Sunday, December 28, 2014

ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ច្រូត​ស្រូវ​ជូន​ប្រជា​ពល​រដ្ឋ ឃុំ​កុមារ​រាជា ស្រុក​បាទី

នៅព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ទិត សុធា  ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធា​ន​ក្រុមកា​រងារ​ថ្នាក់​ជាតិ​ចុះជួយ​ឃុំ​កុមារ​រាជា តំណាង​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខា​ធិ​ការ និង​ជាប្រធាន​អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស​នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ដែលជា​ប្រធាន​ក្រុម​ការងារ​ចុះជួយ​ឃុំកុមាររា​ជា បានដឹ​កនាំ​ឯកឧត្តម លោក លោកស្រី ជាក្រុម​ការងារ និង​ក្រុម​ការ​ងា​រ​សម្រប​សម្រួល​កម្មករ​ខេត្តតា​កែវ ចុះជួយ​ច្រូត​ស្រូវ​ជូន​ប្រជា​ពលរដ្ឋ នៅក្នុង​ឃុំកុមារ​រាជា ស្រុកបា​ទី​ក្នុងឱកាស​នៃការ​ប្រមូល​ផល​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ។

ការចុះជួយ​ច្រូតស្រូវ​ជូនប្រជា​ពលរដ្ឋ​នេះ គឺជា​កាយ​វិការ​ដ៏ប្រពៃ​ដែល​បង្ហាញឱ្យ​ឃើញ​នូវ​ការ​យកចិត្តទុក​ដាក់ខ្ពស់​របស់​ក្រុម​ការងារ​ចុះជួយ​មូលដ្ឋាន ជា​ពិសេស​នៅក្នុង​ឃុំកុមារ​រាជា ក្រោម​ការដឹក​នាំ និង​ការ​ចង្អុល​បង្ហាញ​ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះជួយ​ខេត្ត​តាកែវ​ទាំងមូល។

សកម្មភាព​នេះ ក៏បាន​បង្ហាញ​ឱ្យឃើញ​ផងដែរ នូវស្មារតី​រួបរួម​សាមគ្គី​គ្នារវាង​ថ្នាក់​ដឹកនាំ និង​ប្រជាពល​រដ្ឋនៅ​តាម​មូល​ដ្ឋាន​ដែល​រំលេច​ឱ្យឃើញ​នូវវប្បធម៌​ចែករំលែក និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅមក ជាពិសេស​ការចុះទៅ​ជួយ​សម្រួល​ដោះស្រាយ​ការងារ​ជាក់ស្ដែង ដោយ​ផ្ទាល់​ជាមួយ​ប្រជា​ពល​រដ្ឋ។

ក្នុង​បរិយា​កាស​ដ៏រីក​រាយ​នៃកា​រប្រមូល​ផល​ស្រូវ​នេះ ដែល​វត្តមាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះជួយ​ឃុំ​កុមារា​ជា បាន​រួបរួម​យ៉ាង​សស្រាក់​សស្រាំ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​កសិករ គឺជាការ​អនុវត្ត​នូវ​គោល​នយោបាយ​យុទ្ធសា​ស្ត្រច​តុកោណ​របស់​រាជ​រដ្ឋា​ភិបាល ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចង់​បាន​របស់​ប្រជា​ពល​រដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត។

អត្ថបទ​ដោយ៖ ក្រុម​ការងារ​ថ្នាក់ជាតិ (ឃុំកុមាររាជា)