Thursday, March 19, 2015

សម្តេច​តេជោ៖​​គោល​​នយោបាយ​​ការបរទេស​​របស់​​រាជរដ្ឋាភិបាល​​ដឹកនាំ​​ដោយ​​គណបក្ស​​ប្រជាជន​​កម្ពុជា គឺ​ប្រែក្លាយ​​តំបន់​​ប្រយុទ្ធគ្នា​​តាម​​ព្រុំដែន ឲ្យ​ក្លាយ​​ទៅ​ជា​តំបន់​​អភិវឌ្ឍន៍

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​នាព្រឹក​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៥ ដែល​ត្រូវ​ចំ​និង​ថ្ងៃ​ខួប​ទី៤៥​ឆ្នាំ នៃ​ការ​ចាប់​ផ្តើម​មាន​សង្គ្រាមរ៉ាំរ៉ៃ ក្នុង​ប្រទេស​ដោយសារ​តែការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះបរមរតនៈ​កោដិ​ថា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) សម្តេច​បាន​និង​បន្ត​ប្រែក្លាយ​តំបន់ ដែល​ធ្លាប់​ប្រយុទ្ធគ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ទាំង​អស់។
នៅ​ក្នុង​ឱកាស​អញ្ជើញ​ទៅបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៥៨ ចាប់​ពី​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ដល់​ខេត្ត​ឧត្តរ​មានជ័យ ក្រោម​ជំនួយ​របស់​ចិន​ដោយ​មានវត្តមាន​លោក​ជំទាវពូ​ ជៀន​គ័រ​ ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈ​រដ្ឋប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា​ ព្រម​ទាំង​មន្ត្រីមកពី​ខេត្ដ​ស្រះ​កែវ​របស់​ ថៃ​ចូលរួម​ផង​នោះ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ប្រែ​ក្លាយ​អតីត​តំបន់​សមរភូមិ ឲ្យ​ទៅ​ជាតំបន់​អភិវឌ្ឍ អីចឹង​ចាប់​ពីជួរ​ព្រំដែន ចាប់​ពី​ព្រះវិហារ រហូត​ធ្លាក់​ដល់​ប៉ៃលិន និយាយរួម​កន្លែង​ធ្លាប់​ជាកន្លែង​ប្រយុទ្ធ កន្លែង​ទាំងអស់​នោះ​ធ្វើឲ្យ​ទៅជា​តំបន់​អភិវឌ្ឍ​ទាំង​អស់”។
សម្តេច​តេជោ​បាន​បន្ថែម​ថា “អីចឹង​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ផ្លូវ ទឹក ភ្លើង សាលា​រៀន មន្ទីរ​ពេទ្យ ឲ្យ​មាន​នៅ​តាម​តំបន់​ទាំង​អស់​ហ្នឹង”។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តាម​គោល​នយោបាយ​កិច្ចការបរទេស​របស់រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់ ឲ្យ​ក្លាយ​ទៅ​ជា​ព្រំដែន មាន​សុខ​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។
