Thursday, March 19, 2015

សម្តេច​តេជោ​​ចង់​​ឱ្យ​​ចាត់​​វិធាន​ការ​​តាម​​ផ្លូ​វ​ច្បាប់​​ចំពោះ​​មេខ្លោង ដែល​​ប៉ុនប៉ង​​ផ្តួល​រំលំ​​រាជ​រដ្ឋាភិបាល​​ស្របច្បាប់

ថ្លែង​ពីក្រុង​ប៉ោយប៉ែត ន្លែង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​មាន​ការចាត់វិធាន​ការ​តាម​ផ្លូវច្បាប់​ចំពោះ​មេខ្លោង ដែល​បានសារភាព​អំពីបរាជ័យ​របស់​ខ្លួន ក្នុង​ការប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិ​បាល​ស្រប​ច្បាប់​នោះ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​បាន​និយាយ​ហើយថា ការប៉ុនប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​បន្ទាប់​ពីការ​បោះ​ឆ្នោត ឥឡូវ​បែរ​ជា​មាន​អ្នក​ចេញ​មក​សារភាព​ថា គេ​បាន​ប្រឹងប្រែង​ផ្តួល​រាជរដ្ឋាភិបាល ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​មិន​បាន​ណា? បើ​មេ​ចោរ​សារភាព​ហើយនោះ តើ​ចាត់ការ​ផ្លូវ​ច្បាប់​យ៉ាង​ណា?។ អ្នក​ខូចខាត​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​សូម​តាម​រក​ម្នាក់ហ្នឹង​ទៅ ចាប់​យក​មក​ទារលុយ​ទៅ វាត្រឹម​ត្រូវ​ហើយ​អត់​មាន​អ្វី​ខុស​ទេ។
សម្តេចតេជោ​មាន​ប្រសាសន៍​ថា បាតដៃ​ទីបី​ក៏មាន បាត​ដៃទី​ពីរ​ផ្ទាល់​ហ្នឹង​បាន​សារ​ភាព​នៅ​ឯ​ឡុង​ប៊ិច។ ឥឡូវ​គេ​បរាជ័យ​សុំទោស​ប្រជាពលរដ្ឋ​នៅ​អាម៉េរិក។ អញ្ចឹង​តើយើង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​បែប​ណាគិត​យ៉ាងម៉េច ការ​ខូតខាត​ប៉ុន្មាន ស្លាប់​មនុស្ស​មេក្លោង​នៅកន្លែង​ហ្នឹង​ទេ។ គេ​បាន​សារភាព​ខ្លួន​គេ​មិន​ចាំ​បាច់​អ្នក​ណាទេ ហើយ​កុំ​ស្មាន​ថា ទៅ​និយាយ​នៅ​អាម៉េរិក លាក់​អ្នក​នៅ​ទីនេះ​បាន​នោះ។ គេ​បាន​បង្ហោះ​ក្នុង Facebook ពេញ​ទាំង​អស់​ទៅ​ហើយ។ ឥឡូវ​ចោរ ចាប់​ចេញ​មុខ​ហើយ មេខ្លោង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ឱ្យ​បា​ន​ឆាប់​គឺចេ​ញ​មុខ​មក ហើយ​សារភាព​ខ្លួន​ឯង​ទៅ​ហើយ។ ដូច្នេះ​វិធានការ​តាម​ផ្លូវ​ច្បាប់​សំណុំ​រឿង ដែល​ជាប់​នៅ​តុលាការ​ត្រូវ​បំពេញ​បន្ថែម ហើយ​ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​កត់ត្រា ពាក្យ​សម្តី​ហ្នឹង​ព្រោះ​តុលាការ​ក៏​ត្រូវ​កោះហៅ​ទៅសួរ​ដែរ​។
