Sunday, December 28, 2014

ក្រុមអាជីវករសត្តឃាតនៅទូទាំងខេត្តតាកែវ ផ្ទុះការជំទាសតវ៉ាសុំឲ្យអជ្ញាធរបញ្ចប់​កិច្ចសន្យាក្រុមហ៊ុន​គ្រប់​គ្រង​អាជីវកម្មសត្តឃាត​របស់លោកហ៊ន​ ហៀង និងស្នើឲ្យមានការដេញថ្លៃជាសាធារណៈ

ក្រុមអាជីវករសត្តឃាតនៅទូទាំងខេត្តតាកែវ ផ្ទុះការជំទាសតវ៉ាសុំឲ្យអជ្ញាធរបញ្ចប់​កិច្ចសន្យាក្រុមហ៊ុន​គ្រប់​គ្រង​អាជីវកម្មសត្តឃាត​របស់លោកហ៊ន​ ហៀង និងស្នើឲ្យមានការដេញថ្លៃជាសាធារណៈ ដើម្បី​ជ្រើសរើស​ក្រុម​ហ៊ុនថ្មី។

ក្រុមហ៊ុន​គ្រប់​គ្រង​សត្តឃាតដ្ឋានរបស់លោកហ៊យ ហៀង កំពុងប្រឈមនិង​ការប្រឆាំងតវ៉ា​ពីក្រុមអាជីវក​រ​ពិឃាដ​សត្វ ជ្រូក គោ ​ក្នុង​ស្រុកទាំង១០របស់ខេត្តតាកែវ ដោយពួកគាត់មិនពេញចិត្តចំពោះ​ប្រតិបត្តិការអាជីវកម្ម​ផ្តាច់មុខ​ដោយគ្មាន​នការ​ទទួល​ខុសត្រូវ​ពីសំណាក់ក្រុមហ៊ុន ដោយបាននាំគ្នាមកដាក់ញាត្តិស្នើ​ឲ្យ​អជ្ញាធរ​បញ្ចប់​កិច្ចសន្យា​បញ្ឈប់​សកម្ម​ភាព​ធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះ  និង ស្នើ​ឲ្យអាជ្ញាធរ​ធ្វើការដេញថ្លៃជា​សាធា​រណៈ​ឲ្យបាន​ត្រឹម​​ត្រូវ និង​មានតម្លាភាព ដើម្បី​ជ្រើស​រើសក្រុមហ៊ុនថ្មីមកគ្រប់គ្រងជំនួយ។

ឯកឧត្តម ឡាយ  វណ្ណៈ អភិបាល នៃ​គណៈអភិបាលខេត្តតាកែវ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងកិច្ចសម្ភាសន៏ថា ឯកឧត្តមបាន​ទទួល​រួច​ហើយនូវព័ត៌មានដែលអាជីវករពិឃាដសត្វ មិនពេញចិត្ត​ចំពោះភាពអសកម្មរបស់​ក្រុមហ៊ុន​អាជីវកម្មគ្រប់គ្រងសត្តឃាតនៅខេត្តតាកែវនេះ  ឥឡូវពួកគាត់កំពុងដាក់ញ្ញាត្តិស្វែងរកការ​ជួយអន្តរាគមន៏​មកអាជ្ញា​ធរ សុំឲ្យបញ្ចប់កិច្ច​សន្យា​របស់​ក្រុមហ៊ុន​មួយនេះ ។  ឯកឧ​ត្តមបានបញ្ជាក់ថា តាម​ការសុំ​ឲ្យលប់កិច្ចសន្យានោះ ខាង​សាលា​​ខេត្តមិន​មាន​សិទ្ធអ្វី​ឡើយ  ប៉ុន្តែចំពោះបំណងដែល​បងប្អូនអាជីវករស្នើសុំឲ្យធ្វើការដេញថ្លៃ​ជាសាធារណៈ​ក្នុងការ​ជ្រើសរើស​ក្រុម​​ហ៊ុន​ថ្មី​ ឯកឧត្តម យល់ស្រប ។ ​ឯកឧត្តមបាន​ថ្លែង​ថា«អញ្ចឹងទេសំណូមពរគាត់ ថ្មីៗនេះ​គាត់​កំពុងប្រជុំដើម្បី​ធ្វើញ្ញាតិតវ៉ាមកខ្ញុំជាអភិបាលខេត្តថ្មី ឲ្យជួយ​ដោះ​ស្រាយបញ្ហានេះ ទី១គាត់សុំឲ្យលប់នូវកិច្ចសន្យា ដែលបន្តឲ្យក្រុមហ៊ុនចាស់ចេញ​​និងសុំឲ្យ​មាន​ការដេញថ្លៃ​ជាសា​ធា​រណៈ ដើម្បីឲ្យពួកគាត់មានការចូលរួមដេញ​ថ្លៃផងដែរ​។ទី២ គាត់សុំមិនឲ្យរកស៊ីផ្តាច់មុខ  គឺ​មិន​ចង់​ឲ្យមានតែក្រុមហ៊ុន១ .ក្រុមហ៊ុន​២ឬ ៣ក្រុមហ៊ុនចេះ​តែបន្តកិច្ចសន្យាដោយមិនមានការដេញថ្លៃជាសាធរណៈនោះទេ។​ ហើយថ្មីៗនេះ​មានសារាចរណែនាំលេខ០០៤​របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏បានចែងដែរថា ត្រូវតែមានការដេញថ្លៃជាសាធារណៈ។​ ជាជំហររបស់​គណៈ​អភិបាលខេត្ត ខ្ញុំចង់ឲ្យអ្វីៗទាំងអស់មានការដេញថ្លៃធ្វើឲ្យមានតម្លាភាពចំពោះប្រជាពលរដ្ឋយើងទាំងអស់។​អញ្ចឹងទេតាមសេចក្តីរាយការណ៏ពីគ្រប់ស្រុកប្រជាពលរដ្ឋនិងអាជីវករផ្សារគាត់កំពុងប្រជុំដាក់ញ្ញាត្តិតវ៉ាមកខ្ញុំ  ហើយនៅពេលញ្ញាត្តិនេះមកដល់ខ្ញុំ ខ្ញុំនឹងកោះប្រជុំគណអភិបាលខេត្ត ដើម្បីស្វែងរកវិធីក្នុង​ការ​ដោះស្រាយ។ និង​បន្ថែមថា បញ្ហា​ទាំង​នេះ នឹង​សុំ​ការ​សម្រេច​ពី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​កសិកម្មរុក្ខាប្រម៉ាញ់​ និង​នេសាទ ជា​ក្រសួង​សាមីសម្រេច​។