ជាមួយ​និង​ការ​រម្លឹកដល់ថ្ងៃទី១៨មិនាត្រូវនិង​ខួប​៤៥​ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​សម្ដេច​ព្រះ​ នរោត្ដម​ សីហ​នុនា​ ថ្ងៃ​ ទី​១៨​មីនា​ ឆ្នាំ​១៩៧០​ ដែលនាំ​ឲ្យ​ប្រទេស​កើត​មាន​សង្គ្រាម។ សម្ដេច​តេជោ​ បាន​មានប្រសាសន៍​លើក​ឡើង​ថា​ ប្រវត្ដិ​លើ​ទឹកដី​ខ្មែរ​ តំបន់​ទាំង​អស់នេះ​ទី​១​មិន​ដែល​មាន​ផ្លូវ​ ចាក់​កៅស៊ូ​ទេ​ចំណុច​ទី​២​ដោយសារ​ តំបន់​នេះ​វា​ស្ថិត​នៅ​តំបន់​ព្រំដែន​និង​ ស្ថិត​ក្នុង​គោល​នយោបាយ​ការ​បរទេស​ របស់​សម្ដេច​ផង​នោះ​ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​ឱ្យទៅ​ជា​តំបន់​មិត្ដភាព​សហ​ប្រតិបត្ដិការ​ និង​ការ​អភិវឌ្ឍ​ ហើយ​សម្ដេច​រីករាយ​ដែល​អស់លោក​ខាង​ ភាគី​ថៃ​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ។
សម្រាប់ការ​ស្ថាបនា​ផ្លូវជា​តិលេខ៥៨ នេះម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ ជ្រៅ​ជា​ថ្មី​ម្ដងទៀត​ដល់​រដ្ឋាភិបាល​និង​ ប្រជាជន​ចិន​ដែល​ជា​និច្ចកាល​តែងតែ​គាំ​ទ្រ​ និង​សហការ​ផ្ដល់​ឥណទាន​និង​ជំនួយ​បច្ចេកទេស​ជា​បន្ដបន្ទាប់​សម្រាប់​ការ​ សាងសង់​ ស្ដារ​ និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​ព្រះរាជាណាចក្រ​ កម្ពុជា​បន្ទាប់​ពី​ប្រទេស​នេះ​បាន​បំផ្លិច​ បំផ្លាញ​ខ្ទេចខ្ទាំ​ជាមួយ​គ្នា​នឹង​ការ​ពង្រឹង​ កា​រត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស​។
សម្ដេច​តេជោ មាន​ប្រសាសន៍​ឲ្យដឹងថា​ ផ្លូវ​របស់​មិត្ដ​ចិន​ ដែល​បាន​ធ្វើ​រួច​ហើយ​បាន​បើក​ឱ្យ​ប្រើ​ ប្រាស់​មាន​១.៤៣៧​គីឡូម៉ែត្រ​ និង​កំពុង​ ធ្វើ​មាន​៨២១​គីឡូម៉ែត្រ​និង​ត្រៀម​បើក​ការដ្ឋាន​៤១១​គីឡូម៉ែត្រ​សរុប​២.៦៦៩​ គីឡូម៉ែត្រ​ ។​ ប៉ុន្ដែ​នៅ​មាន​ផ្លូវ​ជា​ច្រើន​ខ្សែ​ ប្រហែល​៥​ពាន់​គីឡូម៉ែត្រ​ទៀត​ដែល​ កម្ពុជា​ត្រូវការ​សាងសង់​ដោយ​នឹង​ត្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​កៀរគរ​ហិរញ្ញ​ ប្ប​ទាន​ពី​ប្រទេស​ចិន​និង​ពី​ប្រភព​ផ្សេងៗ​ទៀត​ដូច​ជា​ ថៃ​ វៀតណាម​ និង​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​ADB​បន្ថែម​ទៀត​។
សម្ដេច​តេ​ជោក៏បាន​ថ្លែង​ឲ្យដឹង ពីដំណើការ​នៃការ​បង្កើត​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​អាស៊ី​និង​មូលនិធិ​ផ្លូវ​សូត្រ​របស់​ចិនផងដែរ​ថា ក្រៅពី​ចក្រ​ភព​អង់គ្លេស​ដែល​ប្រកាស​ចូលរួម​ជា​ មួយ​ធនាគារ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ឥឡូវនេះ​ខាង​អឺរ៉ុប​ដែល​មាន​ បារាំង​ អ៊ី​តា​លី​ និង​អា​ល្លឺ​ម៉​ង់​ក៏​បាន​ចាប់អារម្មណ៍​ ចូលរួម​ក្នុង​ធនាគារ​នេះ​ដែរ​ហើយ​គំនិត​ផ្ដួចផ្ដើម​របស់​មិត្ដ​ចិន​ស្ដី​អំពី​ការ​បង្កើត​ធនាគារ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ អាស៊ី​នេះ​នឹង​មានការ​ទាក់​ទាញ​យ៉ាងច្រើន​ សម្រាប់​ការ​ចូលរួម​ ហើយ​ការ​បង្កើត​ ធនាគារ​នេះ​វា​នឹង​ជួយ​បំពេញបន្ថែម​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឬធនាគារ​ពិភពលោក​។