ទាក់ទង​និង​ទិដ្ឋភាព​ច្បាប់​សម្រាប់​ការដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ ពេល​មាន​ទោស​វិញ​សម្តេចតេជោ​បាន​មាន​ប្រសាសន៍​ក្នុង​ភាពអនាមិក​សំដៅ​ទៅ​លោក​ជំទាវ​ម្នាក់​ថា សូម​លោក​ជំទាវ​ម្នាក់​នោះ បើ​មើល​មាត្រា​៨០ ត្រូវ​មើល​ពី​លើ​ដល់​ក្រោម កុំ​មើល​ពាក់​កណ្តាល​កុំ​មើលមួយ​កំណាត់​ហើយ​ចោល​ផ្នែកខាង​ក្រោម។ លោកជំទាវ​រូបនោះ​បាននិយាយ​ថា មាត្រា​៨០ ត្រូវ​ប្រើ​ពីរ​ភាគបី ហើយ​គណបក្សប្រជាជន​កម្ពុជា អត់​មានពីរ​ភាគ​បីទេ។ សម្តេច​តេជោ​មានប្រសាសន៍​ថា បាន​ខ្ញុំ​ស្គាល់​ណាស់ ប៉ុន្តែ​សូម​មើល​បន្ត​ទៅខាង​ក្រោម «ដើម្បី​ទុក​ដំណើរ​ការក្តី​ត្រូវ​ការសំឡេង​បី​ភាគ​បួន» ដូច្នេះ​បញ្ហា​នេះ​ត្រូវឱ្យ​យល់​ខ្ញុំ​ចង់​បញ្ជាក់។
សម្ដេច​តេ​ជោ​បានមាន​ប្រសាសន៍ផង​ដែរ​អំពីករណី​លោក មៀច សុវណ្ណរា មន្ត្រី​ជាន់​ខ្ពស់​គណ​​បក្ស​សង្គ្រោះជាតិ​ដែលកំពុង​ឃុំខ្លួន​ដោយ​សារ​ពាក់​ពន្ធ័​ការប្រព្រឹត្ត​អំពើរ​ហឹង្សា នៅ​ទី​លាន​​ប្រជាធិប​តេយ្យថា​ ម្សិល​មិ​ញ​ថា​ឱ្យ​លោក​សម​ រង្ស៊ី​ លើកយក​បញ្ហា​នេះ​និយាយ​ជាមួយ​ខ្ញុំ​ក្រោយ​ពេល​បោះ​ឆ្នោត​។​ ខ្ញុំ​ថា​អត់​ទេ​ រឿង​តុលាការ​ ទុក​ឱ្យ​តុលាការ​ រឿងខ្ញុំ​ គឺ​ខ្ញុំ​ អ្នក​ណា​ជាប់​ពន្ធនាគារ​នៅ​ជាប់​បន្ដ​ទៅ​ ខ្ញុំ​អត់​ធានា​ជូន​ទេ​។​ រឿង​នោះ​គឺ​រឿង​តុលាការ​។
សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ បន្ដ​ផង​ដែរ​អំពី​បញ្ហា​ច្បាប់បោះឆ្នោត​ ដោយ​បាន​លើក​ឡើង​ថា​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ ជា​ថ្ងៃ​ប្រជុំ​រដ្ឋសភា​អនុម័ត​ច្បាប់​២,​ គណបក្ស​ទាំង​២​ស្រុះស្រួល​គ្នា​,​ លោក​ សម​ រ​ង្ស៊ី​ គាត់​ថា​គាត់​ពេញចិត្ដ​ ដល់​អនុប្រធាន​របស់​គាត់​នៅ​អា​មេ​រិ​ក​ គាត់​ថា​អត់​ពេញចិត្ដ​ទេ​ ហើយ​ឥឡូវ​តើ​ ដោះស្រាយ​ដូ​ម្ដេច​?
សម្ដេច​មាន​ប្រសាសន៍​បញ្ជាក់​ថា​ រឿង​ពេញចិត្ដ​ ឬ​មិន​ពេញ​ចិត្ដជា​រឿង​របស់​គាត់​ទេ​ ខ្ញុំ​អត់​ដឹង​,​ ជា​រឿង​ផ្ទៃក្នុង​របស់​គាត់​យ៉ាងម៉េច​ទេ​។​ គាត់​ (​កឹ​ម​ សុខា​) ​ថា​ កិច្ចព្រមព្រៀង​ ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ គាត់​អត់​ពេញចិត្ដ​ទេ​ លុះ​យក​កំណត់ហេតុ​មក​ ពិ​និត្យ​គាត់​នោះ​ឯង​ពេញ​ចិត្ដ​ខ្លាំង​ណាស់​។​ សម្ដេច​បាន​បន្ដ​ថា​ ដរាបណា​ច្បាប់​ថ្មី​មិន​ទាន់​ចេញ​ច្បាប់​ចាស់​នៅ​បន្ដ​។​ ដរាប​ណា​យន្ដការ​ថ្មី​មិន​ទាន់​ចេញ​យន្ដការ​ចាស់​នៅ​បន្ដ​។
ដូច្នេះ​បានជា​ខ្ញុំ​និយាយ​ថា​ បើ​ធ្វើ​មិន​ចេញ​ទេ​ អា​ចាស់​បន្ដ​ទៀត​ទៅ​។​ តែ​ទោះ​យ៉ាងណា​ស្អែក​​ហ្នឹង ​(​ថ្ងៃនេះ​) ​ចេញ​ហើយ​។​ ទោះបីជា​បុគ្គល​គាត់​មិន​ពេញចិត្ដ​យ៉ាង​ណា​សមាជិក​គាត់​ពេញចិត្ដ​ប្រជុំ​ទាល់​តែ​ចប់​៕