លោកហ៊ុន ​​សេងលី និងលោកម៉ី ផន អាជីវករកាប់ជ្រូកនៅទីតាំងសត្តឃាតភូមិថ្នល់បែក​  សង្កាត់រការក្រៅ ស្រុក ដូនកែវ បង្ហាញពីការមិនសប្បាយចិត្តចំពោះ ក្រុមហ៊ុនលោក ហ៊យ ហៀង ថាពួកគាត់មិនអាចទទួលយក​ក្រុមហ៊ុន​ដែលគ្មានការទទួលខុសត្រូវនេះទៀតបានឡើយ ក្រុមហ៊ុននឹងមិនអាចទទួលយកបាន តែបើគាត់ចេះកែ​លម្អ​ឲ្យ​បាន​ត្រឹមត្រូវយល់ស្របតាមអាជ្ញាធរ ធ្វើអ្វីឲ្យ​បាន​​ត្រឹមត្រូវ​គេអាចបន្ត ប៉ុន្តែបើនៅតែអញ្ចឹងតមិនកើត។ខ្ញុំ​ថាបើ​ក្រុម​ហ៊ុននឹងនៅតែអត់អើពើរធ្វើអ្វីទាំងអស់អញ្ចឹង អត់​មានលទ្ធភាពណាជួយក្រុមហ៊ុនហ្នឹងឲ្យធ្វើទេ។​ រីឯតំណាង​ក្រុម​អាជីវករ​នៅស្រុកព្រៃកប្បាសលោកលីវ សុផល ​ក៏បានមកដាក់ញ្ញាត្តិឲ្យអាជ្ញាធរជួយដោះស្រាយផង​ដែរ ​យើងខ្ញុំ​ទាំង​អស់គ្នាតំណាងអាជីវករស្រុកព្រៃកប្បាស​បានធ្វើញ្ញា​ត្តិ​ដាក់ជូនលោកអភិបាលស្រុក ដើម្បីឲ្យលោក​អភិ​បាល​ស្រុក​ជួយដោះស្រាយដល់អាជីវករយើងខ្ញុំ។