សម្ដេច​តេជោ​មាន​ប្រសាសន៍​ថា​ កម្ពុជា​ជា​សហ​ស្ថាបនិក​មួយ​នៃ​ធនាគារ​វិនិយោគ​ហេ​ ដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​, សង្ឃឹមថា​ ការ​បង្កើត​ធនាគារ​នេះ​នឹង​ជួយ​បំពេញ​ បន្ថែម​ឱ្យ​ធនាគារ​អភិ​វឌ្ឍ​អាស៊ី​និង​ធនាគារពិភពលោក​ផង​ដែរ​ដោយ​វា​មិនមែន​ ជា​ការ​ប្រកួតប្រជែង​ដណ្ដើម​តួនាទី​នោះ​ទេ​។
ឯកឧត្តម​ ត្រាំ​ អ៊ី​វ​តឹក​ រដ្ឋមន្ដ្រីក្រសួង​ សាធារណ​រការ​និង​ដឹក​ជញ្ជូន​ថ្លែង​ឱ្យ​ដឹង​ថា​ គម្រោង​ផ្លូវជាតិ​លេខ​៥៨​ដែល​បាន​ បើក​ការដ្ឋាន​សាងសង់​នាព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ២០១៥មាន​ប្រវែង​សរុប​ ១៧៤,១៦៦​គីឡូម៉ែត្រ​ចាប់ពី​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ដ​បន្ទាយមានជ័យ​ ដល់​ភូមិ​ផ្អុង​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្ដ​ឧត្ដរ​មាន​ជ័យ ​(​ក្នុង​នោះ​មាន​ផ្លូវ​ខ្នែង​៤​កំណាត់​ ប្រ​វែង​៨,៩៨​គីឡូម៉ែត្រ​បំបែក​ពី​ផ្លូវ​ ជាតិ​លេខ​៥៨​នេះ​ទៅ​ច្រក​ទ្វារ​ព្រំដែន​អូរ​បី​ជាន់​ បឹង​ត្រកួន​ ជប់​គគីរ​ និង​ថ្ម​ដូន​)​ សាងសង់​ឡើង​ស្រប​ទៅ​តាម​ស្ដង់ដារ​ផ្លូវថ្នល់​កម្រិត​ទី​៣​នៃ​គំរូ​រចនាប័ទ្ម​ប្លង់​សំណង់​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ផ្លូវ​នេះ​មាន​ទទឹង​១២​ម៉ែត្រ​ផ្ទៃ​នៃ​ទ្រូងផ្លូវ​ជា​ប្រភេទ​កម្រាល​ថ្ម​ស្រោច​កៅស៊ូ​ស្ដើង​ពីរ​ស្រទាប់​DBST​ មាន​ទទឹង​១០​ម៉ែត្រ​ មាន​គន្លង​ផ្លូវ​២​ សម្រាប់​រថយន្ដ​គន្លង​ នីមួយៗ​មាន​ទទឹង​៣,៥០​ម៉ែត្រ​ គន្លង​២​ សម្រាប់ទោ​ចក្រយានយន្ដ​ គន្លង​នីមួយៗ​ មាន​ទទឹង​១,៥០​ម៉ែត្រ​និង​ចិញ្ចើម​ដីក្រហម​ សងខាង​ទទឹង​១​ម៉ែត្រ​។
តាម​បណ្ដោយ​ផ្លូវ​នេះ​ មាន​សាងសង់​ស្ពាន ​៤៧​កន្លែង​ប្រវែង​សរុប ​១៥៧៤​ម៉ែត្រ​ និង​លូ​គ្រប់​ប្រភេទ ​៣៣០​កន្លែង​ ចំណាយ​ថវិកា​ប្រមាណ​ ១២២,៩៨​លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិ​បាល​សាធារណ​ រដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​បាន​គ្រោង​ចំណាយ​លើ​ការ​សាងសង់​ផ្លូវជាតិ​លេខ​៥៨​នេះ​ រួម​ជាមួយ​ថវិកាបដិភាគ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ដោះ​ ស្រាយ​ផល​ប៉ះពាល់​។​ ផ្លូវជាតិ​លេខ​៥៨​ អនុវត្ដ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​​គ្រុប​និង​ពិនិត្យ​បច្ចេក​ ទេស​ដោយ​ក្រុមហ៊ុន​សំណង់​ក្វា​ង​ចូ​វ​វ៉ា​ន​អាន​របស់​ចិន​។​ រយៈ​ពេល​​សាងសង់​៤២​ ខែ​ដោយ​គ្រោង​បញ្ចប់​នៅ​ខែសីហា​ ឆ្នាំ​២០១៨​៕