ​ត្រូវធ្វើ​គឺគោរព​តាម​សាលដីការ​បស់​តុលាការ​យុត្តិធម៌អន្តរជាតិក្រុងឡាអេឆ្នាំ១៩៦២(ICJ)  និងស្របតាមការបក​ស្រាយ​សាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ​ឆ្នាំ២០១៣​កន្លងម​កនេះ។
ក្នុងខ្លឹមសារសាលដីកានោះបានបកស្រាយច្បាស់ថា ភាគីថៃមិនត្រូវរារាំងឬទប់​ស្កាត់កម្ពុជា​ក្នុង​ការ​អភិរក្ស និង​អភិ​វឌ្ឍន៏​រមនីយ​ដ្ឋាន​ព្រះវិហារ​នេះ​ឡើយ រីឯកម្ពុជា គឺមានសិទ្ធិ​ពេញលេញ​ក្នុង​ការការ​ពារ កសាង និងអភិរក្សប្រា​សាទ​​​ព្រះវិហារបស់ខ្លួន។

សូមបញ្ចាក់ថា​ សាលដីកាឆ្នាំ១៩៦២នេះ បានសម្រេចយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុងអធិបតេយ្យ​ភាពទឹកដីរបស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថៃត្រូវតែ​ដកឆ្នាំការពារ​ពីតំបន់​ព្រះវិហារ​ចេញ ហើយក៏​តម្រូវឲ្យភាគីថៃត្រូវ​សងវត្ថុបុរាណ​ដែលថៃ​បានលួច​​យកពីប្រាសាទ​ព្រះ​វិហារ​មក​ឲ្យ​កម្ពុជា​វិញផងដែរ៕

អត្ថបទដោយ​៖ សុវណ្ណាតារា