 ចំពោះបញ្ហានៅស្រុកសំរោង លោកញ៉ែម  ​​ស្រស់ អភិបាលស្រុក បានឲ្យដឹងដែរ​ថាលោកក៏បានទទួល​រួច​ហើយ​នូ​វ​សំណើរ​ពីប្រជាពលរដ្ឋ​ បានប្តឹងចោទ ក្រុមហ៊ុនលោក ហ៊យ ហៀង ថា មិនមានការទទួលខុស​ត្រូវលើការ​គ្រប់​គ្រងអាជីវកម្ម​របស់ខ្លួន ក្នុងនាម​រដ្ឋបាលស្រុកលោកសូមគាំទ្រក្នុងការបញ្ចប់​កិច្ចសន្យារចំពោះក្រុមហ៊ុន​ណា​ដែលរកស៊ីគ្មាន​ការទទួលខុស​ត្រូវនោះ​ « ក្នុងនាមរដ្ឋបាលស្រុកគឺ ខ្ញុំមានការសប្បាយ​រីករាយណាស់​ប្រសិន​បើ​យើងបញ្ឈប់ នូវការវិនិយោគដែលមិនទទួលខុសត្រូវនេះ ​នឹងសូមឲ្យ ដាក់ដេញថ្លៃជាសាធារណៈ​មាន​ការ​ចូល​រួមពី​អាជីវករ​ទាំង​អស់ឲ្យគាត់សប្បាយចិត្ត ពីព្រោះយើងទាមទាឲ្យមានតម្លាភាព។ កន្លងមកក្រុមហ៊ុននេះ​មិន​បាន​អនុវត្ត​គោរព​តាម​សៀវ​ភៅបន្ទុកក៏ដូចជាកិច្ចសន្យារបស់កាត់ទេ។ ខ្ញុំទទួលយកសំណូមពរពីអាជីវករ និង​ធ្វើ​លិខិត​លាយ​ល័ក្ខ​អក្ស​រ​រាយការណ៏ជូនអភិបាលខេត្តដើម្បីមានវិធានការជួយសម្រួលដោះស្រាយជូនពួកគាត់»។

លោកមូល  វិចិត្រ អភិបាលក្រុងដូនកែវ បានថ្លែងថា បន្ទាប់ពីទទួលបានញាត្តិពីអាជីវករសត្តឃាត ​លោក​បាន​កោះ​ប្រជុំ​សមាជិកក្រុមការងារបញ្ញាតិករបន្ទាន់ភ្លាម​ដើម្បីជួយដោះស្រាយបញ្ហាជូនពួកគាត់ គាត់ទាមទា លប់ក្រុមហ៊ុនថ្មី ហើយដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។​ ដូច្នេះក្រោយពីកិច្ចប្រជុំជាង២ម៉ោង​ក្រុមការងារ​បញ្ញាតិ​​ករបាន​សម្រេច​ទី១​ ធ្វើជាសំណើរដាក់ជូនទៅអភិបាលខេត្ត ដើម្បីសិក្សាលើក្រុមហ៊ុនថ្មីនេះបើបង្កើតខុស​ពីនី​តិវិធីច្បាប់គួរ​តែ​លប់​ក្រុមហ៊ុននេះចោលរួចដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។ទី២ បើក្រុមហ៊ុន​នេះមានសម្ពន្ធ័​ភាព​ជាមួយ​និង​ក្រុមហ៊ុនចាស់មែន ហើយក្រុមហ៊ុននេះបងប្អូនអាជីវករគាត់មិនពេញចិត្តតើយើងគួរទុកដែរឬទេ ជា​យោបល់​រួម​របស់ក្រុមប្រឹក្សាបញ្ញាតិករ គឺស្នើសុំទៅថ្នាក់ខេត្តដើម្បី​លប់ក្រុមហ៊ុនថ្មី​នេះរួចដាក់ដេញ​ថ្លៃជាសាធា​រណៈ​​ឡើងវិញ។

គួរបញ្ជាក់ថាលោក ហ៊យ ហៀង បាន​ទទួលសិទ្ធិ​ផ្តាច់​មុខក្នុង​ការ​​គ្រប់​គ្រងទីតាំង​អាជី​វកម្ម​សត្ត​ឃាតដ្ឋាន​ទូ​ទាំង​ខេត្ត​តាកែវ​ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក​ដល់​បច្ចុ​ប្បន្ន​នេះ គឺមាន​រយៈពេល​១៣ឆ្នាំ​មក​ហើយ​។ការ​ទទួល​សិទ្ធិ​ធ្វើ​អាជី​កម្ម​ផ្តាច់​​មុខ​របស់​លោក ហ៊យ ហៀង កន្លង​មក​  ក្រុមហ៊ុនមិន​បាន​អនុវត្តត្រឹមត្រូវ​តាម​កិច្ច​សន្យា​នោះឡើយ​ដោយ​ពលរដ្ឋ​​ចោទថាក្រុមហ៊ុននេះធ្វើនំអត់ម្សៅ គឺដឹងតែពីកៀបប្រមូលលុយពីក្រុមអាជីវករ ដោយមិនមាន​ការទទួល​ខុស​ត្រូវជួយដោះស្រាយទុក្ខលំ​បាករបស់អាជីវករឡើយ។ កត្តានេះហើយបានជំរុញឲ្យក្រុមអាជីវករ​ពិឃាដ​សត្វ​បង្ខំចិត្ត​ដាក់ញ្ញាត្តិ​ស្នើឲ្យអាជ្ញាធរបញ្ចប់កិច្ចសន្យា បញ្ឈប់មិន​ឲ្យ​​ក្រុម​ហ៊ុននេះបន្តគ្រប់គ្រងអាជីវកម្មតទៅទៀតឡើយ៕

អត្ថបទ៖សុវណ្ណតារា