Sunday, December 28, 2014

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យសុខ អាន អញ្ជើញ​សម្ពោធ​សមិទ្ធ​ផល​នានា និងពិធី​អបអ​រសាទរ​ខួប​ទី ១៥ នៃការ​បង្កើ​តរាជ​បណ្ឌិត​សភា​ចារ្យ​កម្ពុជា (១៩៩៩-២០១៤)

ថ្លែងក្នុងពិធីអបអរសាទរខួបទី១៥ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងពិធីសម្ពោធសមិទ្ធផល​​នានា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលនបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាងដ៍ ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រីរាជ​ការគ្រប់​ជាន់ថ្នាក់​នៃរាជ​បណ្ឌិត្យសភាកម្ពុជា ដែល​បាន​ខិតខំបំពេញការងារនាពេលកន្លងមក ដោយទទួល បានលទ្ធផលល្អ ទាំងផ្នែកបណ្ដុះបណ្ដាល និងការសិក្សា​ស្រាវជ្រាវ ព្រមទាំងការកសាង ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានា ក៍ដូចជាការបង្កើត «ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» សម្រាប់ការសិក្សា​ស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិ ក្នុងតំបន់ប្រាសាទព្រះវិហារ ជាពិសេសការសិក្សា​ស្រាវជ្រាវអំពីការស្លដែក របស់បុព្វបុរសខ្មែរ តាំងពីមុន សម័យអង្គរ។

កិច្ចខិត​ខំប្រឹង​ប្រែង​របស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ គឺពិតជាកូនសោរគន្លឹះ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជាឆ្ពោះទៅរកជោគជ័យថ្មីបន្ថែមទៀត​ ដើម្បីធ្វើឱ្យស្ថាប័ននេះ​​ក្លាយ​ជាគំរូសម្រាប់គ្រឹះស្ថាន​ដទៃទៀតពាក់ព័ន្ធនឹងវិស័យអប់រំ និងការសិក្សាស្រាវជ្រាវ ឈានឆ្ពោះទៅដល់ការ​ទទួល​ស្គាល់​​កម្រិតតំបន់ និងអន្ដរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បន្ដទៀតថា៖ ធនធានមនុស្ស គឺជាកត្ដា​មូល​ដ្ឋាន​​ដ៏សំខាន់មិន​អាចខ្វះបាន​សម្រាប់​ការអភិវឌ្ឍ និងការ​ធានា​បាន​នូវសមត្ថភាពប្រកួត​ប្រជែងរបស់ប្រទេស ជាតិនីមួយៗនៅក្នុងយុគ​សម័យ​នៃសាកល​ភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្ម ដែល​មានការរីកចម្រើន ជាបន្តបន្ទាប់ ផ្នែកបច្ចេកវិទ្យាព័ត៌​មាន និងទូរគមនាគមន៍។ ដូចនេះ នាពេលបច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិត ជាត្រូវការ​ជាចាំបាច់​នូវធន​ធាន​​មនុស្ស​ប្រកបដោយភាពស្ទាត់ជំនាញ គំនិតច្នៃប្រឌិត កម្រិតបច្ចេកទេសខ្ពស់ និងរបកគំហើញ​​ថ្មីៗ ផ្នែកវិទ្យាសាស្ដ្រ ដើម្បីធា​នាបាន​នូវសក្ដានុពលភាពសម្រាប់ ការប្រកួតប្រជែង ជាអន្តរជាតិ និងនិរន្ដរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តម​បាន​បន្ត​ថា ដើម្បី​ឆ្លើយ​តបទៅនឹងតម្រូវការចាំ​បាច់និង​បន្ទាន់​​​ចំពោះ​​​មុខនេះ គោលនយោបាយ យុទ្ធសាស្ដ្រ និងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងរបស់រាជរដ្ឋាភិបាល មិនត្រឹមតែ​សំដៅ​ទៅលើការអភិវឌ្ឍធន​​ធាន​មនុស្ស​ទាំង​បរិមាណ ​និងគុណភាពប៉ុណ្ណោះទេ ប៉ុន្ដែ​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ផងដែរ ដល់​ការដាក់​ចេញ​នូវវិធានការ​​ និងយុទ្ធសាស្ត្រនានា ​សំដៅ​ដោះ​ស្រាយ​បញ្ហាការងារធ្វើរបស់ប្រជាពលរដ្ឋផងដែរជាអាទិ៍យុទ្ធសាស្ដ្រពង្រឹងសកម្មភាព ​បណ្ដុះបណ្ដាលវិជ្ជា​ជីវៈ និង​បច្ចេកទេស រួមជាមួយនឹង​ការបង្កើត​ឱ្យ​មាន​ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ ដែលជាយុទ្ធសាស្ដ្រ​សំដៅ​ធ្វើឱ្យការ​បណ្ដុះ​បណ្ដាលមាន​ភាពស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការ​ទីផ្សារពលកម្ម នាពេលបច្ចុប្បន្ននិង​​អនាគត​ ៕

អត្ថបទ៖ សាវឿន